អានតួអត្ថបទ
សមុទ្រក្រហម-ហ៊ូទី

សមុទ្រ​ក្រហម៖ ស្លាប់៣នាក់ ក្នុង​ការវាយប្រហារ​របស់​ក្រុមហ៊ូទីយេម៉ែន ទៅលើ​កប៉ាល់​ដឹកទំនិញ

ចរាចរណ៍ផ្លូវទឹក​នៅ​សមុទ្រ​ក្រហមកាន់តែយ៉ាប់យ៉ឺន និង​គ្រោះថ្នាក់។ បន្ទាប់ពី​បាញ់​ពន្លិច​កប៉ាល់អង់គ្លេស ដឹកជីគីមី កាលពីថ្ងៃ​សៅរ៍សប្តាហ៍មុន ក្រុមហ៊ូទីយេម៉ែន​បានអះអាងថា ខ្លួន​បាន​បាញ់​មីស៊ីល​បាលីស្ទិក បំផ្លាញ​កប៉ាល់​ដឹកទំនិញ​មួយគ្រឿង​របស់​អាមេរិក នៅ​ថ្ងៃពុធ​ម្សិលមិញ។ ការវាយប្រហារ​របស់​ក្រុមហ៊ូទី​យេម៉ែន​បាន​សម្លាប់បុគ្គលិក​របស់​កប៉ាល់​៣នាក់ និង​របួស​ធ្ងន់​៤នាក់។ ​គិតចាប់តាំង​ពី​ក្រុមហ៊ូទី​យេម៉ែន​បង្កព្យុះភ្លៀង​នៅ​សមុទ្រ​ក្រហម ដើម្បី​បង្ហាញ​សាមគ្គីភាពជាមួយ​ក្រុមហាម៉ាស​ប៉ាឡេស្ទីន នេះ​ជាលើកទី១ហើយដែល មាន​មនុស្ស​ស្លាប់​នៅក្នុង​ការវាយឆ្មក់​មីស៊ីល និង​ដ្រូន​របស់​ក្រុមហ៊ូទីយេម៉ែន ដែល​គាំទ្រ​ដោយ​ប្រទេស​អ៊ីរ៉ង់។

កប៉ាល់ទំនិញឈ្មោះ​True Confidence ត្រូវ​គ្រាប់មីស៊ីល​បាលីស្ទិក ដែលបាញ់​ចេញពី​ទឹកដីយេម៉ែន នៅ​ព្រឹកថ្ងៃ​ពុធ
កប៉ាល់ទំនិញឈ្មោះ​True Confidence ត្រូវ​គ្រាប់មីស៊ីល​បាលីស្ទិក ដែលបាញ់​ចេញពី​ទឹកដីយេម៉ែន នៅ​ព្រឹកថ្ងៃ​ពុធ © Скриншот з Reuters
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​កប៉ាល់​អង់គ្លេស Rubymar ត្រូវ​គ្រាប់មីស៊ីល លិច​ចូល​សមុទ្រ កាលពីថ្ងៃ​សៅរ៍​សប្តាហ៍មុន កប៉ាល់​ដឹកទំនិញ​មួយគ្រឿង​ទៀត​រងគ្រោះថ្នាក់ ដោយសារ​ការវាយប្រហារ​មីស៊ីល​របស់​ក្រុមហ៊ូទីយេម៉ែន នៅសមុទ្រ​ក្រហម។ កាន់តែ​គ្រោះថ្នាក់ និងធ្ងន់ធ្ងរ​ព្រោះថា ការវាយប្រហារ​របស់​ក្រុមហូទីយេម៉ែន ទៅលើ​កប៉ាល់ដឹកទំនិញ ដែលក្រុមនេះ​ចាត់ទុក​ថា ជាកប៉ាល់​របស់​អាមេរិក បាន​សម្លាប់មនុស្ស​៣នាក់ និង​របួស​៤នាក់។

តាម​ទីបញ្ជាការដ្ឋានកងទ័ពអាមេរិក​ប្រចាំតំបន់​ដើមបូព៌ា ហៅកាត់ថា Centcom កប៉ាល់ទំនិញឈ្មោះ​True Confidence ត្រូវ​គ្រាប់មីស៊ីល​បាលីស្ទិក ដែលបាញ់​ចេញពី​ទឹកដីយេម៉ែន នៅ​ព្រឹកថ្ងៃ​ពុធ នៅពេល​កប៉ាល់​មួយគ្រឿងនេះ​កំពុងបើក​ចរាចរណ៍ នៅ​ឈូង​សមុទ្រ​អេឌិន ចម្ងាយ​១០៥គីឡូម៉ែត្រ។ សម្រាប់​ Centcom នេះជាលើកទី១ហើយ ដែល​សកម្មភាពវាយប្រហារ​​របស់​ក្រុមហ៊ូទី​យេម៉ែន បង្កគ្រោះថ្នាក់​ដល់ជីវិត​មនុស្ស។

នៅក្នុងសេចក្តីថ្លែងការណ៍​កាលពី​ថ្ងៃ​ពុធ អ្នកនាំពាក្យ​របស់​ពួកឧទ្ទាម​ហ៊ូទី​ដែល​គ្រប់គ្រងទឹកដី​មួយផ្នែកធំ​របស់​យេម៉ែន​អះអាងថា កប៉ាល់អាមេរិកត្រូវ​គ្រាប់មីស៊ីល ព្រោះ​អ្នកបើកបរកប៉ាល់​បដិសេធ​មិនព្រម​សហការ ធ្វើតាម​សារព្រមាន​របស់​ក្រុមហ៊ូទី។

តាមទីភ្នាក់ងារ​UKMTO ដឹកនាំ​ដោយ​កងទ័ពជើងទឹកអង់គ្លេស បុគ្គលិក​នៅកប៉ាល់​និយាយ​ថា គេ​បាន​ទទួលសារ​មួយ ពី​កងកម្លាំង​ប្រដាប់អាវុធ​យេម៉ែន ដែល​បាន​បញ្ជា​ឲ្យគេ​ប្តូរទិស បើក​ចេញពី​ឈូងសមុទ្រ​អេឌិន។ ប៉ុន្តែ មួយសន្ទុះក្រោយមក គេ​ក៏លឺសំឡេងផ្ទុះខ្លាំង​នៅក្បែរ​នាវា។

នៅក្រោយ​ការវាយប្រហារ​របស់​ក្រុមហ៊ូទី កងកម្លាំង​របស់​បក្ស​សម្ព័ន្ធ​ធានា​សន្តិសុខ​នៅ​សមុទ្រ​ក្រហម​បាន​អន្តរាគម​ជួយសង្រ្គោះ​បុគ្គលិក​នៅលើ​កប៉ាល់ True Confidence។ វីដេអូ​របស់​កងទ័ពជើងទឹក​ឥណ្ឌា កាលពីថ្ងៃ​ពុធ បង្ហាញ​បេសកកម្ម​ជួយសង្រ្គោះ រំដោះយកមនុស្ស​ចេញពី​កប៉ាល់​True Confidence ដែលត្រូវ​គេ​បោះបង់ អណ្តែត​ចោល​នៅលើ​សមុទ្រ។

ក្រុមហ៊ូទី​អះអាង​ថា គេ​វាយប្រហារ​​True Confidence ព្រោះ​កប៉ាល់​នេះ​ជា​កម្មសិទ្ធិ​របស់​អាមេរិក ដែល​ជា​សម្ព័ន្ធមិត្ត​របស់​អ៊ីស្រាអែល។ ប៉ុន្តែ អ្នកនាំពាក្យ​របស់​សេតវិមាននិយាយ​ថា កប៉ាល់​​True Confidence មានជាប់ទាក់ទង​នឹង​ប្រទេស​លីបេរីយ៉ា។ មាន​ទង់ជាតិ​ប្រទេស​កូនកោះ Barbade កប៉ាល់​ដឹកទំនិញ True Confidence ធ្លាប់ជា​កប៉ាល់​របស់​ក្រុមហ៊ុន​អាមេរិក មុន​នឹង​ត្រូវ​ប្តូរ ចុះឈ្មោះ​នៅប្រទេស​លីបេរីយ៉ា។ ប៉ុន្តែ នៅថ្ងៃ​វាយប្រហារ​របស់​ក្រុមហ៊ូទីយេម៉ែន កប៉ាល់ True Confidence ស្ថិតក្រោម​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ Third January Maritime Ltd របស់​ប្រទេស​ក្រិក ដែលទទួល​បន្ទុក​ដឹកដែក ចេញ​ពីកំពង់ផែ Lianyungang ររបស់ប្រទេស​ចិន សំដៅ​កំពង់ផែ​Jeddah នៅ​អារ៉ាប៊ី សាអូឌីត។

កប៉ាល់​ True Confidence​មាន​បុគ្គលិក​ធ្វើការ​២០នាក់ ដែលនៅក្នុង​នោះ មាន​១នាក់ ជា​ជនជាតិ​ឥណ្ឌា ហ្វីលីពីន ១៥នាក់ វៀតណាម ៤នាក់។ បន្ថែមពីលើនោះ មាន​កម្លាំងប្រដាប់អាវុធ​៣នាក់ ដែលនៅក្នុងនោះ ២នាក់ ជាតិស្រីលង្កា និង​១នាក់ នេប៉ាល់។

នៅថ្ងៃ​ចន្ទ កងទ័ពជើងទឹក​ឥណ្ឌា​និយាយ​ថា ខ្លួន​បាន​ជួយសង្រ្គោះ​បុគ្គលិក​របស់​កប៉ាល់ដឹកទំនិញមួយគ្រឿងទៀត MSC Sky II មានទង់ជាតិ​លីបេរីយ៉ា ដែលបានរងការខូចខាត​ដោយសារ​ត្រូវ​គ្រាប់​មីស៊ីល​របស់​ពួកហ៊ូទីយេម៉ែន ដែរ ប៉ុន្តែ មិន​បាន​បង្ក​ឲ្យមានគ្រោះថ្នាក់​សម្លាប់ជីវិត​មនុស្ស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ