អានតួអត្ថបទ
ថៃ

​​លោកស្រី​យីងឡាក់​ អាច​ជាប់​បណ្តឹងដោយ​សារ​បាន​​​ហូត​តំណែង​​មេ​ដឹក​នាំ​​​សន្តិសុខជាតិ​ម្នាក់​​​​

នៅថ្ងៃ​ពុធនេះ​ តុលាការ​ថៃ​បានទទួល​​ពាក្យបណ្តឹង​របស់​​សមាជិក​​ព្រឹទ្ធសភា​ថៃ​២៧រូប ដែល​បាន​​ ប្តឹង​ចោទ​នាយក​រដ្ឋមន្ត្រី​ថៃយីងឡាក់ ថា​​រំលោភរដ្ឋធម្មនុញ្ញ ​ដោយ​បាន​​ដក​ហូត​មុខតំណែង​របស់​អ្នកដឹកនាំ​សន្តិសុខ​ជាតិ​ថៃ​មួយរូប​​ ​កាល​ពី​​​៣​ឆ្នាំមុន។ រឿងរ៉ាវ​ប្តឹង​ផ្តល់​ថ្មី​នេះ កាន់តែ​ធ្វើអោយ​លោកស្រី យីងឡាក់​ជាប់ផុង​​ខ្លួន​ក្នុង​ផ្លូវច្បាប់​ថែមទៀត ព្រោះថា ​លោកស្រី​អាច​នឹង​ធ្លាក់ពីតំណែង​នាយករដ្ឋមន្ត្រីបាន​ ប្រសិន​បើ​លោកស្រីពិតជា​ត្រូវតុលាការ​រកឃើញ​ថា បាន​រំលោភរដ្ឋធម្មនុញ្ញ​មែននោះ។​​

នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra
នាយករដ្ឋមន្ត្រីថៃ Yingluck Shinawatra REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

ក្រុម​​សមាជិក​ព្រឹទ្ធសភាថៃ​២៧នាក់ បាន​ដាក់ពាក្យប្តឹង​តុលាការ​​ប្រឆាំង​នាយករដ្ឋមន្ត្រី​ថៃ យីងឡាក់ ពីបទ​បាន​​ដកហូត​មុខងារ​​​​មេដឹកនាំ​សន្តិសុខជាតិ​​មួយរូប គឺ​លោក ថាវីល ភ្លីអិនស្រ៊ី កាលពី​ឆ្នាំ​២០១១។ សមាជិក​ព្រឹទ្ធសភា​ទាំងនេះ​បាន​​ធ្វើ​​ញត្តិ​ចាត់ថ្នាក់​មួយ​ ចោទ​លោកស្រី​យីងឡាក់​ថា ការដែល​លោកស្រីដកតំណែង​លោក​ថាវីល​នេះ គឺជា​ការរំលោភ​បំពាន​រដ្ឋធម្មនុញ្ញ​ទាំងស្រុង។ កាលណោះ​លោក​ថាវីល ត្រូវបាន​ដក​ចេញ​ពីតំណែង​មេ​ដឹកនាំ​សន្តិសុខ​​ជាតិ អោយ​ទៅ​កាន់ការងារ​មួយ​ផ្សេង​ដែល​ជាការងារ​​​ មិនអោយ​លោក​ថាវីល​បញ្ចេញ​​​សកម្មភាព​អ្វីទាំងអស់។

នេះ​មិនមែន​ជា​រឿងប្តឹងចោទ​ប្រកាន់​ទី១សម្រាប់​​នាយករដ្ឋមន្ត្រី​ថៃ​នោះទេ។ កន្លងមក លោកស្រី​​យីងឡាក់​ក៏កំពុង​តែ​ជាប់​ចោទ ពី​បទធ្វេស​ប្រហែស​​​ក្នុង​​​សំណុំរឿងកម្មវិធី​រដ្ឋ​​ទិញផលស្រូវ​ជួយ​កសិករ ក្នុង​តម្លៃ​​៥០ភាគរយ​ ​​​លើស​​តម្លៃ​ទីផ្សារ​ផងដែរ។ កន្លងមក ​កសិករ​ថៃ​បាន​ធ្វើបាតុកម្ម​ចោទ​លោកស្រីយីងឡាក់​ថាមិនបាន​បង់​ថ្លៃ​ស្រូវ​អោយពួកគេ។

ក្រុម​​ប្រឆាំង​បានចោទ​លោកស្រី យីងឡាក់ ថា​​​បានធ្វើអោយ​រដ្ឋបាត់បង់​ថវិកា​​ ដោយសារ​តែ​ការទិញស្រូវពី​កសិករ​នេះ ហើយ​ស្រូវអង្ករ​​ច្រើន​សន្ធឹកសន្ធាប់ នៅគរ​ដូចភ្នំ ​​​​មិនទាន់​បាន​លក់ចេញ​ទៅ​វិញដែរ។ ​សំណុំរឿង​ក្តីក្តាំ​ទាំងនេះ អាច​នឹង​ទំលាក់​លោកស្រី​យីងឡាក់ ចេញពី​តំណែង​នាយករដ្ឋមន្ត្រីបាន។ ​ទន្ទឹម​នេះដែរ កន្លងមក ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​បាន​ ​ចោទ​លោកស្រី​យីងឡាក់​ថា ​បាន​​ប្រើប្រាស់​លុយរដ្ឋ​ដើម្បី​​ធ្វើការ​ឃោសនា​នយោបាយ​នៅ​ភាគខាងជើង​ប្រទេស។

ដោយឡែក ក្នុង​សំណុំ​រឿងក្តីក្តាំ​ប្រឆាំង​នាយករដ្ឋមន្ត្រី​នេះ ក្រុមអ្នកគាំទ្រ​នាយក​រដ្ឋមន្ត្រីថៃ​​បានចោទ​ក្រុមប្រឆាំង​ថា បាន​ធ្វើ​រដ្ឋប្រហារ​ផ្លូវច្បាប់​​។ គួរបញ្ជាក់​ដែរថា​ ក្នុងចំណោម​​សមាជិក​​ព្រឹទ្ធសភា​​១៥០នាក់​ សមាជិក​​៧៣នាក់​​មិនបាន​​ឆ្លងកាត់​​ការបោះឆ្នោត​​នោះទេ​ ពួកគេ​​ត្រូវ​បាន​​គេតែងតាំង​តែប៉ុណ្ណោះ។​ ដូច្នេះ សមាជិក​ព្រឹទ្ធសភា​​​៧៣នាក់​​នេះ ត្រូវ​គេ​​ចាត់ទុក​ដូច​​ជា​​ក្រុម​ប្រឆាំង​​រដ្ឋាភិបាល។ ​

សកម្មជន​​គាំទ្រ​លោកស្រី​យីងឡាក់​បាន​ព្រមាន​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​​ថា ​ខ្លួន​​នឹង​ធ្វើ​បាតុកម្ម​​​គាំទ្រ​​ការពារ​លោកស្រី​យីងឡាក់ នៅថ្ងៃ​សៅរ៍​ចុងសប្តាហ៍​នេះ​។ ​អំពើ​ហិង្សា​ប៉ះទង្គិច​ក្នុង​បាតុកម្មហិង្សា​​​ កន្លងមក​​ បាន​សម្លាប់​មនុស្ស​២៤នាក់​ហើយ​ ក្នុង​នោះ​មាន​បាតុករ​ម្នាក់​បាន​ត្រូវ​គ្រាប់​កាំភ្លើង​ចំក្បាល​ នៅ​ក្រុងបាងកក ​កាលពី​ថ្ងៃអង្គារ​កន្លងទៅ​នេះ៕ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ