អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សង្គ្រាម​ជីហាត អ៊ីរ៉ាក់ -ស៊ីរី កំពុង​អង្រួន​ការទូត​ពិភព​អារ៉ាប់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ស្លាប់​យ៉ាង​ហោច​ណាស់​៣៤​នាក់ និង​របួស​ជាង​១៥០​នាក់ ក្នុង​អំពើ​ភេរវកម្ម​ មួយ​ខ្សែ​នា​ថ្ងៃ​សៅរ៍​ម្សិលមិញ តាមក្រុង​មួយ​ចំនួន​របស់​អ៊ីរ៉ាក់ មាន​ជាអាទិ៍​នៅក្រុង​បាកដាដ និង​ក្រុង​​អែរប៊ីល។ ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក បាន​កើត​ឡើង​ ក្នុង​ខណៈ​ដែល​កងទ័ព​គៀរឌីស្តង់​និង​កងទ័ព​អ៊ីរ៉ាក់កំពុង​ប្រឹង​ប្រយុទ្ធ​តទល់​ជាមួយ​នឹង​ពួក​អ៊ីស្លាម​ស៊ុននីត ឬ​ពួក​ជីហាត តាំង​ពី​ខែ​មិថុនា​មក​មិន​​​បាន​សម្រេចសោះ។ សហគមន៍​អន្តរជាតិកំពុងបន្ត​​ស្វះ​ស្វែង​រក​គ្រប់​មធ្យោបាយ​ដើម្បី​កម្ចាត់​​​ពួក​ជីហាតនេះ​។ សហរដ្ឋ​អាមេរិក​ចង់​ពង្រីក​ការ​វាយប្រហារ​ផ្លូវ​អាកាស​លើ​ស៊ីរី។ សម្មតិកម្ម​ដែល​ជំរុញ​ឱ្យ​ពិភព​អារ៉ាប់ (​អេហ្ស៊ីប ហ្ស័កដានី កាតា អេមីរ៉ាអារ៉ាប​រួម និង​អារ៉ាប៊ីសាអ៊ូឌីត) ​កោះ​ប្រជុំ​គ្នា​ជា​បន្ទាន់​នៅ​ថ្ងៃ​អាទិត្យ​។

កង​កម្លាំង​ជីហាត​រដ្ឋអ៊ីស្លាមនៅ​​ Mosoul ភាគ​ខាងជើង​អ៊ីរ៉ាក់
កង​កម្លាំង​ជីហាត​រដ្ឋអ៊ីស្លាមនៅ​​ Mosoul ភាគ​ខាងជើង​អ៊ីរ៉ាក់ REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

ភេរវកម្ម​​មួយ​ខ្សែ ក្នុង​ក្រុង​បាកដាដ ទីគ្រីត អែរប៊ីល និង​គៀគូក កើត​ឡើង​ក្រោយ​ការ​វាយប្រហារ​​ប្រឆាំង​នឹង​វិហារ​អ៊ីស្លាម​និកាយ​ស៊ុននីត​ កាលពី​ថ្ងៃ​សុក្រ​ស្លាប់​មនុស្ស​អស់​៦៨​នាក់។ ការវាយប្រហារ​នោះ​គឺ​ជា​ស្នា​ដៃ​របស់​ពួក​យុទ្ធជន​ប្រដាប់​អាវុធ​និកាយ​ឈីអ៊ីត និង​បានរុញ​ច្រាន​ឱ្យ​ប្រជាជន​ស៊ុននីត​និង​ឈីអ៊ីត​ប្រទ្រូស​ប្រទ្រះ​គ្នា​មួយ​ឆ្អែត​ហើយ។ ហើយ​កន្លង​បាន​តែ​មួយ​ថ្ងៃ​ ក៏​ផ្តើម​ភេរវកម្ម​​ នៅ​តាម​ចំណុច​យុទ្ធសាស្ត្រ​ទៀត  ដែល​បាន​ផ្តាច់​ជីវិត​ជន​ស៊ីវិល​និង​ទាហាន​ឬ​យុទ្ធជន ជា​​និកាយ​ឈីអ៊ីត​អស់​យ៉ាង​ហោច​៣៤​នាក់។

 
ភាពតាន​តឹង​ក្នុង​​​សហគមន៍​
 
​​រលក​ហិង្សាថ្មី​នេះ​ អាច​នឹង​រំខាន​ដល់​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក​នាយក​រដ្ឋមន្ត្រី​  ហៃដា អាល់ អាប៉ាឌី ដែល​ជា​អ្នក​ឈីអ៊ីត ក្នុង​ការ​ទាក់​ទាញ​និង​ផ្តល់​ទំនុក​ចិត្ត​ឡើង​វិញ​ដល់​ពលរដ្ឋ​អ៊ីរ៉ាក់​និកាយ​ស៊ុននីត។ ក្រុមអ្នក​ស៊ុននីត​ដែល​ធ្លាក់​អស់​ទឹក​ចិត្ត​រលីង​ពី​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​មុន គឺ​លោក នូរីអាល់​ម៉ាលិគិ។ ​ដោយ​សារ​តែ​មូលហេតុ​ប្រកាន់​ពូជសាសន៍​និកាយ​សាសនា​នេះ​ឯង​ ទើប​ឱ្យ​អ៊ីរ៉ាក់បាក់​បែក​ក្នុង​សហគមន៍ ​ផ្ទុះ​ការ​វាយប្រហារ​​​នៅ​ភាគ​ខាង​ជើង​អ៊ីរ៉ាក់ ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម (ដែល​ជា​និកាយ​ស៊ុននីត) ឱ្យ​កាន់​តែ​មាន​សន្ទុះ​ មាន​កម្លាំង​វាយប្រហារ​។

កាលពី​ឆ្នាំ​២០០៦-២០០៧ កា​រ​ប្រឈម​មុខ​ដាក់​គ្នា​​រវាង​ក្រុម​ឈីអ៊ីត និង​ស៊ុននីត បាន​សម្លាប់​ជីវិត​មនុស្ស​អស់​រាប់​សិប​ពាន់​នាក់។ សម័យ​នោះ​ ចលនា​ជ្រុល​និយម​អ៊ីស្លាម​​ជីហាត​មិន​ទាន់​រីក​ខ្លាំង ដូច​ពេល​នេះ​ ដែល​បើ​បាន​ទៅ​ដល់​ទីណា​តែង​ធ្វើ​ឃាត​ប្រល័យ​ទាំង​ពូជៗ។ ដូច្នេះ​ ​​គេ​ត្រូវ​តែ​​ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ជម្លោះ​សហគមន៍​រីក​រាល​បាន​ មក​បន្ថែម​បន្ទុក​ពី​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម​ ដែល​សហគមន៍​អន្តរជាតិ​កំពុង​រិះ​រក​មធ្យោបាយ​កម្ចាត់។ ហេតុដូច្នេះ​ហើយ​បាន​ជា​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មី អំពាវនាវ​ហើយ​អំពាវនាវ​ទៀត ឱ្យ​សហគមន៍​អ៊ីរ៉ាក់​ចូល​ពួតដៃ​គ្នា​ថ្មី កុំ​ឱ្យ​មាន​ភាព​ប្រេះ​ឆា ព្រោះ​អ៊ីរ៉ាក់​ត្រូវ​ការ​រួបរួម​គ្នា​ដើម្បី​ដោះស្រាយ​​​វិបត្តិ​នយោបាយ និង​ប្រយុទ្ធ​ទប់ទល់​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។

ដំណើរ​ឆ្ពោះទៅ​រក​ការ​ប្រមូល​ផ្តុំ​ជា​លក្ខណៈ​តំបន់
 
នៅថ្ងៃ​នេះ រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ ត្រូវ​ចាប់​ផ្តើម​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​នៅ​អ៊ីរ៉ាក់ !​ លោក​ត្រូវ​ជួប​ពិភាក្សា​ជាមួយ​សមភាគី​អ៊ីរ៉ាក់​ផង និង​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ថ្មីផង។ ជា​ទស្សនកិច្ចដែល​ប្រកប​ដោយ​អត្ថន័យ​ព្រោះ​ប្រព្រឹត្ត​ទៅ​នៅ​ក្រោយ​ពេល​ដែល​អ៊ីរ៉ាក់​រង​ការ​វាយប្រហារ​ភេរវកម្ម។ អ៊ីរ៉ង់​ ដូច​ជា​អ៊ីរ៉ាក់​ដែរ មាន​បណ្តា​ជន​ភាគ​ច្រើន​ជា​អ្នក​ឈីអ៊ិត អ៊ីរ៉ង់​ធ្លាប់​គាំទ្រ​​នាយក​រដ្ឋមន្ត្រី​អ៊ីរ៉ាក់​ខ្លាំង​ណាស់ និង​បាន​ផ្តល់​អនុសាសន៍ច្រើន​ដល់​រដ្ឋាភិបាល​ស្វយ័ត​គៀរឌីស្តង់ ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹ​ង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ ហើយ​បើ​តាម​អ្នក​វិភាគ​មួយ​ចំនួន អ៊ីរ៉ង់ ក្រៅ​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​បស្ចឹម​លោក មាន​តួនាទី​សំខាន់​ណាស់ ក្នុង​ការ​ជួយ​អ៊ីរ៉ាក់ និង​ស្ថិរភាព​តំបន់​ ដែល​សហគមន៍​អន្តរជាតិ​មិនគួរ​មើល​រំលង​សមត្ថភាព​អ៊ីរ៉ង់​ទេ។

►សូមអាន ៖ តើ​ពួក​ជីហាត​អ៊ីរ៉ាក់​មាន​ដើម​កំណើត​មក​ពីណា ?

ពួក​ជីហាតរដ្ឋ​​​អ៊ីស្លាមអ៊ីរ៉ាក់ ជា​ក្រុម​តែ​មួយ​នឹង​ជីហាត​នៅ​ស៊ីរី ! គេ​មិន​អាចនិយាយ​អំពី​ពួក​រដ្ឋ​អ៊ីស្លាម​អ៊ីរ៉ាក់ ដោយ​មិន​និយាយ​អំពី​ស៊ីរី​ឡើយ។ នេះ​ជា​ចំណុច​មួយ ! ចំណុច​សំខាន់​មួយ​ទៀត ការណ៍​ដែលក្រុម​ប្រទេស​អារ៉ាប​ មាន​ជាអាទិ៍​ ប្រទេស​អេហ្ស៊ីប ហ្ស័កដានី កាតារ អេម៊ីរ៉ា​ និង​អារ៉ាប៊ីសាអ៊ូឌីត ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃអាទិត្យ​នេះ ពិភាក្សា​​អំពី​ស្ថានភាព​ប្រទេស​ ក៏​ដើម្បី​វាស់​វែង​​គ្រោះ​ថ្នាក់​ដែល​ពួក​ជីហាត​រដ្ឋអ៊ីស្លាម​អាចប​ង្ក​​ដល់​ពិភព​អារ៉ាប។ 

ការទូត​របស់​ពិភព​អារ៉ាប​ ប្រឈម​ការ​វាយប្រហារ​ជា​យថាហេតុ​របស់​អាមេរិក

ហេតុ​អ្វី​សុខៗ​នាំ​គ្នា​ប្រជុំ​ ? បន្ទាប់​ពី​អាក់ខាន​អស់​ពេល​ជាង​មួយ​ឆ្នាំ ក្រុម​ប្រទេស​ជា​អ្នក​ភ្ជាប់​ទំនាក់ទំនង​ដោះស្រាយ​វិបត្តិ​ស៊ីរី បាន​នាំ​គ្នា​ភ្ញាក់​ខ្លួន នៅ​ពេល​បាន​ឮ​សហរដ្ឋ​អាមេរិក​ប្រកាស​អំពី​លទ្ធភាព​ចង់​ពង្រីក​ប្រតិបត្តិការ​យោធា​ផ្លូវអាកាស​បន្ត​ពី​អ៊ីរ៉ាក់ ទៅ​លើ​ស៊ីរី​។ អាមេរិក​តាំង​ដើម​វិបត្តិ​ស៊ីរី​មក មិន​ដែល​បង្ហាញ​ឆន្ទៈ​ចង់​ប្រើ​កម្លាំង​យោធា​នៅ​ស៊ីរីទេ បើ​ទោះ​បី​ជា​របប​លោក​បាស្ហារ​អាល់អាសាដ​កំពុង​កាន់​តំណែង​បច្ចុប្បន្ន​​រំលោភ​បម្រាម​ហាម​ឃាត់​យ៉ាងណា​ក៏ដោយ ប៉ុន្តែ​ពេល​នេះ​ខុស​ពី​ពេល​មុន អាមេរិក​បាន​ប្តូរ​ចិត្ត​ក៏​ព្រោះ​តែ​ការ​គំរាម​កំហែង​របស់​ពួក​ជីហាតមាន​ខ្លាំង​ប៉ះពាល់​ដល់​ប្រយោជន៍​អាមេរិក សម្លាប់​ពល​រដ្ឋ​អាមេរិក។

ហេតុដូច្នេះ​ហើយ​បាន​ក្រុម​បណ្តា​ប្រទេស​អារ៉ាប​ត្រូវ​ជួប​ប្រជុំ​ពិភាក្សា​គ្នា​ វាយ​តម្លៃ​ការ​វិវឌ្ឍន៍​ផ្នែក​យោធា​ផង និង​អំពី​ការ​ប្តូរ​ផ្លាស់ន​យោបាយ ដែល​ជា​ផល​វិបាក​នៃ​ប្រតិបត្តិការ​យោធា​ផ្លូវ​អាកាស​អាមេរិក​ផង។ បើ​ប្រភព​អេហ្ស៊ីប ក្រុម​ប្រមុខ​ការទូត​អារ៉ាប​ ត្រូវ​ពិនិត្យ​អំពី​លទ្ធភាព​កោះ​ហៅ​ភាគី​ជម្លោះ​នៅស៊ីរី ទាំង​អស់ លើកលែង​តែ​ក្រុម​រដ្ឋ​អ៊ីស្លាម​មក​ចរចា​ឡើង​វិញ​​។ សម្ពាធ​អាច​មាន​ខ្លាំង​ដាក់លើ​កាតា ឱ្យ​ឈប់​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ និង​អាវុធ​ដល់​ពួកអ៊ីស្លាម​ជ្រុល​និយម​នៅ ស៊ីរី។

អេហ្ស៊ីប​ ហ្ស័កដានី ឬ អារ៉ាប៊ីសាអ៊ូឌីត ត្រូវ​តែ​រួស​រាន់​ ​គិត​គូរ​ ព្រោះ​ប្រសិន​បើ​អាមេរិក​ពិត​ជា​ចូល​ធ្វើ​អន្តរាគមន៍​មែន​នោះ​ ភាគី​ជម្លោះ​នៅ​ស៊ីរី លែង​មាន​លំនឹង​ផ្នែកកម្លាំង​យោធា ពួក​ជីហាត​អាច​នឹង​រត់​រក​កន្លែង​លាក់​ខ្លួន​ថ្មី​ ដែល​គ្មាន​អ្វី​ក្រៅ​ពី​រត់​ចូល​ផ្ទះ​ខ្លួន បង្ក​ភាព​វឹកវរ​ឡើយ។ សូម​បញ្ជាក់ថា​ មាន​បណ្តា​ជន​អេហ្ស៊ីប​ ហ្ស័កដានី និង​អារ៉ាប៊ីសាអ៊ូឌីត​ រាប់​ពាន់​ បាន​ចូល​ទៅ​បំរើ​ចលនា​ជីហាត​រដ្ឋ​អ៊ីស្លាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ