លោកស្រីយីងឡាក់ចូលខ្លួនឆ្លើយបំភ្លឺរឿងពុករលួយនៅចំពោះមុខគណៈកម្មការប្រឆំាងអំពើពុករលួយ
នៅថ្ងៃចន្ទ ទី៣១ មីនានេះ លោកស្រីនាយករដ្ឋមន្ត្រីថៃយីងឡាក់បានចូលការពារខ្លួននៅចំពោះមុខគណៈកម្មការប្រឆំាងអំពើពុករលួយដែលបានចោទលោកស្រីពីបទធ្វេសប្រហែសនៅក្នុងកម្មវិធីផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករ។ ការចោទប្រកាន់នេះត្រូវបានធ្វើឡើង ក្រោយពីមានបាតុកម្មតវ៉ារបស់ប្រជាកសិករដែលបានចោទរដ្ឋាភិបាលរបស់លោកស្រីយីងឡាក់ពីបទមិនបានគោរពតាមពាក្យសន្យា។ នេះជាសំណុំរឿងមួយដែលនឹងអាចឈានដល់ការទម្លាក់លោកស្រីចេញពីអំណាចដូចដែលក្រុមប្រឆំាងចង់បាន។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០៨
នៅទីបំផុត និងបើទោះបីជាកំពុងមានរបួសជើងដើរខ្លួនឯងមិនរួចក៏ដោយ ក៏លោកស្រីយីងឡាក់បានសម្រេចចិត្តជិះរទេះរុញចូលក្នុងអគាររបស់គណៈកម្មការប្រឆំាងអំពើពុករលួយតាមដីកាកោះហៅ។ អមដំណើរដោយមេធាវីមួយក្រុមរបស់លោកស្រី លោកស្រីយីងឡាក់មិនបានធ្វើអត្ថាធិប្បាយអ្វីជាមួយក្រុមអ្នកកាសែតដែលបានឈរត្រៀបត្រានៅពីមុខអគាររបស់គណៈកម្មការប្រឆំាងអំពើពុករលួយនោះទេ។ បន្ទាប់ពីបានមានវត្តមានប្រមាណជា ១០នាទីនៅចំពោះមុខគណៈកម្មការ និងទុកសំណុំឯកសារជាច្រើនកេះឲ្យគណៈកម្មការរួចមក លោកស្រីយីងឡាក់ក៏បានធ្វើដំណើរចេញមកក្រៅវិញដោយមិនបាននិយាយស្តីអ្វីទំាងអស់។ តែលោកប៉ាឌី ប៉ូធីស៊ីរី សមាជិកម្នាក់នៃគណៈកម្មការប្រឆំាងអំពើពុករលួយបានពន្យល់បកស្រាយថា លោកស្រីយីងឡាក់បានស្នើសុំគណៈកម្មការឲ្យទុកពេលបន្ថែមទៀតសម្រាប់ក្រុមមេធាវីរបស់លោកស្រីក្នុងការកសាងសំណុំរឿងឲ្យបានគ្រប់គ្រាន់ ពិសេសលោកស្រីត្រូវការសួរសាក្សីចំនួន ១០នាក់បន្ថែមទៀត។
គួររម្លឹកជូនថា គណៈកម្មការប្រឆំាងអំពើពុករលួយបានចោទប្រកាន់លោកស្រីយីងឡាក់ពីបទធ្វេសប្រហែសនៅក្នុងកម្មវិធីផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិករ។ យោងតាមគណៈកម្មការ កម្មវិធីរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយឧបត្ថម្ភដល់ប្រជាកសិក តាមរយៈការជួយទិញអង្ករពីប្រជាជនក្នុងតម្លៃ ថ្លៃជាងតម្លៃទីផ្សារជាង៥០ភាគរយនោះ បានជំរុញឲ្យមានកំណើនអំពើពុករលួយ និងបានធ្វើឲ្យរដ្ឋខាតបង់ថវិការាប់ពាន់លានដុល្លារ ព្រមទំាងបានធ្វើឲ្យថៃបាត់បង់ឈ្មោះជាប្រទេសទីមួយនាំអង្ករចេញក្នុងលោកទៀតផង។ ជាមួយគ្នានេះ អង្ករដែលរដ្ឋាភិបាលបានទិញស្តុកទុកចំនួនជាង ១៨លានតោនក៏មិនអាចលក់ចេញដែរ ដោយសារតែមានតម្លៃថ្លៃខ្ពស់ពេក។
នៅក្នុងសំណុំរឿងដ៏ស្មុគស្មាញនេះ លោកស្រីយីងឡាក់ក៏ធ្លាប់បានចេញមុខអះអាងម្តងជាពីរដងថា លោកស្រីជាមនុស្សស្អាតស្អំ មិនមានជាប់ពាក់ព័ន្ធនឹងរឿងពុករលួយដូចការចោទប្រកាន់នោះទេ។ កាលពីសប្តាហ៍កន្លងមក លោកស្រីយីងឡាក់បានសរសេរនៅក្នុងទំព័រហ្វេសប៊ុករបស់ខ្លួនដោយបរិហារពីភាពលំអៀងរបស់គណៈកម្មការប្រឆំាងអំពើពុករលួយ។ តែយ៉ាងណាក៏ដោយ ដំណើរការតាមនិតិវិធីច្បាប់នេះនឹងអាចធ្វើឲ្យលោកស្រីយីងឡាក់ខ្ទាតចេញពីតំណែងនាយករដ្ឋមន្រ្តី៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ