អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ចាប់ខ្លួន​ទាហាន​អាយុ២១ឆ្នាំ ដែល​សង្ស័យ​ក្នុង​រឿងបញ្ចេញឯកសារ​សម្ងាត់​របស់​មន្ទីរបញ្ចកោន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប៉ូលិស​FBI បានចាប់ខ្លួន​យុវជនម្នាក់ ដែលជាប់សង្ស័យ​ក្នុងរឿង​បែកលេចធ្លាយ​ឯកសារ​សម្ងាត់​របស់មន្ទីរបញ្ចកោន ទៅលើ​បណ្តាញសង្គម។ នៅក្នុង​សន្និសីទកាសែត​កាលពីថ្ងៃ​ព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌ អាមេរិក លោក Merrick Garland បាន​ប្រកាសថា គេ​បាន​ចាប់ខ្លួន យុវជន​Jack Teixeira ជែក តេស្ហៀរ៉ា អាយុ​២១ឆ្នាំ ក្នុងរឿង​ជាប់សង្ស័យ​បញ្ចេញ​ឯកសារសម្ងាត់​ជាតិ ដោយគ្មានការអនុញ្ញាត។ តើ​យុវជនអាមេរិក​វ័យ​២១ឆ្នាំ​អាចចូលយក​ឯកសារសម្ងាត់អាមេរិក មកបង្ហោះផ្សាយ ចែកចាយ​នៅលើ​បណ្តាញសង្គម​បានយ៉ាងដូចម្តេច?

 យុវជន​Jack Teixeira អាយុ​២១ឆ្នាំត្រូវប៉ូលិស​FBI ចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ នៅផ្ទះ ភាគខាងត្បូង​ក្រុង​បូស្តុន ក្នុងរឿង​ជាប់សង្ស័យ​បញ្ចេញ​ឯកសារសម្ងាត់​ជាតិ ដោយគ្មានការអនុញ្ញាត
យុវជន​Jack Teixeira អាយុ​២១ឆ្នាំត្រូវប៉ូលិស​FBI ចាប់ខ្លួននៅថ្ងៃព្រហស្បតិ៍ នៅផ្ទះ ភាគខាងត្បូង​ក្រុង​បូស្តុន ក្នុងរឿង​ជាប់សង្ស័យ​បញ្ចេញ​ឯកសារសម្ងាត់​ជាតិ ដោយគ្មានការអនុញ្ញាត © REUTERS
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ក្រសួងយុត្តិធម៌​អាមេរិក​បាន​ប្រកាសកាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញថា គេ​បាន​ចាប់ខ្លួន​យុវជន​Jack Teixeira ដែលជាប់​ពាក់ព័ន្ធ​នឹងការសង្ស័យ​បញ្ចេញ​ឯកសារ​សម្ងាត់​របស់​មន្ទីរបញ្ចកោន នៅលើ​បណ្តាញសង្គម។

មានអាយុ ២១ឆ្នាំ Jack Teixeira ជែក តេស្ហៀរ៉ា ជា​បុគ្គលិក បម្រើការ​នៅក្នុង​អង្គភាព​ចារកម្ម​ជើងអាកាស​របស់​ឆ្មាំជាតិអាមេរិក តាំង​ពីឆ្នាំ ២០១៩។ កើតក្នុង​គ្រួសារ​ទាហាន Jack Teixeira​មាន​ឪពុកចុង​ជា​ទាហាន ដែល​ទើបចូល​និវត្តន៍ និង​ប្អូនប្រុស​ដែលធ្វើការ​នៅមូលដ្ឋានទ័ពដូចគ្នា​នឹង​ Jack Teixeira នៅរដ្ឋ Massachusetts។ ចំណែកម្តាយ​របស់​ Jack Teixeiraជា​បុគ្គលិក​របស់​អង្គការ​សម្រាប់​អតីត​យុទ្ធជន​អាមេរិក។

នៅក្នុង​អង្គភាព​ចារកម្ម​ជើងអាកាស នៅក្នុង​រដ្ឋ​​Massachusetts ទៀតសោត Jack Teixeira​មាន​នាទី​ជា​អ្នកជំនាញ​ព័ត៌តមានវិទ្យា ទទួលខុសត្រូវ​លើ​ប្រព័ន្ធ​ទំនាក់ទំនងយោធាអាមេរិក ដូចជា​បណ្តាញ​ខ្សែកាបជាដើម។

នៅថ្ងៃព្រហស្បតិ៍​ម្សិលមិញ នាយទាហាន Jack Teixeira ត្រូវ​ប៉ូលិស​FBI ចាប់ឃាត់ខ្លួន​នៅ​ផ្ទះ នៅ​កូនក្រុង​តូចមួយឈ្មោះ Dighton ភាគខាងត្បូង​ទីក្រុងបូស្តុន ក្នុង​រដ្ឋMassachusetts។ នៅក្នុង​វីដេអូ​ដែល​ក្រុមទូទស្សន៍​អាមេរិកថត​បាន​ពីលើអាកាស បាន​បង្ហាញ​យុវជន​ម្នាក់ ស្លៀកខោ​ខ្លីក្រហម និង​អាវយឺត​នៅផ្ទះ ដាក់ដៃលើក្បាល ដើរថយក្រោយ មុននឹង​ត្រូវ​កងកម្លាំង​ចាប់ដាក់ខ្នោះ និងបណ្តើរចូលក្នុងរថយន្ត​ស៊ីវិល។

ឯកសារសម្ងាត់របស់អាមេរិក​បែកលេចធ្លាយ​ដំបូងគេនៅក្នុង​បណ្តាញDiscord

តាំង​ពីថ្ងៃ​ព្រហស្បតិ៍ សប្តាហ៍មុន កាសែត​New York Times​ជាអ្នកចុះផ្សាយ​មុនគេ​ពីការបែកលេចធ្លាយ ឯកសារសម្ងាត់​របស់​មន្ទីរកោនអាមេរិក នៅក្នុង​បណ្តាញ​សង្គម ដូចជា តេឡេក្រាម ធ្វីតធ័រ និង​Discord ជាដើម។ នៅមុន​ពេល ក្រសួងយុត្តធម៌​អាមេរិក​ប្រកាស​បើកការស៊ើបអង្កេតទៅទៀត កាសែត​អាមេរិក ដូចជា New York Times Washington Post ជាដើម​បាន​ស្រាវជ្រាវ​រកប្រភព​បែកលេចធ្លាយឯកសារ​សម្ងាត់​នៅលើ​បណ្តាញសង្គម​Discord។ Discord ​ជាបណ្តាញសង្គម ដែលមាន​អ្នកប្រើប្រាស់​ភាគច្រើន​ជា​មនុស្សប្រុស ជាអ្នកលេងហ្គេមអនឡាញ និង​មានអាយុ​ច្រើនបំផុត ២៤ឆ្នាំ។ កាសែតWashington Post យុវជន Jack Teixeira បាន​ចែករំលែក​ឯកសារ​សម្ងាត់​របស់​អាមេរិក ជាច្រើន សន្លឹក នៅក្នុង​ចំណោម​ក្រុមឆាត​ដែល​មាន​សមាជិក​ប្រមាណ ២៤នាក់ រាប់ខែ​មក​ហើយ ប៉ុន្តែ ទើបតែ​នៅ​មេសា​នេះ ដែល​រឿង​បាន​បែកខ្ចរខ្ចាយ លេចធ្លាយ​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ។ តាមសមាជិកក្នុង​ក្រុមឆាត ដកស្រង់សំដី ដោយ​កាសែត​Washington Post Jack Teixeira​បាន​ចែករំលែក​ឯកសារ​សម្ងាត់​ជាច្រើនទាក់ទង​នឹង​សកម្មភាព​របស់​ចារកិច្ចអាមេរិក និង​សង្រ្គាម​នៅអ៊ុយក្រែន ប៉ុន្តែ គេ​បាន​ស្នើសុំ​កុំ​ឲ្យសមាជិក​ក្នុងក្រុម ចែករំលែក​ទៅខាងក្រៅ ព្រោះគេ​មិនចង់​ធ្វើជា​អ្នកទម្លាយឯកសារ​សម្ងាត់អាមេរិក។

នៅក្រោយ​ចាប់ខ្លួន​ Jack Teixeira ដែលជាជនសង្ស័យធំជាងគេ ក្រសួង​យុត្តិធម៌អាមេរិក​អះអាងថា គេនៅ​បន្តស៊ើបអង្កេត ដើម្បី​ចង់ដឹងថា តើមានអ្នកណា​ផ្សេងទៀត ដែលចូលរួមលួច​យកឯកសារ​សម្ងាត់របស់CIA ពីក្នុង​បណ្តាញ Discord ទៅបន្ត​ចែកចាយ នៅលើបណ្តាញសង្គម​ផ្សេងទៀត ដូច​តេឡេក្រាម និង​ធ្វីធធ័រ។

ហេតុអ្វី​ទាហានក្មងខ្ចី អាយុ២១ឆ្នាំ​អាច​ចូលមើល​ឯកសារ​សម្ងាត់ជាតិ​របស់​មន្ទីរ​បញ្ចកោណ

អ្នកនាំពាក្យ​របស់​មន្ទីរបញ្ចកោណ លោក​Patrick Ryder បាននិយាយ​ប្រាប់​អ្នកកាសែត​ថា ដើម្បីអាច​ចូលទៅធ្វើការ នៅក្នុង​អង្គភាព ចារកម្ម ជើងអាកាស​នៅ​រដ្ឋ​Massachusetts Jack Teixeira​បានឆ្លងកាត់​ការធ្វើតេស្ត ជាច្រើនដំណាក់កាល ដើម្បី​បញ្ជាក់ថា Jack Teixeira​ស្អាតស្អំ គ្មាន​ជាប់សង្ស័យ​ថា នឹង​អាច​បញ្ចេញ​ការណ៍សម្ងាត់អាមេរិក​ទៅ​ខាងក្រៅ។ ម្យ៉ាង Jack Teixeira​ធ្លាប់បាន​ចុះហត្ថលេខា​លើកិច្ចសន្យា រក្សា​ការណ៍សម្ងាត់​របស់​កងទ័ពដែរ។ បើតាម​អ្នកនាំពាក្យខាងលើ ក្រសួងការពារ​ជាតិ​ជឿទុកចិត្ត​លើ​សមាជិក​របស់ខ្លួន មិនថា ពួកគេមាន​វ័យក្មេង ដោយ​ផ្តល់​ការទទួលខុសត្រូវ​ឲ្យ​ពួកគេ នៅក្នុងការដឹកនាំ​ក្រុមប្រយុទ្ធ​នៅក្នុង​សមរភូមិ។ ជាក់ស្តែង នៅក្នុងនាម​ជា​អ្នកជំនាញ​បច្ចេកវិទ្យា ទទួលខុសត្រូវ​លើបណ្តាញទំនាក់ទំនង យោធាក្នុងអង្គភាពឆ្មាំកងទ័ពជាតិ យុវជន​ Jack Teixeira ក៏​ទទួល​បាន​សិទ្ធិ​ចូល​ទៅ​កន្លែង​ដែល​មាន​ទុកដាក់​ឯកសារសម្ងាត់។

Jack Teixeira​មានអាយុតែ​២១ឆ្នាំ និង​មាន​ឋានន្តសក្តិ​តូចតាច​មែនទែន នៅ​ក្នុង​អង្គភាព ឆ្មាំជាតិអាមេរិក ប៉ុន្តែ គេ​មាន​សមត្ថភាព​ចូលទៅយក​ឯកសារសម្ងាត់ជាតិ ទៅ​ចែកចាយ​ជាមួយ​អ្នកប្រើប្រាស់​បណ្តាញសង្គម​មួយក្រុម ដែល​តាមពិត​មាន​ប្រវត្តិរូប​ជាអ្នកលេងហ្គេម​អនឡាញ។ ចង់មិនចង់ ការបែកលេច​ធ្លាយ​ឯកសារ​សម្ងាត់​លើកនេះ​បាន​ធ្វើ​ឲ្យ​គេ​ចោទសួរ​ពី​សមត្ថភាព​របស់​មន្ទីរបញ្ចកោណ​អាមេរិក នៅក្នុង​រឿងរក្សា​ការណ៍សម្ងាត់ជាតិ។ ដោយសារសំណុំរឿង​អាស្រូវលើកនេះ រដ្ឋមន្រ្តីការពារជាតិ លោក​Lloy Austin និយាយ​ប្រាប់អ្នកកាសែត​ថា ក្រសួង​នឹង​បើកការស៊ើបអង្កេតផ្ទៃក្នុង និងសើរើ​ត្រួតពិនិត្យ​សមាជិក​ក្រុម​ទទួលបន្ទុកចារកម្ម​របស់អាមេរិក ដើម្បី​ជៀសវាង​កុំ​ឲ្យមានការបែកលេចធ្លាយ​ឯកសារសម្ងាត់សាជាថ្មីម្តងទៀត។ ការអះអាងនេះ មិនខុសអី ពី​ក្របីបាត់ទើប​ធ្វើរបងនោះទេ ព្រោះថា នេះមិនមែនជា​លើកទី១​ឯណាដែល​អាមេរិក​ត្រូវ​ប្រឈម​នឹង​រឿងបែកលេចធ្លាយឯកសសារសម្ងាត់។ រឿងដែលល្បីនិងធ្វើ​ឲ្យអាមេរិកអាម៉ាស់ជាងគេ គឺយុវជន Edward Snowden​អ្នកទម្លាយឯកសារសម្ងាត់​កងទ័ព​អាមេរិក ដែលពេលនេះ​កំពុង​ទទួលសិទ្ធិជ្រកកោន​នៅ​រុស្ស៊ី។

Jack Teixeira​ជាប់ក្នុងបទចោទប្រកាន់​ក្រោមច្បាប់ចារកម្មអាមេរិក

នៅក្នុង​សន្និសីទកាសែត កាលពីថ្ងៃព្រហស្បតិ៍ រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក លោក Merrick Garland បាន​ប្រកាស​ថា Jack Teixeira​ត្រូវចាប់ខ្លួន មុន​នឹងបញ្ជូន​ខ្លួន ទៅតុលាការ​ក្រុង​បូស្តុន នៅថ្ងៃ​សុក្រនេះ។ តាម​រដ្ឋមន្រ្តីយុត្តិធម៌អាមេរិក Jack Teixeira​ត្រូវចាប់ខ្លួន​ក្នុងបទចោទប្រកាន់ ផ្ទេរ ផ្លាស់ទី ព័ត៌មាន​សម្ងាត់​របស់​កងទ័ព ដែលជា​បទឧក្រិដ្ឋ មានចែង​នៅក្នុង​ច្បាប់ចារកម្មអាមេរិក។ បរិមាណ​ទោសទណ្ឌ ដាក់ពន្ធនាគារ ណាមួយទៅលើ​យុវជន​ Jack Teixeira គឺអាស្រ័យ​ទៅចំនួនបទល្មើស ដែលចៅក្រមអាច​ប្រកាស​ចោទប្រកាន់ទៅលើ​ Jack Teixeira។

តើឯកសារសម្ងាត់​បង្ហាញអ្វីខ្លះ?

មន្ទីរបញ្ចកោន​ ​ថា សន្តិសុខជាតិ​អាមេរិក​ត្រូវ​ប្រឈម​គ្រោះថ្នាក់ ដោយសារ​ការបែកលេចធ្លាយលើកនេះ។ តាមរយៈ ឯកសារ​សម្ងាត់របស់​CIA​ដែល​បែកលេចធ្លាយ​នៅលើបណ្តាញ​សង្គម គេឃើញរឿង​ពីចំណុច​ធំៗ គឺ​សង្រ្គាម​អ៊ុយក្រែន និង​ក្រុមចារកិច្ចអាមេរិក លួចស្តាប់​របស់ប្រទេស​សម្ព័ន្ធមិត្ត​របស់អាមេរិក។

នៅក្នុង​សង្រ្គាមអ៊ុយក្រែន ឯកសារ​ដែល​ Jack Teixeira​យកទៅចែកចាយ​នៅក្នុង​ក្រុម ក្នុងបណ្តាញ​DISCORD បង្ហាញក្តីកង្វល់​របស់​អាមេរិក ទាក់ទង​នឹងមធ្យោបាយ និងសមត្ថភាព ប្រយុទ្ធ​របស់​អ៊ុយក្រែន នៅក្នុង​សង្រ្គាម។ តាម​ចារកម្ម​អាមេរិក នៅចំពោះមុខការវាយប្រហារ​មិនឈប់​របស់​រុស្ស៊ី បរិមាណ​អាវុធ​របស់​អ៊ុយក្រែន​កាន់តែ​ថយចុះ និង​ថា បើសិន​គេ​មិនផ្តល់ជំនួយសព្វាវុធ នោះ អ៊ុយក្រែន​នឹង​អស់​មីស៊ីល​សម្រាប់ប្រព័ន្ធការពារ​ដែន​អាកាស​យ៉ាងយូរ​នៅខែ ឧសភា។

ការបែកលេចធ្លាយ​ឯកសារសម្ងាត់​លើកនេះ​ធ្វើ​ឲ្យអាមេរិកទើសទាល់​ខ្លាំងផងដែរ ព្រោះ​វាលាតត្រដាង​ឲ្យសម្ព័ន្ធមិត្ត​របស់​អាមេរិក ដូចជា កូរ៉េខាងត្បូង និង​អ៊ីស្រាអែលជាដើម​ថា ខ្លួន​កំពុងត្រូវ​ចារកិច្ច​អាមេរិក​លួចស្តាប់ទូរស័ព្ទ។ ជាក់ស្តែង ឯកសារសម្ងាត់របស់​CIA បង្ហាញ​ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិក​បានលួចស្តាប់ការសន្ទនា​របស់​មន្រ្តីកូរ៉េខាងត្បូង ដែល​សង្ស័យខ្លាច​អាមេរិក​យកសព្វាវុធដែលខ្លួន​កុម្ម៉ង់ទិញ ទៅ​ប្រគល់​ឲ្យអ៊ុយក្រែន។ ក្នុងករណីអ៊ីស្រាអែល អាមេរិក​បាន​លួចស្តាប់ដឹងថា ថ្នាក់ដឹកនាំ​របស់​ទីភ្នាក់ងារស៊ើបការណ៍​សម្ងាត់អ៊ីស្រាអែល​ជាអ្នកបញ្ចុះបញ្ចូល​ឲ្យគេធ្វើបាតុកម្មនៅអ៊ីស្រាអែល ដើម្បី​ប្រឆាំងនឹង​គម្រោងរបស់​នាយករដ្ឋមន្រ្តី ដើម្បី​ធ្វើ​កំណែទម្រង់តុលាការ។

ឯកសារ​សម្ងាត់របស់អាមេរិក​បង្ហាញ​ដែរថា រុស្ស៊ី​កំពុងបញ្ចុះបញ្ចូល​ប្រទេស​អេមីរ៉ាតអារ៉ាប់រួម មហាសេដ្ឋីប្រេង ដើម្បី​ដោះដៃ​ពីអាមេរិក ទៅ​ចូលរួមជាមួយ​រុស្ស៊ី។ តាម​ការចុះផ្សាយ​របស់​AP នៅប៉ុន្មានឆ្នាំនេះ អេមីរ៉ាតអារ៉ាប់រួមបានទាក់ទងជាមួយ​ទាហានស៊ីឈ្នួលរុស្ស៊ី Wagner៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ