អានតួអត្ថបទ
ភូមា

លោកស្រី អ៊ុង សានស៊ូជី ក្លាយ​ជា​តំណាងរាស្ត្រ​បន្ទាប់ពី​តស៊ូ​អស់​ជាង​ពីរ​ទសវត្ស

ជ័យលាភីរង្វាន់​ណូបែល​សន្តិភាព លោកស្រី ​អ៊ុងសានស៊ូជី បាន​ចូល​ធ្វើ​សច្ចាប្រណិធាន​ ស្បថ​ចូល​កាន់​តំណែង​ជា​តំណាង​រាស្ត្រ​ នៅ​ចំពោះ​មុខ​សភា​ហើយ នាព្រឹក​ថ្ងៃ​ពុធ​ទី ២​ ឧសភា ឆ្នាំ​២០១២​នេះ។ ពិធី​ស្បថ​ចូល​កាន់​តំណែង​​ជា​ផ្លូវការ​​មាន​រយៈ​ពេល​ខ្លី​មែន ប៉ុន្តែ​មាន​អត្ថន័យ​ជា​ប្រវត្តិសាស្ត្រ ព្រោះ​នេះ​ជា​លើក​ទី​មួយ​ដែល​ប្រមុខ​បក្ស​ប្រឆាំង អ៊ុង សានស៊ូជី បាន​ចាប់​អាជីព​ជា​តំណាង​រាស្ត្រ​អាណត្តិ​ដំបូង បន្ទាប់​ពី​តស៊ូ​យ៉ាង​ស្វិតស្វាញ​ ជិត​ពីរ​ទសវត្ស។

លោកស្រី អ៊ុង សានស៊ូជី និង​សមាជិកសភា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា ក្រុង​ណៃពិដ៏
លោកស្រី អ៊ុង សានស៊ូជី និង​សមាជិកសភា​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​រដ្ឋសភា ក្រុង​ណៃពិដ៏ © Reuters
ផ្សាយពាណិជ្ជកម្ម

ប្រមុខ​បក្ស​ប្រឆាំងលោកស្រី អ៊ុង សានស៊ូជី និង​សមាជិក​សភា​៣៣​រូប​ផ្សេង​ទៀត របស់​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លិទ្ធិ​ប្រជាធិបតេយ្យ​បាន​ងើប​ឈរ​ធ្វើ​សច្ចាប្រណិធាន​ ការពារ​រដ្ឋធម្មនុញ្ញ និង​បាន​សន្យា​រក្សា​​​ភក្តីភាព​ចំពោះ​សាធារណរដ្ឋ​សហភាព​ភូមា និង​ប្រជាពលរដ្ឋ​ភូមា ព្រម​ទាំង​​ធ្វើ​យ៉ាង​ណារ​រក្សាជានិច្ច​​មិន​ឱ្យ​មានការ​បែកបាក់​​​សាមគ្គីជាតិ និង​រក្សា​បូរណភាព​ជាតិ​ឱ្យ​បាន​ស្ថិតស្ថេរ” នៅ​ចំពោះ​មុខ​ប្រធាន​រដ្ឋ​សភា​។

 
អាយុ​៦៦​ឆ្នាំ លោកស្រី​អ៊ុងសានស៊ូជី ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ដ៏​ល្បីល្បាញ​ ដែល​បាន​ចាប់​ផ្តើម​ជីវិត​នយោបាយ​តាំង​ពី​ឆ្នាំ​១៩៨៨ និង​រស់​នៅ​ជាប់ឃុំឃាំង​ក្នុង​គេហដ្ឋាន​​​ច្រើន​ជាង​មាន​សេរីភាព មិន​បាន​សម្តែង​អារម្មណ៍​រំភើប ​ឬ​រំជើប​រំជួល​​​នឹង​តួនាទី​ជា​សមាជិក​សភា​ នៅ​ព្រឹកមិញ​នេះ​ទេ ប៉ុន្តែ​លោកស្រី​បាន​ទទួល​ស្គាល់​​ថា ជា​ការ​គួរ​ឱ្យ​ចាប់​អារម្មណ៍ !

បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់​ ក្នុងសម័យ​បោះឆ្នោត​សភា​ថ្ងៃ​ទី ១​មេសា លោកស្រី និង​បក្ស​ បាន​បដិសេធ​មិន​ព្រម​ចូល​ធ្វើ​សច្ចាប្រណិធាន​ជា​មហោឡាឫក​​ទេ កាលពី​សប្តាហ៍​មុន​ ដោយ​ទាមទារ​ត្រឹម​ប្រកាស​សន្យា​គោរព​រដ្ឋធម្មនុញ្ញ​ឆ្នាំ​២០០៨។ លោកស្រី​​​ទើប​បាន​សម្រប​សម្រួល​ខ្លួន​យល់​ព្រម​វិញ​​ពី​រថ្ងៃមុន​នេះ ដើម្បី​សម្តែង​ការ​គោរព​ឆន្ទៈ​ប្រជាពលរដ្ឋ និង​ដើម្បីកុំ​ឱ្យ​ដំណើរ​ការ​ធ្វើ​កំណែទម្រង់​របស់​រដ្ឋាភិបាលស៊ីវិល​ភូមាថ្មី​ត្រូវ​ជាប់​គាំង​។ ចលនា​ប្រឆាំង​ធំ​បំផុត​របស់​ភូមា​នេះ មាន​ជំនឿ​ជាក់​ជា​និច្ច​លើ​ភាព​សម្រប​សម្រួល​ ក្នុង​នយោបាយ៕
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ