អានតួអត្ថបទ
ថៃ

មេក្រុមអាវក្រហមថៃ​ត្រូវ​កងទ័ព​ដោះលែង ​ចំណែក ​Facebook ​ត្រូវ​ជាប់គាំង​មួយរយៈ

មេដឹកនាំ​រដ្ឋាភិបាល​យោធា​ថៃ​បាន​ប្រកាស​ នៅថ្ងៃ​ពុធ​ថា មេដឹកនាំ​ក្រុម​អាវក្រហម ដែល​ត្រូវ​បាន​ចាប់ឃុំខ្លួន តាំង​ពីថ្ងៃ​រដ្ឋប្រហារ​មក​នោះ ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ។ នៅថ្ងៃ​ពុធ​នេះ​ដែរ ភាព​ឆោឡោ​មួយ​បាន​កើតមាន​ឡើង ក្រោយ​ពី​​បណ្តាញ​សង្គម Facebook នៅ​ក្នុង​ប្រទេស​ថៃ​ត្រូវ​ជាប់គាំង​មួយរយៈ ដោយ​​គេ​សង្ស័យថា មេទ័ព​ថៃ​ជា​អ្នក​បិទ។

Facebook នៅថៃ​ត្រូវ​ជាប់គាំង​ប្រមាណ​ជា ៣០នាទី នៅរសៀល​ថ្ងៃ​ពុធ ២៨ឧសភា
Facebook នៅថៃ​ត្រូវ​ជាប់គាំង​ប្រមាណ​ជា ៣០នាទី នៅរសៀល​ថ្ងៃ​ពុធ ២៨ឧសភា REUTERS/Dado Ruvic/Files
ផ្សាយពាណិជ្ជកម្ម

 

អ្នកនាំពាក្យ​កងទ័ព​ថៃ​បាន​ឲ្យដឹង​ថា គិតចាប់តាំង​ពី​ថ្ងៃ​ដែល​កងទ័ព​ធ្វើ​រដ្ឋប្រហារ កាល​ពីថ្ងៃ​ព្រហស្បតិ៍ ២២ឧសភា​មក មានមនុស្សចំនួន ២៥៣រូប ដែល​ត្រូវ​បាន​កងទ័ព​កោះហៅ​។ ក្នុងនោះ មាន ៥៣នាក់​​មិន​បង្ហាញ​ខ្លួន។ ​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ខ្លួន​តាម​ការ​កោះ មាន ៧៦​នាក់ កំពុង​ជាប់ឃុំ​នៅឡើយ ចំណែក​ក្រៅពីនោះ​ត្រូវ​បាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ទាំងអស់ ក្នុងនោះ​ ក៏រួមមាន​លោកស្រី​យីងឡាក់ អតីត​នាយករដ្ឋមន្រ្តី និង​លោក​អាភិស៊ីត ប្រមុខដឹកនាំ​បក្ស​ប្រឆាំង​ផងដែរ។

​លោក​ចតុផន ព្រំផាន​ ព្រមទាំង​មេដឹកនាំ​ក្រុម​អាវក្រហម​ផ្សេងទៀត ត្រូវ​បាន​រដ្ឋាភិបាល​យោធា​ថៃ​ដោះលែង​ឲ្យ​មាន​សេរីភាព នៅថ្ងៃ​ពុធ​នេះ។ ក៏ប៉ុន្តែ មន្រ្តី​អ្នកនាំពាក្យ​កងទ័ព​ថៃ​បាន​បញ្ជាក់ថា អ្នក​ដែល​ត្រូវ​បាន​ដោះលែង​អស់ទាំងនេះ​មិន​អាច​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​បាននោះទេ ហើយ​ត្រូវ​ហាមឃាត់​មិន​ឲ្យ​​បញ្ចេញ​មតិ​​យោបល់​អ្វី​ទាំងអស់​​ ដែល​ទាក់ទង​នឹង​រឿង​នយោបាយ។

ការចាប់ឃុំខ្លួន​អ្នក​នយោបាយ ការ​ដាក់បម្រាម​គោចរ និង​ការ​ហាមឃាត់​ការ​ជួប​ប្រជុំគ្នា គឺ​ជា​វិធានការ ដែល​មេទ័ព​ថៃ​បាន​ដាក់ ក្នុងគោលដៅ ចៀសវាង​កុំ​ឲ្យ​មាន​ចលនា​ប្រឆាំង​នឹង​រដ្ឋប្រហារ។ ក៏ប៉ុន្តែ គេ​សង្កេតឃើញ​ថា បើទោះបីជា​មាន​វិធានការ​តឹងរ៉ឹង​បែបនេះ​ក៏ដោយ ចលនា​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​យោធា​ថៃនៅតែ​បាន​កើតឡើង​ជា​បន្តបន្ទាប់ ហើយ​ជា​ទូទៅ ការ​ប្រកូកប្រកាស​ឲ្យ​ចេញ​ធ្វើ​បាតុកម្ម​ទាំងនេះ​ត្រូវ​បាន​ធ្វើឡើង តាមរយៈ​បណ្តាញ​សង្គម ដូចជា Facebook  និង Twitter ជាដើម។

នៅរសៀល​ថ្ងៃ​ពុធ ភាព​ឆោឡោ​មួយ​បាន​ផ្ទុះឡើង ក្រោយ​ពី Facebook នៅ​ថៃ​ត្រូវ​គាំង​លែង​ដំណើរការ​រយៈពេល ៣០នាទី ហើយ​ពាក្យចចាមអារ៉ាម​បាន​ផ្ទុះឡើង​ថា រដ្ឋាភិបាល​យោធា​ជា​អ្នក​ចេញ​បញ្ជា​ឲ្យ​បិទ Facebook ដើម្បី​បំបិទ​សំឡេង​ប្រឆាំង។ ក្រោយ​ពី​មាន​ភាពឆោឡោ​នេះ កងទ័ព​ថៃ​ក៏​បាន​ចេញមុខ​ប្រកាស​តាម​ទូរទស្សន៍​ជាតិ​ថា ខ្លួន​មិន​បាន​បិទ Facebook ដូច​ពាក្យ​ចចាមអារ៉ា​ម​នេះ​ទេ។

ក៏ប៉ុន្តែ អ្នក​ប្រើ​អ៊ីនធ័រនែត​ខ្លះ​នៅតែ​មាន​មន្ទិលសង្ស័យថា ការជាប់គាំង Facebook នៅថ្ងៃ​ពុធ ទំនង​ជា​ការ​សាកល្បង​មួយ​របស់​កងទ័ព​ថៃ ដើម្បី​ត្រៀម​បិទ​បណ្តាញ​សង្គម នៅ​ពេល​ណា​មាន​ចលនា​ប្រឆាំង​ផ្ទុះឡើង​ខ្លាំង ឬ​ក៏​អាច​ជា​ការ​ព្រមាន​មួយ ដល់​អ្នក​ប្រើប្រាស់​បណ្តាញសង្គម​កុំ​ឲ្យ​ប្រឆាំង​នឹងរដ្ឋប្រហារ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ