អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

ហ្កាហ្សា៖ ការចរចាចាប់ផ្តើមជាថ្មីនៅទីក្រុងគែរ ខណៈអាមេរិកអំពាវនាវ​ឲ្យ​មាន​បទ​ឈប់បាញ់

មួយថ្ងៃបន្ទាប់ពី​លោកស្រីអនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស បានអំពាវនាវ ឲ្យ​មាន​បទឈប់បាញ់​នៅតំបន់ហ្កាហ្សា ការចរចាបានចាប់ផ្តើមកាលពីថ្ងៃចន្ទទិ​៤មីនា​ នៅទីក្រុងគែរប្រទេសអេហ្ស៊ីប។​ ផ្អែកតាមការផ្សាយ​របស់​បណ្តាញព័ត៌មាន​អេហ្ស៊ីប ការ​ចរចា​ហាក់​បានហុចផលវិជ្ជមានគួរជាទីសង្ឃឹម ដើម្បីឈានទៅ​រំដោះចំណាប់ខ្មាំង និង​បិទបញ្ចប់សង្គ្រាមនេះ ខណៈប្រជាជន​នៅតំបន់ហ្កាហ្សាកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស​។

ប្រជាជនប៉ាឡេស្ទីនដើរកាត់​សំណង់អគារដែលត្រូវរលំខ្ទេចខ្ទី ដោយសារសង្គ្រាម។ តំបន់ជំរំ Jabaliya ហ្កាហ្សា ថ្ងៃទី ២៩ កុម្ភៈ ២០២៤
ប្រជាជនប៉ាឡេស្ទីនដើរកាត់​សំណង់អគារដែលត្រូវរលំខ្ទេចខ្ទី ដោយសារសង្គ្រាម។ តំបន់ជំរំ Jabaliya ហ្កាហ្សា ថ្ងៃទី ២៩ កុម្ភៈ ២០២៤ AP - Mahmoud Essa
ផ្សាយពាណិជ្ជកម្ម

សហគមន៍អន្តរជាតិ ដោយរាប់ទាំងសហរដ្ឋអាមេរិក ដែលជា​សម្ព័ន្ធមិត្តធំបំផុតរបស់អ៊ីស្រាអែលផង បាននាំគ្នា​អំពាវនាវ ឲ្យមានបទឈប់បាញ់នៅតំបន់ហ្កាហ្សាជាបន្ទាន់​។ បើ​ផ្អែក​តាម​​​បណ្តាញ​ព័ត៌មានអេហ្ស៊ីប ការចរចាបានចាប់​ផ្តើម យ៉ាងសស្រាក់សាស្រាំនៅថ្ងៃចន្ទ ទី​៤មីនា នៅទីក្រុងគែរ ដោយ​មានតំណាងភាគី​អេហ្ស៊ីប កាតា សហរដ្ឋអាមេរិក និង​តំណាង​របស់​ក្រុមហាម៉ាសផងដែរ​។ បណ្តាញទូរទស្សន៍អេហ្ស៊ីបស្និទ្ធនិងរដ្ឋាភិបាល បាន​អះអាងថា ការចរចាបានលទ្ធផលវិជ្ជមានគួរជាទីសង្ឃឹម។

សូមបញ្ជាក់ថា ក្រុមប្រទេស​សម្របសម្រួលការចរចានេះ កំពុងតែព្យាយាម ឲ្យ​ភាគីជម្លោះ អ៊ីស្រាអែល និង​ក្រុមហាម៉ាស ទទួលយកលក្ខខណ្ឌឈានទៅទម្លាក់អាវុធ បិទបញ្ចប់សង្គ្រាម​។ ការចរចានេះ ផ្តោតទៅលើការ​រំដោះចំណាប់ខ្មាំងអ៊ីស្រាអែល ដែល​ក្រុមហាម៉ាសបានចាប់យកទៅ និងអ្នកទោស​ប៉ាឡេស្ទីនដែលស្ថិតក្នុងដៃអ៊ីស្រាអែល​។

គួររំលឹកថា នៅថ្ងៃទី​៧​តុលា ក្រៅពីបាន​សម្លាប់យ៉ាងសា​ហា​វ នូវ​ជនស៊ីវីលប្រមាណ​១១៦០នាក់ ក្នុងទឹកដីអ៊ីស្រាអែល ក្រុមភេរវកម្មហាម៉ាសបានចាប់ចំណាប់ខ្មាំងទៅហ្កាហ្សា ​ចំនួន​ប្រមាណ​២៥០នាក់ទៀត។ កាល​ពី​ខែវិច្ឆិកា ក្រុមហាម៉ាស​បានយល់ព្រមដោះលែង​ចំណាប់ខ្មាំង ចំនួន​១០៥នាក់ ជាថ្នូរនឹង​ការដោះលែងអ្នកទោសប៉ាឡេស្ទីន ចំនួ​ន​២៤០នាក់។

គួរកត់សំគាល់ដែរថា ភាគីរដ្ឋាភិបាលអេហ្ស៊ីបកំពុងតែប្រឹងប្រែង ជំរុញការចរចាទំលាក់អាវុធ ឲ្យ​បានមុនបុណ្យបួសរ៉ាម៉ាដន់អ៊ីស្លាម​ ដែលនឹងមកដល់នៅថ្ងៃទី​១០​មីនាខាងមុខ។ តែយ៉ាងណា ការចរចានៅរដ្ឋធានី​គែរ គឺពុំមានការចូលរួម​ពី​ភាគី​អ៊ីស្រាអែលទេ​។ បើទោះបីជារងការរិះគន់ខ្លាំងឡើងពី​ប្រជាជនអ៊ីស្រាអែល​ រដ្ឋាភិបាល​លោក​ណេតាន់យ៉ាហ៊ូ បានអះអាងយ៉ាងរឹងរូសបំផុត ថានឹងបន្តការ​ប្រយុទ្ធ ទាល់​តែ​បោស​សំអាតក្រុមភេរវកម្មអាហាម៉ាស ឲ្យ​អស់ពីតំបន់ហ្កាហ្សា។​

អង្គការសហប្រជាជាតិ បាន​ថ្លែងសារអាសន្នថា ប្រជាជននៅតំបន់​ហ្កហ្សា ប្រមាណ​២លាន២សែននាក់ នឹងជួបគ្រោះទុរ្ភិក្សដោយចៀសមិនផុតទេ។ នេះនៅមិនរាប់អំពី​ការ​បំផ្លាញ​អស់សឹងទាំងស្រុង នូវជម្រកផ្ទះសម្បែក​របស់ពួកគេ។ យោងតាមក្រុមហាម៉ាស យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន៣០៥៣៤នាក់​។​លោកស្រីកាម៉ាឡា ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានលើកឡើងថា សេចក្តីទុក្ខវេទនារបស់ប្រជាជននៅហ្កាហ្សានាពេលនេះ គឺ​រកពាក្យ​អ្វីមកថ្លែងឲ្យ​សម​បានឡើយ ដូច្នេះ​ត្រូវតែ​មាន​បទឈប់បាញ់ជាបន្ទាន់ ដើម្បី​ដឹកស្បៀងមនុស្សធម៌ចូលទៅហ្កាហ្សា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ