អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តើ​លោកអាសាដ​កំពុង​បាន​ប្រយោជន៍​ពីការវាយប្រហារ​របស់អាមេរិក​ទៅលើ​ក្រុមជីហាត​នៅ​ស៊ីរី?

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំ​ពិសេស​របស់​ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ កាលពី ថ្ងៃ​ពុធ​ទី ២៤ កញ្ញា ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី អាមេរិក បានចេញ​សេចក្តី​សម្រេច មួយ​ទប់ស្កាត់ ​ការរើស​សមាជិក​ថ្មី​របស់​ក្រុមជីហាតអ៊ីរ៉ាក់។ នៅថ្ងៃ​ពុធ​ដដែល ប្រតិបត្តិការ​ទ័ព​អាកាស​របស់​អាមេរិក និង​ប្រទេស​អារ៉ាប់​ទាំង​៥​បាន​បាញ់​បំផ្លាញ​កន្លែង​ចម្រាញ់​ប្រេង​មួយ​កន្លែង​របស់ក្រុមជីហាត ដែល​តាម​ធម្មតា​អាច​ធ្វើ​ឲ្យ​ក្រុមជីហាត​លក់​យក​លុយ ប្រមាណ ២លាន​ដុល្លារ ក្នុង​មួយថ្ងៃ។ 

លោក​ប្រធានាធិបតីអាមេរិក​ចូលរួម​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពីការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ថ្ងៃ​ទី ២៤​កញ្ញា ២០១៤
លោក​ប្រធានាធិបតីអាមេរិក​ចូលរួម​ដឹកនាំ​ការប្រជុំ​ក្រុមប្រឹក្សាសន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ដើម្បី​និយាយ​ពីការប្រយុទ្ធប្រឆាំង​នឹង​ក្រុមជីហាត ថ្ងៃ​ទី ២៤​កញ្ញា ២០១៤ © REUTERS/Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

នៅទីក្រុង​ញូវយ៉ក ក្រុមប្រឹក្សា​សន្តិសុខ​បាន​បើកការប្រជុំ​វិសាមញ្ញ ក្រោម​អធិបតីភាព​របស់​លោក​អូបាម៉ា។ កិច្ចប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ស្ថិតនៅ​ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​អាមេរិក​ជា​រឿង​ដ៏កម្រ។ នៅក្នុង​កិច្ចប្រជុំ​ ដែល​មាន​ការចូលរួម​ពី​ប្រមុខ​ដឹកនាំ និង​រដ្ឋាភិបាល​ចំនួន ២៧ ក្រុមប្រឹក្សា​សន្តិសុខ​បាន​អនុម័ត ជា​ឯកច្ឆន្ទ សេចក្តី​សម្រេច​ដែល​សំដៅ​ទប់ស្កាត់​ការរើសបញ្ចូល​សមាជិក​ថ្មី​របស់​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត

 
តាម​លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ជនបរទេស ១ម៉ឺន ៥​ពាន់​នាក់ ​មក​ពី​ប្រទេស​ចំនួន​៨០ បាន​ចូលរួម​ប្រយុទ្ធ​ជាមួយ​ក្រុមជីហាត នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ ពោល​គឺ​ចាប់តាំងពី​សង្រ្គាម​ស៊ីវិល​បាន​ផ្ទុះ​ឡើង​នៅ​ស៊ីរី កាលពី​ឆ្នាំ ២០១១។

នេះ​ជាលើកទីមួយ ដែល​មាន​សេចក្តី​សម្រេចថ្នាក់​អន្តរជាតិ​ដែល​ទាមទារ​ឲ្យ​គ្រប់​ប្រទេស​ទាំងអស់ មិន​ថា នៅ​តំបន់​អារ៉ាប់​ដែល​កំពុង​រងការគំរាមកំហែង​ពី​ក្រុមជីហាត ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្តី ឲ្យ​ចូលរួម​ទាំងអស់គ្នា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​ក្រុមជីហាត​រីកធំធាត់ នៅ​ស៊ីរី និង​អ៊ីរ៉ាក់​តទៅទៀត។ នៅក្នុង​សេចក្តីសម្រេច របស់​ក្រុមប្រឹក្សាដែល​ស្នើ​ដោយ​ប្រទេស​អាមេរិក ក្រៅតែ​ពី​និយាយ​ពីការ​បិទខ្ទប់​កុំ​ឲ្យ​ក្រុមជីហាត​បាន​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពីខាងក្រៅ គេ​ផ្តោត​សំខាន់​ទៅលើ​វិធានការ​ទប់ស្កាត់​កុំ​ឲ្យ​យុវជន​បរទេស​អាច​ទៅ​ចូលរួម​នៅក្នុង​ចលនា​របស់​ពួកជីហាតអ៊ីរ៉ាក់​ទៀតបាន។

សេចក្តី​សម្រេចបាន​ចែងថា ប្រទេស​ទាំងឡាយ​ត្រូវ​រារាំង​កុំ​ឲ្យ​មាន​ការរើសចូល​ជាសមាជិក​ក្រុម​ជីហាត​នៅក្នុង​ទឹកដី​របស់ខ្លួន ឬ​ក៏​ហាម​បុគ្គល​ដែល​ចង់​ធ្វើ​ដំណើរ​ទៅបរទេស ដើម្បី​ចូល​រួម​ក្នុង​ជំរំ​បណ្តុះបណ្តាល​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម។ អាជ្ញាធរ​របស់ប្រទេស​នីមួយៗ ត្រូវ​ពង្រឹង​ច្បាប់​វិន័យ​ក្នុង​ស្រុក​ឲ្យ​តឹងរ៉ឹង​ជាងមុន។ សេចក្តី​សម្រេច​បាន​ទាមទារ​ផងដែរ​ឲ្យ​ប្រទេស​ពាក់ព័ន្ធ​បិទព្រំដែន ឬ​ហាម​កុំ​ឲ្យ​ជនបរទេស​ប្រើប្រាស់​ទឹកដី​ខ្លួន​ឆ្លង​ចូល​ទៅស៊ីរី ឬ​អ៊ីរ៉ាក់។ តួកគី​ដែល​ត្រូវ​អន្តរជាតិ​ចោទប្រកាន់​ពី​រឿង​ឈរ​ឱបដៃ បណ្តោយ​ឲ្យ​យុវជន​បរទេស​ប្រើ​ទឹកដី​តួកគី​ឆ្លង​ចូល​ទៅ​ស៊ីរី បាន​អះអាង​ថា ខ្លួន​ចាប់​បាន​ក្រុមប្រដាប់អាវុធ​ជា​ជនបរទេស​ប្រមាណ ១០០០នាក់ មក​ពី​៧៥​ប្រទេស ចាប់តំាង​ពី ឆ្នាំ ២០១១​មក។

ជារួម ប្រសិន​បើ​ប្រទេស​ណាមិន​គោរព​សេចក្តី​សម្រេច​ខាងលើ​ទេ នោះ​ពួកគេ​ត្រូវ​ប្រឈម​នឹង​ទណ្ឌកម្ម​ពី​សហគមន៍​អន្តរជាតិ យោង​ទៅតាម​មាត្រា​ទី ៧​របស់​ច្បាប់​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ។

នៅស៊ីរី​ក្រុមជីហាត អាល់នូស្រា និង​ខូរ៉ាសាន​ជាផ្ទាំងស៊ីប​មួយ​ទៀត​របស់​អាមេរិក
នៅលើ​សមរភូមិ​ក្នុង​ប្រទេស​ស៊ីរី​វិញ យន្តហោះ​ចម្បាំង​របស់​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​អាមេរិក និង​អារ៉ាប់​ទំាង​៥ មិន​ត្រឹម​វាយប្រហារ​ទៅលើ​ទីតាំង​របស់ អង្គការ​រដ្ឋអ៊ីស្លាម​ជីហាត ប៉ុន្តែ សំដៅ​ផងដែរ​ទៅលើ​ក្រុមជីហាត​ផ្សេងទៀត ដូចជា​ក្រុម​អាល់នូស្រា និង​ក្រុមខូរ៉ាសាន​ដែល​បាន​ប្រកាស​កាលពីថ្ងៃ​ពុធ​ម្សិលមិញ មេដឹកនាំ​របស់ខ្លួន​បាន​ស្លាប់​នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះចម្បាំង​អាមេរិក។

ទិសដៅ​សំខាន់​នៃ​ប្រតិបត្តិការទ័ព​របស់​អាមេរិក និង​សម្ព័ន្ធអន្តរជាតិ គឺ​វាយប្រហារ​ទៅលើ​អង្គការរដ្ឋអ៊ីស្លាមជីហាត ​ដើម្បី​ធ្វើ​ឲ្យ​ក្រុមនេះ​ចុះអន់ថយ កម្លាំង​ទាំងនៅ​អ៊ីរ៉ាក់ និង​នៅ​ស៊ីរី។ ប៉ុន្តែ ជាមួយគ្នានេះ នៅ​ស៊ីរី នៅពេល​ជាប់ដៃ​វាយប្រហារ​ទៅលើ​អង្គការរដ្ឋអ៊ីស្លាមជីហាត ដែល​កំពុង​កាន់កាប់​តំបន់​ជា​ច្រើន​របស់​ស៊ីរី អាមេរិក​ក៏​ឆ្លៀត ​វាយប្រហារ​ទៅលើ​ក្រុម​ជីហាត​ពីរផ្សេងទៀត ដែល​ជា​បណ្តាញ​របស់​អាល់កៃដា ​សត្រូវ​​របស់​អាមេរិក។ ក្រុម​ខូរ៉ាសាន​ដែល​ទើប​មាន​កំណើត​នៅ​មួយខែ​តែ​ប៉ុណ្ណោះ​នៅ​ស៊ីរី គឺ​ជា​បណ្តាញ​របស់​អាល់កៃដា ដែល​បាន​ប្រកាស​គំរាមកំហែង​ធ្វើ​អំពើ​ភេរវកម្ម​ក្នុង​ទឹកដី​អាមេរិក និង​នៅ​អឺរ៉ុប។

មន្រ្តីយោធា​អាមេរិក​តែងតែ​និយាយ​ថា ការវាយកម្ទេច​ក្រុមជីហាត​នៅ​ស៊ីរី នឹង​មិន​ផ្តល់​ប្រយោជន៍​ទៅ​ឲ្យ​របបស៊ីរី របស់​លោក​បាស្ហា អាល់អាសាដ។ ប៉ុន្តែ ស្ថានភាព​ជាក់ស្តែង​បាន​បង្ហាញ​ហើយ​ថា អាមេរិក​រហូត​មកដល់​ពេលនេះ កំពុង​ជួយ​វាយបំបាក់​ធ្មុង​របស់​សត្រូវ​របស់​របប​ស៊ីរី។ ​អង្គការរដ្ឋអ៊ីស្លាមជីហាតឬ​ក្រុម​អាល់នូស្រា ជាដើម សុទ្ធសឹង​តែ​ប្រយុទ្ធ​ប្រឆាំង​នឹង​របប​លោក​អាសាដ។ ដោយ​មិន​និយាយ​ពី​​អង្គការរដ្ឋអ៊ីស្លាមជីហាត ​ដែល​មាន​ប្រភព​មក​ពី​ប្រទេ​អ៊ីរ៉ាក់ ក្រុមជីហាត​អាល់នូស្រា​ជា​ក្រុម​អ៊ីស្លាមជ្រុលនិយម​ដែល​បាន​កើត​លេចចេញ​រូបរាង​ឡើង នៅពេល​សង្រ្គាម​ស៊ីវិល​នៅ​ស៊ីរី​បានផ្ទុះឡើង។ ក្រុម​អាល់នូស្រា ដែល​ជា​បណ្តាញ​អាល់កៃដា មិន​ត្រូវគ្នា​នឹង​អង្គការរដ្ឋអ៊ីស្លាមជីហាត ក្រុមនេះ​មាន​ទិសដៅ​តែមួយ គឺ​ប្រយុទ្ធ ដើម្បី​ទម្លាក់​អំណាច​របស់​លោក​បាស្ហា អាល់​អាសាដ។ ដូច្នេះ បើ​អាមេរិក និង​យន្តហោះ​សម្ព័ន្ធ​មិត្ត​វាយប្រហារ​ទៅលើ​ក្រុមនេះ ដែរ គឺ​ប្រាកដណាស់​ដែល​ថា លោក​អាសាដ​នឹង​បាន​ទទួល​ប្រយោជន៍​ពី​ការធ្លាក់ថមថយ​កម្លាំង​របស់​ពួក​ជីហាត។

ចំណុចនេះ​ជាក្តីបារម្ភ​មួយ​របស់​សហគមន៍​អន្តរជាតិ។ សំណួរ​បាន​ចោទ​សួរថា បើ​សិន​អាមេរិក​វាយ​កម្ចាត់​​អង្គការរដ្ឋអ៊ីស្លាមជីហាតឲ្យ​ខ្ចាត់ខ្ចាយ អស់​ពី​តំបន់​កាន់កាប់​របស់ខ្លួន​នៅ ទឹកដី​ស៊ីរី តើ​អាមេរិក​នឹង​ធ្វើអ្វី បន្តទៀត? តើ​ទឹកដី​នោះ​នឹង​ត្រូវ​កាន់កាប់​ដោយ​អ្នកណា? គេ​មិន​សូវ​សង្ឃឹម​លើ​ ក្រុមប្រឆាំង​ស៊ីរី​សេរី​ដែល​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោក​បាស្ហា អាល់អាសាដ ថា នឹង​អាច​កាន់កាប់​តំបន់​ដែល​អាមេរិក​វាយ​យកឈ្នះ​ពីក្រុម​ជីហាត​បានទេ។ ក្រុមប្រឆាំង​ស៊ីរី​នៅ​តែ​ទន់ខ្សោយ គ្មាន​ទាំងយុទ្ធសាស្រ្ត​នយោបាយ និង​យោធា ដើម្បី​ទប់ទល់​នឹង​ក្រុមជីហាត ឬ​ទ័ព​រដ្ឋាភិបាល​ស៊ីរី។ ដូច្នេះ ក្នុងពេល​ដែល​ក្រុមប្រឆាំង​នៅ​ទន់ខ្សោយនៅឡើយ រដ្ឋាភិបាល​ស៊ីរី​នឹង​ឆ្លៀត​វាតទី​យក​ទឹកដី​របស់ខ្លួន ដែល​ត្រូវ​បោសសម្អាត​អស់​ក្រុមជីហាត​ដោយ​ស្នាដៃ​របស់​អាមេរិក។

ប៉ុន្តែ អាមេរិក​បាន​បញ្ជាក់​រួចហើយ ពី​គោលបំណង​របស់ខ្លួន នោះគឺ​ស៊ីរី​គ្មាន​លោក​បាស្ហា អាល់​អាសាដ។ កាលពី សប្តាហ៍មុន ព្រឹទ្ធសភា​អាមេរិក​ទើបបោះឆ្នោត​យល់ព្រម​ឲ្យ​លោកអូបាម៉ា​ផ្តល់​ប្រាក់​៥០០​លាន​ដុល្លារ ដើម្បី​ជួយ​បណ្តុះបណ្តាល​ក្រុមប្រឆាំង​ស៊ីរី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ