អានតួអត្ថបទ
អឺរ៉ុប

អឺរ៉ុប​កំពុង​ប្រឈម​នឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង​

តាំង​ពីថ្ងៃ​ពុធម្សិលមិញ រហូត​មក​ទល់​នឹង​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ចរាចរណ៍​ផ្លូវ​គោក ផ្លូវ​ដែក ផ្លូវអាកាស​ នៅ​ទ្វីប​អឺរ៉ុប កំពុង​ជួប​ ការ​​កក​ស្ទះ យឺត​យ៉ាវ ឬ​ខ្លះ​ត្រូវ​លុប​ចោលតែ​ម្តង ដោយ​ហេតុ​តែ​អាកាស​ធាតុ​ត្រជាក់​ និង​ធ្លាក់​ព្រិល និង​ទឹក​កក​ ច្រើន​ពេក។ ជាង​នេះ​ទៅ ទៀត អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ មិន​ធ្លាប់​មាន​ក្នុង​ដើម​ខែ​ធ្នូ​នេះ បាន​បង្ក​ឲ្យ​មនុស្ស​ជា​ង​១០​នាក់​ស្លាប់ គិត​ក្នុង​រយៈ​ពេល​​​២៤​ម៉ោង​ចុង​ក្រោយ​នេះ។

ការ​ធ្លាក់​ទឹកកក​​ដ៏​ច្រើន​នៅ​អឺរ៉ុប​បង្ក​ឲ្យ​ចរាចរណ៍​រអាក់​រអួល​យ៉ាង​ខ្លាំង
ការ​ធ្លាក់​ទឹកកក​​ដ៏​ច្រើន​នៅ​អឺរ៉ុប​បង្ក​ឲ្យ​ចរាចរណ៍​រអាក់​រអួល​យ៉ាង​ខ្លាំង Reuters/Stoyan Nenov
ផ្សាយពាណិជ្ជកម្ម
01:49

សេចក្តី​រាយការណ៍​របស់ អៀង សុខម៉ិញ

ទឹក​កក​សំឡី​នៅ​តែ​បន្ត​ធ្លាក់​ខ្លាំង​ទៀត​នៅ​ថ្ងៃ​នេះ នៅ​ក្នុង​ទ្វីប​អឺរ៉ុប​ភាគ​ខាង​កើត ! ​ចរាចរណ៍​ផ្លូវ​ថ្នល់​ត្រូវ​កក​ស្ទះ​​ រថយន្ត​ដឹក​ទំនិញធុន​ធ្ងន់ រាប់​ពាន់​គ្រឿង ត្រូវ​ជាប់​គាំង និង​ហាម​ឃាត់​មិន​ឲ្យ​ចេះ​ដំណើរ ព្រោះ​ផ្លូវ​ថ្នល់​ក្រាល​ពេញ​ទៅ​ដោយ​ទឹក​កក មិន​អាច​បើក​បរ​បាន។ ​ចរាចរណ៍​ផ្លូវ​ដែក​ក៏​ទទួល​រង​ផល​ប៉ះ​ពាល់​​គួរ​ឲ្យ​កត់​សំគាល់​ដែរ។ ខ្សែ​រថភ្លើង​ល្បឿន​លឿន Eurostar ភ្ជាប់​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ ក្នុង​ទ្វីប​អឺរ៉ុប ​ចំនួន​ពាក់​កណ្តាល​ត្រូវ​លុប​ចោល។ រថយន្ត​ក្រុង​ដឹក​សិស្សនុសិស្ស​មិន​ទាន់​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ដំណើរ​ការ​វិញ​ ​នៅ​ឡើយ​ទេ នា​ពេលនេះ។ អាជ្ញាធរ​បាន​ណែនាំ​ កុំ​ឲ្យ​ប្រជាជន​ការធ្វើ​ដំណើរ​​តាម​រថយន្ត​ជា​លក្ខណៈឯកជន ដែល​គ្មាន​ការចាំ​បាច់។

អាកាស​យានដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​​ ​​ប្រទេស​អង់គ្លេស មួយ​ចំនួន ត្រូវ​បិទ​ទ្វារ​ តាំង​ពី​ម្សិលមិញ​រហូត​ដល់​ថ្ងៃ​នេះ។ ចំណែក​​នៅ ទីក្រុង​ឡុងដ៍​ ក្រុង​ប៉ារីសប្រទេស​បារាំង ប៊ែរឡាំង​របស់​អាល្លឺម៉ង់ ហ្សឺណែវ​ប្រទេស​ស្វីស ជើង​ហោះហើរ​ជា​ច្រើន​រយ​ជើង​ត្រូវ​លុប​ចោល និង​ត្រូវ​ជួប​ការ​យឺត​យ៉ាវ​យ៉ាង​ខ្លាំង។

នៅ​ប្រទេស​ព័រទុយហ្កាល់ និង​អេស្ប៉ាញ ថ្ងៃ​នេះ​ជា​ថ្ងៃ​ទី​បី​ហើយ​ដែល​ទឹក​កក​សំឡីបន្ត​ធ្លាក់​ឥត​ឈប់​ឈរ បណ្តាល​ឲ្យចរាចរណ៍​​ផ្លូវ​ថ្នល់​ជា​ច្រើន​ត្រូវ​កាត់​ផ្តាច់ ដោយ​​គំនរ​ទឹក​កក។ ដូច​គ្នា​ដែរ ប្រទេស​អ៊ីតាលី ភាគ​និរតី​ត្រូវ​គ្រប​ដណ្តប់​ដោយ​កម្រាល​ព្រំ​ទឹកកក​ តាំង​ពី​ព្រឹក​ថ្ងៃ​ពុធ​ តែ​នៅ​ភាគ​កណ្តាល​វិញ​ត្រូវ​លិច​លង់​ដោយ​ទឹក​ជំនន់។

ជាង​នេះ​ទៅ​ទៀត អាកាសធាតុ​ត្រជាក់​ខ្លាំង ក្នុង​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយនេះ ​បាន​សម្លាប់​ជីវិត​មនុស្ស​យ៉ាង​ហោច ពីរ​នាក់​នៅ​ប្រទេស​លីទុយអានី ​បី​នាក់​នៅ​សាធារណរដ្ឋ​ឆែក និង​​​៨​នាក់​នៅ​ប្រទេស​ប៉ូឡូញ ទី​ដែល​មាន​សីតុណ្ហភាព​ធ្លាក់​ដល់​៣៣​អង្សារ​ក្រោម​សូន្យ។ ប្រទេស​ន័រវេស បាន​ចារ​​ទុក​ខែ​វិច្ឆិកា​ឆ្នាំ ២០១០ នេះ នៅ​ក្នុង​ទំព័រ​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ថា​ជា​ខែ​ដែល​មាន​អាកាស​ធាតុ​ត្រជាក់​បំផុត​ មិន​ធ្លាប់​ជួបប្រទះ​ គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩១៩​មក៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ