អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​របស់​អាស៊ាន និង​ប្រទេស​ដៃគូ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ច័ន្ទ ទី១១ តុលា​នេះ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​ទំាង ១០​រូប​មក​ពី​ប្រទេស​សមាជិក​ទំាង ១០​របស់​អាស៊ាន បាន​ផ្តើម​កិច្ចប្រជុំ​នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ បន្ទាប់​មក​នៅ​ថ្ងៃ​អង្គារ​ស្អែក កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​នឹង​ត្រូវ​ចូល​រួម​ដោយ​បណ្តា​ ប្រទេស​ដៃគូ ៨​ផ្សេង​ទៀត​រួម​មាន ប្រទេស​អូស្រ្តាលី នូវែលហ្សេឡង់ ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី និង​សហរដ្ឋអាមេរិក។ នៅ​ក្រៅ​ ក្របខ័ណ្ឌ​នៃ​កិច្ចប្រជុំ ក៏​មាន​កិច្ចប្រជុំ​ជា​ឧភតោភាគី​រវាង​រដ្ឋមន្រ្តី​ការពារជាតិចិន និង​ជប៉ុន បន្ទាប់​មក​ចិន និង​សហរដ្ឋអាមេរិក។

លោក Liang Guanglie (រូបខាងឆ្វេង) រដ្ឋមន្រ្តី​ការពារជាតិ​ចិន និង​ Nguyen Tan Dung នាយករដ្ឋមន្រ្តី​វៀតណាម
លោក Liang Guanglie (រូបខាងឆ្វេង) រដ្ឋមន្រ្តី​ការពារជាតិ​ចិន និង​ Nguyen Tan Dung នាយករដ្ឋមន្រ្តី​វៀតណាម ©Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានបទ​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​របស់​អាស៊ាន គឺ​សន្តិសុខ​នៅ​ក្នុង​តំបន់ និង​សន្តិសុខ​នាវាចរណ៍​តាម​សមុទ្រ។ ថ្លែង​នៅ​ចំពោះ​មុខ​ក្រុម​អ្នក​កាសែត លោក​រដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម​បាន​លើក​ថា ជម្លោះ​ដែន​សមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​ចិន​កំពុង​មាន​ជម្លោះ​ជា​មួយ​បណ្តា​ប្រទេស​អាស៊ាន​មួយ​ចំនួន ដូច​យ៉ាង ប្រ៊ុយនេ ម៉ាឡេស៊ី ហ្វីលីព្វីន និង​ប្រទេស​វៀតណាម ក៏​អាច​ដាក់​បញ្ចូល​នៅ​ក្នុង​របៀប​វារៈ​នៃ​កិច្ចប្រជុំ​ដែរ។

នៅ​ក្នុង​បញ្ហា​ដ៏​រសើប​នេះ លោក​រដ្ឋមន្រ្តី​ការពារជាតិ​វៀតណាម​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រទេស​ដែល​ពាក់ព័ន្ធ​ផ្ទាល់​ត្រូវ​ស្វែង​រក​ដំណោះស្រាយ​រួម​មួយ​ដោយ​ផ្អែក​តាម​ច្បាប់​អន្តរជាតិ និង​ដែល​មាន​ការ​ទទួល​យល់​ព្រម​ពី​ភាគី​នីមួយៗ ពិសេស ឲ្យ​ភាគី​នីមួយៗ​ទទួល​បាន​នូវ​​ផលប្រយោជន៍​រៀងៗ​ខ្លួន។

តែ​លោក​រដ្ឋមន្រ្តី​ការពារជាតិ​​ម៉ាឡេស៊ី​បាន​ព្រលយ​ពាក្យ​ថា គេ​មិន​គួរ​លើក​​យក​ជម្លោះ​ដែនសមុទ្រ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​មក​ធ្វើ​ជា​ប្រធានបទ​រួម​នៃ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​របស់​អាស៊ាន​ទេ ព្រោះ​វា​ជា​បញ្ហា​រវាង​ប្រទេស និង​ប្រទេស​ដែល​គួរ​តែ​មាន​ការ​ចរចា​ជា​ឧភតោភាគី។

ក្រៅ​ពី​ប្រធានបទ​រួម​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ រដ្ឋមន្រ្តី​ការពារជាតិ​អាស៊ាន​ក៏​បាន​លើក​យក​មក​ជជែក​នូវ​​ប្រធានបទ​មួយ​ចំនួន​ទៀត​ រួម​មាន កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​មនុស្សធម៌ និង​ជំនួយ កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធប្រឆំាង​នឹង​ភេរវនិយម និង​ចោរសមុទ្រ កិច្ចសហប្រតិបត្តិការ​លើ​ផ្នែក​វេជ្ជសាស្រ្ត​យោធា និង កិច្ចសហប្រតិបត្តិការ​រក្សា​សន្តិភាព​នៅ​ក្នុង​តំបន់ និង​នៅ​លើ​ឆាក​អន្តរជាតិ។

លោក Toshimi Kitazawa (រូបខាងឆ្វេង) រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន និងលោក Liang Guanglie រដ្ឋមន្រ្តី​ការពារជាតិ​ចិន
លោក Toshimi Kitazawa (រូបខាងឆ្វេង) រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន និងលោក Liang Guanglie រដ្ឋមន្រ្តី​ការពារជាតិ​ចិន ©Reuters

ចិន និង​ជប៉ុន​ព្យាយាម​កាត់​បន្ថយ​ភាព​តានតឹង​រវាង​គ្នា

ជំនួប​ជា​​ឧភតោភាគី​រវាង​ប្រមុខ​ការពារជាតិ​ជប៉ុន និង​ចិន​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​កិច្ច​ប្រជុំ​រវាង​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​របស់​អាស៊ាន និង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្រ្តី​ការពារជាតិ​របស់​អាស៊ាន​ជា​មួយ​នឹង​ប្រទេស​ដៃគូ ៨​ផ្សេង​ទៀត។ នៅ​ក្នុង​កិច្ចចរចា​រវាង​រដ្ឋមន្រ្តី​ការពារជាតិ​ជប៉ុន និង​ចិន​នា​ព្រឹក​មិញ ភាគី​ទំាង​ពីរ​បាន​ឯកភាព​គ្នា​បង្កើត​ឲ្យ​មាន​ប្រព័ន្ធ​ទាក់ទង​រួម​មួយ ដើម្បី​ចៀសវាង​កុំ​ឲ្យ​មាន​វិបត្តិ​ការទូត​ថ្មី​ទៀត ដូច​ដែល​ភាគី​ទំាង​ពីរ​បាន​ជួប​ប្រទះ​កាល​ពី​ដើម​ខែ​កញ្ញា​កន្លង​ទៅ​ថ្មីៗ​នេះ។

វិបត្តិ​ការទូត​ដែល​បាន​ផ្ទុះ​ជា​ថ្មី​កាល​ពី​ថ្ងៃទី​៧ កញ្ញា​កន្លង​ទៅ បន្ទាប់​ពី​កប៉ាល់​នេសាទ​ចិន​មួយ​គ្រឿង​បាន​បើក​ទៅ​បុក​នាវា​ល្បាត​ជប៉ុន​ពីរ​គ្រឿង​នៅ​ក្បែរ​ទីប្រជុំ​កោះ Senkaku។ ភ្លាម​មួយ​រំពេច រដ្ឋអំណាច​ជប៉ុន​បាន​ចាប់​ទុក​កប៉ាល់​នេសាទ ព្រម​ទំាង​ឃុំ​ខ្លួន​អ្នក​នេសាទ​ទំាង​អស់​ទៀត​ផង។ ទីបំផុត និង​បន្ទាប់​ពី​មាន​សង្រ្គាម​ពាក្យ​សំដី​ជា​ហូរហែ​មក ជប៉ុន​ក៏​បាន​សម្រេច​ដោះ​លែង​ក្រុម​អ្នក​នេសាទ​ចិន​ទំាង​អស់។ ចំណែក​ឯ​ចិន ក៏​បាន​សម្រេច​ដោះលែង​ជនជាតិ​ជប៉ុន​ដែល​ខ្លួន​បាន​ចាប់​ទំាង​អស់​ដែរ។ នេះ​ជា​វិបត្តិ​ការទូត​ដ៏​ធ្ងន់ធ្ងរ​មួយ​ដែល​ចិន និង​ជប៉ុន​​មិន​ធ្លាប់​មាន​ទេ គិត​តំាង​ពី​ឆ្នំា ២០០៦​មក។

គឺ​ទើប​តែ​នៅ​ក្រោយ​ជំនួប​រវាង​លោក​នាយករដ្ឋមន្រ្តី​ចិន Wen Jiabao និង​លោក​នាយករដ្ឋមន្រ្តី​ជប៉ុន Naoto Kan នៅ​ក្រៅ​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​អាស៊ាន អឺរ៉ុប​ក្នុង​ទីក្រុង​ប្រុចសែល ប្រទេស​បែលហ្សិកកាល​ពី​ថ្ងៃ​ទី ៤ តុលា កន្លង​ទៅ​ថ្មីៗ​នេះ​ទេ ទើប​ភាព​តានតឹង​រវាង​​ប្រទេស​ទំាង​ពីរ​ហាក់​ដូច​ជា​បាន​ធ្លាក់​ចុះ​វិញ​បន្តិច។ មួយ​វិញ​ទៀត ចិន និង​ជប៉ុន​បាន​ប្តេជ្ញា​ពង្រឹង​បន្ថែម​ទៀត ដៃគូ ជា​យុទ្ធសាស្រ្ត​រវាង​គ្នា។

យ៉ាង​ណា​ក៏​ដោយ គន្លឹះ​នៃ​បញ្ហា​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ ព្រោះ​ថា ទីប្រជុំ​កោះ Senkaku ដែល​គ្មាន​មនុស្ស​រស់​នៅ តែ​សម្បូរ​ធនធាន​ធម្មជាតិ​នោះ នៅ​តែ​ជា​ថ្នំា​បំពុល​ទំនាក់ទំនង​រវាង​ជប៉ុន និង​ចិន ដែល​ម្នាក់ៗ​បាន​ទាមទារ​ជា​កម្មសិទ្ធិ​របស់​ខ្លួន។

លោក Robert Gates (រូបខាងឆ្វេង) រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក
លោក Robert Gates (រូបខាងឆ្វេង) រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក ©Reuters

សហរដ្ឋអាមេរិក និង​ចិន​ភ្ជាប់​ទំនាក់ទំនង​យោធា​ឡើង​វិញ

តំាង​តែ​ពី​ខែ​មករា​មក​ម្ល៉េះ ដែល​ចិន​បាន​ផ្តាច់​ទំនាក់ទំនង​យោធា​ជា​មួយ​សហរដ្ឋអាមេរិក។ ការ​ព្យួរ​ទំនាក់ទំនង​យោធា បន្ទាប់​ពី​ចិន​ខឹង​អាមេរិក​លក់​គ្រឿង​សព្វាវុធ​ទៅ​ឲ្យ​តៃវ៉ាន់។ តែ​យ៉ាង​ណា​ក៏​ដោយ អាមេរិក​បាន​តាម​ដាន​មិន​ប៉ប្រិច​ភ្នែក​វិបត្តិ​ការទូត​ចុង​ក្រោយ​រវាង​ចិន និង​ជប៉ុន។ តាម​រយៈ​វិបត្តិ​ការទូត​ចុង​ក្រោយ​រវាង​ចិន និង​ជប៉ុន​នេះ បាន​ធ្វើ​ឲ្យ​​អាមេរិក​បារម្ភ​កាន់​តែ​ខ្លំាង​អំពី​មហិច្ឆតា​របស់​ចិន​នៅ​ក្នុង​តំបន់។ គឺ​ជា​មហិច្ឆតា​មួយ​ដែល​អាមេរិក​មិន​អាច​ឈរ​ឱបដៃ​មើល​បាន​ទេ។

នៅ​ជំនួប​រវាង​លោក​រដ្ឋមន្រ្តី​ការពារជាតិ​ចិន និង​អាមេរិក​ក្នុង​ថ្ងៃ​ច័ន្ទ ទី១១ តុលា​នេះ ភាគី​អាមេរិក​បាន​ព្យាយាម​ជំនះ​ចិន​ឲ្យ​រួម​សហការ​​ដោយ​ផ្ទាល់​នៅ​ក្នុង​វិស័យ​ការពារ។ សហការ​​ដោយ​ផ្ទាល់​នៅ​ក្នុង​វិស័យ​ការពារ ដែល​នឹង​ផ្តល់​ផលប្រយោជន៍​សម្រាប់​ទំាង​អស់​គ្នា នេះ​ជា​ការ​ថ្លែង​របស់​អ្នក​នំា​ពាក្យ​ក្រសួង​ការពារជាតិ​អាមេរិក។ នៅ​ក្នុង​ជំនួប​រវាង​លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក និងចិន លោក​រដ្ឋមន្រ្តី​ការពារជាតិ​អាមេរិក Robert Gates ​បាន​អំពាវនាវ​ដោយ​មិន​និយាយ​ចំ​ឈ្មោះ​ប្រទេស​ចិន​ថា គេ​គួរ​តែ​បោះបង់​ចោល​គំនិត​ចាស់​គំរិល​ដែល​សល់​ពី​សម័យ​សង្រ្គាម​ត្រជាក់​ស្តីពី​យុទ្ធសាស្រ្ត​ការពារ​របស់​សហរដ្ឋអាមេរិក។ លោក Robert Gates បាន​វាយតម្លៃ​ថា គំនិត​ចាស់​គំរិល​ទំាង​នេះ​មិន​បាន​ឆ្លុះ​បញ្ចំាង​ឲ្យ​ឃើញ​នូវ​បញ្ហា​ធំៗ​ជា​ច្រើន ដែល​ត្រូវ​ពុះពារ​ជំនះ​នា​ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក Robert Gates បាន​យល់​ព្រម​តាម​ការ​អញ្ជើញ​របស់​ភាគី​ចិន​ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​ចិន​នា​ពេល​ខាង​មុខ។

យ៉ាង​ណា​ក៏​ដោយ នេះ​ជា​លើក​ទី​មួយ​បង្អស់ ដែល​ប្រមុខ​ការពារជាតិ​នៃ​ប្រទេស​ទំាង​ពីរ ចិន អាមេរិក​បាន​អង្គុយ​ជជែក​ទល់​មុខ​គ្នា។

ចិន និង​អាមេរិក​សម្លឹង​មើល​គ្នា​យ៉ាង​ប្រុង​ប្រយ័ត្ន​នៅ​អាស៊ីប៉ាស៊ីហ្វិក

ក្រុម​អ្នកសង្កេតការណ៍​អាមេរិក ក៏​ដូច​ក្រុម​អ្នកសង្កេតការណ៍​ចិន បារម្ភ​ខ្លាំង​ឡើងៗ ខ្លាច​ក្រែង​មាន​ការប៉ះទង្គិច​គ្នា​រវាង​សហរដ្ឋអាមេរិក និង​ចិន នៅ​អាស៊ីប៉ាស៊ីហ្វិក។ នៅ​ម្ខាង កងទ័ព​អាមេរិក​កំពុង​ពង្រឹង​ទីតាំង​របស់​ខ្លួន​នៅ​ក្នុង​តំបន់ រីឯ​នៅ​ម្ខាង​ទៀត កងទ័ព​ចិន​ក៏​កំពុង​ពង្រីក​ដែន​អំណាច​របស់​ខ្លួន នៅ​ទី​នោះ​ដែរ។ មិន​តែ​ប៉ុណ្ណោះ ការ​មិន​យល់​ស្រប​គ្នា​រវាង​ប្រទេស​ទាំង​ពីរ ចំពោះ​ច្បាប់​នាវាចរណ៍ និង​ការ​ធ្វើ​សមយុទ្ធ​សម្ញែង​ដាក់​គ្នា នា​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ បង្ក​ឲ្យ​មាន​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​មហាអំណាច​ទាំង​ពីរ។

អធិករណ៍​ជាយថាហេតុ នា​អនាគត​ខាង​មុខ រវាង​សហរដ្ឋអាមេរិក​និង​ចិន អាច​នឹង​កើត​ចេញ​ពី​ការ​ប៉ះទង្គិច​គ្នា​រវាង​កងទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ។
ពីព្រោះ​ម្យ៉ាង ចិន​បាន​និង​កំពុង​បន្ត​បង្កើន​វត្តមាន​ព្រម​ទាំង​សកម្មភាព​នៃ​កងទ័ព​ជើង​ទឹក​ នៅ​លើ​ផ្ទៃ​នៃ​បណ្តា​សមុទ្រ​ជិត​និង​ជុំវិញ​ប្រទេស​ខ្លួន។ ពីព្រោះ​ម្យ៉ាង​ទៀត កងទ័ព​អាមេរិក​ពិសេស​កងទ័ព​ជើងទឹកដែល​ឈរ​ជើង​នៅ​អាស៊ីប៉ាស៊ីហ្វិក​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ ក៏​កំពុង​និង​បន្ត​បង្កើន​សកម្មភាព​របស់​ខ្លួន​នៅ​ក្នុង​តំបន់​ដែរ។

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ចិន​បាន​ចាយ​ប្រាក់​ជា​ច្រើន​ម៉ឺន​លាន​ដុល្លារ ដើម្បី​ធ្វើ​នវូបនីយកម្ម​ទៅ​លើ​កងទ័ព​ជើងទឹក​របស់​ខ្លួន។ ពី​អំណើះ​ត​ទៅ ចិន​មាន​នាវា​មុជ​ទឹក ដែល​បំពាក់​ទៅ​ដោយ​មីស្ស៊ីល​នុយក្លេអ៊ែរ ហើយ​នា​ពេល​ឆាប់ៗ​ខាង​មុខ ចិន​នឹង​មាន​នាវា​ផ្ទុក​យន្តហោះ​ទៀត​ផង។

មិន​តែ​ប៉ុណ្ណោះ ដូច​ដែល​របាយការណ៍​មួយ​របស់​មន្ទី​របញ្ចកោណ​អាមេរិក​បាន​គូស​បញ្ជាក់​កាល​ពី​ដើម​សប្តាហ៍​អ៊ីចឹង ចិន​មាន​មហិច្ឆតា​ពង្រីក​ដែន​អំណាច​និង​ដែន​ប្រមាញ់​របស់​ខ្លួន​ទៅ​ឲ្យ​កាន់​តែ​ឆ្ងាយ ក្នុង​ផ្ទៃ​សមុទ្រ​ទាំង​អម្បាលម៉ាន​នៅ​ប៉ែក​ខាង​ត្បូង នៅ​ប៉ែក​អាគ្នេយ៍ និង​នៅ​ប៉ែក​ខាងកើត​នៃ​ប្រទេស។ ជាក់ស្តែង កន្លង​ទៅ​ថ្មីៗ​នេះ នាវា​ចម្បាំង​របស់​ចិន​បាន​ចូល​ទៅ​ជិត​មែន​ទែន ជិត​ប៉ែក​ខាង​ត្បូង​នៃ​ប្រទេស​ជប៉ុន ជាហេតុ​បាន​ធ្វើ​ឲ្យ​ទីក្រុង​តូក្យូ​ភិតភ័យ​និង​ស្រែក​តវ៉ា។

ទន្ទឹម​ជាមួយ​គ្នា​នេះ សហរដ្ឋអាមេរិក បាន​ប្រមូល​នាវា​មុជទឹក​ដែល​មាន​តួនាទី​ខាង​វាយលុក ព្រម​ទាំង​នាវា​ចម្បាំង​ជា​ច្រើន​គ្រឿង មក​ដាក់​ជិត​មូលដ្ឋាន​យោធា​របស់​ខ្លួន​នៅ​ប្រទេស​ជប៉ុន​និង​នៅ​កោះ​Guam។

គឺ​ចលនា​កាន់​តែ​មមាញឹក​នៃ​កងទ័ព​របស់​មហាយក្ស​ទាំង​ពីរ នៅ​ក្នុង​ដែន​ទឹក​តែ​មួយ​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​ក្រុម​អ្នកសង្កេតការណ៍​កាន់​តែ​បារម្ភ បារម្ភ​ក្រែង​មាន​ការ​ប៉ះទង្គិច​គ្នា នៅ​ថ្ងៃ​ណា​មួយ។
ចំពោះ​អ្នកឯកទេស​នៃ​បញ្ហា​ចិន​នៅ​សហរដ្ឋអាមេរិក ក៏​ដូច​អ្នកឯកទេស​នៃ​បញ្ហា​អាមេរិក​នៅ​ប្រទេស​ចិន ការ​ប៉ះ​ទង្គិច​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​នៃ​ប្រទេស​ទាំង​ពីរ​អាច​កើត​ឡើង​គ្រប់​ពេល​វេលា។ ពីព្រោះ កងទ័ព​អាមេរិក​និង​កងទ័ព​ចិន​អស់​មាន​ទំនាក់ទំនង​នឹង​គ្នា តាំង​ពី​ខែ​មករា​ដើម​ឆ្នាំ​២០១0​ម្ល៉េះ គឺ​តាំង​ពី​អាមេរិក​បាន​សម្រេច​លក់​អាវុធ​ទៅ​ឲ្យ​កោះ​តៃវ៉ាន់​រួច​មក និង​ពីព្រោះ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​គ្មាន​ចក្ខុនិមិត្ត​រួម​គ្នា នៅ​ចំពោះ​មុខ​ច្បាប់​នាវាចរណ៍។

សម្រាប់​សហរដ្ឋអាមេរិក ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ដែន​ទឹក​អន្តរជាតិ និង​ការ​បន្ត​ឃ្លាំ​មើល​ដែន​ទឹក​ដែល​គេ​ចាត់​ទុក​ថា​ជា​របស់​អន្តរជាតិ គឺ​ជា​សិទ្ធិ​សេរីភាព​របស់​គេ។ គឺ​នៅ​ក្នុង​ន័យ​នេះ​ហើយ បាន​ជា​កាល​ពី​ថ្ងៃ​ទី​៨​សីហា​កន្លង​ទៅ​នេះ នាវា​ផ្ទុក​យន្តហោះ​មួយ​គ្រឿង​របស់​អាមេរិក បាន​ទៅ​ប្រទេស​វៀតណាម ដោយ​បាន​ចូល​ទៅ​ចត នៅ​ម្តុំ​ទីប្រជុំ​កោះ​Paracel ដែល​ជា​តំបន់​ប្រទាញ​ប្រទង់​គ្នា​រវាង​ចិន​និង​វៀតណាម។

រី​ឯ​សម្រាប់​ប្រទេស​ចិន​វិញ កងទ័ព​អាមេរិក​គ្មាន​សិទ្ធិ​ចូល​មក​ក្នុង​ដែន​ទឹក ដែល​ជាទី​ជម្លោះ​រវាង​ចិន​និង​ប្រទេស​ដទៃ​ណា​មួយ​ផ្សេង​ទេ។ មិន​តែ​ប៉ុណ្ណោះ ចិន​ក៏​មិន​សុខចិត្ត​ឲ្យ​មាន​ដែរ រាល់​សមយុទ្ធ​ដែល​ធ្វើ​ឡើង នៅ​ជិត​ព្រំដែន​គោក​ឬ​ព្រំដែន​ទឹក​ជាមួយ​ប្រទេស​ខ្លួន ដូច​ដែល​ម៉ៅ សេទុង ធ្លាប់​បាន​និយាយ​ថា« យើង​មិន​អនុញ្ញាត​ឲ្យ​គេ​ចូល​មក​ដេក​ស្រមុក​នៅ​ជិត​គ្រែ​របស់​យើង​ទេ»។ អ៊ីចឹង​ហើយ​បាន​ជា ថ្នាក់ដឹកនាំ​ចិន​ប្រឆាំង​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក​និង​កូរ៉េខាងត្បូង ម្តុំ​សមុទ្រ​លឿង នៅ​ចម្ងាយ​ប្រមាណ​តែ​៥០០គ.ម ប៉ុណ្ណោះ​ពី​ទីក្រុង​ប៉េកាំង។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទាំង​សហរដ្ឋអាមេរិក ទាំង​ប្រទេស​ចិន គ្មាន​បំណង​បង្ក​រឿង​និង​មិន​ចង់​ឲ្យ​មាន​ឧប្បត្តិហេតុ​យោធា​កើត​ឡើង​នៅ​ក្នុង​តំបន់​ទេ។ ចំពោះ​ទីក្រុង​ប៉េកាំង រាល់​ការ​ប៉ះ​ទង្គិច​គ្នា​ជាមួយ​អាមេរិក​នៅ​អាស៊ីប៉ាស៊ីហ្វិក អាច​នឹង​ធ្វើ​ឲ្យ​ខូចខាត​មហិច្ឆតា​សេដ្ឋកិច្ច​របស់​ខ្លួន។ ចំពោះ​អាមេរិក​វិញ រាល់​ឧប្បត្តិហេតុ​យោធា​ជាមួយ​ចិន​នៅ​ក្នុង​តំបន់ អាច​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​ស្ថានភាព​Statut Quo មួយ​ដែល​ខ្លួន​ទាញ​បាន​ផល​ចំណេញ​ផ្នែក​ភូមិសាស្រ្ត​នយោបាយ ជា​ច្រើន​ទសវត្សរ៍​កន្លង​មក​ហើយ។

ក៏ប៉ុន្តែ នៅ​ក្នុង​បរិបទ​មួយ​តានតឹង ដ្បិត​ជា​សង្គ្រាម​ចិត្តសាស្រ្ត​និង​ជា​ការ​សម្ញែង​ឫទ្ធិ​យោធា​ដាក់​គ្នា​រវាង​អាមេរិក​និង​ចិន ការ​ប៉ះទង្គិច​គ្នា​រវាង​កង​ទ័ព​ជើង​ទឹក​របស់​ប្រទេស​ទាំង​ពីរ​អាច​កើត​មាន​ឡើង​ដោយ​ចៃដន្យ​គ្រប់​ពេល​វេលា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ