អានតួអត្ថបទ
ថៃ

បក្សប្រឆាំង​ថៃ​​​គ្មាន​​វត្តមាន​​​ក្នុង​​​​កិច្ចប្រជុំ​​ស្តីពី​​ការបោះឆ្នោត​សភា​​​​ឡើងវិញ​​

នៅ​ថ្ងៃ​អង្គារ​នេះ គណៈកម្មការ​បោះឆ្នោត​ថៃ​​​បាន​រៀបចំ​​ការពិភាក្សា​​ដ៏​កម្រ​មាន​មួយ ស្តីពី​ការបោះឆ្នោត​សភា​​ ដែលថៃ​​ត្រូវរៀបចំ​ធ្វើឡើង​វិញ ក្នុង​ពេល​ខាងមុខ។ គណៈកម្មការ​បោះឆ្នោត​ថៃ​សង្ឃឹមថា ជា​កិច្ចប្រជុំ​អាច​អោយ​បក្ស​ប្រឆាំង​និង​បក្ស​កាន់អំណាច ស្រុះស្រួល​គ្នា​​រក​ដំណោះស្រាយ​វិបត្តិ​នយោបាយ។ ​​​ប៉ុន្តែ ​នៅ​នាទី​ចុងក្រោយ មុន​កិច្ចប្រជុំ ​គណបក្ស​ប្រឆាំង​បាន​សម្រេច​​​​ ​​​មិនចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នេះ។

អតីត​នាយក​រដ្ឋមន្ត្រីថៃ ​លោក Abhisit Vejjajiva ជា​មេដឹកនាំ​ក្រុមប្រឆាំង​ថៃ
អតីត​នាយក​រដ្ឋមន្ត្រីថៃ ​លោក Abhisit Vejjajiva ជា​មេដឹកនាំ​ក្រុមប្រឆាំង​ថៃ REUTERS
ផ្សាយពាណិជ្ជកម្ម

នៅប្រទេស​​ថៃ កិច្ចប្រជុំ​ស្តីពី​ការបោះឆ្នោត​សភា​ឡើងវិញ ដែល​គណៈកម្មការ​បោះឆ្នោត​ថៃ​ រៀបចំ​ធ្វើ​​នៅ​​ថ្ងៃ​អង្គារ​នេះ គ្រោង​មាន​វត្តមាន​របស់បក្ស​កាន់អំណាច​របស់​លោកស្រី​យីងឡាក់ និង​បក្សប្រជាធិបតេយ្យ ជា​បក្ស​​ប្រឆាំង​​ដឹកនាំដោយ​លោក​អាភិសិត វេចាជីវ៉ា។ កិច្ចប្រជុំ​​នេះ​ ជា​កិច្ចប្រជុំ​​ដ៏​កម្រ​មាន​បំផុត ​មាន​ទិសដៅ​ពិភាក្សា​ពីផែនការ​​​ដើម្បី​សម្រេច​ទៅ​ដល់​ការ​បោះឆ្នោត​សភាឡើងវិញ។ ​

ប៉ុន្តែ បក្ស​ប្រឆាំង​ថៃដែល​បាន​ធ្វើពហិការ​មិន​ចូលរួមបោះឆ្នោត​កាលពី​ថ្ងៃ​២កុម្ភៈ​នោះ​​ បាន​បដិសេធ​ ក្នុង​នាទី​ចុងក្រោយ មិនចូលរួម​ក្នុង​ជំនួប​នេះ​​ទេ។ លោក​អភិសិត​ លើកឡើង​ថា ​មិនចូលរួម​ពិភាក្សា ដោយសារ​តែ​បញ្ហា​សុវត្ថិភាពសន្តិសុខ។ ដោយឡែក លោក​អភិសិត​ ខ្លួន​ឯង​​​ផ្ទាល់ ធ្លាប់​រំពឹង​ថា ជំនួប​ពិភាក្សា​នេះ​​ជា​ឱកាស​​​ល្អ​បំផុត ដើម្បី​ដាក់​ទស្សនៈ​យល់ឃើញ​របស់បក្ស​ប្រឆាំង​អោយ​នៅ​ដាច់​ដោយឡែក។ ​ ថ្ងៃចន្ទ​​​ម្សិលមិញ បក្ស​ភឿថៃ​របស់​លោកស្រី​យីងឡាក់​ ​បានចោទ​​ក្រុម​ប្រឆាំង​ថា រួមគំនិតគ្នា​ធ្វើអំពើ​អាក្រក់ ដើម្បី​ចៀសវាង​មិនអោយ​មាន​​ការ​​​បោះឆ្នោតសា​​​​​​ជាថ្មី។

ការ​សម្រេច​របស់​បក្ស​ប្រឆាំង​​មិនចូលរួមជំនួប​ថ្ងៃអង្គារ​​​នេះ ធ្វើអោយ​​ការព្យាយាម​ស្វែង​រក​ដំណោះស្រាយ​វិបត្តិ​ថៃ ​នៅ​ជាប់ស្ទះ​ពិបាក​រក​ច្រកចេញ។ តាំងពី​​សភាថៃត្រូវ​បាន​រំលាយ​ចោល ក្នុង​ខែ​ធ្នូ​ឆ្នាំ​២០១៣មក រដ្ឋាភិបាល​លោក​ស្រី​យីងឡាក់​មិនអាច​ធ្វើកិច្ចការ​អ្វីធំដុំ​បាននោះទេ។ ការបោះឆ្នោត​សភាកាលពី​​ថ្ងៃ​២កុម្ភៈ​ទៀតសោត ត្រូវបាន​តុលាការបដិសេធ​​​​មិន​ផ្តល់​សុពលភាព​​​​ ដោយសារ​តែ​​សកម្មជន​​​​ប្រឆាំង​បាន​បាតុកម្ម ​បង្ក​​រាំងស្ទះ​ដំណើរការ។ ​ទន្ទឹម​នេះទៀត ​លោកស្រី​យីងឡាក់​កំពុង​រងការ​ចោទប្រកាន់​ផ្លូវច្បាប់​​ ​ពី​បទ​ធ្វេស​ប្រហែស​ក្នុង​រឿង​ទិញស្រូវ​អង្ករ​ពី​កសិករ និង​​ពី​បទ​ដកហូត​តំណែង​មន្ត្រី​រាជការ​​មួយរូប ​ក្នុង​លក្ខណៈ​មិន​សមស្រប។

​សកម្មជន​​ប្រឆាំង​រដ្ឋាភិបាល​​​បានគំរាម​ថា នឹង​រាំងស្ទះ​ដំណើរការ​​បោះឆ្នោត​​ជាថ្មី​ទៀត។ ​​នៅ​ថ្ងៃ​អង្គារ​នេះ ​សកម្មជន​​ប្រឆាំង​​ជាង​១០នាក់ បាន​ទៅ​តវ៉ា​មុខ​សណ្ឋាគារ​​​ដែល​​គណៈ​កម្មការ​បោះឆ្នោត​រៀបចំ​កិច្ចប្រជុំ​នោះ ទាមទារ​អោយសម្រេច​អោយបាន​​កំណែទម្រង់​​​ ​​នៅ​​មុនពេល​បោះឆ្នោត។ គួរ​រំលឹកថា ​​បាតុកម្ម​ហិង្សា​ប្រឆាំង​រដ្ឋាភិបាល​ថៃ រាប់ខែ​កន្លងមក​ បាន​សម្លាប់​មនុស្ស​​២៥នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ