អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ ៖ យោធា​ប្រកាស​រៀប​ចំ​ការ​បោះឆ្នោត​ ​ យ៉ាង​ឆាប់ នៅ​ឆ្នាំ​ក្រោយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេទ័ព​ថៃ ប្រាយុទ្ធ ​ចាន់អូចា ដែល​ទើប​ប្រកាស​ខ្លួន​ជា​ប្រមុខ​ដឹកនាំ​ប្រទេស ក្រោយ​រដ្ឋ​ប្រហារ​ថ្ងៃ​ទី ២២​ឧសភា បាន​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​សុក្រ​ម្សិលមិញ ថា​ ក្នុង​រយៈ​ពេល​យ៉ាង​តិច​មួយ​ឆ្នាំ​ដំបូង​នេះ គ្មាន​ទេ​ការ​បោះឆ្នោត​ ! ​បើ​កាលវិភាគ ដែល​លោក ប្រាយុទ្ធ​ចាន់​អូចា បាន​បង្ហើបឱ្យ​ដឹង ​ ថៃ​ត្រូវ​ការ​ពេល​វេលា​ដល់​ទៅ មួយ​ឆ្នាំ​បី​ខែ​ ឯណោះ​ទើប​​អាច​ឈាន​ដល់​ដំណាក់​កាល​រៀប​ចំ​​​បោះឆ្នោត​​បាន។ ចាប់​ពេល​នេះ​តទៅ ប្រទេស​ថៃ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួត​ត្រា​របស់​ “ក្រុមប្រឹក្សា​កំណែទម្រង់”។​សេចក្តី​ប្រកាស​របស់មេទ័ព​ថៃ បាន​ទទួល​ប្រតិកម្មប្រឆាំង​ ដោយ​គ្មាន​បង្អង់​ឡើយ​នៅ​ថ្ងៃ​នេះពី​សំណាក់​សហរដ្ឋ​អាមេរិក។ ចំណែក​ក្រសួង​ការពារ​ជាតិ អាមេរិក​បាន​ប្រកាស​ផ្អាក​ជា​ស្រេច​​ជំនួយ​ការ​ផ្នែក​យោធា​ជាមួយ​ថៃ។

លោក ប្រាយុទ្ធ​ចាន់អូចា ប្រកាស​រៀប​ចំ​បោះឆ្នោត​ យ៉ាង​ឆាប់​នៅ​ឆ្នាំ​ក្រោយ
លោក ប្រាយុទ្ធ​ចាន់អូចា ប្រកាស​រៀប​ចំ​បោះឆ្នោត​ យ៉ាង​ឆាប់​នៅ​ឆ្នាំ​ក្រោយ AFP
ផ្សាយពាណិជ្ជកម្ម

ក្រោយ​រដ្ឋ​ប្រហារ​ទម្លាក់​រដ្ឋាភិបាល​លោកស្រី យីងឡាក់ ស៊ីណាវ៉ាត់ ដែល​សហគមន៍​អន្តរជាតិ​ទាំង​មូល​បាន​រិះគន់​គ្រប់គ្នា​នោះ លោក​ប្រាយុទ្ធ​ ចាន់អូចា កំពុង​ប្រឹង​ស្តារ​មុ​ខមាត់​ឡើង​វិញ ដោយ​បាន​ថ្លៃង​សារ​ ទៅ​កាន់​ប្រជាជាតិ បង្ហាញ​អំពី​ផែន​ការ និង​កាល​វិភាគ​ មួយ​ឆ្នាំ​បី​ខែ សម្រាប់​នាំ​ប្រទេស​ថៃ​ឱ្យ​ឈាន​ឆ្ពោះ​ទៅ​រក​​ការ​បោះឆ្នោត។

 
ផែនទី​ចង្អុល​ផ្លូវ​ដឹកនាំ​ប្រទេស​នោះ​គឺ ៖

-       ដំណាក់កាល​ទី​មួយ ជា​ដំណាក់កាល​ផ្សះផ្សា​ជាតិ។ បើ​តាម​គម្រោង​ គេ​ត្រូវ​ការ​ពេលវេលា ពី ពី​រទៅ​បីខែ សម្រាប់​ផ្សា​ភ្ជាប់​ភាព​ប្រេះឆា​ជាតិ ដែល​បែង​ចែក​យ៉ាង​ខ្លាំង​រវាង​ក្រុម​សកម្មជន​ អ្នក​គាំទ្រ និង​អ្នក​ប្រឆាំង​ លោក​ ​ថាក់ស៊ីន ស៊ីណាវ៉ាត់ មហាសេដ្ឋី​ដ៏​ធំ​របស់​ប្រទេស និង​ដែល​បា​ន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ដឹកនាំ​ប្រទេស តែ​ត្រូវ​ទម្លាក់​ពី​អំណាច ដោយ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០០៦។ ត្រកូល​ថាក់ស៊ីន និង​ក្រុម​មនុស្ស​ជំនិត​នៅ​តែ​បន្ត​លេច​ត្រដែត​លើ​ឆាក​នយោបាយ​ថៃ មាន​ប្រៀប​ជាង​ក្រុម​អភិរក្ស​ ក្រុម​រាជានិយម រួម​ទាំង​ក្រុម​យោធា​ផង ទោះ​បី​ជា​អវត្តមាន​ពី​ប្រទេស​ក៏ដោយ​ចុះ។

-       ដំណាក់កាលទីពីរ ជា​ពេលវេលា​ដែល​ត្រូវ​ចាប់​ផ្តើម​ធ្វើ​កំណែទម្រង់។ ដំណើរការ​ធ្វើ​កំណែទម្រង់ ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​បញ្ជា​​ចាត់ចែង របស់​ក្រុម​ប្រឹក្សា​កំណែទម្រង់ ដែល​គ្មាន​នរណា​ក្រៅ​ពី​រដ្ឋាភិបាល កើត​ចេញ​ពី​រដ្ឋប្រហារ -មិន​ឆ្លង​កាត់​ការ​បោះឆ្នោត​នេះ​ឡើយ។ បើ​តាម​លោក ប្រាយុទ្ធ ចាន់អូចា ច្បាប់​រដ្ឋធម្មនុញ្ញ នឹង​ត្រូវ​កែ​សម្រួល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​ឥស្សរជន​នយោបាយ​ ល្អ​ស្មោះត្រង់ អាច​ដឹក​នាំ​ប្រទេស​បាន។ ប៉ុន្តែ​អ្នក​វិភាគ​គ្រប់​គ្នា​ព្រួយ​បារម្ភ​ថា ការ​កែប្រែ​រដ្ឋធម្មនុញ្ញ​នេះ នឹង​កាន់​តែ​រឹត​បន្តឹង​សេរីភាព​ និង​សិទ្ធិ​ កាន់​តែ​ខ្លាំង​ បន្ថែមលើស​ច្បាប់​រដ្ឋធម្មនុញ្ញ​តាក់តែង​ឡើង​ដោយ​ក្រុមយោធា​សម័យ​ឆ្នាំ​២០០៧​ទៅ​ទៀត។

-       ពេល​កែប្រែ​រដ្ឋធម្មនុញ្ញ​រួច ទើប​ឈាន​ដល់​ការ​បោះឆ្នោត​ទូទៅ។ ជា​ការ​បោះឆ្នោត​ ដោយ​ឈរ​លើ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពិតៗ និង​គ្រប់​ភាគី​អាច​ទទួល​យក​បាន។

ការ​បោះឆ្នោត​សម្រួល​ជោគជ័យ​ដល់​ក្រុម​អាវ​ក្រហម

ផែនការ​ដឹកនាំ​ប្រទេស​របស់​រដ្ឋាភិបាល​យោធា របស់​កងទ័ព​ថៃ មាន​លក្ខណៈ​ដូច​គ្នា​ខ្លាំង​ណាស់ នឹង​សំណើ​របស់​ ក្រុម​បាតុករអាវលឿង​​ប្រឆាំង​នឹង​រដ្ឋាភិបាល​លោកស្រី​យីងឡាក់​ណាស់។ យើង​នៅ​ចង​ចាំ​បានថា ក្រុម​ប្រឆាំង​បាន​ធ្វើ​បាតុកម្ម​អស់​រយៈ​ពេល​៧​ខែ ទម្រាំ​កងទ័ព​ចូល​គាំទ្រ បាន​ទាមទារ​ ឱ្យ​លោកស្រី​យីងឡាក់ ចុះ​ចេញ​ពី​តំណែង ដោយ​បង្កើត​ជា​ក្រុម​ប្រឹក្សា​ប្រជាជន គ្មាន​​ឆ្លង​កាត់​ការ​បោះឆ្នោត ដឹកនាំ​ប្រទេស ដើម្បី​មាន​ពេល​ធ្វើ​កំណែទម្រង់​ច្បាប់​សិន​ទើប​រៀប​ចំ​ការ​បោះឆ្នោត​ឡើង​វិញ ជា​មួយ​នឹង​តម្រូវ​ការ​ពេលវេលា ជាង​មួយ​ឆ្នាំ។ ទាំង​ក្រុម​អាវ​លឿង ទាំង​យោធា សុទ្ធ​តែ​ដឹង​ថា​រាល់​ការ​បោះឆ្នោត ក្រុម​អាវក្រហម​ពិត​ជា​ឈ្នះ​ ហេតុ​ដូច្នេះ​ទើប​ត្រូវ​ធ្វើ​កំណែទម្រង់​សិន។ 

ក្រុមអាវ​លឿង អ្នករាជានិយម អ្នក​ក្រុង មាន​​បំណង​តែ​មួយ​គឺ​បោស​ច្រាស​ត្រកូល​ថាក់ស៊ីន ឱ្យ​ចេញ​ផុត​ពី​ផ្ទៃ​នៃ​យោបាយ​ថៃ ។ ព្រោះ​សូម្បី​តែ​និរទេស​ចេញ​ពី​ប្រទេស ខ្ទាត​ចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហារ​ឆ្នាំ​២០០៦​ក៏​ដោយ ក៏​លោក​ថាក់​ស៊ីន​នៅ​តែមាន​ឥទ្ធិពល​ក្នុង​សង្គម​ថៃ និង​ជា​តំណាង​នៃ​ការ​ប្រេះ​ឆា​ជាតិ (អ្នក​ស្អប់​ក៏​ច្រើន អ្នក​គាំទ្រ​ក៏​ច្រើន)។​ នៅ​ទី​បំផុត​​លោកស្រី​​ យីងឡាក់ ស៊ីណាវ៉ាត់​ជា​ប្អូន ត្រូវ​ខ្ទាត​ចេញ​ពី​តំណែង​ដោយ​សេចក្តី​សម្រេច​របស់​តុលាការ។  ប៉ុន្តែ អ្នក​វិភាគ​មួយ​ចំនួន​វាយ​តម្លៃ​ថា ទោះ​ការ​បោះឆ្នោត ក្នុង​ពេល​យូរ​ ឬឆាប់ ឬ​ត្រូវ​អូស​បន្លាយ​ពេល​វេលា​យ៉ាងណា ក៏​ក្រុម​អាវ​ក្រហម​នៅ​តែ​ឈ្នះ​ជា​និច្ច។

យោធា​ និង​តួនាទី​ជា​អាជ្ញាកណ្តាល​
 
ដោយ​ធ្វើ​រដ្ឋប្រហារ យោធា បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ប្រទេស  ! ក្រុមយោធា​នេះ បានតាំង​ខ្លួន​ជា​អាជ្ញាកណ្តាល​ ដោយ​បាន​ចាប់​ខ្លួនប្រមុខ​ដឹកនាំ​ចលនា​អាវ​លឿង​ប្រឆាំង​រដ្ឋាភិបាល លោក ស៊ូថេប ថងស៊ូបាន និង​គូប្រជែង​យោធា​ស្និទ្ធ​នឹង​អាវក្រហម លោកចាក់តុផន ព្រំប៉ន។  ដូច្នេះ​វា​ពិត​ណាស់​ដែល​ថា​ក្រុម​អាវ​លឿង កំពុង​មាន​ជោគជ័យ ព្រោះ​ក្រុម​យោធា​បាន​ចេញ​មុខ​ធ្វើ​អន្តរាគមន៍ ហើយ​រដ្ឋាភិបាល​ត្រកូល​ថាក់ស៊ីន​ ធ្លាក់​ពី​តំណែង។
កងទ័ព​ថៃ​នេះ ឬ​និយាយ​ឱ្យ​ចំ​ លោក​មេទ័ព ប្រាយុទ្ធ​ ចាន់​អូចា ចង់​បង្ហាញ​ខ្លួនជា​អ្នក​កណ្តាល ជា​អារកាត់​សេចក្តីមែន តែ​ ជា​មនុស្ស​ជំនិត​ ជា​ដៃ​ស្តាំ​របស់​ម្ចាស់​ក្សត្រី​ថៃ ដូច្នេះ​វា​មិន​មែន​ជា​ចម្លែក​ទេ ដែល​ក្រុម​ដឹក​នាំ​យោធា​នេះ គាំទ្រ​ក្រុម​អាវ​លឿង គាំទ្រ​រាជានិយម និង​មាន​កម្មវិធី​នយោបាយ​ ស្រដៀង​ក្រុម​អាវ​លឿង​នោះ។

ប្រតិកម្ម​អន្តរជាតិ
 
លោក​ប្រាយុទ្ធ​ចាន់អូចា បាន​សម្តែង​មោទនភាព និង​សុភមង្គល​ខ្លាំង​ណាស់ នៅ​ពេល​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ជោគជ័យ​ ដែល​អាច​បង្ឃាំង​​សេរីភាព​សាធារណៈ ដាក់​បម្រាម​គោចរ​ និង​ហាម​ឃាត់​បាតុកម្ម​។ លោក​បាន​អំពាវនាវ​ឱ្យ​សហរដ្ឋ​អន្តរជាតិ​ យល់​ថា​ថៃ​ត្រូវ​ការ​ពេលវេលា សម្រាប់​ប្តូរ​ផ្លាស់​ឥរិយាបថ តម្លៃ​សង្គម​ និង​​សម្រាប់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​លទ្ធិ​ប្រជាធិបតេយ្យ។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ មិនអប​អរ​ជាមួយ​ទេ ! សហរដ្ឋ​អាមេរិក បាន​ច្រាន​ចោល​ ជា​ដាច់​ខាត​ គម្រោង​ផែនការ​ដែល​គ្មាន​ការ​បោះឆ្នោត​ ដល់​ទៅ​ជាង​មួយ​ឆ្នាំ​នេះ​ តាម​រយៈ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ លោក Jen Psaki។ ម្យ៉ាង​ទៀត​ផែនការ​ដែល​បង្ហើប​បង្ហាញ​នៅ​ល្ងាច​មិញ​នេះ គ្មាន​លក្ខណៈ​លម្អិត​ គ្រប់​គ្រាន់​គួរ​ឱ្យ​ជឿ​ជាក់​ទេ។ អាមេរិក​បាន​អំពាវនាវ​ជា​ថ្មី​ម្តង​ទៀត ឱ្យ​ថៃ​វិល​មក​លទ្ធិប្រជាធិបតេយ្យ​ ឱ្យ​បាន​កាន់​តែ​ឆាប់ និង​បាន​គំរាម​ថា វ៉ាស៊ីនតោន​អាច​នឹង​ងាក​ទៅ​បើ​ខ្ចៅ​រិត​បន្តឹង​នយោបាយ ឬ​សេដ្ឋកិច្ច​ផង ប្រសិន​បើ​សភាពការណ៍តម្រូវ​។ចំណែក​ក្រសួង​ការពារ​ជាតិ អាមេរិក​បាន​ប្រកាស​ផ្អាក​ជា​ស្រេច​​ជំនួយ​ការ​ផ្នែក​យោធា​ជាមួយ​ថៃ។

កាលពី​ថ្ងៃ​ព្រហស្បតិ៍ សហភាព​អឺរ៉ុប ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ថៃ ក៏​បាន​ដាក់​លក្ខខណ្ឌ​ឱ្យ​ថៃ​កំណត់​ផែនការ​ច្បាស់​លាស់​ ក្នុង​ការ​វិល​រក​របប​ប្រជាធិបតេយ្យ ប្រសិន​បើ​ចង់​ឱ្យ​អឺរ៉ុប​បន្ត​គាំទ្រ​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​គ្នា​។ តែ​នៅ​ថ្ងៃ​នេះ របប​សឹក​ថៃ​ បាន​ត្រឹម​បង្ហាញ​ផែន​ការ​បី​ដំណាក់​កាល​ ដោយ​គ្មាន​បញ្ជាក់​ពី​កាលបរិច្ឆេទ​អនុវត្ត​ឡើយ។

លោកស្រី​យីងឡាក់ ព្រមទាំង​ប្រមុខ​ចលនា​អាវក្រហម ផ្សេង​ទៀត ដែល​ក្រុមយោធា​បាន​ចាប់​ឃុំ​ឃាំង​ក្នុង​កន្លែង​សំងាត់​មួយ​រយៈ បាន​ត្រូវ​ដោះលែង​វិញ​អស់ នៅ​សប្តាហ៍​នេះ ប៉ុន្តែ​បាន​ជាប់​សន្យា​មិន​​បញ្ចេញ​សកម្មភាព​នយោបាយ​ទៀត​ឡើយ បើ​ពុំ​នោះ​ទេ​នឹង​ត្រូវ​ជាប់ទោស​នៅ​តុលាការ​យោធា។ ស្ថានភាព​នយោបាយ​ថៃ ទំនង​ជា​មិន​ងាយ​ចប់​ដោយ​ស្រួលៗ​ឡើយ ! ទោះ​បី​​មាន​ច្បាប់អាជ្ញាសឹក ក៏​បាតុករ​មួយ​ចំនួន​បាន​នាំ​គ្នា​បះបោរ​ប្រមូ​ល​ផ្តុំ​គ្នា​នៅ​ទីក្រុង​បាងកក កាលពី​ថ្ងៃ​អាទិត្យ​សប្តាហ៍​មុន។ ពួក​គេ​ខ្លះ គ្រោង​នឹង​បន្ត​សកម្មភាព​នៅ​ថ្ងៃ​ស្អែក។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ