អានតួអត្ថបទ
អាមេរិក-កូរ៉េ​ខាង​ជើង

អតីត​មន្រ្តីទូត​អាមេរិក​និង​ប្រធាន​ក្រុមហ៊ុន Google បញ្ចប់​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង

អតីត​មន្រ្តីការទូត​អាមេរិក គឺ​លោក Bill Richardson និង​ប្រធាន​ក្រុមហ៊ុន Google គឺ​លោក Eric Schmidt បាន​បញ្ចប់​ដំណើរទស្សនកិច្ច​​នៅ​កូរ៉េ​ខាង​ជើង​ហើយ​ នៅថ្ងៃ​ព្រហស្បតិ៍​នេះ។ ​ក៏ប៉ុន្តែ ដំណើរទស្សនកិច្ច​ដ៏​ចម្រូងចម្រាសនេះ​បាន​បញ្ចប់​ទៅ ដោយ​​មិន​​បាន​ទទួល​ជោគជ័យ ក្នុង​ការ​ជួយ​ដោះលែង​ពលរដ្ឋ​អាមេរិក ដែល​កំពុង​ជាប់ឃុំ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​នេះ​ទេ។

លោក​ Bill Richardson និង​លោក Eric Schmidt ទៅ​មើល​មជ្ឈមណ្ឌល​កុំព្យូទ័រ នៅ​ទីក្រុង​ព្យុងយ៉ាង កូរ៉េ​ខាងជើង ថ្ងៃពុធ ៩ មករា ២០១៣
លោក​ Bill Richardson និង​លោក Eric Schmidt ទៅ​មើល​មជ្ឈមណ្ឌល​កុំព្យូទ័រ នៅ​ទីក្រុង​ព្យុងយ៉ាង កូរ៉េ​ខាងជើង ថ្ងៃពុធ ៩ មករា ២០១៣ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

នៅ​មុនពេល​ធ្វើ​ដំណើរទៅ​កូរ៉េ​ខាងជើង លោក Bill Richardson អតីត​ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ប្រចាំ​អ.ស.ប. និង​ជា​អតីត​អភិបាលរដ្ឋ New Mexico បាន​អះអាង​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក និង​ប្រធាន​ក្រុមហ៊ុន Google ​ទៅ​កូរ៉េ​ខាងជើង គឺ​ធ្វើ​ឡើង​​ក្នុង​លក្ខណៈ​ជា​ឯកជន និង​ក្នុង​គោលដៅ​មនុស្សធម៌​​សុទ្ធសាធ។ ការថ្លែង​បែបនេះ ធ្វើ​ឲ្យ​គេ​សន្និដ្ឋាន​ថា ដំណើរទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វះស្វែង​រក​ការ​ដោះលែង ពលរដ្ឋ​អាមេរិក ដើម​កំណើត​កូរ៉េ​ម្នាក់ ដែល​កំពុង​ជាប់ឃុំ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។

កាល​ពី​ពេល​កន្លងមក គេ​ធ្លាប់​ឃើញ​ថា ពលរដ្ឋ​អាមេរិក ដែល​ជាប់ឃុំ​នៅ​កូរ៉េ​ខាងជើង ត្រូវ​បាន​គេ​ដោះលែង​មកវិញ នៅពេលមាន​ដំណើរ​ទស្សនកិច្ច​របស់​ឥស្សរជន​អាមេរិក ដូចជា លោក​អតីត​ប្រធានាធិបតី ប៊ីល គ្លីនតុន ជាដើម។

ក៏ប៉ុន្តែ នៅថ្ងៃ​ព្រហស្បតិ៍​នេះ លោក Bill Richardson និង​លោក Eric Schmidt បាន​វិលត្រឡប់​ពី​កូរ៉េ​ខាង​ជើង​មកវិញ ដោយ​ដៃ​ទទេ ហើយ​ពលរដ្ឋ​អាមេរិក ដែល​កូរ៉េ​ខាងជើង​ចាប់ឃុំ​ខ្លួន តាំង​ពី​ខែ​វិច្ឆិកា​មកនោះ នៅតែ​បន្ត​ជាប់ឃុំ​ដដែល។

ថ្លែង​ទៅកាន់​​អ្នក​សារព័ត៌មាន នៅ​ព្រលាន​យន្តហោះ​ក្រុង​ប៉េកាំង ក្រោយ​ពី​វិលត្រឡប់​ពី​កូរ៉េ​ខាង​ជើង លោក Bill Richardson បាន​បញ្ជាក់ថា នៅ​ក្នុង​ដំណើរទស្សនកិច្ច​រយៈពេល​ ៣ថ្ងៃ​​​នេះ លោក​មិន​បាន​ចូល​ជួប​ពលរដ្ឋ​អាមេរិក ដែល​កំពុង​ជាប់ឃុំ​ នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ផងទេ គឺ​​បាន​ត្រឹមតែ​​ទទួល​ការ​ធានា​អះអាង​​ពី​អាជ្ញាធរ​ក្រុង​ព្យុងយ៉ាង​ថា ពលរដ្ឋ​អាមេរិក​រូបនេះ​មាន​ស្ថានភាព​សុខភាព​ល្អ​​ជា​ធម្មតា​​តែ​ប៉ុណ្ណោះ។ ម្យ៉ាងទៀត លោក​ក៏​មិន​បាន​ចូល​ជួប​លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​កូរ៉េ​ខាង​ជើង​ដែរ គឺ​បាន​ជួប​ត្រឹមតែ​មន្រ្តី​ថ្នាក់​ក្រោម​តែ​ប៉ុណ្ណោះ។

ទោះជា​យ៉ាងណា លោក Bill Richardson បាន​អះអាង​ថា ដំណើរទស្សនកិច្ច​ទៅកាន់​កូរ៉េ​ខាងជើង គឺ​ជា​ជោគជ័យ​ដ៏​សំខាន់​មួយ។ ជោគជ័យ​ពីព្រោះ​លោក​មាន​ឱកាស​ អំពាវនាវ​ដល់​របបដឹកនាំ​ក្រុង​ព្យុងយ៉ាង​ឲ្យ​ផ្អាក​រាល់​ការ​សាកល្បង​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ។ ចំណែក​ប្រធាន​​ក្រុមហ៊ុន Google វិញ មាន​ឱកាស​​អំពាវនាវ​ឲ្យ​មេដឹកនាំ​កូរ៉េ​ខាង​ជើង​បើក​សិទ្ធិសេរីភាព​ដល់​ប្រជាជន ក្នុងការ​ប្រើប្រាស់​បណ្តាញ​អ៊ីនធ័រនែត។

គួរបញ្ជាក់ថា កន្លងមក លោក Bill Richardson ធ្លាប់​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េ​ខាងជើង​ជាច្រើន​លើក​រួចមកហើយ។ ផ្ទុយទៅវិញ នេះ​គឺ​ជា​លើក​ទី១ ដែល​ប្រធានក្រុមហ៊ុន Google ធ្វើ​ដំណើរទៅ​កូរ៉េ​ខាងជើង។ ដំណើរទស្សនកិច្ច ដែល​នាំ​ឲ្យ​មាន​ការរិះគន់ និង​មាន​ការចោទជាសំណួរ​ថា តើ​​លោក Eric Schmidt ដែល​តែងតែ​តាំងខ្លួន​ជា​អ្នក​ការពារ​សិទ្ធិសេរីភាព​​ក្នុងការ​ប្រើ​ប្រព័ន្ធ​អ៊ីនធ័រនែត ទៅ​ធ្វើ​អ្វី នៅ​​​ប្រទេស ដែល​​បំបិទ​សិទ្ធិសេរីភាព​អ៊ីនធ័រនែត​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ ដូចជា​កូរ៉េ​ខាងជើងនេះ?

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ