អានតួអត្ថបទ
សហរដ្ឋអាមេរិក

ព្យុះ​ទឹកកក​សំឡី កំពុង​បោកបក់​ខ្លាំង​នៅ​អាមេរិក

បន្ទាប់​ពី​អឺរ៉ុប ដល់​វេន​សហរដ្ឋ​អាមេរិក​ម្តង​ដែល​ទទួល​រង​ព្យុះ​ទឹក​កក​សំឡី ! គិត​មក​ទល់​រសៀល​ថ្ងៃ​អាទិត្យ​​ទី២៦​ធ្នូ ជើង​យន្ត​ហោះ​រាប់​រយ​ត្រូវ​លុប​ចោល នៅ​អាមេរិក​ភាគ​ឦសាន មាន​ជា​អាទិ៍​ញូយ៉ក ហ្វីឡាឌែលហ្វី និង​បូស្តុន ព្រោះ​តែ​មាន​​​ទឹក​កក​សំឡី​​ ក្រាស់​ឃ្មឹក​​ និង​ខ្យល់​​បោក​បក់​ យ៉ាង​សាហាវ។ ទឹក​កក​សំឡី​អាច​ឡើង​ដល់កម្ពស់​​កន្លះ​ម៉ែត្រ​នៅ​ថ្ងៃ​នេះ នៅ​ក្រុង​បូស្តុន។

ទិដ្ឋភាព​នៃ​ព្យុះ​ទឹកកក​សំឡី​នៅ​សហរដ្ឋ​អាមេរិក បែក​ឦសាន ថ្ងៃ​ទី ២៦​ធ្នូ ២០១០
ទិដ្ឋភាព​នៃ​ព្យុះ​ទឹកកក​សំឡី​នៅ​សហរដ្ឋ​អាមេរិក បែក​ឦសាន ថ្ងៃ​ទី ២៦​ធ្នូ ២០១០ REUTERS/Gary Hershorn
ផ្សាយពាណិជ្ជកម្ម

01:58

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

នៅ​ញូយ៉ក ​ការ​ហោះ​ហើរ​ប្រមាណ​ជិត ១៥០០ ជើង ត្រូវ​លុប​ចោល។  អភិបាល​ក្រុង​ញូយ៉ក បាន​ធ្វើ​សន្និសីទ​កាសែត​​អំពាវនាវ​ឲ្យ​បណ្តា​ជន​អាមេរិក​មាន​ការ​ប្រុង​ប្រយ័ត្ន ព្រោះ​​​ព្យុះ​ទឹក​កក​សំឡី អាច​បោក​បក់​ក្នុង​​​ល្បឿនដល់​​៩០​គ.ម.​ក្នុង​ម៉ោង។ ខ្យល់​ត្រជាក់ និង​ដី​ក្រាល​​​​ទៅ​ដោយ​ទឹកកក​ក្រាស់​ឃ្មឹក​ អាច​ងាយ​បង្ក​គ្រោះ​ថ្នាក់ខ្លាំង​ណាស់។

ចំណែក​នៅ​បូស្តុន អាកាសយានដ្ឋាន​មិន​បិទ​ទេ ប៉ុន្តែ​គ្មាន​យន្ត​ហោះ​ណា​មួយ​អាច​ធ្វើ​ការ​ហោះ​ហើរ​បាន​ឡើយ។ រថភ្លើង​ ​ដែល​រត់​ភ្ជាប់​ពី​ញូយ៉ក​ទៅ​បូស្តុន ឬ​ពី​បូស្តុន​ទៅ​ញូយ៉ក ​ភាគ​ច្រើន​ត្រូវ​លុប​ចោល​តែ​ម្តង។ ​បើ​តាម​អភិបាល​ក្រុង​បូស្តុន រថយន្ត​ចូក​ និង​កៀរទឹកកក​ចំនួន ៥០០​គ្រឿង​កំពុង​ធ្វើ​សកម្មភាព​យ៉ាង​សស្រាក់​សស្រាំ នាពេល​នេះ។

បន្ទាប់​ពី​សហរដ្ឋ​អាមេរិក ប្រទេស​កាណាដា ក៏​កំពុង​ត្រៀម​លក្ខណៈទទួល​រង​ឥទ្ធិពល​នៃ​ព្យុះ​ទឹក​កក​សំឡី​នេះ​ដែរ នៅ​ថ្ងៃ​ចន្ទ​នេះ។ គេ​​ប៉ាន់​ប្រមាណ​ថា ក្នុង​រយៈពេល​២៤​ម៉ោង​ព្យុះ​ទឹកកក​សំឡី​នឹង​មាន​កម្ពស់​ពី​២០​ទៅ​៤០​សង់ទីម៉ែត្រ នៅ​កាណាដា​ផ្នែក​ខាង​លិច ចំណែក​ខាងតំបន់​​ឆ្នេរ​សមុទ្ទ​វិញ ព្យុះ​ទឹកកក​សំឡី​នឹង​ក្លាយ​ទៅ​ជា​ទឹក​ភ្លៀង និង​ខ្យល់​បោក​បក់​​​ខ្លាំង។

សូម​បញ្ជាក់​ថា​ធាតុ​អាកាស​ត្រជាក់​ ធ្លាក់​ទឹកកក​សំឡី ដ៏​ច្រើន​សន្ធឹក​សន្ធាប់​នេះ បាន​ធ្វើ​ឲ្យ​អឺរ៉ុប​ជាប់​គាំង​ កាលពី​សប្តាហ៍មុន ក្នុង​ឱកាស​ថ្ងៃ​បុណ្យ​ណូអែល។ រហូត​មក​ទល់​ពេល​នេះ​ មេឃ​ចាប់​ផ្តើម​ស្រឡះ​​បន្តិច នៅអឺរ៉ុប ទឹក​កក​ឈប់​ធ្លា​ក់​​ ប៉ុន្តែ​សីតុណ្ហភាព​នៅ​តែ​ត្រជាក់​ក្រោម​សូន្យ។ នេះ​ជា​លើក​ទី​​មួយ​ គិត​ក្នុង​រយៈ​ពេល​ជាង​៤០​ឆ្នាំ​ចុងក្រោយ ដែល​អឺរ៉ុប ជាពិសេស​ប្រទេស​បារាំង​ បាន​ស្គាល់​ភាព​ត្រជាក់​ខ្លាំង កន្លែង​ខ្លះ​ចុះ​ដល់​ជាង​១៧​អង្សា​ក្រោម​សូន្យ។ នៅ​ប្រទេស​រុស្ស៊ី ចិញ្ចើម​ថ្នល់​​ក្នុង​រដ្ឋធានី​ម៉ូស្គូ​ បាន​ក្លាយ​ទៅ​ជា​ទីលាន​លេង​កីឡា​​ទឹកកក​ ដ៏​ធំ​មហាសាល ព្រោះ​រាល់​តំណក់​ទឹក​ភ្លៀង​ដែល​ធា្លក់​មក​ត្រូវ​កកភ្លាម​លើ​ដី​។ អភិបាល​ក្រុង​​បាន​ណែ​នាំ​​ឲ្យ​បណ្តាជន​រស់​នៅ​ម៉ូស្គូ​សម្រាក​នៅ​ក្នុង​ផ្ទះ​​រៀង​ៗ​ខ្លួន​ កុំ​ចេញ​ទៅ​ក្រៅ​បើ​គ្មាន​ការ​ចាំ​បាច់​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ