អានតួអត្ថបទ
ដើមបូព៌ា

អ៊ីស្រាអែល​ត្រៀម​បើក​ប្រតិបត្តិការ​ទ័ព​ជើងគោក នៅក្នុង​ទឹកដី​ហ្កាហ្សា

នាយករដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស នៅថ្ងៃ​អាទិត្យ​ទី ១៨​វិច្ឆិកា​នេះ​ថា កងទ័ព​អ៊ីស្រាអែល​បាន​ត្រៀម​រួមហើយ ដើម្បី​ផ្តើម​ប្រតិបត្តិការ​យោធា ដើម្បី ប្រយុទ្ធប្រឆាំង​នឹង​ពួក​​ហាម៉ាស នៅក្នុង​តំបន់​ហ្កាហ្សា។ នៅថ្ងៃ​អាទិត្យ​នេះ ប្រជាជន​ប៉ាឡេស្ទីន​៦​នាក់ ក្នុង​នោះ​មាន​កុមារ​៤​នាក់​បាន​ស្លាប់​នៅក្នុង​ទម្លាក់គ្រាប់បែក​របស់​យន្តហោះ​អ៊ីស្រាអែល។

ទាហាន​អ៊ីស្រាអែល​ធ្វើ​លំហាត់​សម ដើម្បី​ត្រៀម​ការប្រយុទ្ធ​ជាមួយ​ក្រុម​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន
ទាហាន​អ៊ីស្រាអែល​ធ្វើ​លំហាត់​សម ដើម្បី​ត្រៀម​ការប្រយុទ្ធ​ជាមួយ​ក្រុម​ចលនា​ហាម៉ាស​ប៉ាឡេស្ទីន ©REUTERS/Nir Elias
ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​អ៊ីស្រាអែល​បាន​កោះ​ប្រជុំ គណៈរដ្ឋមន្រ្តី​ នៅថ្ងៃ​អាទិត្យ ដើម្បី​បើកភ្លើង​ខៀវ​ឲ្យ​ក្រសួងការពារ​ជាតិ​ប្រកាស​ប្រមូល​កងទ័ព​បម្រុង​បន្ថែមទៀត សម្រាប់​ត្រៀម​ប្រលូក​ចូល​វាយលុក​ក្នុង​តំបន់​ហ្កាហ្សា។ រហូត​មកដល់​ពេលនេះ មាន​កងទ័ព​បម្រុង​អ៊ីស្រាអែល ប្រមាណ​ជាង ២ម៉ឺន​នាក់​ត្រូវ​បាន​ប្រមូល​ឲ្យ​ចូលជួរ និង​ពង្រាយ ជាមួយ​កងរថក្រោះ នៅតាម​ជួរ​ព្រំដែន​ជាមួយ​តំបន់​ហ្កាហ្សា​រួចហើយ។ តាមគម្រោង រដ្ឋាភិបាល​អ៊ីស្រាអែល​នឹង​ប្រមូល​ទ័ព​បម្រុង​ដល់​ទៅ​ជាង ៧ម៉ឺន ៥ពាន់​សម្រាប់​ត្រៀម​ប្រយុទ្ធ​ជើងគោក ទៅក្នុង​តំបន់​ហ្កាហ្សា។

នៅក្នុង​ការប្រជុំ​គណៈរដ្ឋមន្រ្តី នៅព្រឹកមិញនេះ នាយក​រដ្ឋមន្រ្តី​អ៊ីស្រាអែល​បាន​ប្រកាស​ថ្លែង​អំណរគុណ​ដល់​ប្រទេស​មហាអំណាច​ដែល​បាន​សំដែង​ការគាំទ្រ​ដល់​បុព្វហេតុ​របស់​អ៊ីស្រាអែល ដែល​បាន​បើក​ការវាយប្រហារ​ទៅលើ​ក្រុមហាម៉ាស ក្នុង​បំណង​ការពារ​ខ្លួន។ ក្នុង​ន័យនេះ អ៊ីស្រាអែល​ចង់​សំដៅ​ទៅ​ប្រធានាធិបតី អាមេរិក​ដែលបាន​ប្រកាស​គាំទ្រ​អ៊ីស្រាអែល។ អង់គ្លេសវិញ តាមរដ្ឋមន្រ្តី​ការពារ​ជាតិ​បាន​បង្ហាញ ការមិនគាំទ្រ​របស់​អង់គ្លេស​ទៅលើ​ប្រតិបត្តិការ​វាយលុក​ជើងគោក ទៅតំបន់​ហ្កាហ្សា។ តាម​លោក​William Hague ការវាយសម្រុក​ចូល​របស់​ទ័ព​ជើងគោក​របស់​អ៊ីស្រាអែល​ទៅក្នុង​តំបន់​ហ្កាហ្សា នឹង​អាច​ធ្វើ​អ៊ីស្រាអែល​បាត់បង់​ការគាំទ្រ​របស់ខ្លួន នៅក្នុង​ឆាក​អន្តរជាតិ។

រហូតមក​ថ្ងៃអាទិត្យ ឥស្សរជន​នយោបាយ​ជាន់ខ្ពស់​របស់​សហគមន៍​អន្តរជាតិ​បាន​ធ្វើ​ដំណើរ​បន្តបន្ទាប់​គ្នា​ទៅកាន់​អ៊ីស្រាអែល និង​តំបន់​ហ្កាហ្សា ដើម្បី​ធ្វើ​យ៉ាងណា​បញ្ចុះបញ្ចូល​ភាគី​ទាំងពីរ​ឲ្យ​បញ្ឈប់​ការវាយ​ប្រហារ​គ្នា។ បន្ទាប់​ពី​នាយករដ្ឋមន្រ្តី​អេហ្ស៊ីប និង​រដ្ឋមន្រ្តី​ការបរទេស​ទុយនីស៊ី គណៈប្រតិភូ​របស់​សម្ព័ន្ធអារ៉ាប់ កំពុង​ផ្តើម​ការងារ​ការទូត​របស់ខ្លួន នៅក្នុង​តំបន់​ហ្កាហ្សា។ ប្រទេស​អារ៉ាប់​ភាគច្រើន​បាន​សំដែង​ការគាំទ្រ​ដល់​ប្រជាជន​ប៉ាឡេស្ទីន និង​ថ្កោលទោស​ការវាយប្រហារ​របស់​ទាហាន​អ៊ីស្រាអែល។

ទីក្រុង​តេអេរ៉ង់​វិញ ដែល​ជាសត្រូវ​របស់​អ៊ីស្រាអែល លែង​និយាយ​ពីការចរចា​ផ្នែក​ការទូត ប៉ុន្តែ បាន​ប្រកាស​ឲ្យ​ប្រទេស​នៅក្នុង​តំបន់​បំពាក់​អាវុធ​ដល់​យុទ្ធជន​ប៉ាឡេស្ទីន ដើម្បី​ប្រយុទ្ធតប​នឹង​អ៊ីស្រាអែល។

នៅថ្ងៃនេះ បណ្តាញ​សកម្មជន​ប៉ាឡេស្ទីន​បាន​អះអាង​ថា ខ្លួន​បាន​បាញ់​គ្រាប់​រុក្កែត​ចូល​ទៅក្នុង​ទីក្រុង​Tel Aviv។ គ្រាប់រ៉ុក្កែត​នេះ​ផលិត​នៅក្នុង​ប្រទេស​អៀរ៉ង់ ដោយ​វា​មានរត់​បាន​ចម្ងាយឆ្ងាយ​ជាង​គ្រាប់ផ្លោង​ដែល​ក្រុមប៉ាឡេស្ទីន​ចេះ​កែច្នៃ។ យ៉ាងណាក៏ដោយ នៅ​ភាគី​អ៊ីស្រាអែល មីស៊ីល​បាន​បាញ់ស្ទាក់ ទម្លាក់​គ្រាប់ផ្លោង​ទាំងពីរ​គ្រាប់​របស់​ក្រុមហាម៉ាស ដែល​ហោះ​សំដៅ​ទីក្រុង​Tel Aviv។

តាម​តុល្យការ​ចុងក្រោយ​របស់​ទាហាន​អ៊ីស្រាអែល មាន​យ៉ាងហោច គ្រាប់​ផ្លោង ជាង ៧០០​គ្រាប់ ត្រូវ​ពួកចលនា​​ហាម៉ាសបាញ់​ចេញ​ពី​ហ្កាហ្សា​ចូល​ក្នុង​ទឹកដី​អ៊ីស្រាអែល។ ប៉ុន្តែ មាន​តែ​ជាង ៤០០​គ្រាប់​ប៉ុណ្ណោះដែល​ធ្លាក់​​ចូល​ក្នុង​ប្រទេស​អ៊ីស្រាអែល ក្រៅពីនោះ គឺ​ត្រូវ​មីស៊ីល​របស់​អ៊ីស្រាអែល​អាច​បាញ់ស្ទាក់ ទម្លាក់​មុន នឹង​ទៅដល់​ទិសដៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ