អានតួអត្ថបទ

លោកចូបៃដិនបង្ហាញក្តីបារម្ភ​ក្រោយ​ការបែកលេចធ្លាយឯកសារសម្ងាត់​របស់​មន្ទីរបញ្ចកោន

ការបែកលេចធ្លាយព័ត៌មានសម្ងាត់របស់​មន្ទីរបញ្ចកោន​កំពុងក្លាយ​ជា​កង្វល់ បារម្ភ​របស់​ប្រមុខរដ្ឋអាមេរិក។ នៅក្នុង​ទស្សនកិច្ច ទៅកាន់ទីក្រុង​Dublin របស់​ប្រទេស​អៀរឡង់ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិនបាននិយាយ​ប្រាប់អ្នកកាសែត​ថា លោក​ព្រួយបារម្ភ​ដែលមានរឿងបែកលេចធ្លាយ​ឯកសារ​សម្ងាត់​យ៉ាងដូច្នេះ។ ក្រសួងយុត្តិធម៌​អាមេរិក​កំពុង​បើកការស៊ើបអង្កេត​ព្រហ្មទណ្ឌ នៅក្រោយ​ឯកសារសម្ងាត់ដែលនិយាយ​ពីសង្រ្គាមអ៊ុយក្រែន និងការលួចស្តាប់សម្ព័ន្ធមិត្ត​អាមេរិក​ពីសំណាក់ភ្នាក់ងារស៊ើបការណ៍សម្ងាត់​CIA ត្រូវបង្ហោះផ្សាយ​នៅលើ​បណ្តាញសង្គម នៅថ្ងៃ​ព្រហស្បតិ៍សប្តាហ៍មុន។

នៅក្នុង​ទស្សនកិច្ច ទៅកាន់ទីក្រុង​Dublin របស់​ប្រទេស​អៀរឡង់ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន
នៅក្នុង​ទស្សនកិច្ច ទៅកាន់ទីក្រុង​Dublin របស់​ប្រទេស​អៀរឡង់ កាលពីថ្ងៃព្រហស្បតិ៍ ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន AP - Patrick Semansky
ផ្សាយពាណិជ្ជកម្ម

នៅក្រោយ​ការបែកលេចធ្លាយ​ព័ត៌មាន​សម្ងាត់​របស់​មន្ទីរបញ្ចកោន នៅលើ​បណ្តាញសង្គម ប្រធានាធិបតីអាមេរិក លោក​ចូ បៃដិន​ចេញមុខ​និយាយជាលើកទី១​ថា លោកបារម្ភ​នៅពេល​មាន​រឿងនេះ​កើតឡើង ប៉ុន្តែ លោកគិតថា វាមិនគ្រោះថ្នាក់​ភ្លាមៗនោះទេ។

នៅក្នុងទស្សនកិច្ច​នៅ​ទីក្រុង​Dublin ប្រធានាធិបតីអាមេរិក​និយាយ​ដែរថា ការស៊ើបអង្កេត​របស់​ក្រសួងយុត្តិធម៌​ដើម្បី​ស្វែងរក​ប្រភព​បែកធ្លាយ​ឯកសារ​សម្ងាត់​របស់CIA កំពុងឈាន​ជិត​ដល់​ទីបញ្ចប់ ប៉ុន្តែ លោកមិនលម្អិតបន្ថែមច្រើនជាងនេះ។

នៅមុនការប្រកាស​របស់​អាជ្ញាធរ​អាមេរិក កាសែតអាមេរិក Washington Post ចុះផ្សាយកាលពីថ្ងៃ​ពុធ ថា យុវជនម្នាក់​ក្នុងវ័យ ២០ឆ្នាំ ដែលធ្វើការ​នៅ​មូលដ្ឋានទ័ពអាមេរិក ជាអ្នកធ្វើ​ឲ្យ​បែកលេចធ្លាយ​ឯកសារ​សម្ងាត់របស់​មន្ទីរបញ្ចកោន នៅលើ​បណ្តាញសង្គម Discord។ កាសែត​ Washington Post ដកស្រង់​សំដី​របស់​សមាជិក​ពីរនាក់ នៅក្នុង​ក្រុម​ជាមួយ​យុវជនខាងលើ ដែល​ថា យុវជន រហស្សនាម OG បាន​ចែកចាយ​ឯកសារ ដែល​គេ​យកបាន​ពីមូលដ្ឋានទ័ព​ដែលគេធ្វើការ នៅ​ក្នុង​ក្រុមឆាតដែលមាន​សមាជិក២៤នាក់ នៅ​លើ​បណ្តាញDiscord។ ក្រុម​ដែល​មាន​យុវជន​OG ជាសមាជិក ត្រូវ​បានបង្កើតឡើង នៅ​ឆ្នាំ ២០២០ ដោយការបញ្ចេញយោបល់របស់ពួកគេ​ភាគច្រើនផ្តោតទៅលើ​ចំណង់ចំណូលចិត្តប្រើប្រាស់អាវុធ សព្វាវុធ​របស់កងទ័ព និង​សាសនា។

តាម​Washington Post យុវជនOG បាន​សុំ​ឲ្យសមាជិក​ដទៃទៀតកុំឲ្យផ្សព្វផ្សាយ​ឯកសារបន្ត ព្រោះគេ​មិន​ចង់​ក្លាយជា​អ្នកទម្លាយឯកសារសម្ងាត់ របស់​CIA។ តាមប្រភពសមាជិក​ដែលស្រង់សំដី​ដោយ​កាសែត​Washington Post យុវជន​OG ជាអ្នករិះគន់​ប៉ូលិស ក្រុមស៊ើបការណ៍សម្ងាត់ និង​រដ្ឋាភិបាល ដែលគេចោទថា បានរំលោភអំណាច។

តាម​ក្រសួងការពារជាតិអាមេរិក​ការបែកលេចធ្លាយ​ឯកសារ​សម្ងាត់លើកនេះ​នឹង​ធ្វើ​ឲ្យសន្តិសុខជាតិអាមេរិក​ត្រូវប្រឈម​នឹង​គ្រោះថ្នាក់ធ្ងន់ធ្ងរ។ វា​មិនត្រឹមបង្ហាញ​ពី​ជំនួយ​សព្វាវុធ និង​វត្តមាន​កងទ័ព​អូតង់ នៅក្នុង​សង្រ្គាម​អ៊ុយក្រែន ប៉ុន្តែ វាបង្ហាញ​ផងដែរថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់​អាមេរិក កំពុង​លួចស្តាប់យកការណ៍សម្ងាត់​ពី​ប្រទេស​សម្ព័ន្ធមិត្ត ដូចជា​កូរ៉េខាងត្បូងជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ