អានតួអត្ថបទ
ដើមបូព៌ា-ចរាចរណ៍​សមុទ្រ

សន្តិសុខសមុទ្រក្រហម៖ កងទ័ព​សម្ព័ន្ធមិត្ត​ បាញ់ស្ទាក់​ដ្រូន​១៥គ្រឿងរបស់ក្រុមហ៊ូទីយេម៉ែន

ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលជាកូនចៅអ៊ីរ៉ង់ បានប្រកាសកាលពីព្រឹកថ្ងៃសៅរ៍ថា ខ្លួនបាន​បើកប្រតិបត្តិការ​ធំ វាយប្រហារទៅលើនាវាចម្បាំងរបស់អាមេរិក ដែលចល័តនៅក្នុងសមុទ្រក្រហម។ នៅព្រឹកថ្ងៃសៅរ៍ដែរ ប្រភពពី​អគ្គបញ្ជាការដ្ឋាន​កងទ័ព​សម្ព័ន្ធមិត្ត​ ដឹកនាំសហរដ្ឋអាមេរិក បានឲ្យដឹងថា គេបានបាញ់ស្ទាក់​កម្ទេចដ្រូនរបស់​ក្រុមហ៊ូទី ចំនួន​១៥គ្រឿង ដែលប៉ុនប៉ងវាយ​ប្រហារមកលើនាវាចម្បាំង ព្រមទាំងនាវាដឹកទំនិញនៅក្នុងតំបន់នេះ​។

រូបថតផ្តល់​ឲ្យដោយ​ the U.S. military's Central Command៖ នាវាដឹកទំនិញ​ True Confidence ដែលរងគ្រោះដោយត្រូវគ្រាប់មីស៊ីលរបស់​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ថ្ងៃទី​៦ មីនា ២០២៤
រូបថតផ្តល់​ឲ្យដោយ​ the U.S. military's Central Command៖ នាវាដឹកទំនិញ​ True Confidence ដែលរងគ្រោះដោយត្រូវគ្រាប់មីស៊ីលរបស់​ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ថ្ងៃទី​៦ មីនា ២០២៤ AP - U.S. military's Central Command
ផ្សាយពាណិជ្ជកម្ម

យោងតាម​ទីបញ្ជាការកងទ័ពអាមេរិក​ប្រចាំនៅតំបន់ដើមបូព៌ា Centcom ក្រុមហ៊ូទីយេម៉ែន បានបើកការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់​មាន កាលពីវេលាទាបភ្លឺ ព្រឹកថ្ងៃសៅរ៍ ទី​៩មីនា។ កងទ័ពសម្ព័ន្ធមិត្តអន្តរជាតិ ប្រចាំការ​នៅតំបន់សមុទ្រក្រហម និង​ឈូងសមុទ្រអាដេន​ បាន​បើក​ប្រតិបត្តិការការពារខ្លួន ដោយបាន​បាញ់​កម្ទេចដ្រូន​របស់​ក្រុមហ៊ូទី ចំនួន​១៥គ្រឿង។ ក្នុងនោះ កងទ័ពបារាំង បាន​បាញ់​កម្ទេចបាន ចំនួន​៤គ្រឿង នៅឆកសមុទ្រអាដេន ប​ន្ទាប់​​ពី​ឃើញដ្រូនទាំងនោះ ហោះសំដៅមកលើនាវាចម្បាំងរបស់បារាំង​។

យ៉ាងណាមិញ ក្រសួងការពារជាតិបារាំង បានបញ្ជាក់ឲ្យដឹងថា នេះគឺជាប្រតិបត្តិការការពារខ្លួន សុទ្ធសាធ មិនមែនជាការវាយ​ប្រហារ​ទៅលើ​ក្រុមហ៊ូទីនោះឡើយ​​។ ប្រតិបត្តិការរបស់កងទ័ពបារាំងនេះ បានជួយការពារផងដែរ ដល់​នាវា​ដឹកទំនិញ True Confidence ដែលបានរងគ្រាប់មីស៊ីលរបស់ក្រុមឧទ្ទាម​ហ៊ូទី កាលពីថ្ងៃ៦មីនា ហើយដែលបច្ចុប្បន្ន គេកំពុងតែព្យាយាមអូសសណ្តោង។

ក្រោយការប្រកាសរបស់​កងទ័ពសម្ព័ន្ធអន្តរជាតិនេះ ក្រុមឧទ្ទាមហ៊ូទី​បាន​អះអាងថាក្រុមខ្លួនបានបើក​ប្រតិបត្តិការវាយ​ប្រហារទ្រង់ទ្រាយធំនៅព្រឹកព្រហាមថ្ងៃសៅរ៍។ Yahya Saree អ្នកនាំពាក្យ​កងកម្លាំងហ៊ូទី បាន​ថ្លែងសារស្រែកតាមទូរទស្សន៍ថា ក្រុមខ្លួនបាន​បើក​ប្រតិបត្តិការ​២ផ្សេងគ្នា ទី១គឺសំដៅវាយប្រហារ​នាវាដឹកទំនិញ Propel Fortune ស្ថិតនៅ​ឈូងសមុទ្រអាដេន និង​ទី២គឺសំដៅ​វាយ​ប្រហារនាវាចម្បាំងរបស់​អាមេរិក​។ នៅក្នុ​ងប្រតិបត្តិការទី​២ គឺក្រុមហ៊ូទីបានអួតថាខ្លួន​បានបញ្ជាយានដ្រូន ចំនួន​៣៧គ្រឿង ទៅបាញ់ទម្លាក់គ្រាប់​លើនាវាចម្បាំងអាមេរិក​។

សូមបញ្ជាក់ថា ក្រោយ​ពីសង្គ្រាមនៅ​តំបន់ហ្កាហ្សាបានផ្ទុះឡើង ក្រុមឧទ្ទាមហ៊ូទីយេម៉ែន ដែលជាកូនចៅអ៊ីរ៉ង់ បាន​បើកការវាយប្រហារជាញឹកញាប់ មកលើនាវាដឹកទំនិញ ដែលឆ្លងកាត់សមុទ្រក្រហម និងតំបន់ឈូងសមុទ្រអាដេន។ មាននាវាដឹកទំនិញជាច្រើនគ្រឿង ដែល​បាន​រងគ្រោះ ត្រូវគ្រាប់ឆេះ និងលេចចូលទៅក្នុងសមុទ្រ​។ សហរដ្ឋអាមេរិក បានបង្កើតសម្ព័ន្ធមិត្តអន្តរជាតិមួយ ដើម្បី​រួមគ្នា​ការពារសន្តិសុខនៅតំបន់នេះ។ ផ្អែកតាម​សម្ព័ន្ធភាពនេះ ដ្រូននិងមីស៊ីលរបស់​ក្រុមហ៊ូទី គឺជាការគំរាមដ៏ធំ មកលើការធ្វើចរាចរណ៍ដឹកទំនិញ និងបានប៉ះពាល់យ៉ាងខ្លាំង មកលើ​ពាណិជ្ជកម្មអន្តរជាតិ ១២%នៃទំនិញទូទាំងពិភពលោក​ ត្រូ​វដឹកឆ្លងកាត់តំបន់នេះ។

គិតមកត្រឹមពេលនេះ កងទ័ពសម្ព័ន្ធមិត្តអាមេរិក មានបេសសកម្ម​ត្រឹម​តែ​ការពារ និងបង្កាសន្តិសុខ ក្នុងករណី​មានការគំរាមណាមួយតែប៉ុណ្ណោះ។ ពោលគឺ​បេសកកម្មនេះ មិនមានកម្មវត្ថុ​វាយ​ប្រហារទៅ​លើទីតាំងរបស់​ក្រុមឧទ្ទាមហ៊ូទី នៅក្នុងទឹកដីយេម៉ែនឡើយ។ តែយ៉ាងណាក៏ដោយ ក្រុមឧទ្ទាមហ៊ូទី ហាក់ដូចជាមិនញញើតទេ ហើយរឹតតែបន្ថែម​ការវាយប្រហារថែមទៀត មក​លើនាវាដឹកទំនិញ និងនាវាចម្បាំងកងទ័ពសម្ព័ន្ធមិត្ត ខណៈកងទ័ពសម្ព័ន្ធមិត្តវិញ​ នៅតែប្រកាន់គោលជំហរថា ទាល់តែមានការវាយប្រហារពីក្រុមហ៊ូទី ទើបគេបាញ់ស្ទាក់​កម្ទេច​ ដើម្បីការពារខ្លួន​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ