អានតួអត្ថបទ
កម្ពុជា

គណៈកម្មការ​ទី​១០​នៃ​រដ្ឋសភា​ផ្តើម​សិក្សា​ពី​ស្ថានភាព​អំពើ​ពុករលួយ ​មុន​បោស​សម្អាត

ដូច​ការ​គ្រោង​ទុក​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ លោក​ហូរ វ៉ាន់ ​ប្រធាន​គណៈកម្មការ​អង្កេត បោស​សម្អាត និង ប្រឆាំង​អំពើ​ពុក​រលួយ​នៃ​រដ្ឋសភា បាន​ជួប​ពិភាក្សា​គ្នា​ជា​មួយ​លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​ស​ម្លា​ភាព​កម្ពុជា ដើម្បី​សិក្សា​ពី​ស្ថានភាព​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បានច្បាស់​លាស់ មុន​ចាប់​ផ្តើម​បោស​សម្អាត​។ ​គណៈកម្មការ​ទី​១០​នេះ​ក៏បាន​កោះ​ហៅ​ថ្នាក់​ដឹកនាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចូល​បំភ្លឺ​នៅពេល​ខាងមុខនេះ​ផងដែរ។

RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ជំនួប​ពិភាក្សា​ជាង​ពីរ​ម៉ោង​នោះ អង្គការ​តម្លាភាព​កម្ពុ​ជា បាន​បង្ហាញ​របាយ​ការណ៍​នៃ​អំពើ​ពុក​រលួយ​ដែល​កំពុង​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​អំពើ​ពុក​រលួយ​ដែល​អង្គការ​នេះ​ចង្អុល​​បង្ហាញ​ថា ​កើត​មាន​ច្រើន​ជាង​គេ​ក្នុង​ប្រព័ន្ធ​តុលា​ការ ​អាជ្ញាធរ​មាន​សមត្ថកិច្ច ​និង ​ក្នុង​រឿង​ជម្លោះ​ដីធ្លី​។

លោក ហូរ វ៉ាន់ បាន​ចាត់​ទុក​របាយការណ៍​ស្តីពី​អំពើ​ពុករលួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា ថា​បាន​ឆ្លុះបញ្ចាំង​ពី​ស្ថាន​អំពើ​ពុក​រលួយ​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​គណៈកម្មការ​ទី១០ នឹង​បន្ត​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​បោស​សម្អាត​អំពើ​ពុករលួយ​ដែល​កំពុង​​កើត​មាន​ទាំង​នោះ​។

គួរ​កត់​សម្គាល់​ថា ​ការ​ជួប​ពិភាក្សា​ជា​មួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល ​របស់​គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា​នៅ​ពេល​នេះ ​គឺ​ជា​ប្រើ​ប្រាស់​យន្តការ​សភា​ថ្មី​មួយ​ទៀត​ក្នុង​ដោះស្រាយ​បញ្ហា​របស់​ជាតិ​។ ​កាល​ពី​ថ្ងៃ​ពុធ ​គណៈកម្មការ​ទី ៧ នៃ​រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​នោះ បាន​សួរ និង ស្ដាប់​ការ​ឆ្លើយ​បំភ្លឺ​របស់​លោក ​ហង់​ ជួនណារ៉ុន ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជុំវិញ​កំណែទម្រង់​របស់​ក្រសួង។

​ការ​ប្រើ​ប្រាស់​យន្តការ​សភា​តាម​រយៈ​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​មក​បំភ្លឺ ​និង ជួប​ពិភាក្សា​ជា​មួយ​អង្គការ​ក្រៅរដ្ឋាភិបាល​បែប​នេះ ​ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ​លោក ហ៊ុន សែន ​និង ប្រមុខ​គណបក្ស​បក្ស​ប្រឆាំង ​លោក សម រង្ស៊ី ​បាន​សម្តែង​ការ​គាំទ្រ​ដូចគ្នា ​។ ​ទាំង​លោក​ហ៊ុន សែន ​និង ​លោក សម រង្ស៊ី ​សុទ្ធ​តែ​ជំរុញ​ឲ្យ​មាន​ការ​សហការ​គ្នា​បែប​នេះ​ត​ទៅ​ទៀត​នៅក្នុង​រដ្ឋសភា​។ ​ស្រប​ពេល​គ្នា​នោះ ​លោក ហ៊ុន សែន ​ក៏បាន​ប្រាប់​ទៅ​រដ្ឋមន្ត្រី​ក្រោម​ឱវាទ ​ត្រូវ​តែ​ចូលខ្លួន​ទៅ​បំភ្លឺ​នៅ​ក្នុង​រដ្ឋសភា នៅពេល​មានការ​កោះហៅ។

យ៉ាង​ណា​ក៏​ដោយ ​ជំហាន​បន្ទាប់ គណៈកម្មការ​ទី១០ នៃ​រដ្ឋសភា​នឹង​សួរនាំ និង ស្ដាប់​ការបំភ្លឺ​របស់​ថ្នាក់​ដឹក​នាំ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​នា​ពេល​ខាង​មុខ​ជុំវិញ​ចំណាត់​ការ​របស់​អង្គភាព​នេះ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង ​និង ​លុប​បំបាត់​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ​គណៈកម្មការ​ជំនាញ​ខាង​បោស​សម្អាត​អំពើ​ពុក​រលួយ​របស់រដ្ឋសភា​នេះ ​បាន​ផ្ញើ​លិខិត​កោះ​អញ្ជើញ​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រួចហើយ​កាលពី​ពីរ​សប្តាហ៍​មុន ​។ ​នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ហូរ វ៉ាន់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ