អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

មាន​បច្ច័យ​ជា​វិជ្ជមាន​ច្រើន ពី​គោល​នយោបាយ​ប្រមូល​ពន្ធ​គយ ១០០​ភាគរយ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អគ្គនាយកដ្ឋាន​គយ​កំពុង​អនុវត្ត​វិធានការ​ប្រមូល​ពន្ធគយ១០០ភាគរយ​គ្រប់​ច្រក។ ការអនុវត្ត​វិធានការ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​បរិហារធ្ងន់ៗ អំពើពុករលួយ​របស់​មន្ត្រី​គយ នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅក្នុង​ខែតុលា​កន្លងមក។ វិធានការ​ប្រមូល​ពន្ធ​គយ១០០ភាគរយ កំពុងតែធ្វើ​ឱ្យ​​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​កើនឡើង ខណៈ​ចំណូល​របស់​ពលរដ្ឋ​មិនបាន​កើនឡើង​ដោយ​គ្មាន​តុល្យភាព​ជាមួយគ្នា​នោះ។ ក៏ប៉ុន្តែ អ្នកសេដ្ឋកិច្ច​បាន​មើលឃើញ​ពី​ភាព​វិជ្ជមាន​ច្រើន ដែល​កើតចេញពី​ការពង្រឹង​ការប្រមូល​ពន្ធគយ។

ការដឹក​ទំនិញ ចេញ-ចូល តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ
ការដឹក​ទំនិញ ចេញ-ចូល តាម​ច្រក​ព្រំដែន​កម្ពុជា-ថៃ © សុវណ្ណារ៉ា
ផ្សាយពាណិជ្ជកម្ម

ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ពលរដ្ឋ​ខ្មែរ​នៅ​ទូទាំងប្រទេស​បាន​និយាយ​អំពី​ការឡើង​ថ្លៃទំនិញ​នៅតាម​ទីផ្សារ។ ទន្ទឹមគ្នានេះ ពួកគេ​ក៏បាន​ដឹង​អំពី​មូលហេតុ​នៃ​ការ​ថ្លៃទំនិញ​ទាំង​នោះ​ដែរ។ ចេញពី​មាត់ អ្នកលក់ និង​ឈ្មួញ គ្រប់គ្នា​ក៏បាន​និយាយ​អំពី​ការ​រឹតបន្តឹង​របស់​គយ ក្នុងការ​ប្រមូល​ពន្ធ​តាម​ព្រំដែន។

 
អគ្គនាយកដ្ឋាន​គយ​បានដាក់​ចេញ​វិធានការ​ប្រមូល​ពន្ធគយ១០០ភាគរយ​គ្រប់​ច្រកព្រំដែន បន្ទាប់ពី​មានការ​ព្រមាន​យ៉ាងខ្លាំង​ពី​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅក្នុង​ខែតុលា​កន្លងទៅ។ លោកនាយក​រដ្ឋមន្ត្រី​ដែល​បាន​ទុកពេល៦០ថ្ងៃ អោយ​មន្ត្រី​គយ ឆ្លុះកញ្ចក់ ដុសក្អែល និង​ព្យាបាល​ខ្លួនឯង។ ពេល​នេះ​ជា​ពេល​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធគយ១០០ភាគរយ ដែល​ចាប់ផ្តើម​ពី​ពេល៦០ថ្ងៃនេះ​ទៅ។

ផលប៉ះពាល់​ជា​អវិជ្ជមាន​បានកើត​ភា្ល​ម​ទៅដល់​ពលរដ្ឋ។ ពីព្រោះ កម្ពុជា​បាន​ប្រើប្រាស់​ទំនិញ​មិនតិចជាង៥០ភាគរយ​ឡើយ ដែល​នាំចូល​ពី​ប្រទេសជិតខាង​រួមមាន វៀតណាម ថៃ និង​ចិន​ជាដើម។ ទំនិញ​ទាំងនោះ មិនមែន​មានតែ​ទំនិញធំៗទេ ប៉ុន្តែ​ជា​ទំនិញប្រើប្រាស់​ជា​សាមញ្ញ​ប្រចាំថ្ងៃ។ ដូច្នេះ ការ​រឹតបន្តឹង ឬ​ការពង្រឹង​ការប្រមូល​ពន្ធ បានធ្វើអោយ​តម្លៃ​ទំនិញ​នៅលើ​ទីផ្សារ​ឡើងថ្លៃ ដោយ​ចៀស​មិន​រួច។

ទំនិញ​ឡើងថ្លៃ ប៉ុន្តែ​អ្នកសេដ្ឋកិច្ច​មិនបាន​ចាត់ទុកថា វា​ជា​អតិផរណា ដែល​រដ្ឋាភិបាល​ត្រូវ​ព្រួយបារម្ភ​ឡើយ។ វា​ជាការ​ឡើងថ្លៃ​ទំនិញ​មួយ​ដែល កើតឡើង​ពី​ការប្រមូល​ពន្ធ បង្កើន​ចំណូល​រដ្ឋ។

ដោយ​ផ្អាក​និយាយ​អំពី ការឡើង​ទំនិញ​បន្តិច​សិន អ្នកសេដ្ឋកិច្ច​បានបង្ហាញ​គំនិត​សុ​ទិដ្ឋិ​យម​ច្រើន ចំពោះ​ការអនុវត្ត​វិធានការ​ប្រមូល​ពន្ធគយ​អោយបាន១០០ភាគរយ​នេះ។ នេះ​ប្រសិនបើ​គេ​និយាយ​អំពី​ការអនុវត្ត​ពិត​ប្រា​កដ និង​មាន​និរន្តរភាព​ផង។

តើ​មាន​បច្ច័យ​ជា​វិជ្ជមាន​អ្វីខ្លះ ពី​ការអនុវត្ត​ពិតប្រាកដ​នៃ​វិធានការ​ប្រមូល​ពន្ធ​គយ​១០០​ភាគរយ?

គេ​អាច​និយាយ​អំពី​បច្ច័យ​វិជ្ជមាន​ចំនួន២ ដែល​កើតចេញពី​ការប្រមូល​ពន្ធគយ១០០ភាគរយ​នេះ។ ទីមួយ គឺ​បច្ច័យ​វិជ្ជមានភ្លាមៗ និង​ទី២ គឺជា​បច្ច័យ​វិជ្ជមាន​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​យូរ។

និយាយ​ពី​ផល​វិជ្ជមាន​រយៈពេល​ខ្លី។ បានន័យថា គឺជា​សារៈប្រយោជន៍​ដែល​កើតមានភ្លាមៗពី​ការប្រមូល​ពន្ធគយ។ ទី១នោះ គឺ​កំណើន​ចំណូល​ពន្ធ​របស់​រដ្ឋ។ ទី២ ការដាក់ចេញ​នូវ​វិធានការ​ម៉ឺងម៉ាត់​ពេលនេះ វា​ក៏បាន​ពង្រឹង​វិន័យ​របស់​មន្ត្រី​គយភ្លាមៗដែរ។

មន្ត្រី​គយ​ដែល​ធ្លាប់​ទទួលរង​ការចោទប្រកាន់​ជាទូទៅ អំពី​អំពើពុករលួយ។ អំពើពុករលួយ​របស់​មន្ត្រី​គយ​ដែល​លោកនាយក​រដ្ឋមន្ត្រី​ក៏​ធ្លាប់បាន​ព្រមាន​ហើយ​ដែរ។ ទី៣ ដើម្បី​អនុវត្ត​វិធានការ​ប្រមូល​ពន្ធគយ១០០ភាគរយ​នេះ ការសម្រួល​នីតិវិធី​មួយចំនួន ដែល​ទាក់ទង​នឹង​ការបង់ពន្ធ ក៏​ត្រូវបាន​ពិនិត្យ និង​សម្រេច​ឡើងវិញ។ នីតិវិធី​នៃ​ការបង់ពន្ធ​កន្លងមក ក៏​ធ្លាប់​ត្រូវបាន​រិះគន់ថា វា​បាន​ផ្តល់ឱកាស​អោយមាន​ការប្រព្រឹត្ត​អំពើពុករលួយ​ពី​សំណាក់​មន្ត្រី​គយ​ដែរ។  និយាយ​សរុប​មកវិញ ទាំងនេះ គឺជា​ប្រសិទ្ធភាពភ្លាមៗ ដែល​កើតចេញពី​ការអនុវត្ត​ការប្រមូល​ពន្ធគយ១០០ភាគរយ។

និយាយ​អំពី​ផល​វិជ្ជមាន​សម្រាប់​រយៈពេល​មធ្យម និង​រយៈពេល​យូរ​វិញ​ម្តង។ ទី១ ការ​រឹតបន្តឹង​ចំណូល​គយ​លើ​ផលិតផល​នាំចូល​នោះ វា​គឺជា​ការជំរុញ និង​ការលើកទឹកចិត្ត​ដល់​ការផលិត​ក្នុងស្រុក។ បានន័យថា ក្រោយពី​ការពង្រឹង​ការប្រមូល​ពន្ធ​លើ​ផលិតផល​នាំចូល​ហើយ​នោះ តម្លៃ​ផ​លិ​ផល​នាំចូល​ពី​បរទេស នឹង​កើន​តម្លៃ​ជាង​ផលិតផល​ក្នុងស្រុក។ ហើយ​វា​ក៏​ជា​បា​តុ​ភូ​ត​ដែល​ធ្វើអោយ ពលរដ្ឋ​ខ្មែរ​ងាក​មក​គាំទ្រ​ផលិត​ក្នុងស្រុក​ដែលមាន​គុណភាព​ប្រហាក់ប្រហែល​នឹង​ផលិតផល​នាំចូល​ដែរ។

ទី២ ប្រសិនបើ ការប្រមូល​ពន្ធ​ត្រូវបាន​រឹតបន្តឹង​ហើយ​នោះ ករណីនេះ វា​ក៏​អាច​ជំរុញ​អោយ​អ្នកវិនិយោគ​មួយចំនួន ស្វែងរក​ការបោះ​ទុន បង្កើត​រោងចក្រ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​អាច​ប្រកួតប្រជែង​ជាមួយ​ផលិតផល​ក្នុងស្រុក​របស់​កម្ពុជា។ នៅពេល​មាន​វិនិយោគ​ចូលមក​កម្ពុជា​នោះ​ហើយ ដែល​វា​បង្កើត​ឱកាស​ការងារ​បន្ថែមទៀត​នៅ​កម្ពុជា។ និង​ទី៣ ការប្រមូល​ពន្ធគយ១០០ភាគរយ វា​ក៏​ជា​អនុវត្ត​ច្បាប់​មួយ​ដែល​អ្នកវិនិយោគ​ចង់បា​ន​ដើម្បី​ធានា​ការប្រកួតប្រជែង​ស្មើភាព​គ្នា។

វា​ក៏​នឹង​បង្ហាញ​អំពី​កិត្តិនាម​របស់​កម្ពុជា​ក្នុង​វិស័យ​គយ​នៅ​ឆាក​តំបន់ និង​ឆាក​អន្តរជាតិ​ដែរ។ គួរ​បញ្ជាក់ថា មន្ត្រី​គយ​ដែល​ពុករលួយ ហើយ​ដែល​អនុញ្ញាតអោយ​មានកា​រ​រួច​ពន្ធ ឬ​បង់ពន្ធ​តិច​លើ​ផលិតផល​មួយចំនួន វា​បាន​បង្កអោយមាន​ការប្រកួត​ប្រជែង​ទីផ្សារ​ដោយ​មិនមាន​សមភាព ជាមួយ​ផលិតផល​នាំចូល​ផ្សេងទៀត និង​ផលិតផល​ក្នុងស្រុក។ ពេលខ្លះ​ផលិតផល​នាំចូល​ដែល​មិនបាន​បង់ពន្ធ​ត្រឹម​ត្រូវបាន​ផ្តួល​គូរ​ប្រជែង​នៅលើ​ទីផ្សារ​កម្ពុជា​ហើយ ហើយ​ក៏បាន​ឈានទៅ​ធ្វើខ្លួន​អោយ​ក្លាយជា​ទំនិញ​ផ្តាច់មុខ ហើយ​បង្កើន​តម្លៃ​ខ្លួនឯង​ទៀតផង។

និយាយ​សរុប​មកវិញ វិធានការ​ប្រមូល​ពន្ធ១០០ភាគរយ ប្រសិនបើ​គេ​អនុវត្ត​អោយ​ពិតប្រាកដ និង​ជា​និរន្ត ដែល​មិនមែនជា​ការអនុវត្តរ​បៀ​ប​ភ្លើងចំបើង វា​នឹង​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​យ៉ាងពិត​ប្រា​កដដ​ល់​កម្ពុជា​មែន។

ប៉ុន្តែ រដ្ឋាភិបាល​ក៏​មិនត្រូវ​ភ្លេច​ដែរ​អំពី​ការដំឡើង​ប្រាក់​បៀ​វ​វត្ស​សមរម្យ​ដល់​មន្ត្រីរាជការ និង​កម្មករ។ ប្រាក់ខែ​ដែល​ត្រូវតែមាន​តុល្យភាព​នឹង​តម្លៃ​ទំនិញ​ទីផ្សារ។ គួររម្លឹកថា ការដំឡើង​ប្រាក់ខែ​ជូន​ដល់​មន្ត្រីរាជការ និង​កម្មករ​រោងចក្រ​កាត់ដេរ ដែល​ប្រកាស​ដោយ​លោកនាយក​រដ្ឋមន្ត្រីថ្មីៗនេះ ក៏​មិនទាន់មាន​តុល្យភាព​នឹង​តម្លៃ​ទំនិញ​ទីផ្សារ មុន​ការ​ឡើងថ្លៃ​ថែមទៀត​ក្នុង​រយៈពេល​ចុងក្រោយ​នេះ​ផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ