អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី​ត្រៀមខ្លួន​ទទួល​យក​ការ​ព្យួរ​ទ័ណ្ឌកម្ម​ប្រឆំាង​ភូមា

នៅ​ថ្ងៃ​ពុធ ទី១៦ ឧសភា​នេះ លោកស្រី អ៊ុង សានស៊ូជី ប្រធាន​គណបក្ស​ប្រឆំាង​ភូមា​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោកស្រី​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​ទទួល​យក​ការ​ព្យួរ​ទ័ណ្ឌកម្ម​ប្រឆំាង​នឹង​ប្រទេស​របស់​លោកស្រី​ពី​សំណាក់​ប្រទេស​លោក​ខាងលិច ពិសេស​ពី​សហរដ្ឋមេរិក។ ប៉ុន្តែ​លោកស្រី​បាន​ព្រមាន​ថា ដើម្បី​អាច​ទទួល​យក​កាយវិការ​នេះ​បាន លុះ​ត្រា​ណា​តែ​របប​ទីក្រុង​ណៃពីដ៏​មិន​បញ្ឈប់​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ និង​នយោបាយ​បើក​ចំហ​របស់​ខ្លួន​ទេ​នោះ។

លោកស្រីអ៊ុង សានស៊ូជី
លោកស្រីអ៊ុង សានស៊ូជី REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

« ខ្ញុំ​មិន​ជំទាស់​ទៅ​នឹង​ការ​ព្យួរ​ទ័ណ្ឌកម្ម​ប្រឆំាង​នឹង​ប្រទេស​របស់​ខ្ញុំ​ទេ ប្រសិន​បើ​ប្រជាពលរដ្ឋ​អាមេរិក​យល់​ឃើញ​ថា វា​ជា​ជម្រើស​មួយ​ដ៏​ល្អ​នៅ​ពេល​នេះ។ ប៉ុន្តែ ខ្ញុំ​គ្រាន់​តែ​សំណូមពរ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ជាទី​បំផុត » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី អ៊ុង សានស៊ូជី តាម​រយៈ Visioconférence មួយ​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​របស់​លោក​អតីត​ប្រធានាធិបតី​អាមេរិក George W.Bush។ លោកស្រី​បាន​បន្ថែម​ថា « ពេល​ខ្លះ ខ្ញុំ​មាន​អារម្មណ៍​ថា គ្រប់​គ្នា​ហាក់​ដូច​ជា​មាន​សុទិដ្ឋិនិយម​ខ្លំាង​ពេក​ចំពោះ​ព្រឹត្តិការណ៍​ដែល​កំពុង​វិវត្ត​នៅ​ក្នុង​ប្រទេស​ភូមា។ ខ្ញុំ​សូម​រម្លឹក​ជា​ថ្មី​ថា ដំណើរការ​នៃ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​មិនមែន​ចេះ​តែ​ទៅ​មុខ​ដោយ​រលូន​នោះ​ទេ »។

សេចក្តី​ថ្លែង​របស់​លោកស្រី អ៊ុង សានស៊ូជី​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ការ​អំពាវនាវ​របស់​លោក John McCain សមាជិក​ព្រឹទ្ធសភា​អាមេរិក​ឲ្យ​ទីក្រុង​វ៉ាស៊ីតោន​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ទ័ណ្ឌកម្ម​មួយ​ចំនួន​ប្រឆំាង​ភូមា ដូច​ដែល​ប្រទេស​លោកខាងលិច​ខ្លះ​បាន​ធ្វើ និង​សន្យា​នឹង​ធ្វើ​នា​ពេល​កន្លង​មក។ យោង​តាម​លោកស្រី អ៊ុង សានស៊ូជី ការ​ព្យួរ​ទ័ណ្ឌកម្ម គឺ​ជា​មធ្យោបាយ​ដ៏​ល្អ​សម្រាប់​ចូលរួម​ជួយ​ផ្តល់​សន្ទុះ​ដំណើរការ​ស្ថាបនា​លទ្ធិប្រជាធិបតេយ្យ​នៅ​ភូមា ក៏​ប៉ុន្តែ ប្រសិន​បើ​ដំណើរការ​ស្ថាបនា​លទ្ធិប្រជាធិបតេយ្យ​​នេះ​មិន​បាន​កើត​មាន​ពិតប្រាកដ​ទេ គេ​ត្រូវ​តែ​គិតគូរ​វិធានការ​ផ្សេង​ដើម្បី​ធ្វើ​យ៉ាង​ណា បំពេញ​សេចក្តី​ស្រេកឃ្លាន​លទ្ធិ​ប្រជាធិបតេយ្យ​របស់​ប្រជាជន​ភូមា។

ក្រៅ​ពី​ការ​​ប្រកាស​ត្រៀមខ្លួន​គំាទ្រ​ការ​ព្យួរ​ទ័ណ្ឌកម្ម​ប្រឆំាង​នឹង​ប្រទេស​របស់​លោកស្រី លោកស្រី អ៊ុង សានស៊ូជី​ក៏​បញ្ជាក់​ពី​ចំនួន​អ្នកទោស​នយោបាយ ២៧១នាក់​ដែល​កំពុង​បន្ត​ជាប់​ក្នុង​ពន្ធនាគារ។ យោង​តាម​លោកស្រី គេ​មិន​ត្រូវ​ឲ្យ​មាន​អ្នកទោស​នយោបាយ​ទៀត​ទេ ប្រសិន​បើ​ភូមា​កំពុង​ស្ថិត​នៅ​ផ្លូវ​ឆ្ពោះ​ទៅ​កាន់​របប​ប្រជាធិបតេយ្យ​នោះ។

សូម​ជម្រាប​ជូន​ថា នៅ​ក្នុង​សុន្ទរកថា​របស់​លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​សភា​ភូមា​កាល​ពី​ដំណាច់​ខែ​មេសា​កន្លង​ទៅ លោក បាន គីមូន​បាន​អំពាវនាវ​ប្រទេស​លោក​ខាងលិច​ឲ្យ​គិតគូរ​បន្ថែម​ទៀត ពី​ការ​លើក​ទ័ណ្ឌកម្ម​នយោបាយ និង​សេដ្ឋកិច្ច​ប្រឆំាង​ភូមា។ កាល​ពី​ថ្ងៃទី ២៦ មេសា សហភាព​អឺរ៉ុប​បាន​សម្រេច​ព្យួរ​ទ័ណ្ឌកម្ម​នយោបាយ និង​សេដ្ឋកិច្ច​លើ​ភូមា​រយៈពេល ១ឆ្នំា វា​លើក​លែង​តែ​ទ័ណ្ឌកម្ម​លើ​គ្រឿង​សព្វាវុធ។ ចំណែក​ប្រទេស​ផ្សេង​ទៀត​មាន កាណាដា អូស្រ្តាលី ឬ​មួយ​ន័រវែស​បាន​ប្រកាស​លើក​ចេញ​ទំាង​ស្រុង ឬ​ក៏​មួយ​ភាគ​នូវ​ទ័ណ្ឌកម្ម​របស់​ខ្លួន​ប្រឆំាង​ភូមា។

ដោយ​ឡែក សហរដ្ឋអាមេរិក​មក​ដល់​ថ្ងៃ​នេះ ក្រៅ​ពី​បាន​ប្រកាស​សម្រេចចិត្ត​សម្រាល​ទ័ណ្ឌកម្ម​សេដ្ឋកិច្ច និង​ពី​ការ​តែងតំាង​ឯកអគ្គរដ្ឋទូត​របស់​ខ្លួន​ប្រចំា​នៅ​ភូមា​នា​ពេល​ឆាប់ៗ​ខាង​មុខ ទីក្រុង​វ៉ាស៊ីនតោន​បាន​បន្ត​រក្សា​ទុក​ទ័ណ្ឌកម្ម​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ធ្វើ​ជា​មធ្យោបាយ​ដាក់​គំនាប​លើ​របប​ទីក្រុង​ណៃពីដ៏៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ