អានតួអត្ថបទ
ជំនួយមនុស្សធម៌

កប៉ាល់​ដឹកស្បៀង​ទី១​ចេញពី​កំពង់ផែស៊ីបទៅហ្កាហ្សា ខណៈអ៊ីស្រាអែលនិង​​ក្រុម​ហាម៉ាសមិនព្រម​ធ្វើ​បទ​ឈប់​បាញ់

កប៉ាល់​ដឹកជំនួយ​មនុស្សធម៌ ទី១ បាន​ចេញដំណើរ​ពី​ប្រទេស​ស៊ីប សំដៅទៅឆ្នេរតំបន់ហ្កាហ្សា​ នៅថ្ងៃអង្គារ ទី​១២មីនា។ កប៉ាល់​​នេះជារបស់​អង្គការ​អេស្ប៉ាញ Open Arms។ ថ្នាក់ដឹកនាំ​អង្គការ​នេះ និង​មន្ត្រីជាន់ខ្ពស់​ប្រទេស​ស៊ីប រួម​ទាំង​ សហភាព​អឺរ៉ុប កំពុងតែ​សហការ​ត្រៀម​បញ្ជូន​នាវាដឹកនាំស្បៀង​ ជើងទី ២ បន្ថែម​ទៀត​ទៅ​កាន់​ឆេរហ្កាហ្សា​។ នៅថ្ងៃ​អង្គារដដែល​​ នា​វា​អាមេរិក​ដែល​ប្រុង​ទៅ​សង់​កំពង់​ផែ​បណ្តោះ​អាសន្ន​នៅ​ជិត​ឆ្នេរ​ហ្កាហ្សាដើម្បី​ចាត់ចែង​ផ្តល់ជំនួយ​ ក៏​បាន​ចេញ​ដំណើរ​ពី​សហរដ្ឋអាមេរិក​ទៅដែរ។​

កប៉ាលដឹកជំនួយមនុស្សធម៌ ទី១ បានចេញដំណើរពីប្រទេសស៊ីប សំដៅទៅឆ្នេរតំបន់ហ្កាហ្សា នៅថ្ងៃអង្គារ ទី១២មីនា។
កប៉ាលដឹកជំនួយមនុស្សធម៌ ទី១ បានចេញដំណើរពីប្រទេសស៊ីប សំដៅទៅឆ្នេរតំបន់ហ្កាហ្សា នៅថ្ងៃអង្គារ ទី១២មីនា។ AP - Petros Karadjias
ផ្សាយពាណិជ្ជកម្ម

​កប៉ាល់ដឹកជំនួយមនុស្សធម៌ ទី១ ចេញពី​កំពង់​ផែ​ប្រទេស​ស៊ីបនេះ មាន​ផ្ទុក​ស្បៀង ដូចជា អង្ករ​ ម្សៅធ្វើ​នំចំណីអាហារ គ្រឿង​កំប៉ុង​ ជាដើម ទម្ងន់​សរុប ប្រមាណ ២០០ តោន ដែលត្រូវ​ដឹកតាម​ផ្លូវ​ទឹក ​ចម្ងាយ​ ៣៧០ គីឡូម៉ែត្រ។ រយៈ​ចម្ងាយ​ប៉ុណ្ណឹង ជា​ធម្មតា កប៉ាល់នោះ​អាច​ត្រូវ​ចំណាយពេល​ ១៥ ម៉ោង ក៏ប៉ុន្តែ ​ដោយ​ដឹកស្បៀង​ធ្ងន់​ វាទំនង​ជាត្រូវ​ប្រើ​ពេល ជិត ២ ថ្ងៃ​ ទើប​ទៅដល់​​គោល​ដៅតំបន់ឆេរ​​ហ្កាហ្សា។ នេះបើតាម​ដំណឹង​ពីទីភ្នាក់ងារសារ​ព័ត៌មាន​បារាំងអាអេហ្វប៉េ។

​ពី​ប្រទេស​លីបង់​ រដ្ឋមន្ត្រីការបរទេស​ស៊ីបបាន​ថ្លែងថា នាវាដឹកស្បៀង ​ជើង​ទី ២ កំពុងតែ​ត្រៀម​ខ្លួន​ចេញ​ដំណើរ ជាបន្តបន្ទាប់ទៀត។ ប្រធាន​អង្គការ​ម្ចាស់​នាវាកប៉ាល Open Arms ដែល​ទទួល​បន្ទុក​ដឹកស្បៀងនេះ​ បញ្ជាក់ដែរថា ការ​ដឹកជញ្ជូន​​នាវាទី២ អាច​នឹងមាន​​​ស្បៀង ចំនួន​​ច្រើន​ជាង​ជើង​ដំបូង​​។ ​កន្លែង​ស្តុកនៅស៊ីប​ មាន​ស្បៀងស្រេច​ ​ប្រហែល ៥០០ តោន​​ រង់​ចាំដឹក​ចេញដំណើរ។​

ស៊ីប ជារដ្ឋ​​សមាជិក​សហភាព​អឺរ៉ុប និងដែល​ឋិត​នៅជិត​នឹង​តំបន់ឆេរ​​ហ្កាហ្សា​ ជាង​ប្រទេស​សហភាព​អឺរ៉ុប​ផ្សេងទៀត។ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អួរស៊ូឡា វ៉ុនឌែរ ឡេយែ អបអរសាទរ​ការ​ជញ្ជូន​ស្បៀង​ជើង​ទី១នេះ​ ហើយសន្យា​​​ថា សហភាព​អឺរ៉ុប នឹង​បន្ត​សហការ​រួម​គ្នាទៀត ដើម្បី​បញ្ជូន​ជំនួយ​ស្បៀង​បន្ថែម។

​ទន្ទឹម​នឹងគ្នា​នេះដែរ អង្គការ​សហប្រជាជាតិ បាន​កោត​សរសើរ​ចំពោះ​ការ​ដឹកជំនួយ​តាម​ផ្លូវ​សមុទ្រទៅជួយ​ពលរដ្ឋហ្កាហ្សា​ និង​បាន​លើកឡើងទៀត​ថា ការ​ដឹកស្បៀង​តាម​ផ្លូវ​ទឹក និង​ទម្លាក់​ស្បៀង​តាម​ផ្លូវ​អាកាស ​​ពុំ​គ្រប់គ្រាន់​ឡើយ​សម្រាប់​ជួយ​ដល់​ជនរងគ្រោះ​ដែល​កំពុង​ដង្ហើយ​សុំ​ជំនួយ​បន្ទាន់។ បើ​តាម​ការិយាល័យ​កិច្ចការមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ, មានតែ​ការដឹកជញ្ជូន​ជំនួយ​តាម​ផ្លូវ​គោក​តែមួយ​គត់​ ទើប​គ្រប់គ្រាន់​និង​មាន​ប្រសិទ្ធភាព​ជាងគេ។ ​ តាម​ផ្លូវ​គោក មិនអាច​ធ្វើទៅបាន​ទេ ព្រោះតែ​អ៊ីស្រាអែល​ បិទផ្លូវ​។​

ដោយឡែក អ៊ីស្រាអែលនិងក្រុម​ហាម៉ាស គ្មាន​សញ្ញាណ​ឈាន​ដល់​ការ​​ធ្វើ​បទឈប់​បាញ់​​គ្នា​ទេ។ នេះបើតាម​ព័ត៌មាន​ធ្លាក់​មក​ចុងក្រោយពី​ភាគី​ការតា។ ការតា ជា​ប្រទេស​អន្តរការី​សម្របសម្រួល​តាំងពី​ផ្ទុះ​សង្គ្រាម ប្រមាណ​ ៥ ខែ​មក។ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​ការតា ថ្លែងប្រាប់​អ្នក​កាសែត ​នៅ​ថ្ងៃអង្គារ​ ទី១២មីនា ថា យើង​មិន​ទាន់​អាច​សម្រេច​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ ឆាប់ៗនេះទេ។ យើង​មិនមើលឃើញថា ភាគីទាំងពីរឈានទៅរក​សំឡេង​រួម​គ្នាសោះ ហើយ​ ភាគី​ទាំងពីរ ក៏មិន​បានដោះស្រាយ​ទៅ​លើ​ចំណុច​ខ្វែង​គំនិត​គ្នា​ នៅឡើយទេ៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ