អានតួអត្ថបទ
ថៃ

ក្រុមអាវក្រហម​រាប់ពាន់នាក់​ធ្វើបាតុកម្ម​​​គាំទ្រ​​លោកស្រី​យីងឡាក់​ នៅ​បាងកក​

នៅ​ក្រុង​បាងកក ប្រទេស​ថៃ​ ថ្ងៃ​សៅរ៍នេះ សកម្មជន​អាវក្រហម​រាប់ពាន់នាក់​បាន​នាំគ្នា​​​ធ្វើបាតុកម្ម​គាំទ្រ​នាយករដ្ឋមន្ត្រី​យីងឡាក់ ​ប្រឈម​នឹង​​ការ​វាយប្រហារ​ផ្លូវច្បាប់​ពី​តុលាការ ​មកលើ​លោកស្រី​យីងឡាក់។ បាតុកម្ម​នេះ នឹង​បន្ត​ធ្វើ​រហូត​ដល់​ថ្ងៃ​ចន្ទ។ ប៉ូលិស​និង​ទាហាន​​ជាង​៣ពាន់នាក់ ត្រូវបាន​ដាក់ពង្រាយ​នៅ​កន្លែង​បាតុកម្ម ​ដើម្បី​ការពារ​សន្តិសុខ។ ​​​​មេដឹកនាំ​ចលនា​​អាវក្រហម​អះអាង​ថា គ្មាន​បំណង​​​នឹង​ធ្វើបាតុកម្ម​ប៉ះទង្គិច​ជាមួយ​បាតុកម្ម​​របស់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​​នោះទេ។ ​

លោក ចាទុផន ព្រំប៉ាន មេដឹកនាំ​ចលនា​អាវក្រហម​ថៃ លើកដៃ​ស្វាគម​សកម្មជន​ខ្លួន ថ្ងៃ​៥មេសា ឆ្នាំ២០១៤។
លោក ចាទុផន ព្រំប៉ាន មេដឹកនាំ​ចលនា​អាវក្រហម​ថៃ លើកដៃ​ស្វាគម​សកម្មជន​ខ្លួន ថ្ងៃ​៥មេសា ឆ្នាំ២០១៤។ REUTERS/Chaiwat Subprasom
ផ្សាយពាណិជ្ជកម្ម

នៅ​​​ក្រុង​បាងកក​​ ​​ថ្ងៃ​សៅរ៍​នេះ ចលនា​​បាតុកម្ម​របស់​សកម្មជន​អាវក្រហមថៃ​​រាប់​ពាន់​នាក់ ​ដែល​នាំគ្នា​គាំទ្រ​លោកស្រី​យីងឡាក់ ស្ថិត​នៅ​​តែ​​៣០គីឡូម៉ែត្រ​ប៉ុណ្ណោះ ​​ពី​​ចលនា​បាតុកម្ម​​​របស់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថៃ​​។ ប៉ុន្តែ អ្នកដឹកនាំ​ចលនា​អាវក្រហម​ប្រាប់ថា​ សកម្មភាព​ខ្លួន​គ្មាន​ទិសដៅ​ប៉ះទង្គិច​ជាមួយ​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​ទេ។ រដ្ឋាភិបាល​ថៃ​បាន​ប្រាប់​ថា​​ ក្រុម​បាតុករ​​អាច​មាន​​ដល់​២សែននាក់ នៅថ្ងៃ​សៅរ៍នេះ។

តាំង​ពីថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ក្នុង​ជំរំ​ហ្វឹកហាត់​មួយនៅភាគ​ខាងជើង​ប្រទេស​ ​ក្រុម​អាវ​ក្រហម​ថៃ​រាប់រយ​នាក់​​​​ បាន​ហ្វឹកហាត់​កីឡា​ប្រដាល់ ជាការ​ត្រៀម​ធ្វើបាតុកម្ម​គាំទ្រ​លោកស្រី​​យីងឡាក់ នៅថ្ងៃ​សៅរ៍នេះ។ ក្រុម​អាវក្រហម​ថៃ​​ចង់​សំដែង​ការគាំទ្រ​ដល់​លោកស្រី​យីងឡាក់ នៅចំពោះ​មុខ​ការ​ប្រហារ​ផ្លូវច្បាប់​​នានា ដែល​លោកស្រីយីងឡាក់​កំពុង​ជួបប្រទះ​នៅពេល​នេះ។ ​ក្រុមអាវក្រហម​​ចង់​ប្រាប់​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ថា ពួកគេ​​មិន​ព្រម​អោយ​​​តុលាការ​​ទំលាក់​​លោកស្រី​យីងឡាក់ពីតំណែង​ជាដាច់ខាត។ ​

តុលាការ​ថៃ​ទើបតែ​បាន​ទទួល​ពាក្យបណ្តឹង​របស់​សមាជិកព្រឹទ្ធសភា​ថៃ​២៧នាក់ កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ជាពាក្យបណ្តឹងចោទ​ប្រកាន់​លោកស្រី​យីងឡាក់​ថា បាន​រំលោភ​រដ្ឋ​ធម្មនុញ្ញ​​ ដោយ​សារ​លោកស្រីបាន​​ដកហូត​តំណែង​មេដឹកនាំ​សន្តិសុខ​ជាតិថៃ​មួយរូប កាលពី​ឆ្នាំ​២០១១។ លោកស្រី​យីងឡាក់​ក៏ត្រូវបាន​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ សង្ស័យ​ថា ធ្វេស​ប្រហែស​​​​ក្នុង​​កម្មវិធី​ទិញផលស្រូវ​ជួយកសិករ​​។ ក្រុមប្រឆាំង​​បានចោទ​លោកស្រី​យីងឡាក់​ថា ដោយសារ​កម្មវិធី​ទិញផលស្រូវ​​អង្ករ​ក្នុង​តម្លៃ​៥០ភាគរយ​ថ្លៃ​​​ជាង​​​តម្លៃ​ទីផ្សារ​នេះ ​រដ្ឋថៃ​បាន​បាត់​បង់​ថវិកា​សន្ធឹកសន្ធាប់ ហើយ​ស្រូវ​អង្ករ​​នៅគរ​ដូចភ្នំ​មិនទាន់​លក់ចេញ​បាន​នៅឡើយ។ សំណុំរឿង​​​ក្តីក្តាំ​ទាំងនេះ អាច​នឹងទំលាក់​លោកស្រី​យីងឡាក់​ពីតំណែង​នាយករដ្ឋមន្ត្រី​បាន។

​ប្រសិន​បើ​លោកស្រី​យីងឡាក់​ធ្លាក់​ពីតំណែង នោះ​​ថៃ​អាច​​តែងតាំង​នាយករដ្ឋមន្ត្រី​ម្នាក់​ទៀត ​ដែល​មាន​លក្ខណៈ​អព្យាក្រឹត។ ប៉ុន្តែ ក្រុមអាវក្រហម​ព្រមាន​ថា​ ​បើ​​ស្ថានភាព​ធ្លាក់​ដល់​ថ្នាក់​មានការតែងតាំងបែបនេះ ពួកគេ​នឹង​ប្រើកម្លាំង​បាយ​ជំទាស់​ជាក់ជា​មិនខាន។ ​​ថៃ​​​រង​ការ​រង្គោះរង្គើ​នយោបាយ​​៨ឆ្នាំ​មកហើយ។ ​ប្រជាជន​ក្នុង​ស្រុក​បែងចែក​គ្នា​ជា​២បក្សពួក គឺ​មាន​សកម្មជន​​បញ្ញវន្ត​ថៃ​​ជា​ក្រុមអភិរក្ស​និយម​ ​មានជីវភាព​មធ្យម ដែល​មិនពេញចិត្ត​រដ្ឋាភិបាល​យីងឡាក់ និង​ក្រុម​អាវ​ក្រហម​​​​​​មានប្រភព​មក​ពី​ជនបទ និង​មាន​ជីវភាព​​​មិនសូវ​ជាធូរធារ​។ ​តាំង​ពី​ខែវិច្ឆិកា​មក ​ការប៉ះទង្គិច​ហិង្សា​ក្នុង​​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ថៃ បាន​សម្លាប់​មនុស្ស​២៤នាក់​ហើយ។ ​​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ