អានតួអត្ថបទ
អឺរ៉ុប

នៅអឺរ៉ុប ព្យុះទឹកកកសំឡី-រាំងស្ទះដំណើរវិស្សមកាល បុណ្យណូអែល

ការធ្វើដំណើរ​តាមផ្លូវ ​អាកាស​និង​ផ្លូវគោកនៅអឺរ៉ុប ​បានខកខាន​និង​ទទួលរង​នូវ​ភាពយឺតយ៉ាវ​ដោយសារ​តែការ​ធ្លាក់​ទឹកកក​សំឡី យ៉ាងខ្លាំងក្លា ចាប់តាំង​ពី​យប់ម្សិលមិញ។​ វិស្សមកាល​បុណ្យណូអែល ​ឆ្នាំនេះ ​ពោរពេញ​ដោយ​ភាពសៅហ្មង​និង​ការរអ៊ូ​រទាំ៕

ចរាចរណ៏កកស្ទះនៅប្រទេសអង់គ្លេស
ចរាចរណ៏កកស្ទះនៅប្រទេសអង់គ្លេស REUTERS/Luke MacGregor
ផ្សាយពាណិជ្ជកម្ម

01:36

សេចក្តី​​រាយការណ៍​របស់​ អ៊ុង​ ច័ន្ទសោភា

យន្តហោះ​ជាច្រើន​ត្រូវ​បញ្ឈរ​ជើងចោល​ក្រោម​អំណាច​ នៃ​ទឹកកក​សំឡី​ដែល​បន្ត​ធ្លាក់​យ៉ាងជោកជាំ​រហូតមកទល់​នឹង​ថ្ងៃអាទិត្យ​នេះ។ តាំងពី​ថ្ងៃម្សិលមិញ​ ជើងហោះហើរ​ជាច្រើន​នៅ​ប្រទេសបារាំង​ បែលហ្សិក អ៊ីតាលី​ ជាពិសេស​ប្រទេសអង់គ្លេស​ ត្រូវ​បាន​សំរេច​លុបចោល។ នៅថ្ងៃនេះទៀត​ អាកាសចរណ៏ស៊ីវិល​បារាំង ​បាន​សំរេច​លុប​ចោល​ការហោះហើរ​ប្រមាណ​មួយ​ភាគបួន​នៅ​ព្រលានយន្តហោះ ​ Roissy​Charles de Gaule។

អ្នកដំណើរ​ប្រមាណ​ ៤000​នាក់ ដែល​រំពឹង​អបអរសាទរ​បុណ្យណូអែល​នៅក្រៅប្រទេស​បាន​ជាប់គាំង​ នៅព្រលាន​យន្តហោះ​Bruxelles​។ នៅឯ​ព្រលាន​យន្តហោះ Francfort ប្រទេស​អាល្លឺម៉ង់​ឯណោះវិញ ជើងហោះហើរ​ចំនួន​១៧០​ត្រូវ​បានខកខាន​ផងដែរ។

ចំពោះ​ការហោះហើរ​ផ្សេងទៀត ​ដែល​អាចធ្វើទៅបាន​នៅប្រទេសបារាំង​ ក៏​ទទួលរង​យ៉ាងហោចណាស់​នូវ​ការយឺតយ៉ាវ​មួយម៉ោង។

បើ​គេក្រលេក​ទៅមើល​នៅលើ​ផ្លូវថ្នល់វិញ ​ភាពរអិល​ និង​កម្រាស់​ទឹកកក​ដល់ទៅជាង​៤០​សង់ទីម៉ែត្រ ​បាន​ធ្វើអោយ​អ្នកដំណើរ​រាប់រយ​នាក់​បង្ខំចិត្ត​ដេក​នៅក្នុង​រថយន្ត​ជាពិសេសនៅប៉ែក​ខាងជើង ​និង​ខាងកើតប្រទេស​អង់គ្លេស។ នៅ​ប្រទេស​បារាំង​ដោយសារ​តែគ្រោះថ្នាក់​ចរាចរ​ណ៏មួយ​ចំនួន​បាន​បង្ក​ឡើង រថយន្ត​ធុន​ធ្ងន់​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ធ្វើ​ចរាចរ​ណ៏ នៅ​ក្នុង​តំបន់​ជាច្រើន។ នៅ​ទីក្រុង ប៉ារីស​ដែលជា​ទីប្រជុំជន​ដ៏​សំខាន់ រថយន្ត​ក្រុង​ពុំ​មាន​សកម្មភាពទេ​កាលពី​ម្សិលមិញ។

រីឯ​ការ​ធ្វើដំណើរ​តាម​ផ្លូវដែក​ក៏​មានភាពរអាក់រអួល​ផងដែរ។ រថភ្លើង​ក្នុង​រូងដី​ក្រោម​សមុទ្រ Eurostar ដែល​ភ្ជាប់​ពី​ទីក្រុង​ប៉ារីស​និង​ទីក្រុង ឡុងដ៏ មាន​ការយឺតយ៉ាវ​ជាមធ្យម​៦០​នាទី។

លោក Brice Hortefeux រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​បារាំង​ដែល​ត្រូវ​បាន​រិះគន់​កាលពី​សប្តាហ៍​មុន​ពីភាព​បរាជ័យ​របស់​ខ្លួន​ក្នុង​ការគ្រប់គ្រង​ស្ថានភាពនេះ បាន​ធ្វើការកោះប្រជុំភ្លាមៗ​កាលពីល្ងាច​ម្សិលមិញ។ គាត់​បានប្រកាសឲ្យ​ម្ចាស់យានយន្ត​កំរិត​នូវការ​ធ្វើដំណើររបស់​ខ្លួន​ក្នុងករណី​មិនចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ