អានតួអត្ថបទ
ដើមបូព៌ា

អ៊ីស្រាអែល​បាញ់​កម្ទេច​ទីស្នាក់ការ​កណ្តាល​របស់​ចលនា​ហាម៉ាស

នៅតែ​ប៉ុន្មាន​ម៉ោង​ក្រោយ នាយករដ្ឋមន្រ្តី​អេហ្សីប​បញ្ចប់​ទស្សនកិច្ច​នៅតំបន់​ហ្កាហ្សា ទាហាន​អ៊ីស្រាអែល​បាន​ចាប់ផ្តើម​ជាថ្មី​សមរភូមិ​ប្រយុទ្ធ ដោយ​បាន​ប្រើ​យន្តហោះ​ចម្បាំង​បាញ់​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​ក្រុមសកម្មប្រយុទ្ធ​ហាម៉ាស។ នៅព្រឹកព្រលឹម​ថ្ងៃ​សៅរ៍​ទី ១៧ វិច្ឆិកា​នេះ ការវាយប្រហារ​ទ័ព​អាកាស​របស់​អ៊ីស្រាអែល​បាន​សម្លាប់​ប្រជាជន​ប៉ាឡេស្ទីន​៨​នាក់ ក្នុង​នោះ មាន​បីនាក់​ជា​យុទ្ធជន​​ប៉ាឡេស្ទីន។ ជាសរុប រហូត​មក​ដល់​ព្រឹក​ថ្ងៃ​សៅរ៍​នេះ មាន​ប្រជាជន​ប៉ាឡេស្ទីន ៣៨​នាក់​ស្លាប់ នៅក្នុង​ការវាយប្រហារ​របស់​យន្តហោះ​អ៊ីស្រាអែល។ នៅ​ទឹកដី​​អ៊ីស្រាអែលវិញ គ្រាប់ផ្លោង​របស់​ក្រុមប៉ាឡេស្ទីន​បាន​ធ្វើ​ឲ្យ​ទាហាន​អ៊ីស្រាអែល​របួស​បីនាក់។

ទីស្នាក់ការ​កណ្តាល​របស់​មេដឹកនាំ ហាម៉ាស​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់ផ្លោង​របស់​ទាហាន​អ៊ីស្រាអែល
ទីស្នាក់ការ​កណ្តាល​របស់​មេដឹកនាំ ហាម៉ាស​ត្រូវ​បំផ្លាញ​ដោយ​គ្រាប់ផ្លោង​របស់​ទាហាន​អ៊ីស្រាអែល ©REUTERS/Mohammed Salem
ផ្សាយពាណិជ្ជកម្ម

 

ចាប់តាំងពី​យប់​ថ្ងៃ​សុក្រ​ម្សិលមិញ ប្រជាជន​ប៉ាឡេស្ទីន នៅ​តំបន់​ហ្កាហ្សា មិន​អាច​លក់​មួយ​ស្រឡេត​ណាឡើយ។ នេះ​ជា​លើកទីបី​ហើយ ដែល​យន្តហោះ​ចម្បាំង​របស់​អ៊ីស្រាអែល​បាន​ទមា្លក់​គ្រាប់បែក​ផ្ទួនៗ​ទៅលើ​ទីតាំង​សំខាន់ៗ​របស់​ចលនា​ហាម៉ាស គឺ​បន្ទាប់ពី​គ្រាប់ផ្លោង​ជាច្រើន​គ្រាប់របស់​ចលនា​ប៉ាឡេស្ទីន បាញ់​ចូល​ទៅ​Jerusalum និង​ក្បែររដ្ឋធានី​Tel Aviv កាលពីថ្ងៃសុក្រ។ នៅព្រឹកថ្ងៃ​សៅរ៍នេះ សូម្បី ទីស្នាក់ការ​កណ្តាល​របស់​ក្រុម​ហាម៉ាស ដែល​ជា​កន្លែង​ធ្វើ​សន្និសីទ​កាសែត របស់​នាយករដ្ឋមន្រ្តី​អេហ្សីប កាលពី​ម្សិលមិញ ក៏​ត្រូវ​រង​ការបាញ់​បំផ្លាញ​យ៉ាង​ខ្ទេចខ្ទី​ដែរ ប៉ុន្តែ មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​របួសទេ បើតាម​តុល្យការ​ចុងក្រោយ។

ទាហាន​អ៊ីស្រាអែល​បាន​ប្រកាស​ថា ខ្លួន​បាន​សំដៅ​វាយប្រហារ​ទៅលើ​ស្ថាប័ន ចំនួន ៨៥​កន្លែង​របស់​ក្រុមហាម៉ាស ដែល​នៅក្នុង​នោះ​មាន​តាំងពី​ទីស្នាក់ការ​របស់​ប៉ូលិស។ ផ្លូវថ្នល់​សំខាន់២ ជុំវិញ ទីក្រុង​ហ្កាហ្សា​ក៏​ត្រូវ​យន្តហោះ​អ៊ីស្រាអែល​បាញ់​បំផ្លាញដែរ។ យោងតាម​អ្នកកាសែត ដែល​កំពុង​យក​ព័ត៌មាន​នៅក្នុង​ទឹកដី​ហ្កាហ្សា ការវាយប្រហារ​ទ័ព​អាកាស​របស់​អ៊ីស្រាអែល លើកនេះ​មាន​លក្ខណៈ​ផ្ទួនៗគ្នា និង​ចំ​គោលដៅ ជាងមុន គឺ​ខុស​ពី​​ការវាយប្រហារ​របស់​អ៊ីស្រាអែល កាលពី​ឆ្នាំ​២០០៨ និង​២០០៩ ទៅលើ​តំបន់​ហ្កាហ្សា ដែល​កាលណោះ គឺ​លំនៅឋាន​របស់​ប្រជាជន​ដែល​រងគ្រោះ ដោយការទម្លាក់គ្រាប់​របស់​ទាហាន​អ៊ីស្រាអែល។

ចាប់តាំងថ្ងៃ​សុក្រ ក្រុមទាហាន​ស្ម័គ្រ​អ៊ីស្រាអែល​ត្រូវ​បញ្ជូន​ទៅ ព្រំដែន អ៊ីស្រាអែល ជាមួយ​តំបន់​ហ្កាហ្សា ​ដែល​រថក្រោះ​អ៊ីស្រាអែល​ត្រូវ​បាន​ពង្រាយ​រួចជាស្រេច​ដើម្បី​ផ្តើម​ប្រតិបត្តិការ​ប្រយុទ្ធ​តាម​ផ្លូវគោក។ ក្រសួងការពារ​ជាតិ​អ៊ីស្រាអែល​វិញ​បាន​បញ្ជាក់ថា គេ​បាន​ប្រកាស​ប្រមូល​ចូលវិញ​នូវ​ទាហាន​អ៊ីស្រាអែល​បម្រុង ប្រមាណ ៧ម៉ឺន ៥ពាន់ សម្រាប់​ត្រៀម​ប្រយុទ្ធ​ជាមួយក្រុមហាម៉ាស។

នៅថ្ងៃ​សៅរ៍នេះ​ដែរ រដ្ឋមន្រ្តីការបរទេស​ទុយនីស៊ី​បានធ្វើ​ដំណើរ​ទៅក្នុង​ទឹកដី​ហ្កាហ្សា ដើម្បី​ជួប​ពិភាក្សា​ជាមួយ​ប្រមុខដឹកនាំ​ក្រុម​ហាម៉ាស។ កាលពីថ្ងៃ​ម្សិលមិញ ប្រធានាធិបតី​ទុយនីស៊ី​បាន​ប្រកាស​សាមគ្គីភាព​របស់​ប្រជាជន​ទុយនីស៊ី​ជាមួយ​ប្រជាជន​ប៉ាឡេស្ទីន និង​បាន​បរិហារ​ពី​ការវាយប្រហារ​ដ៏ហិង្សា​របស់​អ៊ីស្រាអែល​ទៅលើ​ប្រជាជន​ប៉ាឡេស្ទីន។ ទុយនីស៊ី​បាន​ទាមទារ​ឲ្យ​មាន​ការប្រជុំ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​បន្ទាន់ ដើម្បីចេញ​សេចក្តី សម្រេច ​ដាក់​ទណ្ឌកម្ម​លើ​អ៊ីស្រាអែល។

សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ ដើម្បី​ដាក់​ទណ្ឌកម្ម​ប្រឆាំង​អ៊ីស្រាអែល នឹង​ទំនង​ប្រហែល​ជា​មិនអាច​ចេញរួច ព្រោះ​លោក​ប្រធានាធិបតី​អាមេរិក បារ៉ាក់ អូបាម៉ា​បាន​សំដែង​ជាថ្មី គាំទ្រ​ប្រតិបត្តិការ​របស់​អ៊ីស្រាអែល ដែល​លោក​ចាត់ទុកថា ធ្វើឡើង​ដើម្បី​ការពារ​ខ្លួន ពីការវាយប្រហារ​របស់​ហាម៉ាស​តែប៉ុណ្ណោះ។ លោក​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន គីមូន​ឯណោះវិញ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អ៊ីស្រាអែល និង​តំបន់​ហា្កហ្សា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ