អានតួអត្ថបទ
ហ្កាហ្សា

អំពើ​ហិង្សា​នៅ​តែ​បន្ត​ក្នុង​តំបន់​ហ្កាហ្សា​ខណៈ​ដែល​គេ​រង់ចាំ​បទ​ឈប់​បាញ់​គ្នា​មួយ​

គ្រាប់​​ផ្លោង​​​របស់​​អ៊ីស្រាអែល​នៅ​​តែ​​បន្ត​​ពេញ​​មួយ​​យប់​​ម្សិលមិញ​​ឆ្លង​​មក​​ដល់​​ថ្ងៃ​​ពុធ​​២១​​វិច្ឆិកា​​នេះ​​ទៀត​​នៅ​​ហ្កាហ្សា។​ ខាង​​ប៉ាឡេស្ទីន​​វិញ​​ក៏​​ផ្លោង​​គ្រាប់​​រ៉ុកកែត​​ខ្លួន​​ទៅ​​ខាង​​អ៊ីស្រាអែល​​ដែរ​​និង​​បាន​​សម្លាប់​​ប្រជាជន​​អ៊ីស្រាអែល​​ពីរ​​នាក់​​ក្នុង​​នោះ​​ទាហាន​​ម្នាក់។​ នៅ​​ក្នុង​​បរិបថ​​នេះ​​ កា​រ​​ចរចា​​គ្នា​​ជា​​ច្រើន​​ដើម្បី​​រៀបចំ​​បទ​​ឈប់​បាញ់​​គ្នា​​មួយ​​ត្រូវ​​បាន​​ប្រព្រឹត្ត​​ទៅ ​ហើយ​​យោង​​តាម​​ចលនា​​អ៊ីស្លាម​​ប៉ាឡេស្ទីន​​ហាម៉ាស​ ដំណោះស្រាយ​​នៃ​​កិច្ចចរចា​​នេះ​​ប្រហែល​​ជា​​ត្រូវ​​ជូន​​ដំណឹង​​ដោយ​​ប្រទេស​​អេហ្ស៊ីប។​ ចំណែក​​លោកស្រី​ ហ៊ីឡារី​ក្លីនតុន ​រដ្ឋមន្ត្រី​​ការ​បរទេស​​អាមេរិក​​វិញ ​កំពុង​​ស្ថិត​​នៅ​​ក្នុង​​តំបន់ ​​Cijordanie​ ​នៅ​​ថ្ងៃ​​ពុធ​​នេះ ​ដើម្បី​​ជួប​​ប្រាស្រ័យ​​ជាមួយ​​លោក​​ប្រធាន​​រដ្ឋ​អំណាច​​ប៉ាឡេស្ទីន​ Mahmoud Abbas។

មនុស្ស២១នាក់ត្រូវរងរបួសនៅក្នុងអំពើភេរវកម្មបំផ្ទុះឡានក្រុងមួយនៅ Tel-Aviv​ថ្ងៃពុធទី២១វិច្ឆិកា២០១២នេះ
មនុស្ស២១នាក់ត្រូវរងរបួសនៅក្នុងអំពើភេរវកម្មបំផ្ទុះឡានក្រុងមួយនៅ Tel-Aviv​ថ្ងៃពុធទី២១វិច្ឆិកា២០១២នេះ REUTERS/Nir Elias
ផ្សាយពាណិជ្ជកម្ម

ពេញ​មួយ​យប់​ម្សិលមិញ​ឆ្លង​មក​ថ្ងៃ​ពុធ​នេះ​ទៀត ​អំពើ​ហិង្សា នៅតែ​​បន្ត​​ ដោយមាន​​ការ​បាញ់​​​គ្រាប់ផ្លោង​របស់​អ៊ីស្រាអែល​និង​ការបាញ់​គ្រាប់​រ៉ុកកែត​របស់​ចលនា​ប៉ាឡេស្ទីន​ហាម៉ាស។​

គេ​ឮ​សូរ​សម្លេង​យន្តហោះ​ដ្រូន​(drone) ​យ៉ាង​ទ្រហឹង​អឹងអាប់ពេញផ្ទៃមេឃ​នៅ​​ព្រឹក​ថ្ងៃ​ពុធ​នេះ ហើយ​កាលពីយប់មិញ ឧត្ថម្ភភាគចក្រ​អ៊ីស្រាអែល បានប្រតិបត្តិការ​ហោះ​ល្បាត​ និង បាញ់​គ្រាប់មីស្ស៊ីល។ កងទ័ពជើងទឹកអ៊ីស្រាអែលវិញ នៅតែ​ដាក់ពង្រាយ​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​ជានិច្ច ចំណែក​យន្តហោះ​ប្រដេញ​ធុន ​F16  វិញ ក៏​ហោះ​ក្នុង​កំរិត​យ៉ាង​ទាបដែរ​នៅ​យប់មិញ។

កងទ័ពអ៊ីស្រាអែល​ បាន​បូកសរុបចំនួន​​គ្រាប់​រ៉ុកកែត​ដែល​បាញ់​ចេញ​ពី​តំបន់​ហ្កាហ្សាប្រមាណ​១៨៩គ្រាប់ក្នុងនោះជាង៥០គ្រាប់ ត្រូវ​បានប្រព័ន្ធកំចាត់​មីស្ស៊ីល​អ៊ីស្រាអែល Iron Dome ស្តាត់​ចាប់​បាន។ នៅម្សិល​មិញនេះ​​​ទាហាន​អ៊ីស្រាអែល​ម្នាក់​អាយុ១៨ឆ្នាំត្រូវ​រងគ្រោះ​ស្លាប់​​​​ដោយ​ការ​ផ្លោង​​គ្រាប់រ៉ុកកែតប៉ាឡេស្ទីន​​មកលើ​​​ភាគខាង​ត្បូង​​ប្រទេស​អ៊ីស្រាអែល​​និងបាន​បណ្តាល​ឲ្យ​ស្លាប់​​ជន​ស៊ីវិល​​​អ៊ីស្រាអែល​ម្នាក់​​ដែរ​​​នៅ​​ក្នុង​​តំបន់​ដដែលនេះ។​​ ខាងអ៊ីស្រាអែល មក​ទល់​ពេល​នេះ​​មាន​​ស្លាប់​​៥នាក់។

ខាងប៉ាឡេស្ទីន​​យោងតាម​អ្នកតំណាងប៉ាឡេស្ទីន​នៅ​អសបចំនួន​ជន​រងគ្រោះ​ប៉ាឡេស្ទីន​ ចាប់​តាំង​ពី​មានប្រតិបត្តិការ”សសរការពារ​"របស់​អ៊ីស្រាអែល​មកមាន​អ្នក​ស្លាប់​ប្រមាណ ​​១៤០​នាក់​​និង​​រង​របួស​៩៥០​នាក់។​​

អ្នកតំណាង​របស់ប៉ាឡេស្ទីន បានទាមទារសុំ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​មួយ​ទៅលើ​ប្រតិបត្តិការ​​យោធា​អ៊ីស្រាអែលពីសំណាក់​ក្រុមប្រឹក្សាសន្តិសុខ​នៃអសប។ ​ម្យ៉ាងទៀត កិច្ច​ប្រជុំ​​ជា​សាធារណៈ​​​មួយ​ ប្រហែល​ជានឹងត្រូវធ្វើនៅអសប នៅថ្ងៃពុធនេះដែរ។

ដោយឡែក នៅយប់ម្សិលមិញ​នៅទីក្រុងហ្សេរុយហ្សាឡិម​ លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក​ហ៊ីឡារីក្លីនតុ​ន មុនកិច្ចសន្ទនាជាមួយ​លោកនាយក​រដ្ឋមន្ត្រីអ៊ី​ស្រាអែល បានថ្លែង​ បញ្ជាក់​ជាថ្មី ថា ការសន្យារបស់សហរដ្ឋអាមេរិកក្នុងកិច្ច​ការពារសន្តិសុខ​រដ្ឋ​អ៊ីស្រាអែល​ នៅ​តែ​ម៉ឹងម័តនិងរឹងប៉ឹងដដែល។​ នៅថ្ងៃពុធនេះ លោកស្រីត្រូវអញ្ជើញទៅទីក្រុង ​Ramallah ដើម្បី​ជួប​សន្ទនាជាមួយលោក ប្រធានរដ្ឋអំណាចប៉ាឡេស្ទីន Mahmoud Abvbas មុន​នឹង​ចាក​ចេញ​ដំណើរ​ឆ្ពោះទៅកាន់​​ទីក្រុងកែរប្រទេសអេហ្ស៊ីប​ ដើម្បី​លើក​ពិភាក្សា​អំពី​កិច្ច​ព្រមព្រៀង​គ្នា​មួយ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ