អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន

អ៊ីស្រាអែល​មិន​ទទួល​ស្គាល់​ ​រដ្ឋាភិបាល​ឯកភាព​ជាតិថ្មី​របស់​​ប៉ាឡេស្ទីន​

ភាព​ប្រេះ​ឆា​ជាតិ ទំនង​កំពុង​ផ្សះផ្សា​ជាប់​វិញ​ហើយ ! រដ្ឋាភិបាល​ឯកភាព​ជាតិ​ប៉ាឡេស្ទីន​ បាន​បង្កើត​ឡើង​និង​ស្បថ​ចូល​កាន់​តំណែង​នៅ​ថ្ងៃ​ចន្ទ​ទី ២ មិថុនា។ ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន​ លោក មះមូត អាបាស បាន​ប្រកាស​ “បិទ​បញ្ចប់​ការ​ទាស់​ទែង​ផ្ទៃក្នុង”។ ប៉ុន្តែ​អ៊ីស្រាអែល​ស្រែក​​បដិសេធ ឈប់​ចូល​ចរចា​សន្តិភាព​ជាមួយ​ និង​គំរាម​ដាក់​ទណ្ឌកម្មបន្ថែម​លើ​ប៉ាឡេស្ទីន។

លោក Mahmoud Abbas ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន ពេល​រដ្ឋាភិបាល​ឯកភាព​ជាតិ ស្បថ​ចូល​កាន់​តំណែង ថ្ងៃទី ២ មិថុនា ២០១៤
លោក Mahmoud Abbas ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន ពេល​រដ្ឋាភិបាល​ឯកភាព​ជាតិ ស្បថ​ចូល​កាន់​តំណែង ថ្ងៃទី ២ មិថុនា ២០១៤ REUTERS/Mohamad Torokman
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​ឯកភាព​ប៉ាឡេស្ទីន មាន​សមាភាព​រដ្ឋមន្ត្រី​ ១៧​រូប គាំទ្រ​ដោយ​អាជ្ញាធរ​ប៉ាឡេស្ទីន និង​ដោយ​ចលនា​អាម៉ាស។ ចលនា​ហាម៉ាស ដែល​បាន​ប្រកាស​ភ្លាម​ពី​ទី​ស្នាក់ការ​នៅ​ហ្កាហ្សា ថា​នឹង​ប្រគល់​អំណាច​ ដល់​ក្រុមការងារ​ជា​រដ្ឋាភិបាល​ថ្មី​បង្រួប​បង្រួម​ជាតិ។

 
ហាម៉ាស​បាន​ធ្លាក់​ក្រោយ​ ទើប​ព្រមទទួល​យក​គំនិត​ផ្តួច​ផ្តើម​ផ្សះផ្សា​ជាតិ​ថ្មី​នេះ។ ពី​មុន​មក​អង្គការ​អ៊ីស្លាម​ជ្រុល​និយម​ហាម៉ាស​នេះ តែង​រំពឹង​លើ​ក្រុម​អ៊ីស្លាម​ភាតរបុត្រ​ក្នុង​តំបន់ ប៉ុន្តែ​ក្តី​សង្ឃឹម​ត្រូវ​រលត់​បន្ទាប់​ពី​អតីត​ប្រធានាធិបតី​អេហ្ស៊ីប មហាម៉េត ម័រស៊ី ធា្លក់​ពី​តំណែង។ កាន់​តែ​ ឯកា​ទៀត​ ដោយ​ត្រូវ​កាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​របប​​ស៊ីរី​របស់​លោក បាស្ហារ អាល់អាសាទ ដូច្នេះ​កាន់​តែ​ឃ្លាត​ឆ្ងាយ​ពី​មេបា​អ៊ីរ៉ង់។​

ចំណែក​ខាង​អាជ្ញាធរ​ប៉ាឡេស្ទីន​របស់​លោក មះមូដ អាបាស​វិញ ក៏​​ប្តូរ​ផ្លាស់ជំហរ​ងាក​មក​ផ្សះផ្សា​ ព្រោះ​បរិបទ​តម្រូវ។ ​ផែនការ​​ចរចា​៩ខែ​ អ៊ីស្រាអែល ប៉ាឡេស្ទីន ស្នើ​ឡើង​រដ្ឋបាល​អាមេរិក​ មិន​បានសម្រេច​លទ្ធផល​។ ការ​ចរចាដែល​ចលនា​ហាម៉ា ចាត់​ទុក​ជា​ឧបសគ្គ​នៃ​ការ​ផ្សះផ្សា​ជាតិ​ប៉ាឡេស៊ីន។

ជា​សរុប និង​ជា​លើក​ទី​មួយ ក្នុង​រយៈ​ពេល​៧​ឆ្នាំ បណ្តា​ជន​ប៉ាឡេស្ទីន​ បាន​ស្គាល់​និង​បាន​ឃើញ​រូបរាង​រដ្ឋាភិបាល​រួម​តែ​មួយ​ គ្រប់គ្រង​ទាំង​តំបន់​ហ្កាហ្សា និង​ស៊ីហ្ស័កដានី ដែល​នឹង​មាន​ពេញ​គ្រប់​​លក្ខណៈ​ ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​និង​សភា។

សហរដ្ឋ​អាមេរិក បាន​គូស​បញ្ជាក់​រួច​ហើយ​ថា​នឹង​ធ្វើ​ការពិភាក្សា​ជាមួយ​រដ្ឋាភិបាល​ឯកភាព​នេះ ប៉ុន្តែ​គ្មាន​ផ្លូវ​ឡើយ​សម្រាប់​អ៊ីស្រាអែល ! នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ចោទ​ប្រកាន់​លោកមះមូដ អាបាស ថា​បាន​​​ជ្រើសរើស​ភេរវនិយម ជា​ជាង​សន្តិភាព” ជា​ពាក្យ​ចោទ​ប្រកាន់​ដែល​គេ​ធ្លាប់​ឮ​ញយ​ដង​ហើយ ! មិន​តែ​ប៉ុណ្ណោះ រដ្ឋមន្ត្រី អ៊ីស្រាអែល​ជា​ច្រើន បាន​រិះគន់​ យ៉ាង​ចាស់​ដៃ​ ចំពោះ​ភាព​​ឆោត​ល្ងង់​របស់​អាមេរិក​ដែល​ព្រម​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ថ្មី​ប៉ាឡេស្ទីន។

សម្រាប់​អ៊ីស្រាអែល គ្មានទេ​ការ​ចរចាជាមួយ​រដ្ឋាភិបាល​ប៉ាឡេស្ទីន ដែល​គាំទ្រ​ដោយ​ចលនា​ហាម៉ាស ព្រោះ​ចលនា​នេះ​​អង្គការ​ភេរវនិយម​ដែល​មាន​កម្មវត្ថុ​ចង់​បំផ្លាញ​រដ្ឋ​អ៊ីស្រាអែល។ ដូច្នេះ​ហើយ​បាន​នៅ​រសៀល​ថ្ងៃ​ចន្ទ​ម្សិលមិញ ក្រុមប្រឹក្សា​បាន​ជួប​ប្រជុំ​គ្នា​រៀបចំ​ គម្រោង​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​អាជ្ញាធរ​ប៉ាឡេស្ទីន ប៉ុន្តែ​មិន​បាន​បញ្ជាក់​អំពី​ប្រភេទ​ទណ្ឌកម្ម​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ