អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

គណ​បក្ស​សង្គ្រោះ​ជាតិ៖ ជោគ​ជ័យ​នៃ​កា​របង្រួប​បង្រួម!

ចុះផ្សាយ​នៅ​ថ្ងៃ៖

គិត​មក​ដល់​ថ្ងៃ​ទី​៧​មេសា​ឆ្នាំ ២០១៤ នេះ គណបក្ស​សង្គ្រោះ​ជាតិ​មាន​អាយុ​គ្រប់​មួយ​ឆ្នាំ​ហើយ​។ បង្កើត​ឡើង​ទើប​តែ​បាន​មួយ​ឆ្នាំ គណ​បក្ស​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ប្រែ​ប្រួល​ដ៏​ធំ​មួយ​ក្នុង​ការ​បោះ​ឆ្នោត​សភា​អាណត្តិ​ទី​៥​នេះ។ ជា​គណ​បក្ស​ថ្មី​តែ​មាន​ធាតុ​ផ្សំ​ចាស់ គណ​បក្ស​សង្គ្រោះ​ជាតិ​ដែល​កើតចេញពី​សម្ព័ន្ធភាពរ​វាង​លោក សម រង្ស៊ី និង​លោក កឹម សុខា កំពុង​ក្លាយជា​ដៃគូ​តែមួយគត់​របស់​គណបក្ស​ប្រជាជន​ក្នុងការ​ឈានទៅ​ដណ្តើម​អំណាច​ដឹកនាំ​ប្រទេស។ ប៉ុន្តែ គណបក្ស​នេះ​មាន​បញ្ហា​ប្រឈម​ជាច្រើន​ដែល​ត្រូវ​ដោះស្រាយ​ចំពោះមុខ។ តើ​អ្វីខ្លះ​ជា​ចំណុចខ្លាំង​និង​ចំណុចខ្សោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ?

ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​។
ការ​ដឹក​នាំរបស់ប្រធានគណបក្សសង្គ្រោះជាតិ ដើម្បី​ប្រមូល​ប្រជាជន​ធ្វើ​សមាជប្រជាជន​។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទើបតែ​មាន​អាយុ​មួយឆ្នាំ​សោះ ប៉ុន្តែ គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បានទទួល​ការគាំទ្រ​គួរ​ឲ្យ​ភ្ញាក់ផ្អើល។ ក្រៅពី​វាយ​ផ្តួល​គណបក្ស​ផ្សេងទៀត​ឲ្យ​បាត់​មុខ​ពី​រដ្ឋសភា​ហើយ​នោះ គណបក្សប្រឆាំង​មួយ​នេះ​ក៏បាន​ដណ្តើមយក២២កៅអី​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ថែមទៀត។ ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​មេដឹកនាំ​គណបក្ស​នេះ​នៅតែ​អះអាងថា​ខ្លួន​អាច​ទទួលបាន​កៅអី​ច្រើន​ជាងនេះទៅទៀត​ប្រសិនបើ​ការបោះឆ្នោត​ប្រព្រឹត្ត​ទៅដោយ​សេរី​និង​យុ​តិ្ត​ធម៌។

ដើម្បី​ឈានដល់​ដំណាក់កាល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ពិតជា​មាន​ចំណុចខ្លាំង​របស់ខ្លួន៖
ចំណុចខ្លាំង​ទី១ គឺ​ការបង្រួបបង្រួម​បក្សប្រឆាំង។ នរណា​ក៏​ដឹង​ដែរ​ថា​ការបង្រួបបង្រួម​ជា​ផ្លូវ​តែមួយគត់​ដើម្បី​ឈានទៅ​ធ្វើ​គូប្រជែង​ពិតប្រាកដ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កាន់អំណាច​ជាង ៣០ឆ្នាំ។ ប៉ុន្តែ ការបង្រួបបង្រួម​បានទទួល​បរាជ័យ​ម្តង​ហើយ​ម្តងទៀត​ក្រោម​ឥទ្ធិពល​នៃ​អំណួត​របស់​អ្នកនយោបាយ។ ទីបំផុត ក្រោម​សម្ពាធ​នៃ​ស្ថានការណ៍​ចាប់បង្ខំ ការ​បង្រួប​ប្រ​ងួ​មរ​វាង​គណបក្ស សម រង្ស៊ី និង​សិទ្ធិមនុស្ស​របស់លោក កឹម សុខា ក៏​កើតចេញ​ជា​រូបរាង​យ៉ាង​តក់ក្រហល់។ ការបង្រួបបង្រួម​នេះហើយ​ដែលជា​គ្រឹះ​ដ៏​រឹងមាំ​ក្នុងការ​ទាក់ទាញ​ការគាំទ្រ។

ចំណុចខ្លាំង​ទី២ ៖ មេដឹកនាំ​ទាំងពីរ​គឺ​លោក សម រង្ស៊ី និង​លោក កឹម សុខា គឺជា​អ្នកប្រឆាំង​ដ៏​ល្បីល្បាញ​ជាមួយ​រដ្ឋាភិបាល​គណបក្ស​កាន់អំណាច​ជាពិសេស​គឺជា​មួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ អ្នក​ទាំងពីរ​តែង​ហ៊ាន​ចេញមុខ​តវ៉ា​និង​ដឹកនាំ​បាតុកម្ម​តាម​ដងផ្លូវ​ដ៏​សកម្ម​ដើម្បី​ការពារ​ផលប្រយោជន៍​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​អំពើ​អយុត្តិធម៌ផ្សេង។ ភាព​សកម្ម​នេះហើយ​ដែល​បានផ្តល់​ភាពកក់ក្តៅ​ដល់​ពលរដ្ឋ​ក្រីក្រ​ជាច្រើន​ជាពិសេស​អ្នករងគ្រោះ​ដោយ​បញ្ហា​ណាមួយ​ក្រោម​ការដឹកនាំ​របស់​រដ្ឋា​ភិ​បាល​គណបក្ស​ប្រជាជន​កម្ពុជា។

ចំ​ណុ​ខ្លាំង​ទី៣៖ គោលនយោបាយ​ដែល​វាយ​ចំ​ចំណុចខ្សោយ​របស់​គណបក្ស​កាន់អំណាច៖  ការដំឡើង​ប្រាក់ខែ​មន្ត្រីរាជការ​និង​កម្មករ ការផ្តល់ប្រាក់​ឧ​ត្ថ​ម្ភ​ដល់​ជន​ចាស់ជរា ផ្តល់​ការព្យាបាល​ជំងឺ​ដល់​អ្នកក្រីក្រ​ដោយ​ឥតគិតថ្លៃ រួមទាំង​គោលនយោបាយ​ដីធ្លី និង​ការ​បញ្ចុះតម្លៃ​ជី​កសិកម្ម និង​ប្រេងសាំង​ជាដើម គឺជា​ការទន្ទឹងរង់ចាំ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​តែ​គណបក្សកាន់អំណាច​មិនអាច​ធ្វើបាន។

យ៉ាងណាក៏ដោយ ប្រជាប្រិយភាព​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​ត្រូវគេ​មើលឃើញថា​មិនមែន​សុទ្ធតែ​បានមកពី​សមត្ថភាពរ​បស់​ខ្លួន​ទាំងស្រុង​ទេ។ សំណាង​និង​ឱកាស​ក៏​ជា​អំណោយផល​មួយទៀត​ដែល​ជួយ​បង្កើន​ថាមពល​ដល់​គណបក្សប្រឆាំង​ផងដែរ​ពោលគឺ​អ្នកបោះឆ្នោត​ឲ្យ​គណបក្ស​នេះ​មួយចំនួន​បោះ​ដោយ​ការមិន​ពេញចិត្ត​គណបក្សកាន់អំណាច​ក្នុងនោះ​ក៏មាន​មន្ត្រីរាជការ​និង​សមាជិក​គណបក្ស​ប្រជាជន​មួយចំនួន​ដែរ​ដែល​ងាក​មក​ទម្លាក់​សន្លឹកឆ្នោត​ឲ្យ​បក្សប្រឆាំង​ដើម្បី​ជាការ​ព្រមាន​គណបក្សរ​បស់​ខ្លួន​ឲ្យ​ភ្ញាក់រលឹក។

គណបក្ស​សង្គ្រោះ​ជាតិ​ក៏មាន​ចំណុចខ្សោយ​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ ជាបឋម កង្វះខាត​ធនធានមនុស្ស​ជា​បញ្ហា​មិនអាច​មើលរំលង​បាន។ ក្រៅពី​ធនធានមនុស្ស​ថ្នាក់លើ​ដែល​មិនសូវ​សម្បូរ នៅឯ​ថ្នាក់មូលដ្ឋាន​ឯណោះ​រឹតតែ​ខ្វះខាត​ថែមទៀត។ សូម​កុំភ្លេចថា ដើម្បី​ត្រៀមខ្លួន​ដឹកនាំ​ប្រទេស គណបក្ស​នេះ​ត្រូវការ​ធនធានមនុស្ស​ច្រើនណាស់​ក្នុង​បរិបទ​ដែល​រដ្ឋបាល​របស់​កម្ពុ​ជា​សព្វថ្ងៃ​តំណាង​ឲ្យ​គណបក្ស​ច្រើនជាង​តំណាង​ឲ្យ​ជាតិ។

រីឯ​សម្ព័ន្ធភាព​រវាង​គណបក្ស​សម រង្ស៊ី​និង​សិទ្ធិមនុស្ស​វិញ​ក៏​នៅតែ​មិនទាន់​រឹងមាំ​នៅឡើយ​ដែរ។ គណបក្ស​មួយ​ដែល​ប្រធាន​និង​អនុប្រធាន​តែង​នៅជាប់​ស្អិត​ជាមួយគ្នា​គ្រប់ទិសទី គណបក្ស​មួយ​ដែលមាន​អ្នកនាំពាក្យ​ពីរ​នាក់ រីឯ​ការបែងចែក​កូតា​នៅតែ​ជា​បញ្ហាសំខាន់។ល។ សុទ្ធសឹង​ជាស​ញ្ញា​នៃ​ភាពមិន​រឹងមាំ​នៃ​សម្ព័ន្ធភាព។

ក្រៅពីនោះ កង្វះ​យុទ្ធសាស្ត្រ​ច្បាស់លាស់ កង្វះ​តម្លាភាព​ក្នុងការ​ឡើងកាន់​តួនាទី បញ្ហា​បក្ខពួក​សែស្រឡាយ​និង​កង្វះ​ភាពចាស់ទុំ​ខាង​ប្រជាធិបតេយ្យ​ក្នុងចំណោម​អ្នកដឹកនាំ​និង​សកម្មជន​ក៏​ជា​អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​ដែរ។ គណបក្ស​មួយ​ដែល​ចូលចិត្ត​រិះគន់​គេ តែ​ងាយ​នឹង​រើសអើង​ឬ​លាប​ពណ៌​ដល់​អ្នក​រិះគន់​ទៅលើ​ខ្លួនឯង​វិញ​បញ្ជាក់​ពី​ភាព​ក្មេងខ្ចី​នៃ​ប្រជាធិបតេយ្យ​នៅក្នុង​គណបក្ស​យ៉ាងពិត​ប្រាកដ។

សរុប​មកវិញ គណបក្ស​សង្គ្រោះ​ជាតិ​ពេលនេះ​កំពុង​ក្លាយជា​ដៃគូ​ផ្លាស់​វេន​ដឹកនាំ​ប្រទេស​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​យ៉ាងពិត​ប្រាកដ។ ប៉ុន្តែ គណបក្ស​នេះ​ពិត​ជាមាន​កិច្ចការ​ច្រើនណាស់​ដែល​ត្រូវធ្វើ។ សូម​កុំភ្លេចថា ការទទួលបាន​ការគាំទ្រ​ពី​មហាជន​ជា​រឿង​មួយ តែ​សមត្ថភាព​គ្រប់គ្រង​និង​ដឹកនាំ​ជា​រឿង​មួយទៀត ពីព្រោះ​ជួនកាល​គ្រាន់តែ​ថា​អាច​ជាការ​ស្រួល ប៉ុន្តែ ដល់​ពេលធ្វើ​ជាក់ស្តែង​ទើប​ដឹងថា​ជាការ​លំបាក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ