អានតួអត្ថបទ
ភូមា

ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​ភូមា​នឹង​បង្កើន​ការ​ហោះហើរ​ក្រៅ​ប្រទេស

នៅថ្ងៃ​អង្គារ​នេះ ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​របស់​ភូមា ឈ្មោះ Myanmar Airways បាន​ចុះ​កិច្ចសន្យា​ជួល​យន្តហោះ​ធុនប៊ូអ៊ីង ចំនួន ១០គ្រឿង ដើម្បី​បង្កើន​ជើង​ហោះហើរ​អន្តរជាតិ សម្រប​ទៅតាម​តម្រូវការ​នៃ​លំហូរ​ទេសចរបរទេស ដែល​កំពុងតែ​កើនឡើង​ខ្លាំង ចាប់តាំង​ពី​រដ្ឋាភិបាល​ភូមា​បាន​រៀបចំ​ធ្វើ​កំណែទម្រង់​នយោបាយ ហើយ​​ត្រូវបាន​សហគមន៍​អន្តរជាតិ​ចាប់ផ្តើម​រាប់រក​ឡើងវិញ។

យន្តហោះ​ធុន Boeing 737
យន្តហោះ​ធុន Boeing 737 Wikipédia
ផ្សាយពាណិជ្ជកម្ម

កិច្ចសន្យា​ជួល​យន្តហោះ ដែល​មាន​តម្លៃ​ជា​ទឹកប្រាក់​ជិត ១ពាន់​លាន​ដុល្លារ​អាមេរិក ត្រូវ​បាន​ធ្វើ​ឡើង រវាង​ក្រុមហ៊ុន Myanmar Airways និង​ក្រុមហ៊ុន​ជួល​យន្តហោះ​របស់​អាមេរិក នៅ​ក្នុង​ឱកាស​ពិព័រណ៍​យន្តហោះ នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ យន្តហោះ​ទាំង ១០គ្រឿង ដែល​ក្រុមហ៊ុន Myanmar Airways ចុះ​កិច្ចសន្យា​ជួល​នេះ គឺ​ជា​យន្តហោះ​ធុន​ Boeing 737 ដែល​អាច​ដឹក​អ្នកដំណើរ​​ ពី​១៦០នាក់ ទៅ​១៨០នាក់។

រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​របស់​ភូមា​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ជួល​យន្តហោះ​នេះ​ថា "ក្រុមហ៊ុន Myanmar Airways ដែល​បាន​ផ្អាក​​ជើង​ហោះហើរ​ក្រៅ​ប្រទេស តាំង​ពី​ឆ្នាំ​១៩៩៣​មក​នោះ ឥឡូវ​នេះ កំពុង​បោះជំហាន​ចូល​ក្នុង​ទីផ្សារ​អាកាសចរណ៍​អន្តរជាតិ​វិញ​ហើយ"។

គួរបញ្ជាក់ថា នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ក្រុមហ៊ុន​ Myanmar Airways ​ប្រើ​តែ​យន្តហោះ​តូចៗ ហើយ​ជើង​ហោះហើរ​ភាគច្រើន ធ្វើឡើង​តែ​នៅ​ក្នុង​ប្រទេស​ប៉ុណ្ណោះ។ ជើងហោះហើរ​​ក្រៅប្រទេស មានតែ​ទៅកាន់​ប្រទេស​ឥណ្ឌា​មួយ​ប៉ុណ្ណោះ។

រដ្ឋមន្រ្តី​ក្រសួង​ដឹកជញ្ជូន​របស់​ភូមា​បាន​ឲ្យដឹង​ថា យន្តហោះ​​ធុនប៊ូអ៊ីង ដែល​ក្រុមហ៊ុន Myanmar Airways ទើប​នឹង​ចុះ​កិច្ចសន្យា​ជួល​ថ្ងៃ​នេះ នឹង​ត្រូវ​យក​មក​ប្រើ ដើម្បី​ពង្រីក​ជើងហោះហើរ ទៅកាន់​ប្រទេស​ជប៉ុន និង​កូរ៉េ​ខាង​ត្បូង ដើម្បី​សម្រប​ទៅតាម​តម្រូវការ​នៃ​ចំនួន​អ្នក​ដំណើរ ដែល​មាន​ការ​កើនឡើង​យ៉ាង​ខ្លាំង ចាប់តាំង​ពី​ឆ្នាំ​២០១១​ ក្រោយ​ពី​​ភូមា​បាន​បិទបញ្ចប់​របបដឹកនាំ​យោធា។

គេ​ឃើញ​ថា អត្រា​កំណើន​នៃ​ចំនួន​អ្នក​ដំណើរ​តាម​ផ្លូវអាកាស នៅ​ភូមា ក៏​កំពុងតែ​ទាក់ទាញ​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​យ៉ាង​ខ្លាំង​ផងដែរ។ ជាក់ស្តែង កាល​ពី​ឆ្នាំ​ទៅមិញ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏ធំមួយ​របស់​ជប៉ុន គឺ​ក្រុមហ៊ុន All Nippon Airways (ANA) បាន​ទិញ​ភាគហ៊ុន ៤៩% របស់​ក្រុមហ៊ុន​ Asian Wings Airways ដែល​ជា​ក្រុមហ៊ុន​អាកាសចរណ៍​ក្នុងស្រុក​​របស់​ភូមា ហើយ​ដែល​ទើប​នឹង​បាន​បើក​ជើង​ហោះហើរ​ក្រៅប្រទេស​ជាលើកទីមួយ ទៅកាន់​ប្រទេស​ថៃ កាល​ពី​ខែ​មករា កន្លងទៅ​ថ្មីៗ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ