អានតួអត្ថបទ
កូរ៉េខាងជើង

លោក​អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន​ចង់​ឃើញ​កូរ៉េទំាងពីរ​ឈប់​ប្រឈមមុខ​ដាក់​គ្នា

នៅ​ថ្ងៃ​អង្គារ ទី១ មករា ឆ្នំា ២០១៣​នេះ ប្រមុខ​ដឹកនំា​កូរ៉េខាងជើង លោក​អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន​បាន​អំពាវនាវ​ឲ្យ​បញ្ចប់​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​បងប្អូនបង្កើត​គូសត្រុវ​ទំាង​ពីរ។ សេចក្តី​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​បទអន្តរាគមន៍​មួយ​តាម​ទូរទស្សន៍​នា​ឱកាស​បុណ្យចូល​ឆ្នំា​សកល ២០១៣ នៅ​យប់​មិញ។ នេះ​គឺ​បទអន្តរាគមន៍​មួយ​ដែល​គេ​កម្រ​ឃើញ​មាន​ណាស់​ពី​សំណាក់​ថ្នាក់ដឹកនំា​កូរ៉េខាងជើង។ គួរ​ជម្រាប​ជូន​ថា ទោះ​បី​ជា​សង្រ្គាម​កូរ៉េ​បាន​បិទបញ្ចប់​តំាង​ពី​ឆ្នំា ១៩៥៣​ក៏​ដោយ ក៏​ភាគី​ទំាង​ពីរ​នៅ​មិន​ទាន់​បាន​ចុះ​ហត្ថលេខា​លើ​សន្ធិសញ្ញា​សន្តិភាព​ណា​មួយ​ជាមួយ​គ្នា​នៅ​ឡើយ​ទេ។

លោក​ គីម ​ជុងអ៊ុន​និង​​ភរិយា​លោកស្រី​ Ri Sol-Ju​ ចូលរួម​​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​​២៥​មិថុនា​២០១២​
លោក​ គីម ​ជុងអ៊ុន​និង​​ភរិយា​លោកស្រី​ Ri Sol-Ju​ ចូលរួម​​ក្នុង​ពិធី​មួយ​នៅ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​នៅ​ថ្ងៃ​​២៥​មិថុនា​២០១២​ REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

សម្រាប់​លោក​អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន មាន​តែ​ការ​បិទបញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ខាង​ជើង និង​ខាង​ត្បូង​ទេ ទើប​កូរ៉េ​ទំាង​ពីរ​អាច​និយាយ​ពី​ការ​បង្រួបបង្រួម​គ្នា​ឡើង​វិញ​បាន។ យោង​តាម​ប្រមុខដឹកនំា​កូរ៉េខាងជើង ការ​ប្រឈមមុខ​ដាក់គ្នា​រវាង​បងប្អូនបង្កើត​នឹង​នំា​ទៅ​កាន់​សង្រ្គាម​រវាង​គ្នា​ជា​ថ្មី។ គួរ​ជម្រាប​ជូន​ថា សេចក្តីថ្លែងការណ៍​របស់​ប្រមុខដឹកនំា​កូរ៉េខាងជើង តាម​ទូរទស្សន៍​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នំា​សកល គឺ​ជា​រឿង​មួយ​ដែល​គេ​មិន​ធ្លាប់​បាន​ឃើញ​ទេ​នា​ពេល​កន្លង​មក ពិសេស នៅ​ក្នុង​ជំនាន់​របស់​ឳពុក​របស់​លោក​គីម ជុងអ៊ុន គឺ​លោក គីម ជុងអ៊ីល។ លោក គីម ជុងអ៊ីល​ដែល​តែង​តែ​ផ្សព្វផ្សាយ​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​នៅ​ក្នុង​ទំព័រ​កាសែតផ្លូវការ។ ដូច្នេះ​ឃើញ​ថា អ្វី​ដែល​លោក​អគ្គមគ្គុទ្ទេសក៍ គីម ជុងអ៊ុន​បាន​ធ្វើ​នៅ​ពេល​នេះ គឺ​ជា​ដំបូងបង្អស់ និង​ជា​សាធារណៈ គិត​តំាង​ពី ១៩ឆ្នំា​កន្លង​ទៅ។

លោក​គីម តាវូ អ្នកឯកទេស​តាមដាន​ស្ថានការណ៍​កូរ៉េខាងជើង​នៅ​វិទ្យាស្ថាន​កូរ៉េ​នៃ​ការ​បង្រួបបង្រួមជាតិ​បាន​ថ្លែង​ថា សារ​របស់​លោក​គីម ជុងអ៊ុន ពិត​ជា​មាន​បំណង​ចង់​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កូរ៉េ​ទំាង​ពីរ​មែន តែ​នេះ​មិន​មាន​ន័យ​ថា របប​ក្រុង​ព្យុងយ៉ាង​នឹង​ធ្វើ​ការ​ផ្លាស់ប្តូរ​នយោបាយ​របស់​ខ្លួន ១៨០អង្សារ​ចំពោះ​របប​ក្រុង​សេអ៊ូល​ទេ។ កន្លង​មក មាន​ផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​តានតឹង​មួយ​ចំនួន​ដែល​វិះ​នឹង​ជម្រុញ​ឲ្យ​បងប្អូន​គូសត្រូវ​ទំាង​ពីរ​ធ្លាក់​ក្នុង​សង្រ្គាម​រវាង​គ្នា​ជា​ថ្មី។ ជាក់ស្តែង ការ​បាញ់ផ្លោង​ពី​សំណាក់​កូរ៉េខាងជើង​លើ​កោះ​កូរ៉េខាងត្បូង​ក្នុង​ឆ្នំា ២០១០ ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤នាក់ ក្នុង​នោះ ជនស៊ីវិល ២នាក់ និង​ទាហាន ២នាក់។ បន្ទាប់​មក​ក្នុង​ឆ្នំា ២០១០ ដដែល​នោះ មាន​ការ​បាញ់​ពន្លិច​នាវា​ចម្បំាង​កូរ៉េខាងត្បូង​មួយ​គ្រឿង​ដែល​រដ្ឋអំណាច​ក្រុង​សេអ៊ូល​បាន​ចោទ​ក្រុង​ព្យុងយ៉ាង​ជា​អ្នក​ធ្វើ តែ​ក្រុង​ព្យុងយ៉ាង​បាន​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ។

សូម​រម្លឹក​ជូន​ឡើង​វិញ​ថា បើ​និយាយ​ជា​លក្ខណៈ​បច្ចេកទេស កូរ៉េ​ទំាង​ពីរ​កំពុង​ស្ថិត​ក្នុង​សង្រ្គាម​រវាង​គ្នា​ជានិច្ច នោះ​បើ​ទោះ​បី​ជា​គ្មាន​ការ​វាយប្រហារ​គ្នា​ជា​ផ្លូវការ​ក៏​ដោយ ព្រោះ​ថា ៦០ឆ្នំា ក្រោយ​ការ​បិទបញ្ចប់​សង្រ្គាម​កូរ៉េ​ចន្លោះ​ឆ្នំា ១៩៥០ ១៩៥៣ គ្មាន​កិច្ចព្រមព្រៀង​សន្តិភាព​ណា​មួយ​ដែល​ភាគី​ទំាង​ពីរ​បាន​ចុះ​ហត្ថលេខា​រួម​គ្នា​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ