លោកបារ៉ាក់ អូបាម៉ាសុំភ្លើងខៀវពីសភាអាមេរិក មុននឹងវាយប្រហារលើស៊ីរី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០១
លោកប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ាបានថ្លែងឲ្យដឹងនៅថ្ងៃសៅរិ៍ ទី៣១ សីហាថា លោកបានសម្រេចចិត្តរួចហើយក្នុងការប្រើកម្លំាងយោធាដើម្បីវាយប្រហារប្រទេសស៊ីរី។ ប៉ុន្តែមុននឹងអាចចាប់ផ្តើមយុទ្ធនាការនេះ លោកអូបាម៉ាបានត្រូវសុំការអនុញ្ញាតពីសភាអាមេរិកជាមុនសិន។ ដោយឡែកនៅថ្ងៃអាទិត្យ ទី១ កញ្ញានេះ បណ្តារដ្ឋមន្រ្តីក្រសួងការបរទេសនៃសម្ព័ន្ធអារ៉ាប់ក៏បានបើកកិច្ចប្រជុំបន្ទាន់មួយនៅក្នុងទីក្រុងគែរ ប្រទេសអេហ្ស៊ីប។
តាមធម្មតា បណ្តារដ្ឋមន្រ្តីការបរទេសនៃសម្ព័ន្ធអារ៉ាប់គ្រោងនឹងបើកកិច្ចប្រជុំនៅថ្ងៃអង្គារ ទី៣ កញ្ញាសប្តាហ៍ក្រោយ។ តែដោយមានសំណើបន្ទាន់ពីប្រទេសសមាជិកមួយចំនួន កិច្ចប្រជុំក៏បានសម្រេចបើកធ្វើនៅថ្ងៃអាទិត្យ ទី១ កញ្ញានេះ។ កម្មវត្ថុនៃកិច្ចប្រជុំ គឺដើម្បីជួយគំាទ្រអន្តរាគមន៍យោធាអន្តរជាតិលើប្រទេសស៊ីរី និងស្វែងរកសេចក្តីសម្រេចចិត្តមួយដើម្បីដាក់ទ័ណ្ឌកម្មលើរបបក្រុងដាម៉ាសដែលបានប្រើអាវុធគីមីសម្លាប់ជនស៊ីវិលកាលពីថ្ងៃទី២១ សីហា។ សម្រាប់ក្រុមប្រទេសលោកខាងលិច សម្ព័ន្ធអារ៉ាប់ គឺជាសម្ព័ន្ធមិត្តមួយមិនអាចខ្វះបាននៅក្នុងប្រតិបត្តិការយោធាលើប្រទេសស៊ីរី។ តែមានប្រទេសសមាជិកខ្លះនៃសម្ព័ន្ធអារ៉ាប់កំពុងបន្តខ្វែងគំនិតគ្នាចំពោះប្រតិបត្តិការយោធាអន្តរជាតិលើស៊ីរី ដូចដែលពួកគេធ្លាប់និយាយមិនចុះសម្រុងគ្នាកន្លងមក នៅពេលណាដែលមានប្រទេសអារ៉ាប់ណាមួយទទួលរងការវាយប្រហារយោធាពីក្រុមប្រទេសបស្ចិមលោក។
នៅម្ខាង មានប្រទេសអារ៉ាប៊ីសាអូឌីត និងកាតារដែលបានចេញមុខគំាទ្រក្រុមប្រឆំាងស៊ីរីតំាងតែពីដើមមកម្ល៉េះ។ ប្រទេសទំាងពីរនេះបានសម្លឹងឃើញអន្តរាគមន៍យោធាអន្តរជាតិលើស៊ីរីថា ជាទង្វើផ្តួលរំលំរបបស៊ីរីស្របច្បាប់របស់លោកប្រធានាធិបតីអាសាដ។ នៅម្ខាងទៀត មានប្រទេសអាល់ហ្សេរី អេហ្ស៊ីប និងទុយនេស៊ីដែលបានប្រឆំាងដាច់ខាតនឹងអន្តរាគមន៍យោធាអន្តរជាតិ។ ប្រទេសទំាងបីនេះបានលើកយកហេតុផលសន្តិសុខ ដោយសារតែខ្លួនមានទីតំាងភូមិសាស្រ្តក្បែរប្រទេសស៊ីរី។ ចំណែកប្រទេសលីបង់ និងហ្ស៊កដានីក៏មិនចង់ឲ្យមានអន្តរាគមន៍ដែរ។ តែអ្វីដែលសម្ព័ន្ធអារ៉ាប់បានឯកភាពគ្នាកន្លងមក គឺការចាត់ទុកទង្វើប្រើអាវុធគីមីសម្លាប់ជនស៊ីវិលនៅស៊ីរីថា ជាឧក្រិដ្ឋកម្មគួរឲ្យរន្ធត់ដែលរដ្ឋាភិបាលស៊ីរីជាអ្នកទទួលខុសត្រូវទំាងស្រុង។
នៅថ្ងៃនេះ បើសម្ព័ន្ធអារ៉ាប់ឯកភាពគ្នាក្នុងដាក់ទ័ណ្ឌកម្មលើរដ្ឋាភិបាលស៊ីរី និងគំាទ្រឲ្យមានអន្តរាគមន៍យោធាអន្តរជាតិលើស៊ីរី សម្ព័ន្ធអារ៉ាប់ប្រាកដជាអំពាវនាវឲ្យធ្វើឡើង ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ មានន័យថា មិនមែនអាមេរិក បារំាង ឬមួយក៏ក្រុមសម្ព័ន្ធមិត្តរបស់អាមេរិក ជាអ្នកសម្រេចទេ។
លោកអូបាម៉ាមិនចំាបាច់សុំភ្លើងខៀវពីសភាទេ
តាមធម្មតា លោកអូបាម៉ាមិនចំាបាច់សុំភ្លើងខៀវពីសភា ដើម្បីប្រើកម្លំាងទ័ពវាយប្រហារប្រទេសណាមួយទេ ប្រសិនបើលោកពិនិត្យទៅឃើញថា ទង្វើរបស់ថ្នាក់ដឹកនំាប្រទេសនោះ គឺជាទង្វើអមនុស្សធម៌ និងដែលអាចបង្កអសន្តិសុខ ឬមួយក៏នំាឲ្យប៉ះពាល់ដល់ផលប្រយោជន៍អាមេរិកំាង។ ជាទូទៅ និងមុនសម្រេចចិត្តវាយប្រហារតែម្នាក់ឯង ប្រធានាធិបតីអាមេរិកតែងតែបានព្យាយាមប្រមែប្រមូលសម្ព័ន្ធមិត្ត ដោយឆ្លងកាត់ភ្លើងខៀវរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ តែនៅពេលណាដែលគ្មានការឯកភាពនៅក្នុងរង្វង់ក្រុមប្រឹក្សាសន្តិសុខ ប្រធានាធិបតីក៏ចាប់ផ្តើមនិយាយបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តរបស់ខ្លួន។ តែនៅទីបំផុត មាន ឬក៏គ្មានសម្ព័ន្ធមិត្តចូលរួម ប្រធានាធិបតីអាចចាត់ការដោយខ្លួនឯង ដោយមិនបាច់ទំាងសុំការអនុញ្ញាតពីសភាផង។ ជាក់ស្តែង ការវាយប្រហារប្រទេសអ៊ីរ៉ាក់ក្នុងឆ្នំា ២០០៣ ដោយលោក George W Bush។
លោកអូបាម៉ាបានពន្យល់រួចហើយថា លោកមានអំណាចគ្រប់គ្រាន់ក្នុងការសម្រេចចិត្តតែម្នាក់ឯង ដោយមិនត្រូវការសុំភ្លើងខៀវពីសភាទេ តែលោកយល់ថា បើមានការឯកភាពពីសភាបន្ថែមទៀតនោះ ប្រតិបត្តិការយោធារបស់អាមេរិកនៅស៊ីរីនឹងកាន់តែមានឥទ្ធិពលខ្លំាង និងមានទម្ងន់ថែមទៀត។
តែបើគេពិនិត្យឲ្យបានស៊ីជម្រៅបន្តិចឃើញថា នេះអាចជាយុទ្ធសាស្រ្តមួយរបស់លោកអូបាម៉ា ព្រោះថា ទី១ លោកចង់បង្វែរការសម្រេចចិត្តរបស់ខ្លួន ទៅជាការសម្រេចចិត្តរបស់សភាដែលគណបក្សប្រឆំាងមានសម្លេងភាគច្រើន។ ក្នុងករណីដែលអន្តរាគមន៍យោធានៅស៊ីរីទទួលបានជោគជ័យ លោកអូបាម៉ាអាចបញ្ចេញមោទនភាពរបស់ខ្លួន តែបែរជាបរាជ័យទៅវិញនោះ លោកអូបាម៉ាអាចនិយាយថា សភាក៏មានចំណែកទទួលខុសត្រូវដែរ។
ទី២ លោកអូបាម៉ាចង់ពន្យារពេលបន្ថែមទៀត ព្រោះថាសភាអាមេរិកនឹងចូលបវេសនកាលនៅថ្ងៃទី៩ កញ្ញា។ ដូច្នេះចាប់ពីពេលនេះទៅ លោកអូបាម៉ាអាចបន្តស្វែងរកសម្ព័ន្ធមិត្ត ក្រៅពីបារំាង ក៏ដូចជាបន្តនិយាយបញ្ចុះបញ្ចូលចិន និងរស្ស៊ីនាឱកាសជំនួបកំពូល G២០ នៅរុស្ស៊ីនាថ្ងៃទី៤ និង៥ កញ្ញាខាងមុខ និងទី៣ អាចថា លោកអូបាម៉ាមិនមែនជាអ្នកចូលចិត្តសង្រ្គាម ឬមួយក៏លោកមិនចង់ចាយលុយ ចំពេលដែលអាមេរិកកំពុងមានវិបត្តិសេដ្ឋកិច្ច។
ការសុំភ្លើងខៀវពីសភា ជារឿងប្រថុយប្រថានរបស់លោកអូបាម៉ា!
នៅសហរដ្ឋអាមេរិកសព្វថ្ងៃ គណបក្សប្រជាធិបតេយ្យរបស់លោកអូបាម៉ាមានសម្លេងភាគច្រើននៅក្នុងព្រឹទ្ធសភា។ ដូច្នេះ លោកអូបាម៉ាមិនបារម្ភពីការបោះឆ្នោតប្រឆំាងនៅព្រឹទ្ធសភាទេ។ គឺនៅរដ្ឋសភាដែលលោកអូបាម៉ាត្រូវបារម្ភ ព្រោះថា គណបក្សប្រឆំាង គឺគណបក្សសាធារណរដ្ឋ ជាអ្នកមានសម្លេងភាគច្រើន។ ដូច្នេះ ពួកគេអាចបោះឆ្នោតប្រឆំាងនឹងសំណើរបស់លោកអូបាម៉ា ដូចដែលពួកគេធ្លាប់បានធ្វើកន្លងមក ទាក់ទងនឹងគម្រោងកំណែទម្រង់ផ្ទែក្នុងមួយចំនួនរបស់លោកអូបាម៉ា។ ជាក់ស្តែង កំណែទម្រង់លើការប្រើអាវុធ ថវិកា ឬមួយក៏អន្តោប្រវេសន៍។
នៅពេលនេះទៀត និងដើម្បីឲ្យសំណើរបស់ខ្លួនអាចចេញរួច លោកអូបាម៉ាត្រូវការសម្លេងគំាទ្រពីគណបក្សសាធារណរដ្ឋ។ តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺថា សំណើសុំអន្តរាគមន៍យោធានៅស៊ីរីរបស់លោកអូបាម៉ានាពេលនេះ គឺជាប្រធានបទពិសេសមួយដែលមានការគំាទ្រ និងប្រឆំាងពីក្រុមគណបក្សរបស់លោកអូបាម៉ា និងគណបក្សប្រឆំាង។ នៅម្ខាង គឺពួកអ្នកសន្តិភាពនិយម នៅម្ខាងទៀត គឺពួកអ្នកឯកានិយម រីឯនៅចន្លោះកណ្តាល គឺក្រុមអ្នកដែលមិនអាចបំភ្លេចសង្រ្គាមជូរចត់នៅអ៊ីរ៉ាក់ឆ្នំា ២០០៣ ដោយពួកគេចង់បានការធានាបន្ថែមទៀតថា ភស្តុតាងប្រើអាវុធគីមីនៅស៊ីរី ពិតជាភស្តុតាងមួយជាក់ច្បាស់ មិនច្រឡំដូចនៅអ៊ីរ៉ាក់ទេ។
ដូច្នេះ គេត្រូវរង់ចំាមើលនៅក្រោយថ្ងៃទី៩ កញ្ញា ថ្ងៃចូលបវេសនកាលរបស់សភាអាមេរិកំាងទើបដឹងថា តើមាន ឬមិនមានសង្រ្គាមប្រឆំាងស៊ីរី។ តែលោកអូបាម៉ាបានបញ្ជាក់រួចហើយថា ទ័ពអាមេរិកបានដាក់ពង្រាយអាវុធ និងត្រៀមខ្លួនដើម្បីបើកប្រតិបត្តិការនៅថ្ងៃស្អែក នៅសប្តាហ៍ក្រោយ ឬមួយក៏នៅខែខាងមុខ។ សម្រាប់រូបលោកអូបាម៉ា លោកក៏បានត្រៀមខ្លួនជាស្រេចដើម្បីចេញបញ្ជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ