អានតួអត្ថបទ
បារាំង

គណបក្ស​កាន់អំណាច​បារាំង​​បាក់មុខ​​ ព្រោះ​​ចាញ់ឆ្នោត​ឃុំ-សង្កាត់​ ប្រឈមនឹង​ជោគជ័យ​របស់​បក្ស​អភិរក្ស​និយម​

ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ ជុំទី២​ ​នៅ​ប្រទេស​បារាំង ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​ចេញ​លទ្ធផល​ថា គណបក្ស​សង្គមនិយម​របស់​ប្រធានាធិបតី ហ្វ្រង់ស៊័រ ហូឡង់ ដែល​កំពុង​កាន់​អំណាច​​បច្ចុប្បន្ន​ បាន​ចាញ់​សម្លេង​ឆ្នោត​ ប្រឈម​នឹង​បក្សអភិរក្ស​និយម ​​ស្តាំនិយម​ UMP អ៊ុយ អិម ប៉េ របស់​អតីត​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី ដែល​បាន​ដណ្តើម​ក្រុង​ជាច្រើន​​ពី​បក្ស​កាន់អំណាច​ ​យក​មក​កាន់កាប់។ ​សម្លេង​ឆ្នោត​​​​អនុប្បវាទ​បាន​ឡើង​ខ្ពស់​មិន​ធ្លាប់មាន។ ​​តាមធម្មតា ​នៅថ្ងៃ​​ចន្ទនេះ ​ប្រធានាធិបតី​បារាំង​ហូឡង់​ត្រូវ​​​​ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ គឺលោក​ម៉ានុយអ៊ែល វ៉ាល់ ប៉ុន្តែ ជំនួប​នេះ​ត្រូវ​បាន​លើក​ពេលវិញ។ ​ប្រសិន​បើ​​បារាំង​រុះរើ​រដ្ឋាភិបាល​ ​លោក​ម៉ានុយអ៊ែល​ វ៉ាល់ ប្រហែល​ជា​អាច​ឡើង​កាន់​តំណែង​ជា​នាយករដ្ឋមន្ត្រី បន្តពី​លោក​ហ្សង់ ម៉ាក អៃរ៉ូល។

ប្រធានាធិបតី​បារាំង​ François Hollande និង​នាយករដ្ឋ​មន្ត្រី​ Jean-Marc Ayrault
ប្រធានាធិបតី​បារាំង​ François Hollande និង​នាយករដ្ឋ​មន្ត្រី​ Jean-Marc Ayrault REUTERS/Benoit Tessier
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​នៃ​ការបោះឆ្នោត​ឃុំ-សង្កាត់​ នៅ​បារាំង​ ថ្ងៃ​អាទិត្យ​ម្សិលមិញ បាន​បំបាក់​មុខ​​គណបក្ស​​កាន់អំណាច​សង្គមនិយម​បារាំង​យ៉ាងខ្លាំង។ ​គិត​ទូទាំង​ប្រទេស​ ​បក្ស​កាន់​អំណាច​​​ទទួល​សម្លេង​​បាន៤០,៥៧ភាគរយ តិចជាង​​បក្ស​ប្រឆាំង​ស្តាំនិយម​ UMP អ៊ុយ អិម ប៉េ ដែល​​​ទទួល​ជោគជ័យ​​ជាមួយ​សម្លេង​​៤៥,៩១ភាគរយ។ ​រី​ឯ​បក្ស​រណសិរ្ស​ជាតិ​ ជា​បក្ស​ស្តាំ​និយម​ជ្រុល​​វិញ បាន​ទទួលសម្លេង​ខ្ពស់ ​​គួរ​អោយ​កត់សម្គាល់​ផងដែរ​គឺ​បាន​ប្រមាណ​៦,៨៤​ភាគរយ។ បក្ស​ស្តាំនិយម​ជ្រុល​នេះ បាន​​ឈ្នះឆ្នោត​​នៅតាម​​ក្រុង​ចំនួន​ជាង​១២ ស្រប​តាម​ទិសដៅ​ដែល​បាន​កំណត់​ពី​ដំបូងទី។

នេះ​ជា​លើកទី១ហើយ ដែល​បក្ស​ប្រឆាំង​ស្តាំនិយម​ UMP របស់​អតីត​ប្រធានាធិបតី​​នីកូឡា សាកូហ្ស៊ី បាន​​ទទួលជោគជ័យ​ក្នុង​ការ​បោះឆ្នោត​ឃុំ-សង្កាត់ គិត​រយៈពេល​៦ឆ្នាំ​មកនេះ។ កាលពី​លោក​សាកូហ្ស៊ី​កាន់អំណាច​ជា​ប្រធានាធិបតី ​បក្ស​​ UMP បាន​ចាញ់​ឆ្នោត​ឃុំ-សង្កាត់​ ប្រឈម​នឹង​បក្ស​សង្គមនិយម ដែល​កំពុង​កាន់អំណាច​សព្វថ្ងៃ​នេះ។

ដោយឡែក ​​ក្នុង​ការ​បោះឆ្នោត​​ម្សិលមិញ ​លោកស្រី អាន ហ៊ីដាល់ហ្កូ មកពី​បក្ស​កាន់​អំណាច​​​បានជាប់​ឆ្នោត​​ ជា​អភិបាល​​​រដ្ឋធានី​ប៉ារីស។ ម្សិលមិញ ​អត្រា​អ្នកចូលរួម​បោះឆ្នោត​​ជុំទី២​ មាន​៦៣,៧​ភាគរយ​ ជាអត្រា​ទាប​មិនធ្លាប់​មាន។ ​​បរាជ័យ​​របស់​បក្ស​កាន់​អំណាច​​នៅ​ពេលនេះ​ ​​​បង្ហាញ​ច្បាស់​​ថា ប្រជាជន​បារាំង​មិន​ពេញ​ចិត្ត​​​​នយោបាយ​​របស់​ប្រធានាធិបតី ហូឡង់ និង​នាយករដ្ឋមន្ត្រី​អៃរ៉ូល​នោះទេ។ ប្រជាជន​​បារាំង​នៅតែ​​​បន្ទោស​រដ្ឋាភិបាល​ថា គ្មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ជនគ្មាន​ការងារធ្វើ​ក្នុង​ស្រុក។ ​

​​រដ្ឋាភិបាល​បារាំងប្រហែល​ជា​ត្រូវ​រុះរើ​សមាសភាព​របស់​ខ្លួន ដោយសារ​តែ​​​ភាព​បរាជ័យ​ក្នុង​​ការបោះឆ្នោត​ឃុំ-សង្កាត់​នេះ។ គេ​រំពឹង​ថា លោក​ហ្សង់ម៉ាក អៃរ៉ូល នឹង​ចុះ​ពីតំណែង​នាយករដ្ឋមន្ត្រី ហើយ​រដ្ឋមន្ត្រី​មហាផ្ទៃ គឹ​លោក​ម៉ានុយអ៊ែល វ៉ាល់ នឹង​ឡើង​មក​ធ្វើ​ជា​នាយករដ្ឋមន្ត្រីវិញ។ ខុសពី​​​នាយករដ្ឋមន្ត្រី​អៃរ៉ូល និង​ប្រធានាធិបតី​ហូឡង់ ដែល​​ធ្លាក់​ប្រជាប្រិយភាព​​ ​​លោក​វ៉ាល់ កំពុង​មាន​​ប្រជាប្រិយ​ភាព​​​​ក្នុង​ស្រុក​គួរ​អោយ​កត់សម្គាល់៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ