អានតួអត្ថបទ
អ៊ីស្រាអែល-ប៉ាឡេស្ទីន​

Netanyahu​មិន​ទទួលស្គាល់​ជំនួប​​រវាង​រដ្ឋមន្ត្រី​យុត្តិធម៌​អ៊ីស្រាអែល​និង​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​

ប្រភព​ព័ត៌មាន​​ជិតដិត​​មួយ​​នឹង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​​​ បេនយ៉ាមីន នេតាយ៉ាហ៊ូ ​បាន​ប្រាប់​អោយ​ដឹង​នៅថ្ងៃ​អាទិត្យ​នេះថា នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​បដិសេធ​មិន​ទទួលស្គាល់​ការដែល​​លោកស្រី​ លីវនី ហ្ស៊ីបពី ជា​រដ្ឋមន្ត្រី​យុត្តិធម៌​អ៊ីស្រាអែល​​ បាន​ជួប​ជាមួយ​​ប្រធាន​រដ្ឋអំណាច​​ប៉ាឡេស្ទីន​លោក​ ម៉ាមូត អាបាស កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ នៅ​ទីក្រុង​ឡុងដ៍​នោះទេ។ ​យោងតាម​ប្រភព​​ព័ត៌មាន​នេះ ​ជំនួប​​នេះ​គឺ​ជា​ជំនួបកិច្ចការ​​​ផ្ទាល់​ខ្លួន​​របស់​លោកស្រី​លីវនី​ប៉ុណ្ណោះ ពោល​គឺ​លោកស្រី លីវនី មិនបាន​តំណាង​អោយ​រដ្ឋាភិបាល​​អ៊ីស្រាអែល ក្នុង​ជំនួប​ជាមួយ​ប្រធាន​រដ្ឋអំណាច​ប៉ាឡេស្ទីន​ទេ។

នាយករដ្ឋមន្ត្រី​យុត្តិធម៌​អ៊ីស្រាអែល លោកស្រី​Tzipi Livni
នាយករដ្ឋមន្ត្រី​យុត្តិធម៌​អ៊ីស្រាអែល លោកស្រី​Tzipi Livni (Photo: Reuters)
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃ​ព្រហស្បតិ៍​កន្លងទៅ លោកស្រី​លីវនី ហ្ស៊ីបពី ជា​​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​អ៊ីស្រាអែល ​​បាន​ជួប​​លោក​ម៉ាមូត អាបាស​ ​​ប្រធានរដ្ឋ​អំណាច​ប៉ាឡេស្ទីន ​​​នៅ​ទីក្រុង​ឡុងដ៍។ ​លោកស្រី​លីវនី និង​លោក​អាបាស បាន​ធ្វើដំណើរ​ទៅ​ប្រទេស​អង់គ្លេស​​ ដើម្បី​ជួប​ប្រមុខការទូត​អាមេរិក​ចន ឃែររី ដាច់​ដោយឡែក​ពីគ្នា។ តែ​អ្នកទាំង​២​បានជួប​គ្នា​ នៅ​ទីក្រុង​ឡុងដ៍ ​ធ្វើ​អោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ និង​​​​អ្នក​នយោបាយ​អ៊ីស្រាអែលច្រើនរូប ​​រិះគន់​ជំនួប​នេះ។

យោងតាម​ប្រភព​ជិតដិត​នឹង​នាយក​រដ្ឋមន្ត្រី​​អ៊ីស្រាអែល លោកបេនយ៉ាមីន​ នេតាយ៉ាហ៊ូ​បាន​បដិសេធ​មិន​ទទួលស្គាល់​ជំនួប​នេះ ថា​ជា​ជំនួប​តំណាង​អ៊ីស្រាអែល​​ជាមួយ​ប៉ាឡេស្ទីន​​នោះទេ។ ផ្ទុយ​ទៅវិញ​ វា​ជា​ជំនួបកិច្ចការ​​​ផ្ទាល់ខ្លួន​​រវាង​រដ្ឋមន្ត្រីយុត្តិធម៌​អ៊ីស្រាអែល​និង​ប្រធាន​រដ្ឋ​អំណាច​ប៉ាឡេស្ទីន​ប៉ុណ្ណោះ។ នាយករដ្ឋមន្ត្រី​នេតាយ៉ាហ៊ូ​ បានរំលឹក​លោកស្រី​លីវនី ថា​ ​កិច្ចចរចា​សន្តិភាព​​រវាង​​អ៊ីស្រាអែល​​និង​ប៉ាឡេស្ទីន​ត្រូវ​​បាន​ព្យួរចោល ហើយ​គឺ​រដ្ឋាភិបាល​អ៊ីស្រាអែល​ទាំងមូល​ដែល​បាន​​សម្រេច​ចិត្ត​​បង្កក​​​ការចរចា​នេះ។

គួររំលឹក​ថា កាលពី​ចុងខែ​មេសា​កន្លងទៅ អ៊ីស្រាអែល​បាន​សម្រេច​ផ្អាក​ការពិភាក្សា​​ស្វែង​រក​ដំណោះស្រាយ​សន្តិភាព​ជាមួយ​ប៉ាឡេស្ទីន ដោយសារ​តែ​អង្គការ​រំដោះ​ប៉ាឡេស្ទីន​បាន​សម្រេច​ចេញ​កិច្ចព្រមព្រៀងផ្សះផ្សា​​​មួយ​ជាមួយ​ក្រុមហាម៉ាស។ ក្រុមហាម៉ាស​ជា​សត្រូវ​របស់​អ៊ីស្រាអែល​ ក្រុម​នេះ​មិន​ទទួលស្គាល់​រដ្ឋ​ហ្ស៊ីហ្វ​អ៊ីស្រាអែល​ទេ។ ​​​ក្នុង​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហាម៉ាស ​អង្គការ​រំដោះ​​ប៉ាឡេស្ទីន​និង​ហាម៉ាស​បាន​យល់ព្រម​បង្កើត​​​រដ្ឋាភិបាល​​​​​​បណ្តោះ​អាសន្ន​​មួយ​ មាន​​សមាសភាព​​សមាជិក​​​​ជា​​អ្នក​ឯករាជ្យ។ សមាសភាព​រដ្ឋាភិបាល​នេះ​នឹង​ត្រូវ​គេ​បានដឹង​ឆាប់ៗ ក្នុង​​សប្តាហ៍​នេះ​ហើយ។ ​

​ថ្ងៃ​អាទិត្យនេះ ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ បានចំអក​​រិះគន់​ប៉ាឡេស្ទីន​ជា​ថ្មី​ថា ​អ្នកដែល​​​មើលឃើញ​ថា ​ការបង្កើត​រដ្ឋ​អ៊ីស្រាអែល​ជា​គ្រោះ​មហន្តរាយ​ អ្នកនោះ​មិន​ចាប់អារម្មណ៍​ពី​សន្តិភាព​ទេ។ អ៊ីស្រាអែល​បាន​ចោទ​​ប៉ាឡេស្ទីន​ថា ​បាន​ធ្វើ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុម​ហាម៉ាស​​ដើម្បី​ប្រឆាំង​នឹង​សន្តិភាព។ រីឯ​ប៉ាឡេស្ទីន​វិញ​ចោទ​អ៊ីស្រាអែល​ថា ​​​ បាន​​បង្កើន​ការសាងសង់​តំបន់​អាណានិគម​​ជនជាតិ​ហ្ស៊ីហ្វ និង​វាយប្រហារ​ជនជាតិ​ប៉ាឡេស្ទីន​​ ដែល​ជា​​ការ​​បំផ្លិចបំផ្លាញ​​ការ​ចរចា​​ស្វែង​រក​សន្តិភាពរវាង​អ៊ីស្រាអែល​និង​ប៉ាឡេស្ទីន៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ