អានតួអត្ថបទ
ថៃ

របបសឹក​ថៃ​បន្ត​ចាប់ខ្លួន​ពួក​ប្រឆំាង​រដ្ឋប្រហារ និង​ពង្រឹង​សន្តិសុខ​ក្នុង​ទីក្រុង​បាងកក

ពេញ​មួយ​ថ្ងៃ​អាទិត្យ ទី៨ មិថុនា និង​បន្ត​រហូត​មក​ដល់​ថ្ងៃ​ចន្ទ ទី៩ មិថុនា​នេះ ទីក្រុង​បាងកក​កំពុង​បន្ត​ស្ថិត​ក្រោម​ការ​យាមកាម​ពី​សំណាក់​ទាហាន និង​ប៉ូលិស​ជា​ច្រើន​ពាន់នាក់។ នៅ​ក្នុង​ក្បួនបាតុកម្ម​ប្រឆំាង​នឹង​រដ្ឋប្រហារ​នា​ថ្ងៃ​អាទិត្យ​ម្សិលមិញ កម្លំាង​ប៉ូលិស​បាន​ចាប់​ខ្លួន​អ្នក​ចេញ​មុខ​ប្រឆំាង​នឹង​រដ្ឋប្រហារ​ចំនួន ៧នាក់​បន្ថែម​ទៀត។ នៅ​ថ្ងៃ​សុក្រ​កន្លង​ទៅ មេបាតុករ​ប្រឆំាង​រដ្ឋប្រហារ​ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ងើបបះបោរ​ប្រឆំាង​របបសឹក និង​ការ​លើក​ម្រាមដៃ ៣ ដូច​ក្នុង​ភាពយន្ត « The Hunger Games » ដែល​តំណាង​ឲ្យ​និមិត្តរូប​របស់​អ្នកតស៊ូ​ប្រឆំាង​នឹង​របប​ផ្តាច់ការ។

មេរដ្ឋប្រហារ​យោធា​ថៃ ចាន់អូចា
មេរដ្ឋប្រហារ​យោធា​ថៃ ចាន់អូចា REUTERS/Damir Sagolj
ផ្សាយពាណិជ្ជកម្ម

 

តំាង​ពី​ទីក្រុង​បាងកក​ធ្លាក់​ក្នុង​កណ្តាប់​ដៃ​យោធា​នៅ​ថ្ងៃ​ទី២២ ឧសភា និង​បើ​ទោះបី​ជា​របបសឹក​ហាម​មិន​ឲ្យ​ធ្វើ​បាតុកម្ម ឬ​មួយ​ក៏​ការ​ជួបជុំ​គ្នា​លើស​ពី​៥នាក់​ក៏​ដោយ ក៏​គេ​នៅ​តែ​សង្កេត​ឃើញ​មាន​ការ​រៀបចំ​ក្បួន​បាតុកម្ម​ជា​ហូរហែ​ក្រោម​ទ្រង់ទ្រាយធំ តូច​មក​ទល់​ថ្ងៃ​នេះ។ ជាក់ស្តែង​នៅ​ថ្ងៃ​អាទិត្យ ទី៨ មិថុនា​ម្សិលមិញ របបសឹក​បាន​ដាក់​ពង្រាយ​កម្លំាង​ប៉ូលិស និង​ទាហាន​មាន​គ្នា​សរុប​ជាង ៦ ៥០០នាក់​នៅ​តាម​ទីតំាង​សំខាន់ៗ​ជា​ច្រើន​ក្នុង​ទីក្រុង​បាងកក​ដើម្បី​ប្រឈម​ទប់​នឹង​ក្បួន​បាតុកម្ម​នានា។ តែ​នៅ​ទីបំផុត ចំនួន​អ្នក​ចូលរួម​ហាក់​ដូច​ជា​មិន​សូវ​មាន​​ច្រើន​ដូច​បាន​ប្រកាស​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្តី ក៏​ក្បួនបាតុកម្ម​ក្រោម​ទ្រង់ទ្រាយ​តូច​នេះ​ត្រូវ​បាន​មធ្យោបាយ​ឃោសនា​មហាជនជាតិ និង​អន្តរជាតិ​នំា​គ្នា​ចាប់​អារម្មណ៍​យ៉ាង​ខ្លំាង។

មាន​បាតុករ​ប្រឆំាង​នឹង​រដ្ឋប្រហារ​យោធា​ប្រមាណ​ជា ២០នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ស្រែក​ប្រឆំាង​នៅ​ពី​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយ​ក្រោម​ក្រសែភ្នែក​របស់​ទាហាន និង​ប៉ូលិស​រាប់រយនាក់។ នៅ​ទីបំផុត កងប៉ូលិស​បាន​ចាប់​បាតុករ ៧នាក់​បញ្ជូន​ទៅ​កាន់​ទីស្នាក់ការ​កងទ័ព។ កងទ័ព​ដែល​ធ្លាប់​បាន​ប្រកាស​ព្រមាន​ពួកបាតុករ និង​ក្រុមគ្រួសារ​របស់​ពួក​គេ ពិសេស​ចាប់​បញ្ជូន​ទៅ​កាត់ទោស​នៅ​តុលាការ​យោធា។ តែ​រហូត​មក​ទល់​ពេល​នេះ របបសឹក​នៅ​មិន​ទាន់​បាន​អនុវត្តន៍​វិធានការ​នេះ​នៅ​ឡើយ​ទេ។

កាល​ពី​ថ្ងៃ​សុក្រ ទី៦ មិថុនា​កន្លង​ទៅ ទាហាន​បាន​ចាប់​ខ្លួន​មេបាតុករ​ឈ្មោះ សម្បត្តិ ប៊ុនហ្គាម៉ាណង​ដោយ​បាន​ចោទ​ពី​បទ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ងើប​បះបោរ​ប្រឆំាង​រដ្ឋប្រហារ និង​ការ​លើក​ម្រាមដៃ ៣ ដូច​ក្នុង​ភាពយន្ត « The Hunger Games »។ ការ​លើក​ម្រាមដៃ ៣ ដែល​ជា​និមិត្តរូប​តំណាង​ឲ្យ​អ្នកតស៊ូ​ប្រឆំាង​នឹង​របប​ផ្តាច់ការ។ មេរដ្ឋប្រហារ​ចាន់អូចា​បាន​អំពាវនាវ​តាម​កញ្ចក់​ទូរស្សន៍​កុំ​ឲ្យ​លើក​ម្រាមដៃ ៣ ជា​បន្ត​ទៀត ព្រោះ​វា​ជា​ការ​ធ្វើ​តម្រាប់​តាម​ជន​បរទេស។ គួរ​រម្លឹក​ជូន​ថា តំាង​ពី​ក្រោយ​រដ្ឋប្រហារ​យោធា​ដែល​បាន​ទទួល​រង​ការ​រិះគន់ ទិតៀន​យ៉ាង​ខ្លំាង​ពី​សហគមន៍​អន្តរជាតិ​មក របបសឹក​ក្រុង​បាងកក​បាន និង​កំពុង​បន្ត​ជម្រះ​បញ្ជី​ជាមួយ​ក្រុមប្រឆំាង​ខ្លួន ដោយ​បាន​កោះហៅ​មនុស្ស​ជាង ៣០០នាក់ មាន​ទំាង​អ្នក​នយោបាយ គ្រូបង្រៀន ឬ​មួយ​អ្នក​កាសែត​ឲ្យ​ចូល​ជួប។

ក្នុង​ចំណោម​អ្នក​កោះហៅ​ទំាង​នោះ មាន​មួយ​ភាគ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ បន្ទាប់​ពី​ពួក​គេ​បាន​ចុះ​កិច្ចសន្យា​ឈប់​ប្រឆំាង​រដ្ឋប្រហារ និង​បញ្ឈប់​នូវ​គ្រប់​សកម្មភាព​នយោបាយ។ រីឯ​អ្នកខ្លះ​ទៀត​ត្រូវ​បាន​គេ​ឃុំ​នៅ​កន្លែង​សម្ងាត់​មក​ដល់​សព្វថ្ងៃ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ