អានតួអត្ថបទ
ថៃ

របបសឹក​លើក​បម្រាម​គោចរ​មួយ​ភាគ​ដើម្បី​ទាក់ទាញ​ទេសចរ

របប​សឹក​ថៃ​បាន​ប្រកាស​នៅ ល្ងាច​ថ្ងៃ​អង្គារ​ទី ៣ មិថុនា​នេះ លើក​បម្រាម​គោចរ​ចេញ​វិញ សម្រាប់​​​​តំបន់​ទេស​ចរណ៍​បី​កន្លែង ដើម្បី​សាក​ល្បង​ទាក់ទាញ​​ភ្ញៀវ​ទេសចរ។ ស្ថានភាព​នយោបាយ​គ្មាន​ស្ថិរភាព បាតុកម្ម​អូស​បន្លាយ​អស់​ជា​ច្រើនខែនៅ​កណ្តាល​ក្រុង​បាងកក បន្ត​ហូរហែ ដោយ​រដ្ឋប្រហារ​យោធា​ថ្ងៃ​ទី ២២​ឧសភាទៀត​ បាន​ធ្វើ​ទេសចរ​បរទេស​ មាន​ការ​ភ័យ​ខ្លាច ចំនួន​ទេសចរ​ធ្លាក់​ចុះ។

ទេសចរ​​កំពុង​ហែល​ទឹកលេង​នៅតំបន់​កោះ Kut ភាគ​ខាង​ត្បូង​ប្រទេស​ថៃ
ទេសចរ​​កំពុង​ហែល​ទឹកលេង​នៅតំបន់​កោះ Kut ភាគ​ខាង​ត្បូង​ប្រទេស​ថៃ REUTERS/Athit Perawongmetha
ផ្សាយពាណិជ្ជកម្ម

បម្រាម​គោចរ​ ដែលមេ​ដឹកនាំ​យោធា​បាន​​ប្រកាស​ដាក់​តាំង​ពី​ថ្ងៃ​ទី ២២​ឧសភា​មក នៅតែ​មាន​សុពលភាព​ពេញផ្ទៃ​ប្រទេស​ថៃ​ទាំង​មូលដដែល លើក​លែង​តែ​តំបន់​ទេសចរណ៍​​ ​ កោះ​ភូកេត សាមួយ និង​តំបន់​មាត់​សមុទ្ទ ផាតាយ៉ា បី​កន្លែងនេះប៉ុណ្ណោះ។ ហេតុផល​នៃ​ការ​លើក​បម្រាម​មួយ​ភាគ​ គឺ​ដើម្បី​ទាក់ទាញ​ទេសចរ។

 
​ទេសចរណ៍​ ជា​វិស័យដ៏​សំខាន់​មួយ​របស់​ថៃ ដែល​ល្បី​ថា​ជា​ប្រទេស​នៃ​ស្នាម​ញញឹម។ កាលពី​ឆ្នាំ​២០១៣ ចំនួន​ទេសចរ​បរទេស​មក​ទស្សនា​ប្រទេស​នេះ​បាន​ឡើង​ដល់​កំរិត​កំពូល​មិន​ធ្លាប់​មាន ២៦,៥​លាននាក់។ ប៉ុន្តែ​ដោយ​ហេតុ​វិបត្តិ​នយោបាយ​អូស​បន្លាយ​អស់​រយៈ​ពេល​៧​ខែ បន្ទាប់​មក​មាន​រដ្ឋ​ប្រហារ​យោធា​ទៀត​នោះ ចំនួន​ទេសចរ​បាន​ធ្លាក់​ចុះ​៥%​សម្រាប់​ត្រីមាស​ដំបូង​ឆ្នាំ​២០១៤ បើ​ប្រៀប​ទៅ​នឹង​ឆ្នាំ​មុនៗ។ បើ​តាម​ប្រមុខ​យោធា​ទទួល​បន្ទុក​ផ្នែក​ទេស​ចរណ៍ ក្រោយ​ ​រដ្ឋ​ប្រហារ​ភ្លាម​ ចំនួន​ជន​បរទេស​ចូល​ទស្សនា​ប្រទេស​ថៃ បាន​ធ្លាក់​ចុះ​អស់​ប្រមាណ​២០%។

សណ្ឋាគារ ក្រុមហ៊ុន​អាកាសចរណ៍ សង្ឃឹម​ថា ជាមួយ​ការ​បន្ធូរ​បន្ថយ​ លើក​បម្រាម​គោចរ​ចេញ ភាព​ជឿជាក់​អាចនឹង​កើត​ឡើង​វិញ ! មិន​យូរ​ទេ​ផល​ប៉ះពាល់​នៃ​វិបត្តិ​នយោបាយ​នឹង​រសាត់ផុត ចរន្ត​ទេសចរ​ណ៍​នឹង​វិល​មក​រក​ភាព​ដើម​វិញ។ សូម​បញ្ជាក់​ថា​វិបត្តិ​នយោបាយ​ថៃ នេះ បាន​ធ្វើ​​ឱ្យ​សេដ្ឋកិច្ច​ថៃ​ធ្លាក់​ចុះ​០,៦% ទាប​មិនធ្លាប់​មាន​គិត​ចាប់​ពី​ថៃ​ជួប​គ្រោះ​ទឹ​ក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​ឆ្នាំ​២០១១​មក។ អ្នក​ឯកទេស​ គិត​ថា​ សេដ្ឋកិច្ច​ថៃ​នៅ​តែ​បន្ត​រួញ​ក្រញាញ់​ទៀត​ក្នុង​ត្រីមាស​ទី​ឆ្នាំ​២០១៤​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ