អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កង្វះ​សំណាញ់​សុវត្ថិភាព​សង្គម​ធ្វើ​ឲ្យ​ពលរដ្ឋ​រងារ​!​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋ​ខ្មែរ​ជាពិសេស​អ្នកក្រីក្រ ​នៅ​ទីជនបទ​ដាច់ស្រយាល​រស់នៅក្នុង​ស្ថានភាព​រងារ​ដោយសារ​កង្វះ​បណ្តាញ​សុ​វត្តិភាព​សង្គម។ រហូតមកទល់​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ភាគច្រើន​លើសលប់​រស់នៅ​ដោយ​មិន​បានទទួល​ការ​ការធានារ៉ាប់រង​សង្គម​ឡើយ។ ពេល​មាន​ជំងឺ ឬ​ជួបប្រទះ​គ្រោះអាសន្ន​នានា ពួកគេ​ត្រូវ​ចងការ​ប្រាក់​គេ​ក្នុងតម្លៃ​ខ្ពស់​ដើម្បី​ដោះ​ទ័ល។ អ្នកខ្លះ​លក់​គោក្របី​ឬ​ដីស្រែ​ចម្ការ​ដើម្បី​ព្យាបាល​ជំងឺ។ បន្ទាប់ពី​គ្រោះអាសន្ន​ជាយថាហេតុ​ណាមួយ ពួកគេ​នឹងមាន​ជីវភាព​កាន់តែ​លំបាក​ជាង​មុន។ ដូច្នេះ គោលនយោបាយ​គាំពារ​ជនក្រីក្រ​តាមរយៈ​ការកសាង​សំណាញ់​សុវត្ថិភាព​សង្គម​គឺជា​កិច្ចការ​ចាំបាច់​សម្រាប់​ផ្តល់​ភាពកក់ក្តៅ​ជូន​ពលរដ្ឋ​ក្រីក្រ។

ប្រជាជន​ខ្មែរ នៅតាម​ទីជន​បទ។
ប្រជាជន​ខ្មែរ នៅតាម​ទីជន​បទ។ ©​ អ៊ឹម ណាវិន
ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ពលរដ្ឋ​ភាគច្រើន​លើសលប់​រស់នៅ​ទីជនបទ​ដាច់ស្រយាល​និង​ដែលជា​ទូទៅ​មាន​ជីវភាព​ក្រីក្រ។ ជីវភាព​ខ្វះខាត​ដោយសារ​ខ្វះ​ប្រភព​ចំណូល​ជា​រឿង​មួយ ប៉ុន្តែ កង្វះ​ប្រព័ន្ធ​ធានារ៉ាប់រង​សង្គម​គឺជា​បញ្ហា​ប្រឈម​ធំធេង​មួយទៀត។ នៅពេល​ធ្លាក់ខ្លួន​ឈឺ​ឬ​ជួប​គ្រោះអាសន្ន​ណាមួយ ពួកគេ​ស្ថិតក្នុង​ស្ថានភាព​រងារ​គ្មាន​ទីពឹង។ អ្នកខ្លះ​ស្រ​វេ​ស្រវា​ខ្ចីបុល​គេ​ដើម្បី​បាន​ប្រាក់​ធ្វើ​សោហ៊ុយ​ទៅ​មន្ទីរពេទ្យ។

ផ្លូវ​ធ្វើដំណើរ​វែងឆ្ងាយ ចំណាយពេល​យូរ រីឯ​សេវា​ព្យាបាល​ជំងឺ​ក៏មាន​តម្លៃ​ខ្ពស់​និង​មិនសូវមាន​ប្រសិទ្ធភាព​ទៀត។ នេះ​ជា​ចំណោទ​ដែល​បណ្តាល​ឲ្យ​បញ្ហា​សុខភាព​បាន​ក្លាយជា​មូលហេតុ​ធំធេង​មួយ​នៃ​ភាពក្រីក្រ​នៅ​កម្ពុជា។ អ្នក​ដែល​គ្មាន​ជម្រើស​សុខចិត្ត​ព្យាបាល​តាម​លទ្ធភាព​នៅឯ​ផ្ទះ​និង​បណ្តោយ​តាម​យថាកម្ម។ អ្នកខ្លះ​បង្ខំចិត្ត​លក់​ឬ​បញ្ចាំ​ដីស្រែ​ចម្ការ​បន្តិចបន្តួច​​ដែលជា​ដង្ហើមរស់​របស់​គ្រួសារ​ដើម្បី​ដោះ​ទ័ល។ ស្ថានភាព​នេះ​បានបង្ហាញ​ឲ្យ​ឃើញថា ពលរដ្ឋ​ខ្មែរ​រស់នៅក្នុង​ស្ថានភាព​រងារ ខ្វះ​ទីពឹង ដោយសារតែ​ប្រព័ន្ធ​ធា​រា​រ៉ាប់រង​សង្គម​នៅ​ចន្លោះប្រហោង​ធំធេង​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​ជា​ចាំបាច់។

តាមពិត គំរោង​ផ្តល់ជូន​នូវ​ការធានារ៉ាប់រង​ខ្នាតតូច​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ត្រូវបាន​រដ្ឋាភិបាល​ដោយមាន​ការគាំទ្រ​ពី​ដៃគូ​អភិវឌ្ឍន៍​រៀបចំ​គំរោង​ជាច្រើន​ឆ្នាំ​មកហើយ។ គំរោង​នោះ​មានការ​ធានារ៉ាប់រង​ផ្នែក​សុខភាព ផ្នែក​ដំណាំ​កសិកម្ម បញ្ហា​ទឹកជំនន់ ការអប់រំ និង​ការធានារ៉ាប់រង​លើ​ការចំណាយ​ទៅលើ​ពិធី​បុណ្យសព​ជាដើម។ ប្រជាពលរដ្ឋ​ទទួលបាន​ការធានារ៉ាប់រង​ខ្នាតតូច​ដោយ​គ្រាន់តែ​ពួកគេ បង់១ដុល្លារ​ក្នុង១ខែ ឬ​ត្រឹម៦ដុល្លារ​អាមេរិក​ក្នុង​មួយឆ្នាំ​ប៉ុណ្ណោះ តាម​រយៈ​​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ណាមួយ ដែល​ទទួលបាន​សិទ្ធិ​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ គំរោង​នេះ​ក៏មាន​ផ្តល់​សេវា​សំខាន់​ដល់​ជនក្រីក្រ​កម្ពុជា​ដែរ ដូចជា​គ្រា​មាន​អាសន្ន​បន្ទាន់ និង​ក្នុងពេល​មាន​វិបត្តិផ្សេងៗជាយថាហេតុ។ ប៉ុន្តែ គម្រោង​បែបនេះ​វា​គ្រាន់តែ​ជា​ទឹក​មួយ​ដំណក់​ស្រក់​ក្នុង​មហាសមុទ្រ​តែប៉ុណ្ណោះ​បើ​ធៀប​នឹង​ចំនួន​ប្រជាពលរដ្ឋ​ទូទៅ។

ជាការ​ពិតណាស់ ប្រជាពលរដ្ឋ​កម្ពុជា​បច្ចុប្បន្ន លើកលែងតែ​អ្នកមាន​ជីវភាព​ធូ​ធារ​មួយចំនួន​តូច និង​អ្នក​បម្រើការ​ឲ្យ​ក្រុមហ៊ុនធំៗមួយចំនួន​ដ៏​តិចតួច​ប៉ុណ្ណោះ​ដែលមាន​លទ្ធភាព​បង់ប្រាក់​សេវា​ធានារ៉ាប់រង​ក្នុង​កម្រិត​ណាមួយ។ ក្រៅពីនោះ ពួកគេ​រស់នៅ​គ្មាន​ទីពឹង​តាម​យថាកម្ម។ ងាក​ទៅ​មើល​មនុស្ស​ចាស់​វិញ អវត្តមាន​ប្រព​ន្ធ័​ធានារ៉ាប់រង​សង្គម ខណៈដែល​មណ្ឌល​ចាស់​ជរា​​ក៏​មិនសូវមាន បាន​ជំរុញ​ឲ្យ​មនុស្ស​ចាស់​ជាពិសេស​អ្នក​ដែល​គ្មាន​កូនចៅ ញាតិ​សណ្តាន រស់ក្នុង​សភាព​រងារ​ឯការ​យ៉ាងខ្លាំង។

ដូច្នេះ គោលនយោបាយ​ដាក់​ឲ្យ​មានការ​ធានារ៉ាប់រង​ខ្នាតតូច​សម្រាប់​ជនក្រីក្រ​ពិត​ជាមាន​សារសំខាន់​ណាស់​ដែល​រដ្ឋាភិបាល​ត្រូវ​យកចិត្តទុកដាក់​និង​ពង្រីក​ឲ្យ​បាន​ទូលំទូលាយ​នៅ​ទូទាំងប្រទេស។ វា​ប្រៀបបាន​ទៅនឹង​សំណាញ់​សុវត្ថិភាព​សង្គម​សម្រាប់​ជួយ​ការពារ​ជនក្រីក្រ​ឲ្យ​ចាក​ផុតពី​ភាព​រងារ។ សេវា​មីក្រូហិរញ្ញវត្ថុ​ដែល​កំពុង​រីកដុះដាល​ព្រោងព្រាត​ក៏​ជា​ចំណែក​មួយ​ដែរ​ក្នុង​ការជួយ​ដល់​ទ័ល​ប្រជាពលរដ្ឋ​ក្រីក្រ។ ប៉ុន្តែ តម្លៃ​ការប្រាក់​ខ្ពស់​គឺជា​ហានិភ័យ​សម្រាប់​កូនបំណុល​មួយចំនួន។

មាន​វិធី​ច្រើនយ៉ាង​ដែល​អាចជួយ​រំដោះ​ពលរដ្ឋ​ក្រីក្រ​ខ្មែរ​ចេញពី​ភាព​រងារ៖ ទី១ ការបង្កើត​ឲ្យ​មានការ​ធានារ៉ាប់រង​ខ្នាតតូច​នៅ​ទូទាំងប្រទេស។ ទី២ រដ្ឋាភិបាល​ត្រូវ​សម្រេច​ឲ្យ​បាន​នូវ​គោលនយោបាយ​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​បម្រើ​ពលរដ្ឋ​របស់ខ្លួន​ឲ្យ​បានល្អ​និង​ត្រូវ​ផ្តល់​សេវា​ដល់​ពួកគេ​ដោយ​មិន​គិតថ្លៃ​និង​មាន​ឲ្យ​ប្រសិទ្ធភាព។ ទី៣ ការបង្កើត​មូលនិធិ​ចាំបាច់​នានា​ដើម្បី​ជួយ​គ្នា​ក្នុង​គ្រាអាសន្ន។ ទី៤ ការ​បង្ខិត​មណ្ឌល​សុខភាព​ដែលមាន​សេវា​ថោក​និង​មានគុណ​ភាព​ឲ្យ​ទៅជិត​ផ្ទះ​ប្រជាពលរដ្ឋ និង​ទី៥ គឺ​គោលនយោបាយ​បង្កើន​ជីវភាព​របស់​ពលរដ្ឋ​នៅ​ទីជនបទ​ដើម្បី​ឲ្យ​ពួកគេ​ចាក​ចេញពី​ភាពក្រីក្រ​ឲ្យ​បាន​ឆាប់។ 

ប្រសិនបើ​លក្ខខណ្ឌ​ចាំបាច់​ទាំងអស់នេះ​លេចចេញ​ជា​រូបរាង​នៅ
កម្ពុជា​មែន​វា​នឹង​ក្លាយទៅជា​សំណាញ់​សុវត្ថិភាព​សង្គម​មួយ​សម្រាប់​កាត់បន្ថយ​ហានិភ័យ និង
កាត់បន្ថយ​ភាព​ងាយ​រងគ្រោះ​នានា​ដែល​ពលរដ្ឋ​ក្រីក្រ​និង​ក្រុម​អ្នកមាន​ប្រាក់ចំណូល​ទាប
កំពុង​ប្រឈមមុខ​យ៉ាង​ពេញទំហឹង​នៅពេល​បច្ចុប្បន្ននេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ