អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប៉ាឡេស្ទីន៖រដ្ឋាភិបាល​ឯកភាពជាតិ​ត្រូវ​បាន​បង្កើត​ឡើង តែ​ឧបសគ្គ​នៅ​មានច្រើន​រវាង​ចលនា​ហាម៉ាស់ និង​ហ្វាតា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ដែនដី​ប៉ាឡេស្ទីន រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​ដឹកនំា​ដោយ​លោក​នាយករដ្ឋមន្រ្តី​រ៉ាមី ហំាដាឡា (Rami Hamdallah) បាន​ធ្វើ​សច្ចាប្រណិធាន​ចូល​កាន់​តំណែង​ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ ទី២ មិថុនា ឆ្នំា ២០១៤។ រដ្ឋាភិបាល​ឯកភាពជាតិ​ប៉ាឡេស្ទីន​មួយ​នេះ គឺ​ជា​ផ្លែផ្កា​បាន​មក​ពី​កិច្ចព្រមព្រៀង​ចុះ​ហត្ថលេខា​រវាង​ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា។ រហូត​មក​ដល់​បច្ចុប្បន្ន ចលនា​ប៉ាឡេស្ទីន​ទំាង​ពីរ​នេះ​បាន​គ្រប់គ្រង​ដែនដី​ប៉ាឡេស្ទីន​ពីរ​កន្លែង​ខុស​គ្នា។ ចលនា​ហាម៉ាស់ Hamas) គ្រប់គ្រង​នៅ​តំបន់​ហ្កាហ្សា ចំណែក​ចលនា​ហ្វាតា (Fatah) គ្រប់គ្រង​តំបន់​ស៊ីយ៉កដានី។ លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់ (Mahmoud Abbas) បាន​ស្នើ​លោក​ហំាដាឡា​ឲ្យ​ប្រញិបប្រញាប់​រៀបចំ​សមាសភាព​រដ្ឋាភិបាល​ថ្មី​មួយ។ តែ​យ៉ាង​ណា​ក៏​ដោយ នៅ​មាន​ឧបសគ្គ​ជា​ច្រើន​ដែល​គូបដិបក្ខ​ទំាង​ពីរ​ត្រូវ​បន្ត​ដោះស្រាយ។

លោក​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន រ៉ាមី ហំាដាឡា (រូបឆ្វេង) និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់
លោក​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន រ៉ាមី ហំាដាឡា (រូបឆ្វេង) និង​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់
ផ្សាយពាណិជ្ជកម្ម

រហូត​មក​ដល់​សព្វថ្ងៃ និង​បើ​ទោះបី​ជា​មាន​ការ​ខិតខំ​ប្រឹងប្រែង​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ក៏​ដោយ ក៏​ប៉ាឡេស្ទីន​នៅ​មិន​ទាន់​ទទួល​បាន​លក្ខន្តិក​ជា​រដ្ឋ​មួយ​ពេញ​លក្ខណៈ​ដូច​រដ្ឋ​ស្របច្បាប់​ដទៃ​ទៀត​ក្នុង​លោក​នៅ​ឡើយ​ទេ។ នេះ​ក៏​ដោយសារ​ថា មក​ពី​ប៉ាឡេស្ទីន និង​អ៊ីស្រាអែល​នៅ​មិន​ទាន់​អាច​និយាយ​ចុះ​សម្រុង​គ្នា​ក្នុង​ការ​ស្វែង​រក​កិច្ចព្រមព្រៀង​សន្តិភាព​ដែល​អាច​ទទួល​យក​បាន​ទំាង​អស់​គ្នា។ តែ​ទន្ទឹម​គ្នា​នេះ ការ​វិវាទ​ផ្ទៃក្នុង​ក៏​បាន​បន្ត​កើត​មាន​ជា​ហូរហែ​រវាង​ចលនា​ប៉ាឡេស្ទីន​ពីរ គឺ​ចលនា​ហាម៉ាស់​ដែល​កំពុង​គ្រប់គ្រង​តំបន់​ហ្កាហ្សា និង​ចលនា​ហ្វាតា​ដែល​កំពុង​គ្រប់គ្រង​តំបន់​ស៊ីយ៉កដានី។ គឺ​ទើប​តែ​នៅ​យប់​ថ្ងៃទី២២ ឆ្លង​ចូល​ថ្ងៃទី២៣ មេសា​កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ដែល​គូវិវាទ​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្សះផ្សា​រវាង​គ្នា។ ពិធី​ចុះ​ហត្ថលេខា​កាលណោះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ដែនដី​ហ្កាហ្សា​របស់​ចលនា​ហាម៉ាស់​ក្រោម​អធិបតីភាព​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាប៉ាស​ដែល​តំណាង​ឲ្យ​ចលនា​ហ្វាត

 
គឺ​តាម​រយៈ​កិច្ចព្រមព្រៀង​ផ្សះផ្សា​គ្នា​នោះ​ឯង​ដែល​នំា​ឲ្យ​មាន​ការ​ប្រសូត្រ​ចេញ​នូវ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​នា​ពេល​នេះ។ រដ្ឋាភិបាល​ឯកភាពជាតិ​ដែល​ជា​អ្នក​គ្រប់គ្រង​ដែនដី​ប៉ាឡេស្ទីន​ទំាង​មូល​ដោយ​គ្មាន​ការ​ធ្វើ​អប្បគម​ពី​ចលនា​ណា​មួយ​ទៀត​ឡើយ មាន​ន័យ​ថា ជា​រដ្ឋាភិបាល​មួយ​ដែល​ចូល​រួម​ដោយ​គ្រប់​ភាគី​ជម្លោះ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា រដ្ឋាភិបាល​ឯកភាពជាតិ​នេះ​គ្រាន់​តែ​ជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប៉ុណ្ណោះ មាន​ន័យ​ថា ជា​រដ្ឋាភិបាល​មួយ​ដែល​មាន​តួនាទី​ជា​អ្នក​រៀបចំ​ត្រួសត្រាយ​ផ្លូវ​មួយ​ដើម្បី​រៀបចំ​ការ​បោះឆ្នោតសកល​មួយ​នា​ពេល​ខាង​មុខ។ តំណែង​រដ្ឋាភិបាល​បណ្តោះអាសន្ន​នេះ​ត្រូវ​បាន​ប្រគល់​ឲ្យ​លោក រ៉ាមី ហំាដាឡា។ មាន​អាយុ ៥៤ឆ្នំា លោក​រ៉ាមី ហំាដាឡា​ជា​ឥស្សរជន​នយោបាយ​ឯករាជ្យ​ម្នាក់​ដែល​មិនមែន​ចេញ​មក​ពី​ចលនា​ហាម៉ាស់ ឬ​មួយ​ក៏​ចលនា​ហ្វាតា​ទេ។

សហគមន៍​អន្តរជាតិ​មិន​សូវ​ស្គាល់ ឬ​មិន​ដែល​ស្គាល់​បុគ្គលិកលក្ខណៈ​របស់​លោក​រ៉ាមី ហំាដាឡា​ទាល់​តែ​សោះ តែ​បើ​និយាយ​នៅ​ក្នុង​ចំណោម​ប្រជាជន​ប៉ាឡេស្ទីន​វិញ មាន​ភាគច្រើន​បាន​ស្គាល់​លោក​រ៉ាមី ហំាដាឡា​ច្បាស់​ណាស់។ ស្គាល់​ច្បាស់ ព្រោះ​លោក​ជា​គ្រូបង្រៀន​ភាសា​ដ៏​ល្បី​ម្នាក់ និង​ក៏​ជា​នាយក​សាកលវិទ្យាល័យ​តំាង​ពី​ឆ្នំា ១៩៩៨ មក​ដែរ។ តាម​ពិត​ទៅ លោក​រ៉ាមី ហំាដាឡា​ត្រូវ​បាន​លោក​ម៉ាមូដ អាបាស់​ជ្រើស​តំាង​ជា​នាយករដ្ឋមន្រ្តី​ប៉ាឡេស្ទីន​តំាង​ពី​ខែ​មិថុនា ឆ្នំា ២០១៣ មក​ម្ល៉េះ ពោល​តំាង​ពី​ក្រោយ​ការ​លា​ចុះ​ពី​មុខ​តំណែង​របស់​លោក​សាឡំា ហ្វាយយ៉ាដ (Salam Fayyad) ក្នុង​ថ្ងៃទី១៣ មេសា ឆ្នំា ២០១៣។ កាល​ណោះ ចលនា​ហាម៉ាស់​មិន​បាន​ទទួល​ស្វាគមន៍​លោក​រ៉ាមី ហំាដាឡា​ទេ ព្រម​ទំាង​បាន​បរិហារ​ជម្រើស​រូប​លោក​ហំាដា​ថា ជា​ជម្រើស​មួយ​ថ្មី ដោយ​ផ្អែក​លើ​បទពិសោធន៍​ចាស់។

គឺ​ទើប​តែ​មាន​កិច្ចព្រមព្រៀង​ផ្សះផ្សា​រវាង​ចលនា​ហាម៉ាស់ និង​ចលនា​ហ្វាតា​កាល​ពី​ខែ​មេសា​កន្លង​ទៅ​ទេ ដែល​លោក​រ៉ាមី ហំាដាឡា​បាន​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ម្តង​ទៀត​ដែល​លើក​នេះ មិនមែន​ជា​នាយករដ្ឋមន្រ្តី​សម្រាប់​ដែនដី​គ្រប់គ្រង​ដោយ​ចលនា​ហ្វាតា​របស់​លោក​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ម៉ាមូដ អាបាស់​ទៀត​ទេ តែ​ជា​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រជាជន​ប៉ាឡេស្ទីន​ទំាង​មូល​ដោយ​គ្មាន​ការ​បែងចែក​បក្សពួក និង​ដែនដី។ តែ​អ្វី​ជា​ការ​កត់សម្គាល់​នោះ​នៅ​ត្រង់​ថា រដ្ឋាភិបាល​ឯកភាពជាតិ​របស់​លោក​ហំាដាឡា​គ្រាន់​តែ​ជា​រដ្ឋាភិបាល​បណ្តោះអាសន្ន​ប៉ុណ្ណោះ ព្រោះ​ថា​បើ​យោង​តាម​កិច្ចព្រមព្រៀង​ផ្សះផ្សា ការ​រៀបចំ​បោះឆ្នោត​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ចាប់​ពី​ពេល​នេះ ទៅ​ដល់​ថ្ងៃ​រៀបចំ​បោះឆ្នោត មាន​កិច្ចការ និង​ឧបសគ្គ​ជា​ច្រើន​ដែល​លោក​ហំាដាឡា​ត្រូវ​អនុវត្តន៍ និង​ដោះស្រាយ​ឲ្យ​បាន។ គួរ​រម្លឹក​ជូន​ថា ស្ថាប័ន​ប៉ាឡេស្ទីន​បាន​ចាប់​ផ្តើម​រង្គោះរង្គើ​តំាង​ពី​ឆ្នំា ២០០៧ មក​ម្ល៉េះ ពោល​តំាង​ពី​ចលនា​អ៊ីស្លាមនិយមជ្រុល​ហាម៉ាស់​បាន​បណ្តេញ​ចលនា​ហ្វាតា​ចេញ​ពី​ដែនដី​ហ្កាហ្សា។ គឺ​ពេល​នោះ​ហើយ​ដែល​ដែនដី​ប៉ាឡេស្ទីន​បាន​ពុះចែក​ជា​ពីរ​ចំណែក នៅ​ម្ខាង គឺ​តំបន់​ហ្កាហ្សា​គ្រប់គ្រង​ដោយ​ពួក​ហាម៉ាស់ និង​នៅ​ម្ខាង​ទៀត គឺ​តំបន់​ស៊ីយ៉កដានី​គ្រប់គ្រង​ដោយ​ពួក​ហ្វាតា។ ចលនា​ទំាង​ពីរ​នេះ​បាន​ចំណាយ​ពេល​អស់​ជា​ច្រើន​ឆ្នំា​ទំរំា​តែ​ប្រសូត្រ​បាន​នូវ​រដ្ឋាភិបាល​ឯកភាពជាតិ​មួយ​នា​ពេល​នេះ។

យ៉ាង​ណា​ក៏​ដោយ នេះ​គ្រាន់​តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ ព្រោះ​នៅ​មាន​ផ្លូវ​វែង​ឆ្ងាយ​ដ៏​លំបាក និង​ស្មុគស្មាញ​ជា​ច្រើន​ទៀត​ដែល​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​លោក​រ៉ាមី ហំាដាឡា​ត្រូវ​ដើរ ដូច​ដែល​មាន​ចែង​នៅ​ក្នុង​កិច្ចព្រមព្រៀង​ផ្សះផ្សា រួម​មាន រៀបចំ​បោះឆ្នោត​នៅ ៦ខែ​ខាង​មុខ រៀបចំ​រចនាសម្ព័ន្ធ​របស់​អង្គការ​រំដោះ​ប៉ាឡេស្ទីន OLP ឡើង​វិញ​ដោយ​ធ្វើ​យ៉ាង​ណា ច្របាច់​ចលនា​ហាម៉ាស់ និង​ហ្វាតា​ឲ្យ​ស្ថិត​ក្រោម​ដំបូល​របស់​អង្គការ OLP តែ​មួយ ការ​រំដោះ​អ្នកទោស​នយោបាយ​ទំាង​ពីរ​ចលនា (ហាម៉ាស់ និង​ហ្វាតា) ឲ្យ​មាន​សេរីភាព​ឡើង​វិញ ឬ​មួយ​ក៏​ការ​កំណត់​គោលនយោបាយ​ក្នុង​ដំណើការ​ស្វែង​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល។

គឺ​ការ​កំណត់​គោលនយោបាយ​ក្នុង​ដំណើរ​ស្វែង​រក​សន្តិភាព​ជាមួយ​ប្រទេស​អ៊ីស្រាអែល​នេះ​ហើយ​ដែល​គ្រប់​គ្នា​បាន​មើល​ឃើញ​ថា ជា​ឆ្អឹងទទឹង ក រវាង​ចលនា​ហ្វាតា និង​ចលនា​ហាម៉ាស់ ព្រោះ​ថា ចលនា​ទំាង​ពីរ​នេះ​បាន​ជ្រើសរើស​វិធានការ​បញ្ច្រាស​ទិស​គ្នា​ការ​ជជែក​ជាមួយ​អ៊ីស្រាអែល។ ចលនា​ហ្វាតា​របស់​លោក​អាបាស់​បាន​ជ្រើស​យក​ផ្លូវ​ចរចា​សន្តិភាព​ដោយ​សន្តិវិធី តែ​ចលនា​ហាម៉ាស់​បាន​បន្ត​មិន​ទទួល​ស្គាល់​វត្តមាន​ប្រទេស​អ៊ីស្រាអែល និង​បន្ត​ការ​តស៊ូ​ប្រដាប់អាវុធ​ដើម្បី​រដ្ឋ​ប៉ាឡេស្ទីន​ឯករាជ្យ​មួយ។ តែ​គេ​នៅ​មិន​ទាន់​ទេ​ថា តើ​រដ្ឋាភិបាល​បណ្តោះអាសន្ន​របស់​លោក​រ៉ាមី ហំាដាឡា​ត្រូវ​និយាយ​បញ្ចុះបញ្ចូល​ពួក​ហាម៉ាស់​យ៉ាង​ម៉េច​ទេ។ អ្វី​ដែល​ដឹង​នោះ​គឺ​ថា ប្រជាជន​ប៉ាឡេស្ទីន​ត្រូវ​ការ​រដ្ឋ​ឯករាជ្យ​សន្តិភាព​មួយ រស់​ក្បែរ​អ៊ីស្រាអែល ដោយ​មិន​ខ្វល់​ថា តើ​រដ្ឋប៉ាឡេស្ទីន​នោះ​នឹង​ត្រូវ​ប្រសូត្រ​ឡើង ក្រោម​រូបភាព​អ្វី​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ