អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

គម្លាត​យោធា​រីក​ធំ​រវាង​ចិន​ដី​គោក​និង​ចិន​តៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ម្សិលមិញ ថ្ងៃ​ទី​១៦​សីហា ក្រសួង​ការពារជាតិ​របស់​សហរដ្ឋអាមេរិក​បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ គូស​បញ្ជាក់​ជា​អាទិ៍​ថា ចិន​ដីគោក​កំពុង​តែ​បង្កើន​អានុភាព​យោធា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​កោះ​តៃវ៉ាន់។ មន្ទីរ​បញ្ចកោណ​អាមេរិក​បាន​ទាំង​អះអាង​បន្ថែម​ថា ថ្នាក់​ដឹក​នាំ​ចិន​បាន​ពង្រីក​ដែន​ប្រមាញ់​របស់​ខ្លួន ដោយ​លែង​ចាត់​ទុក​តៃ​វ៉ាន់ ថា​ជា​ផ្ទាំងស៊ីប​តែ​មួយ​របស់​ខ្លួន ដូច​មុន​ទៀត​ហើយ។ 

ចិន​ដីគោក​កំពុង​តែ​បង្កើន​អានុភាព​យោធា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​កោះ​តៃវ៉ាន់
ចិន​ដីគោក​កំពុង​តែ​បង្កើន​អានុភាព​យោធា​របស់​ខ្លួន​ឲ្យ​កាន់​តែ​ខ្លាំង នៅ​ចំពោះ​មុខ​កោះ​តៃវ៉ាន់ © AFP)
ផ្សាយពាណិជ្ជកម្ម

របាយការណ៍​ដែល​មន្ទីរ​បញ្ចកោណ​បាន​តុបតែង​ឡើង​សម្រាប់​សភា​អាមេរិក ពិនិត្យ​មើល​ទៅ​លើ​ទិន្ន័យ​ផ្សេងៗ ដូច​ជា​ឃ្លាំង​អាវុធ ផែនការ​យោធា​នានា និង​ទំហំ​នៃ​ប្រាក់​ចំណាយ​របស់​ចិន​ដី​គោក​នៅ​លើ​វិស័យ​ការពារ​ជាតិ ក្នុង​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ រួចហើយ​សាកល្បង​បកស្រាយ​យុទ្ធសាស្រ្ត​និង​មហិច្ឆតា​យោធា​របស់​ថ្នាក់​ដឹក​នាំ​ទីក្រុង​ប៉េកាំង។

 
យោង​ទៅ​តាម​មន្ទីរបញ្ចកោណ ជា​សរុប ចិន​បាន​ចាយ​ប្រាក់​ជាង​១៥​ម៉ឺន​លាន​ដុល្លារ​សម្រាប់​វិស័យ​យោធា នៅ​ក្នុង​ឆ្នាំ​២០០៩។ តាម​ពិត​ទៅ ១៥​ម៉ឺន​លាន​ដុល្លារ​មិន​ទាន់​ជា​ច្រើន​ណាស់​ណា​ទេ បើ​ប្រៀបធៀប​ទៅ​នឹង​ថវិកា​យោធា​របស់​អាមេរិក ដែល​បាន​កើន​ទៅ​ដល់​៧០​ម៉ឺន​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០០៩​ដូច​គ្នា។ ក៏​ប៉ុន្តែ ចូរ​កុំ​ភ្លេច​ថា នៅ​ឆ្នាំ​២០០៤ ចិន​បាន​ចាយ​តែ​២ម៉ឺន៥ពាន់​លាន​ដុល្លារ​តែ​ប៉ុណ្ណោះ​សម្រាប់​វិស័យ​យោធា បាន​ន័យ​ថា​កញ្ចប់​ថវិកា​យោធា​របស់​មហាយក្ស​អាស៊ី​មួយ​នេះ បាន​កើន​ឡើង​ដល់​ទៅ​៦​ដង​ឯ​ណោះ ក្នុង​អំឡុង​ពេល​តែ​៥​ឆ្នាំ​ប៉ុណ្ណោះ។

របាយការណ៍​ដដែល​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក បាន​គូស​បញ្ជាក់​ទៀត​ថា មក​ទល់​ឆ្នាំ​២០០៩​កន្លង​ទៅ​នេះ ផែនការ​នវូបនីយកម្ម​យោធា​របស់​ចិន​បាន​ផ្តោត​ទៅ​លើ​ការ​កាត់​បន្ថយ​ចំនួន​កងទ័ព ជា​ពិសេស​កងទ័ព​ជើង​ទឹក​និង​ជើង​អាកាស តែ​កែច្នៃ​ឬ​ផ្លាស់ប្តូរ​នាវា​ចម្បាំង​និង​បរិក្ខារ​នានា ព្រម​ទាំង​ពង្រឹង​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ប្រទេស។ មិន​តែ​ប៉ុណ្ណោះ យោង​ទៅ​តាម​របាយការណ៍ ចិន​ក៏​បាន​និង​កំពុង​បន្ត​ដំឡើង​កាំជ្រួច​មីស៊ីល​បាញ់​បាន​ឆ្ងាយ​ បាញ់​បាន​ចម្ងាយ​ពី​៨០០០ ទៅ​១ ២០០០​គ.ម។

របាយការណ៍​របស់​មន្ទីរ​បញ្ចកោណ​អះអាង​ថា “ជញ្ជីង​នៃ​តុល្យភាព​យោធា រវាង​ត្រើយ​ខាង​ណេះ និង​ត្រើយ​ខាង​ណោះ​នៃ​ដៃ​សមុទ្រ​Formose បន្ត​ផ្អៀង​ខ្លាំង​ឡើងៗ​ទៅ​ខាង​ចិន​ដីគោក»។ សម្រាប់​ក្រសួង​ការពារជាតិ​អាមេរិក ទាំង​នេះ​ស្តែង​ឲ្យ​ឃើញ​ថា ចិន​ដីគោក​ត្រៀម​លក្ខណៈ​ជា​ស្រេច​ដើម្បី​ធ្វើ​សង្គ្រាម ក្នុង​ករណី​ណា​ដែល​មាន​អធិករណ៍​ធំដុំ​កើត​ឡើង​ជាមួយ​កោះតៃវ៉ាន់។ សូម​បញ្ជាក់​ត្រង់​នេះ​បន្តិច​ថា របាយការណ៍​នេះ​របស់​មន្ទីរ​បញ្ចកោណត្រូវ​បាន​សរសេរ​ហើយ តាំង​ពី​មុន​ខែ​មករា​ឆ្នាំ​២០១០ បាន​ន័យ​ថា​មុន​ពេល​ដែល​អាមេរិក​បាន​ប្រកាស​លក់​ទៅ​ឲ្យ​តៃវ៉ាន់​ទៅ​ទៀត នូវ​កាំជ្រួច​មីស៊ីល​Patriot នាវា​រាវរក​គ្រាប់​មីន​ក្នុង​ទឹក និង​ឧទ្ធម្ភាគចក្រ​Black Hawk។ ម្ល៉ោះ​ហើយ គេ​អាច​និយាយ​ថា តាម​រយៈ​ការ​លក់​អាវុធ គិត​ជា​ទឹក​ប្រាក់​ប្រមាណ​៦ពាន់​៤រយ​លាន​ដុល្លារ​ទៅ​ឲ្យ​តៃវ៉ាន់​នៅ​ឆ្នាំ​២០១០​នេះ អាមេរិក​ប្រហែល​ជា​មាន​បំណង​កាត់​បន្ថយ​គម្លាត​យោធា​ធំ​ខ្លាំង​ពេក រវាង​ចិន​ដីគោក​និង​កោះ​តៃវ៉ាន់។

ចិន​ពង្រីក​ដែន​ប្រមាញ់​របស់​ខ្លួន​ទៅ​ដល់​កោះ​Guam របស់​អាមេរិក​
 
របាយការណ៍​របស់​មន្ទីរ​បញ្ចកោណ​បាន​និយាយ​បកស្រាយ​ឆ្ងាយ​ជាង​ហ្នឹង​ទៅ​ទៀត។ ចំពោះ​ក្រសួង​ការពារជាតិ​អាមេរិក ពី​អំណើះ​ត​ទៅ តៃវ៉ាន់​មិនមែន​ជា​ផ្ទាំង​ស៊ីប​តែ​មួយ​របស់​ចិន​ដីគោក​ដូច​មុន​ទៀត​ទេ។

មក​ទល់​ពេល​នេះ អាវុធ​ដែល​ចិន​មាន បាន​កំណត់​ព្រំដែន​សកម្មភាព​យោធា​របស់​ថ្នាក់​ដឹក​នាំ​ចិន ត្រឹម​កោះ​តៃវ៉ាន់​ដែល​នៅ​ជិត​បង្កើយ ត្រឹម​កោះ​Okinawa របស់​ប្រទេស​ជប៉ុន​នៅ​ប៉ែក​ខាង​កើត និង​នៅ​ត្រឹម​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន ជិត​ប្រទេស​វៀតណាម​តែ​ប៉ុណ្ណោះ។ ក្រសួង​ការពារជាតិ​អាមេរិក​អះអាង​ថា ពី​អំណើះ​ត​ទៅ ថ្នាក់​ដឹក​នាំ​ចិន​ដែល​កំពុង​អនុវត្ត​ផែនការ​ដំឡើង​មីស៊ីល​បាញ់​បាន​ឆ្ងាយ បាន​ពង្រីក​ដែន​អំណាច​និង​ដែន​ប្រមាញ់​របស់​ខ្លួន ទៅ​ដល់​កោះ​Guam ដែល​ជា​ដែនដី​របស់​អាមេរិក​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ទៅ​ដល់​Honshu ដែល​ជា​កោះ​ធំ​ជាង​គេ​នៃ​ទីប្រជុំ​កោះ​របស់​ប្រទេស​ជប៉ុន និង​ទៅ​ដល់​ទឹក​ដី​ហ្វីលីព្វីន​ទៀត​ផង។

អ្នក​ណា​ក៏​ដឹង​ដែរ​ថា ចិន​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ដែល​បាន​វ៉ា​ឈ្នះ​ឬ​ក៏​ជិត​វ៉ា​ឈ្នះ​ជប៉ុន ដែល​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​២។
ទោះ​បី​ជា​ថ្នាក់​ដឹក​នាំ​ចិន​បន្ត​អះអាង​ថា ប្រទេស​ខ្លួន​ចង់​លេច​ត្រដែត​ឡើង​ដោយ​សន្តិវិធី​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដោយ ក៏​គេ​ត្រូវ​យល់​ដែរ​ថា ចិន​មិន​មែន​ជប៉ុន​ទេ។ ខុស​ពី​ជប៉ុន ចិន​ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​អង្គការ​សហ​ប្រជាជាតិ។ ខុស​ពី​ជប៉ុន ចិន​ជា​មហា​អំណាច​នុយ​ក្លេអ៊ែរ។ និយាយ​បែប​ផ្សេង លក្ខន្តិកៈ​របស់​ប្រទេស​ចិន​នៅ​លើ​លោក គឺ​មិន​ខុស​គ្នា​ពី​អាមេរិក រុស្ស៊ី បារាំង​និង​អង់គ្លេស​ទេ។ ម្ល៉ោះ​ហើយ ចិន​ក៏​មាន​មហិច្ឆតា​អន្តរជាតិ​ដូច​អាមេរិក​ដែរ។

ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ ដែល​គេ​បាន​និង​កំពុង​បន្ត​សាកល្បង​មើល​ឲ្យ​ធ្លុះ​គោល​បំណង​យោធា​ពិត​ប្រាកដ​របស់​ថ្នាក់​ដឹក​នាំ​ចិន ពីព្រោះ​ចិន​មិនមែន​ចេះ​តែ​បង្កើន​ថវិកា​យោធា​លឿន​រហ័ស​ដល់​ម្ល៉ឹង ដោយ​គ្មាន​គោលដៅ​ច្បាស់​លាស់​នោះ​ទេ។
ក្រុម​អ្នក​វិភាគ​មួយ​ចំនួន​បាន​អះអាង​ជា​ច្រើន​ឆ្នាំ​កន្លង​មក​ហើយ​ថា គោលដៅ​យោធា​របស់​ចិន​មាន​បី​ដំណាក់កាល។ នៅ​ក្នុង​ដំណាក់កាល​ទី​មួយ គឺ​មក​ដល់​ឆ្នាំ​២០១០​នេះ ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​មាន​សមត្ថភាព​និង​លទ្ធភាព​យោធា ដើម្បី​ប្រឈម​មុខ​នឹង​សង្គ្រាម​ជា​យថាហេតុ​ជាមួយ​តៃវ៉ាន់ ព្រម​ទាំង​សង្គ្រាម​ដែល​នឹង​អាច​កើត​មាន​ឡើង​នៅ​ប៉ែក​ខាង​ត្បូង​នៃ​សមុទ្រ​ចិន។ នៅ​ក្នុង​ដំណាក់កាលទី​ពីរ គឺ​ពី​ឆ្នាំ​២០១០​ដល់​ឆ្នាំ​២០២០ ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​មាន​សមត្ថភាព​ធ្វើ​អន្តរាគមន៍​យោធា នៅ​គ្រប់​ច្រក​ល្ហក​ក្នុង​តំបន់​អាស៊ី។ រីឯ​នៅ​ក្នុង​ដំណាក់កាល​ទី​បី គឺ​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០៥០ ប្រទេស​ចិន​ចាំបាច់​ត្រូវ​តែ​ក្លាយ​ជា​មហា​អំណាច​យោធា​ពិភពលោក ដោយ​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ជា​មុន​ថា​ជា​មហា​អំណាច​យោធា​នៅ​ក្នុង​តំបន់ បាន​ន័យ​ថា នៅ​គ្រប់​ផ្ទៃ​សមុទ្រ​ក្នុង​ភូមិភាគ​អាស៊ី​អាគ្នេយ៍ និង​អាស៊ី​បូព៌ា​ព្រម​ទាំង​នៅ​ទូទាំង​តំបន់​ប៉ែក​ខាង​លិច​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ