អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភាពតានតឹង​ជុំវិញ​ការ​បង្កើត​តំបន់​ការពារ​ដែនអាកាស​របស់​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃ​សៅរ៍ ចិន​បាន​ប្រកាស​បង្កើត​តំបន់​ការពារ​ដែន​អាកាស នៅ​ក្នុង​សមុទ្រ​ចិន​ខាង​កើត ដែល​លាតសន្ធឹង​រហូត​ទៅដល់​ក្បែរ​ដែនទឹក​របស់​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ តំបន់​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយ​ជប៉ុន​ក៏​ត្រូវ​បាន​ដាក់​បញ្ចូលទៅ​ក្នុង​តំបន់​ការពារ​ដែន​អាកាស​នេះ​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ភាពតានតឹង​ រវាង​ចិន និង​ជប៉ុន បាន​កើនឡើង​កាន់តែ​ខ្លាំង​ថែមទៀត។

យន្តហោះ​ល្បាត​ដែនសមុទ្រ​របស់​ជប៉ុន កំពុង​ហោះល្បាត​ក្បែរ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ២០១៣ (រូបថតឯកសារ)
យន្តហោះ​ល្បាត​ដែនសមុទ្រ​របស់​ជប៉ុន កំពុង​ហោះល្បាត​ក្បែរ​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ កាល​ពី​ថ្ងៃ​ទី១៣ ខែ​តុលា ២០១៣ (រូបថតឯកសារ) REUTERS/Kyodo/Files
ផ្សាយពាណិជ្ជកម្ម

លោក​ស្ហ៊ីនហ្សូ អាបេ​ នាយករដ្ឋមន្រ្តី​ជប៉ុន​ ​បាន​ហៅ​ការ​បង្កើត​តំបន់​ការពារ​ដែនអាកាស​របស់​ចិនថា​ជា​ទង្វើ​ប្រកប​ដោយ​គ្រោះថ្នាក់ ហើយ​នៅថ្ងៃ​ចន្ទ​នេះ រដ្ឋាភិបាល​ជប៉ុន​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​ក្រុង​តូក្យូ ដើម្បី​ធ្វើការ​តវ៉ា​ជាផ្លូវការ ទៅនឹង​ការ​បង្កើត​តំបន់​ការពារដែនអាកាស​នេះ។ ​ក្នុង​ពេល​ជាមួយគ្នា​ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំក្រុង​ប៉េកាំង ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ចិន​កោះហៅ​ដែរ ដើម្បី​តវ៉ា​ទៅ​នឹង​ប្រតិកម្ម​​របស់​ជប៉ុន ដែល​ចិន​ចាត់ទុក​ថា​ជា​ប្រតិកម្ម​ដែល​ហួសហេតុ និង​មិន​សមហេតុផល។

ភាពតានតឹង​ជុំវិញ​ការបង្កើត​តំបន់​ការពារដែនអាកាស​ចិន​នេះ មិនមែន​កើតមាន​តែ​ រវាង​ចិន និង​ជប៉ុន​នោះទេ។ ប្រទេស​ផ្សេងទៀត​ រួមមាន កូរ៉េ​ខាង​ត្បូង អាមេរិក និង​កោះតៃវ៉ាន់ ក៏​បាន​តវ៉ា​ប្រឆាំង​នឹង​សេចក្តីសម្រេច​របស់​ចិន​នេះ​ដែរ។ តៃវ៉ាន់​ក៏​កំពុង​តែ​ជាប់​​ជម្លោះ​ក្នុង​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​​​ជាមួយ​នឹង​ជប៉ុន និង​ចិន​​ដែរ។ កូរ៉េ​ខាង​ត្បូង​វិញ ​តវ៉ាជំទាស់​នឹង​ការ​បង្កើត​តំបន់ការពារដែន​អាកាស​របស់​ចិន ដោយសារ​តែ​តំបន់នេះគ្របដណ្តប់​លើ​កោះ​ដែល​កូរ៉េ​ខាង​ត្បូង​ទាមទារ​ផង និង​ម្យ៉ាងទៀត វា​ឆ្លងចូល​ទៅ​ក្នុង​តំបន់​ការពារដែនអាកាស​របស់​កូរ៉េ​ខាង​ត្បូង​ផង។ សហរដ្ឋ​អាមេរិក បើ​ទោះបីជា​មិនមាន​តំបន់​ជាប់ជម្លោះ​ដែនដី​ជាមួយ​ចិន ក៏ប៉ុន្តែ ​ក៏​បាន​រិះគន់​​​ការ​បង្កើត​តំបន់​ការពារដែនអាកាស​របស់​ចិន​យ៉ាង​ខ្លាំង​ដែរ ដោយសារ​តែ​អាមេរិក​ជា​សម្ព័ន្ធមិត្ត​របស់​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។
 
គួរបញ្ជាក់ឡើងវិញ​ថា តំបន់ការពារដែន​អាកាស ដែល​ចិន​ប្រកាសបង្កើត កាល​ពី​ថ្ងៃ​សៅរ៍ ជា​តំបន់​ដែល​លាតសន្ធឹង​ហួស​ពី​ដែនអាកាស​ជាតិ​របស់​ចិន ចូល​ទៅ​ក្នុង​ដែន​អាកាស​នៃ​សមុទ្រ​ចិន​ខាង​កើត។ ការ​បង្កើត​តំបន់​ការពារដែន​អាកាស​នេះ​មានន័យថា រាល់​យន្តហោះ ដែល​ហោះ​ចូល​ទៅ​ក្នុង​តំបន់​នេះ ត្រូវ​តែ​គោរព​តាម​វិធាន ដែល​កំណត់​ដោយ​អាជ្ញាធរ​ចិន។

សូមអាន ចិនបង្កើត​តំបន់​ការពារដែនអាកាស​លើ​ប្រជុំកោះ​ជាប់ជម្លោះ​ជាមួយជប៉ុន

ក្រៅពី​ចិន មាន​ប្រទេស​មួយចំនួន​ផ្សេងទៀត ក៏​បាន​បង្កើត​តំបន់​ការពារដែនអាកាស​ ដែល​លាតសន្ធឹងហួស​ពីដែន​អាកាស​ជាតិ ចូល​ទៅ​ដល់​ដែនអាកាស​​អន្តរជាតិ​បែបនេះដែរ ដូចជា តំបន់​ការពារ​ដែនអាកាស​នៅ​ជុំវិញ​អាមេរិក និង​កាណាដា ដែល​អាមេរិក​បាន​បង្កើត​តាំង​ពី​សម័យ​សង្រ្គាម​លោក​លើកទី២​មក។ ប្រទេស​ជិតខាង​ចិន គឺ​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ​ក៏​សុទ្ធតែ​បាន​បង្កើត​តំបន់​ការពារដែនអាកាស​ ដែល​ចេញហួស​ពី​ដែន​អាកាស​ជាតិ​របស់​ខ្លួន​ដែរ។ ហេតុដូច្នេះហើយ​បាន​ជា នៅថ្ងៃ​ចន្ទនេះ ​កាសែត​រដ្ឋ​ចិន​បាន​រិះគន់​ជប៉ុន​ថា​ ខ្លួនឯង​ចេះ​បង្កើត​តំបន់​ការពារដែន​អាកាស​រហូត​ទៅដល់​ក្បែរ​ដែនទឹក​របស់​រុស្ស៊ី និង​ចិន ក៏ប៉ុន្តែ បែរ​ជា​មករិះគន់​​ការ​បង្កើត​តំបន់​ការពារដែនអាកាស​របស់​ចិន​ទៅវិញ។

ក៏ប៉ុន្តែ បញ្ហា​អំពី​ការ​បង្កើត​តំបន់​ការពារដែនអាកាស​របស់ចិន គឺ​នៅត្រង់​ថា តំបន់នេះ​​មិនមែន​គ្របដណ្តប់​តែទៅ​លើ​ដែនទឹក​អន្តរជាតិនោះ​ទេ តែបាន​លាតសន្ធឹង​ចូល​ទៅដល់​ដែន​អាកាស​នៃ​ប្រជុំកោះ ដែល​ជាប់ជម្លោះ​ជាមួយ​នឹង​ជប៉ុន។

ជប៉ុន​​តែងតែ​ដាក់​ពង្រាយ​​​យន្តហោះ​ល្បាត​ នៅ​ក្នុង​តំបន់​ប្រជុំកោះ​សេនកាគូ ឬ​ទៀវយូ​នេះ​រួចទៅហើយ។ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួ យន្តហោះ​ល្បាត​របស់​ចិន​ក៏​បាន​ចាប់ផ្តើម​ចេញ​ហោះល្បាត​តំបន់​នេះ​ដែរ ចាប់តាំង​ពី​មានការ​បង្កើត​តំបន់​ការពារដែនអាកាស កាល​ពី​ថ្ងៃ​សៅរ៍​មក។ អ្វី​ដែល​ជា​គ្រោះថ្នាក់ គឺការ​ប៉ះទង្គិច​គ្នា​ជា​យថាហេតុ រវាង​យន្តហោះ​ល្បាត​នៃ​ប្រទេស​ទាំងពីរ ដែល​​អាច​នឹង​រាលដាល​ទៅ​ជម្លោះ​កាន់តែ​ធំ។

កាសែត​រដ្ឋ​របស់​ចិន​បាន​ព្រមាន​ថា ប្រសិនបើ​ជប៉ុន​ហ៊ាន​បញ្ជូន​យន្តហោះ​មក​រំខាន​ការ​ហោះ​ល្បាត​របស់​យន្តហោះ​ចិន ក្រុងប៉េកាំង​នឹង​ចាត់វិធានការ​ចាំបាច់​តបតវិញ ក្នុងនោះ ក៏​អាច​មាន​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ចូល​ធ្វើ​អន្តរាគមន៍​ផងដែរ។

គេ​សង្កេត​ឃើញ​ថា នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាពិសេស ចាប់តាំង​ពី​លោក​ស៊ី ជីនពីង ឡើងកាន់អំណាច​មក  ចិនកំពុង​តែ​បោះជំហាន​បន្តិចម្តងៗ ទៅរក​នយោបាយ​ការបរទេស​ថ្មី ដែល​មាន​លក្ខណៈ​សកម្មជាងមុន ពោលគឺ​ជា​​​នយោបាយ​ការបរទេស ក្នុងឋានៈ​ជា​មហាអំណាច​ពិភពលោក។ 

សូមអាន ចិនបង្ហាញសាច់ដុំ​ដោយ​បង្អួត​ពីនាវា​មុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ

ចិន​មិន​ញញើត​នឹង​បញ្ចេញ​សាច់ដុំ​ផ្នែក​យោធា ក្នុងការ​​ពង្រីក​អំណាច និង​ឥទ្ធិពល ដើម្បី​ការពារ​ផលប្រយោជន៍របស់​ខ្លួន​ នៅ​​ក្នុង​តំបន់​អាស៊ី ក៏ដូចជា នៅ​តំបន់ផ្សេងទៀត នៅទូទាំងពិភពលោក។
 

ចិន​ប្រាកដជា​ចាប់ផ្តើម​គិត​ថា នៅ​ពេលនេះ ចិន​មិនមែន​ជា​ប្រទេស​តូចតាចនោះទេ ប៉ុន្តែ ​ជា​មហាអំណាច​ពិភពលោក។ ដូច្នេះ ចិន​ត្រូវ​តែ​មាន​នយោបាយការបរទេស​ក្នុងឋានៈ​ជា​មហាអំណាច​ពិភពលោក។ ម្យ៉ាងទៀត ឆ្លៀតក្នុង​ពេល​ដែល​អំណាច​អាមេរិក​កំពុង​តែ​ធ្លាក់ចុះ វា​គឺ​ជា​ឱកាស​កាន់តែ​អំណោយផល សម្រាប់​ចិន ក្នុងការ​ពង្រឹង​អំណាច ដើម្បី​ប្រកួតប្រជែង​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក៕

 
សូមអាន អវត្តមាន​របស់​លោក​អូបាម៉ា​នៅ​អាស៊ី​បាន​ជា​ប្រយោជន៍​ទៅដល់​ចិន

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ