អានតួអត្ថបទ
កម្ពុជា

សមាជិក​រដ្ឋសភា​ បញ្ចេញ​ប្រតិកម្ម​លើ​អ្នក​រាយការណ៍​ពិសេស​អង្គការ​សហ​ប្រជាជាតិ​

សមាជិក​​រដ្ឋ​សភា ​និង​​មន្ត្រី​ជាន់​ខ្ពស់​​រដ្ឋាភិបាល​ បាន​​យក​​វេទិកា​នៃ​​កិច្ច​ប្រជុំ​​រដ្ឋ​សភា ​កាល​ពី​​ព្រឹក​​ថ្ងៃ​ទី​២៧ ​ខែ​មិ​ថុនា ​ឆ្នាំ​២​០១៤​ ដើម្បី​​បញ្ចេញ​ប្រតិកម្ម​តប​​នឹង​​អ្នក​រាយការណ៍​​ពិសេស​​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​ប្រចាំ​​កម្ពុជា​ លោក ​ស៊ូ​យា ​ស៊ូ​ប៊ែ​ឌី​។លោក​ ស៊ូ​​ប៊ែ​ឌី​ ដែល​​ទើប​តែ​​បញ្ចប់​​ដំណើរ​​ទស្សនកិច្ច​​ជា​ថ្មី​ រយៈពេល​ ១០ ​ថ្ងៃនៅ​​កម្ពុជា​ កាល​ពី​​ថ្ងៃ​ទី​២៤​ ខែ​មិថុនា​ បាន​ផ្តល់​​អនុសាសន៍​​ជា​ច្រើន​​ថែម​ទៀត​ ពាក់​ព័ន្ធ​​នឹង​​កំណែ​ទម្រង់​​ជា​ច្រើន​ ក្នុង​នោះ ​មាន​​ទាំង​​ការ​យល់​ស្រប​ឲ្យ​​មាន​​កំណែ​ទម្រង់​​គជប​ ដោយ​​សំឡេង​ ២​ ភាគ​ ៣ ​នៃ​​ចំនួន​​រដ្ឋ​សភា​​សរុប​។​ 

ទិដ្ឋភាព​កិច្ចប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា។
ទិដ្ឋភាព​កិច្ចប្រជុំ​នៃ​រដ្ឋសភា​កម្ពុជា។ ©វណ្ណារ៉ា/RFI
ផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ចប្រជុំ​រដ្ឋសភា ដែល​បាន​ពិភាក្សា និង​អនុម័ត​លើ​សេចក្តីព្រាងច្បាប់ ស្តីពី ការធានារ៉ាប់រង កាលពី​ព្រឹក​ថ្ងៃទី២៧ មិថុនា លោក គាត ឈន់ ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ និង​ជា​អ្នកតំណាងរាស្ត្រ មណ្ឌល​ភ្នំពេញ បានបង្ហាញ​ការមិន​ពេញចិត្ត ដោយ​លោក​អះអាងថា មាន​អារម្មណ៍​ឆួល​បន្តិច​ដែរ ពាក់ព័ន្ធ​នឹង​ដំណឹង​មកពី​ទីក្រុង​ហ្សឺ​ណែវ ដែលជា​ទីស្នាក់ការ​ធំ​របស់​អង្គការសហប្រជាជាតិ។

លោក គាត ឈន់ បាន​ថ្លែងថា នៅ​កម្ពុជាសព្វថ្ងៃ ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​រក្សាបាន​សន្តិភាព រក្សាបាន​នូវ​ស្ថិរភាព​សង្គម និង​ប្រក្រតីភាព​នៃ​កិច្ចដំណើរការ​ស្ថាប័ន​នីតិបញ្ញត្តិ នីតិប្រតិបត្តិ និង​តុលាការ។ ក្នុងនោះ ស្ថាប័ន​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដំណើរការ​ជាធម្មតា។លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់ បាន​បញ្ជាក់ថា ពេល​លោក​បានឃើញ​ដំណឹង​ពី​ហ្សឺ​ណែវ ធ្លាក់​មក​នៅថ្ងៃនេះ នាំ​ឲ្យ​លោក​មាន​អារម្មណ៍​ឆួល​ក្នុង​ចិត្ត។

ចំណែក​លោក ឈាង វុន អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្តបាត់ដំបង ក៏បាន​ថ្លែង​គាំទ្រ​ទាំងស្រុង​នូវ​ការលើកឡើង​របស់លោក​ឧបនាយករដ្ឋមន្ត្រី គាត ឈន់។ លោក ឈាង វុន បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​រដ្ឋសភា កាលពី​ព្រឹក​មិញ ដោយ​ចាត់ទុកថា រឿងនេះ មិនមែនជា​រឿង​ធម្មតា​ទេ។

តាម​លោក ​ឈាង ​វុន អនុសាសន៍​មួយចំនួន របស់លោក​ ស៊ូ​ប៊ែ​ឌី ត្រូវបាន​យកមក​គិតគូរ បញ្ចូល​ក្នុង​ច្បាប់​មួយចំនួន​ហើយ តែ​អ្វីដែល​កម្ពុជា​មិន​ស្តាប់ និង​មិន​យក មកពី​អនុសាសន៍​របស់គាត់ យកមកអនុវត្ត​នៅ​កម្ពុជា មិនបាន។

លោក​ ឈាង ​វុន បញ្ជាក់ថា អនុសាសន៍ ដែល​មិនអាច​យក​នោះ មកពី​អាចធ្វើ​ឲ្យ​រាំងស្ទះ​ស្ថាប័នរដ្ឋ ឧទាហរណ៍​ដូចជា ការជ្រើសរើស​សមាជិក​គជប ដោយ​មតិ ២ ភាគ ៣ តាម​អ្វីដែល​គណបក្សប្រឆាំង និង​សង្គម​ស៊ីវិល បានលើកឡើង។ អនុសាសន៍​នោះ ត្រូវបាន​លោក ​ឈាង​វុន អះអាងថា នឹងត្រូវ​ជាប់គាំង ហើយ​នាំ​ឲ្យ​រលត់រលាយ​ស្ថាប័ន​ជាតិ និង​ជា​អនុសាសន៍ ដែល​នាំ​ឲ្យ​កម្ពុជា វិល​ទៅមុន​ឆ្នាំ១៩៩៣។

ប្រតិកម្ម​របស់​សមាជិក​រដ្ឋសភា​ខាងលើនេះ បានធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ស៊ូ​ប៊ែ​ឌី បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច លើក​ទី១១ រយៈពេល ១០ ថ្ងៃ របស់លោក នៅ​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៤។ លោក ស៊ូ​ប៊ែ​ឌី ក៏បានផ្តល់​អនុសាសន៍​ជាច្រើន ក្នុងនោះ មានការ​កែទម្រង់​គជ​ប កែទម្រង់​រដ្ឋសភា កែទម្រង់​ប្រព័ន្ធយុត្តិធម៌ និង​តុលាការ រួមទាំង​កំណែទម្រង់​ដីធ្លី ជាដើម។

ជាមួយគ្នា​នោះ ក្រុមប្រឹក្សា​សិទ្ធិមនុស្ស របស់​អង្គការសហប្រជាជាតិ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៦ ខែមិថុនា ឆ្នាំ២០១៤ ក៏បាន​លើកឡើងថា រដ្ឋាភិបាល​កម្ពុជា នៅ​ទ្រឹង​ចំពោះ​អនុសាសន៍សំខាន់ៗជាច្រើន ពាក់ព័ន្ធ​នឹង​ការកែលម្អ​សិទ្ធិមនុស្ស នៅ​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ