អានតួអត្ថបទ
អាមេរិក-កូរ៉េខាងជើង

អាមេរិក​វាយ​តំលៃ​ថា​ទស្សនកិច្ច​របស់​ប្រធាន​ក្រុមហ៊ុន​ GOOGLE​ នៅ​កូរ៉េ​ខាង​ជើង​ គ្មាន​លក្ខណៈ​ស្ថាបនា​

ក្រសួង​ការ​បរទេស​អាមេរិក​ បាន​វាយ​​តំលៃ​អំពី​ ​ទស្សនកិច្ច​របស់ លោក អេរិក​ ស្ម៊ីត ដែល​ជា​​ប្រធាន​ក្រុម​ហ៊ុន GOOGLE ថា​គ្មាន​លក្ខណៈ​ស្ថាបនា​ និង​គ្មាន​​ប្រយោជន៍​អ្វី​​សោះ​ឡើយ។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ផ្នែក​ការទូត​​ប្រទេស​កូរ៉េ​ខាង​ត្បូង​ បាន​ប្រាប់​មក​ថា ប្រធាន​ក្រុមហ៊ុន​​ GOOGLE នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ ព្យុងយ៉ាង​ ក្នុង​ពេល​ឆាប់ៗ​នេះ ប៉ុន្តែ​ពុំ​បាន​​ដឹង​ ​ពី ថ្ងៃ​ ខែ​ និង​​មូលហេតុ​ពិត​ប្រាកដ​ ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​នោះ​ឡើយ។រហូត​មក​ទល់​ពេល​នេះ ក្រុម​ហ៊ុន GOOGLE ​ពុំទាន់​បាន​បញ្ជាក់​​​​​ ថា​តើ​មាន​​ដំណើរ​ទស្សនកិច្ច​​​នេះ​មែន​រឺ​ក៏​អត់​នោះ​ទេ។ កាល​ពីម្សិលមិញ​ មាន​ការ​​ប្រមាណ​មើល​ថា​ ប្រធាន​ក្រុមហ៊ុន​ GOOGLE ប្រហែល​ជា​ ចង់​ជួយ​ជន​អាមេរិក​​មួយ​រូប​ដែល​ ក្រុង​ព្យុង​យ៉ាង​បាន​ចាប់​ខ្លួន​ កាល​ពី​​ខែ​​ធ្នូ​​ កន្លង​មក។ ប៉ុន្តែ​​​​យោង​តាម​ កាសែត​ Wall Street Journal អាមេរិកលោក អេរិក​ ស្ម៊ីត ធ្វើ​ទស្សនកិច្ច​​ក្នុង​ផ្នែក​មនុស្ស​ធម៌។

លោក​ Eric Schmidt​ ប្រធាន​ក្រុមហ៊ុន​ Google
លោក​ Eric Schmidt​ ប្រធាន​ក្រុមហ៊ុន​ Google REUTERS/Kim Hong-Ji
ផ្សាយពាណិជ្ជកម្ម

“និយាយ​អោយ​ត្រង់ៗ​ទៅ​ យើង​គិត​ថា ដំណើរ​ទស្សនកិច្ច​​នេះ គ្មាន​លក្ខណៈ​អ្វី​​ជា​ស្ថាបនា​នោះ​ឡើយ” នេះ​ជា​ប្រសាសន៍​របស់​ លោក​ស្រី​ Victoria Nuland អ្នក​នាំ​ពាក្យ​របស់​​ក្រសួង​ការ​បរទេស​អាមេរិក​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ម្សិល​មិញ។

ការ​វាយ​តំលៃ​លើ​ទស្សនកិច្ច របស់​ប្រធាន​ក្រុមហ៊ុន GOOGLE ធ្វើ​ឡើង​ បន្ទាប់​ពី​ផ្នែក​ការទូត​របស់​​ កូរ៉េ​ខាង​ត្បូង​ បាន​ប្រាប់​ថា លោក អេរិក​ ស្ម៊ីត ដែល​ជា​ប្រធាន​ក្រុមហ៊ុន GOOGLE នឹង​ធ្វើ​​ដំណើរ​ទៅ​កាន់​ កូរ៉េ​ខាង​ជើង​ក្នុង​ពេល​ឆាប់ៗ​នេះ។ គេ​ពុំ​ទាន់​បាន​ដឹង​ ពី​មូលហេតុ​នៃ​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​ឡើយ។ ក្រុម​ហ៊ុន GOOGLE ​នៅ​​ពុំទាន់​បាន​បញ្ជាក់​​​​​ ថា​តើ លោក អេរិក​ ស្ម៊ីត ​​បំពេញ​​​ទស្សនកិច្ច​​​នេះ​មែន ​​រឺ​ក៏​យ៉ាង​ណា​នោះ​ទេ។
យោង​តាម​​​កាសែត​ ​ Wall Street Journal អាមេរិក ​លោក អេរិក​ ស្ម៊ីត ធ្វើ​ទស្សនកិច្ច​​​​ក្នុង​លក្ខណៈ​​ជា​ឯកជន ហើយ​​ក្នុង​កិច្ចការ​ផ្នែក​មនុស្ស​ធម៌មួយ​ ដែល​ដឹក​នាំ​​ធ្វើ​ដោយ​ លោក​ ប៊ីល​ រិឆាដសុន មក​ពី​គណបក្ស​ប្រជាធិបតេយ្យ។

ប្រសិន​បើ​ព័ត៌មាន​នេះ​ អាច​យក​ជា​ផ្លូវ​ការ​បាន​នោះ​មែន​ ទស្សនកិច្ច​នេះ​ជា​ទស្សនកិច្ច​ ដំបូង​បំផុត​របស់​ អ្នក​ដឹក​នាំ​​ជាន់​ខ្ពស់ របស់​​ក្រុមហ៊ុន GOOGLE នៅ​កូរ៉េ​ខាង​ជើង។
ប្រទេស​​កូរ៉េ​ខាង​ជើង គឺ​ជា​ប្រទេស​មួយ​ ធ្វើ​ការ​ត្រួត​ពិនិត្យ​តឹង​តែង​ លើ​ការ​ប្រើប្រាស់​អាំង​ទែរណែត។

កាល​ពី​ថ្ងៃ​ទី​ ០១​ មករា​ ក្នុង​ឧកាស​បុណ្យ​ចូល​​ឆ្នាំ​សកល​ ២០១៣ ​កន្លង​មក​ មេដឹក​នាំ​​កូរ៉េ​ខាង​ជើង​ បាន​ប្រកាស​ថា វិស័យ​ឧស្សាហកម្ម​ក្នុង​ប្រទេស​ កំពុង​មាន​ការ​វិវត្តន៍​ទៅ​មុខ​ ហើយ​បាន​អោយ​តំលៃ​លើ​ បច្ចេកទេស​វិទ្យាសាស្ត្រ​របស់​ កូរ៉េ​ខាង​ជើង​ ថា​ជា​សក្តានុពល​មួយ ធ្វើ​អោយ​សេដ្ឋកិច្ច​មាន​កំ​នើន​ខ្ពស់៕ ​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ