អានតួអត្ថបទ

Bill​ Richardson​៖​ទស្សនកិច្ច​​របស់​គាត់​​នៅ​​កូរ៉េ​​ខាង​​ជើង​​គ្មាន​​ជាប់​ទាក់​ទង​​នឹង​​​រដ្ឋាភិបាល​​អាមេរិក​​ឡើយ​​

អតីត​​ប្រមុខ​​ការទូត​​អាមេរិក​​ប្រចាំ​អសប​ Bill Richardson​ និង​​ប្រធាន​​​ក្រុមហ៊ុន​ Google​ Eric​ Schmidt ​បាន​​ធ្វើ​ដំណើរ​​ឆ្ពោះ​ទៅ​កាន់​​ប្រទេស​​កូរ៉េ​​ខាង​ជើង​នៅ​ថ្ងៃ​ចន្ទ​៧​មករា​នេះ។​ មុន​​នឹង​​ចាក​​ចេញ​​ពី​​ទី​ក្រុង​​ប៉េកាំង​លោក​ Bill Richardson​និង​លោក​ Eric Schmidt ​បាន​​ប្រកាស​​ជា​ថ្មី​​ម្តង​​ទៀត​ថា​ដំណើរ​ទស្សនកិច្ច​​នេះ​ ពុំ​មាន​ជាប់​ទាក់ទង​នឹង​​រដ្ឋាភិបាល​អាមេរិក​ឡើយ​និង​​មាន​​លក្ខណៈ​​ជា​​​ឯកជន​​សុទ្ធសាធ។​​

លោក Bill Richardson អតីតអភិបាលរដ្ឋNew Mexico(ឆ្វេង) និង​លោក​ Eric Schmidt ប្រធានក្រុមហ៊ុនGoogle(ស្តាំ) មកដល់​​ព្យុងយ៉ាងថ្ងៃ៧មករា២០១៣
លោក Bill Richardson អតីតអភិបាលរដ្ឋNew Mexico(ឆ្វេង) និង​លោក​ Eric Schmidt ប្រធានក្រុមហ៊ុនGoogle(ស្តាំ) មកដល់​​ព្យុងយ៉ាងថ្ងៃ៧មករា២០១៣ REUTERS/Kyodo
ផ្សាយពាណិជ្ជកម្ម

គឺ​​ជា​បេសកកម្ម​មនុស្សធម៌​និង​ជា​លក្ខណៈ​ឯកជនសុទ្ធសាធពុំជាប់ទាក់ទង​ជាមួយ​រដ្ឋាភិបាល​អាមេរិក​ឡើយ​ -​នេះ​ជា​ការ​ប្រកាស​របស់​លោក Bill Richardson អតីត​ប្រមុខ​​ការទូត​អាមេរិក​ប្រចាំ​អសបដល់​ក្រុម​អ្នកកាសែត ក្រោយ​ពី​​ក្រសួង​​ការបរទេស​​អាមេរិក​​បាន​​វាយ​​តម្លៃ​ទៅ​​លើ​​ដំណើរ​​ទស្សនកិច្ច​​នេះ​ក្នុង​​របៀបជាការ​​លាក់​លាម​។

អតីត​អ្នកការទូត​អាមេរិក​នេះ ​បាន​ថ្លែងទៀត​ថា« ​លោក​​​និង​ប្រធាន​ក្រុមហ៊ុន Google Eric Schmidt ​នឹង​ត្រូវ​ស្នាក់​នៅ​ទីក្រុង​ព្យុងយ៉ាងចំនួន​២​ថ្ងៃ​កន្លះ ហើយពួកលោក​ក៏ប្រហែល​ជានឹង​​ចេញ​​ដំណើរទៅ​ខាង​ក្រៅទីក្រុង​ព្យុងយ៉ាងដែរ”-នេះ​ជាការគូសបញ្ជាក់បន្ថែម​របស់​លោក ​Richardson មុននឹងឡើងយន្តហោះ​របស់​លោក​ពីទីក្រុងប៉េកាំង​​ឆ្ពោះ​ទៅ​កាន់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង។

លោក Richardson ដែលជា​អតី​ត​អភិបាលរដ្ឋអាមេរិកនៅ Nouveau-Mexique ភាគ​នារតី​នៃ​សហរដ្ឋអាមេរិក ស្គាល់​ប្រទេសកូរ៉េខាងជើងយ៉ាងច្បាស់ណាស់ ដោយ​លោក​ធ្លាប់បាន​ធ្វើ​កិច្ច​ចរចា​ជាមួយកូរ៉េខាងជើងដើម្បី​សុំការដោះលែង អាណិកជនជាតិអាមេរិក​ជាច្រើនរូប​ចាប់តាំង​ពី​២០ឆ្នាំកន្លងមកហើយ។​

នៅក្នុងអំឡុងដំណើរទស្សនកិច្ច​នេះ អតីត​ប្រមុខការទូតអាមេរិក ក៏ប្រាថ្នាលើក​និយាយ​​ជា​មួយ​​អាជ្ញាធរ​កូរ៉េខាង​ជើង​ដែរ អំពី​ករណី​ជនជាតិ​អាមេរិក​ម្នាក់​ដើម​កំណើត​កូរ៉េឈ្មោះ ​Kenneth Bae ដែលត្រូវ​បានក្រុង​ព្យុងយ៉ាងចាប់ខ្លួន​កាលពីខែ​ធ្នូ​កន្លងមកនេះ។ ​

ក្រសួង​ការបរទេស​អាមេរិក​វិញ​ កាលពី​ថ្ងៃ​ព្រហស្បតិ៍​មុន បាន​វាយ​តម្លៃ​ដោយ​ភាព​​ប្រុង​ប្រយ័ត្ន នៅ​​លើ​​ភាព​សមហេតុ​សមផល​នៃ​ដំណើរ​ទស្សនកិច្ច​​របស់​លោក​ Richardson នៅ​កូរ៉េ​ខាង​ជើង​និង​បាន​​ចាត់ទុកថា ជាដំណើរ​ទស្សនកិច្ច​មួយ​ដែល​គ្មាន​លក្ខណៈ​ជាការស្ថាបនាអ្វីឡើយ-នេះ​ជា​ការថ្លែង​របស់​លោកស្រី Victoria Nuland អ្នកនាំពាក្យ​របស់ក្រសួងការបរទេសអាមេរិក។

ម្យ៉ាងទៀត លោក Richardson នឹង​ត្រូវ ធ្វើ​សន្និសីទ​កាសែត​មួយ​នៅ​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ខាង​មុខ​-នេះ​ជា​ការ​គូស​បញ្ជាក់​របស់​ការិយាល័យ​របស់លោក។

លោក Richardson ​បាន​បន្ត​ទៀតថា" ប្រធាន​ក្រុមហ៊ុន Google ដែល​ជា​មិត្ត​ម្នាក់​របស់​លោក​ ធ្វើ​​ទស្សនកិច្ច​នៅ​កូរ៉េ​ខាង​ជើង​នេះ ក្នុង​លក្ខណៈ​ជា​ឯកជន​សុទ្ធសាធ​និង​ក៏​ពុំមែន​​សំរាប់​ក្រុម​ហ៊ុន​ Google ដែរ"។​

ប្រមុខ​ការទូត​អាមេរិក ក៏​បាន​គូសបញ្ជាក់​ទៀត​ថា លោក Eric Schmidt ជា​មនុស្ស​ចូលចិត្ត​និង​ចាប់​​អារម្មណ៍​ខ្លាំង​ទៅ​លើ​នយោបាយ​ការបរទេស ហេតុដូច្នេះហើយបាន​ជា​លោក​គិត​ថា ជា​ការ​​សំខាន់​ណាស់​​​ដែល​​គាត់​ចង់ដឹង​​នូវ​​​​​ទស្សនវិស័យ​ដ៏​ទូលំទូលាយ​មួយ​នៅ​លើ​ដំណើរ​ទស្សន​កិច្ច​នៅកូរ៉េខាងជើងនេះ៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ