ស្លាប់៤៤នាក់ក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះនៅឡាវ
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ បានធ្លាក់នៅក្នុងទន្លេមេគង្គ កាលពីល្ងាចថ្ងៃពុធម្សិលមិញ បណ្តាលឲ្យមនុស្សទាំង ៤៤នាក់ ដែលជិះនៅលើនោះត្រូវស្លាប់បាត់បង់ជីវិតទាំងអស់។ នៅក្នុងចំណោមមនុស្សទាំង ៤៤នាក់នោះ ក្រៅពីអ្នកដំណើរជនជាតិឡាវ ក៏មានជនបរទេសជាច្រើននាក់ផងដែរ។
ចុះផ្សាយនៅថ្ងៃ៖
ក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលជាក្រុមហ៊ុនរបស់រដ្ឋ បានឲ្យដឹង តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា យន្តហោះមួយគ្រឿងរបស់ខ្លួនពិតជាបានធ្លាក់មែន ដោយមកពីបញ្ហាអាកាសធាតុ។
យន្តហោះដែលធ្លាក់នេះ គឺជាយន្តហោះ ធុន ATR ផលិតនៅប្រទេសបារាំង មានដឹកអ្នកដំណើរ ៣៩នាក់ ព្រមទាំងអ្នកបើកបរ និងបុគ្គលិកបម្រើការលើយន្តហោះ ៥នាក់ ហោះចេញពីទីក្រុងវៀងចន្ទន៍ ឆ្ពោះទៅខេត្តប៉ាក់សេ ដែលជាតំបន់ទេសចរណ៍ដ៏សំខាន់មួយរបស់ឡាវ។ ក៏ប៉ុន្តែ នៅពេលជិតទៅដល់គោលដៅ គឺនៅសល់តែ ៨គីឡូម៉ែត្រទៀតដល់ព្រលានយន្តហោះប៉ាក់សេ យន្តហោះនេះក៏បានធ្លាក់ទៅក្នុងទន្លេមេគង្គ។
បើយោងតាមមន្រ្តីអ្នកនាំពាក្យក្រសួងការបរទេសថៃ មនុស្សទាំង ៤៤នាក់ ដែលជិះនៅលើយន្តហោះនេះ សុទ្ធតែត្រូវស្លាប់បាត់បង់ជីវិតទាំងអស់ ដោយមិនមានអ្នកណាម្នាក់រួចជីវិតនោះទេ ហើយនៅក្នុងនោះ ក៏មានជនជាតិថៃ ៥នាក់ផងដែរ។
មន្រ្តីទូតកូរ៉េខាងត្បូង ប្រចាំទីក្រុងបាងកក បានអះអាងថា នៅក្នុងចំណោមអ្នកដែលស្លាប់ក្នុងហេតុការណ៍ធ្លាក់យន្តហោះនេះ មានពលរដ្ឋកូរ៉េខាងត្បូង ៣នាក់។ ចំណែកនៅទីក្រុងប៉ារីសឯណេះវិញ មន្រ្តីរដ្ឋាភិបាលបារាំងបានអះអាងថា ពលរដ្ឋបារាំងយ៉ាងតិច ៧នាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ក្នុងហេតុការណ៍នេះដែរ។
រដ្ឋមន្រ្តីការបរទេសបារាំង លោក ឡូរ៉ង់ ហ្វាប៊្យូស បានថ្លែងថា លោកមានក្តីរន្ធត់ និងសោកសង្វេគជាពន់ពេក នៅពេលដឹងពីរឿងធ្លាក់យន្តហោះនេះ ហើយថា លោកបានចាត់មន្រ្តីទូតបារាំងឲ្យប្រញាប់ប្រញាល់ធ្វើដំណើរទៅកន្លែងកើតហេតុនោះហើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ