អានតួអត្ថបទ
កម្ពុជា

គណបក្ស​ទាំង​ពីរ​ថ្លែង​សារ​សន្តិភាព​ក្នុង​រដ្ឋ​សភា​ពេល​បក្ស​ប្រឆាំង​ចូល​ប្រជុំ​លើក​ដំបូង​

នៅ​​ថ្ងៃ​​សុក្រ​​ទី​០៨ ​សីហា​​នេះ ​សមាជិក​​ទាំង​៥៥​រូប​​របស់​​គណបក្ស​​ស​ង្គ្រោះ​​ជាតិ​ បាន​​ចូល​ប្រជុំ​​សភា​​លើក​ដំបូង​​ហើយ​​បន្ទាប់​ពី​​បាន​​ស្បថ​​​​ក្នុង​​ព្រះ​បរម​រាជវាំង​​កាល​ពី​​ថ្ងៃ​ទី ​៥ ​សីហា​​កន្លង​ទៅ​។ ​​ជា​​កិច្ច​ប្រជុំ​​វិសាមញ្ញ​​ពិសេស​​ដែល​មាន​​សមាជិក​សភា​​ជាប់​ឆ្នោត​​ទាំង​ពីរ​​គណបក្ស​​ពោល​គឺ​​គណបក្ស​​ប្រជាជន​​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​​ជាតិ​។ ​មេដឹ​ក​នាំ​​គណបក្ស​​ទាំង​ពី​រ​បាន​ប្រកាស​​បញ្ចប់​​ជម្លោះ​​នយោបាយ​​នៅ​​កម្ពុជា​។​

សមាជិកគណបក្សប្រឆាំងចូលរួមប្រជុំសភានៅថ្ងៃទី ០៨សីហា ឆ្នាំ ២០១៤។
សមាជិកគណបក្សប្រឆាំងចូលរួមប្រជុំសភានៅថ្ងៃទី ០៨សីហា ឆ្នាំ ២០១៤។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

ទីបំផុត​ទៅ​សមាជិក​ទាំង៥៥រូប​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​បាន​ចូលទៅ​អង្គុយ​ក្នុង​រដ្ឋសភា​ជា​លើកដំបូង​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់ពី​បិទ​បញ្ចប់​ជម្លោះ​នយោបាយ​រយៈពេល​មួយឆ្នាំ។ កិច្ចប្រជុំ​លើកដំបូង ដែលមាន​វត្តមាន​សមា​ជិ​ក​បក្សប្រឆាំង នៅថ្ងៃនេះ​រដ្ឋសភា​បានអនុម័ត​បង្កើត​គណៈ​កម្ម​កា​ជំនាញ​ទី១០របស់​រដ្ឋសភា​តាម​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ទាំងពីរ។ នេះ​ជា​របៀបវារៈ​តែមួយគត់ នៅក្នុង​កិច្ចប្រជុំ​រួមគ្នា​លើកដំបូង​រវាង​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។

ក្រៅពី​របៀបវារៈ​ដែល​បានគ្រោង​ទុក សារ​នយោបាយ​សន្តិភាព និង​ការលុបបំបាត់​ហិង្សា​សងសឹក​គ្នា​រវាង​ខ្មែរ​និង​ខ្មែរ ត្រូវបាន​មេដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​បានលើកឡើង។ ថ្លែង​ទៅកាន់​សមាជិកសភា​ជា​លើកដំបូង លោក សម រង្ស៊ី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែងថា​ការប្រជុំ​សភា​ដែលមាន​សមាជិក​ទាំងពី​រ​គណបក្ស​ចូលប្រជុំ​ជាមួយគ្នានេះ គឺជា​ការបង្កើត​ទំព័រ​សករាជ​ថ្មី​ក្នុងសង្គម​កម្ពុជា​ដែល​ធ្លាប់តែ​ញ៉ាំ​ញី​ដោយ​អំពើហិង្សា​សងសឹក​គ្នា។

ក្រៅពី​ការឡើង​ថ្លែង​អំពាវនាវ​ឱ្យ​បញ្ឈប់​ការប្រើប្រាស់​យុទ្ធសាស្ត្រ​ឈ្នះ​ចាញ់​រៀងខ្លួន​នោះ ប្រធាន​គណបក្សប្រឆាំង​បួន​អាណត្តិ​លោក សម រង្ស៊ី​បាន​អំពាវនាវ​ឱ្យ​បង្កើត​វប្បធម៌​ពិភាក្សា​រវាង​បក្ស​ទាំងពីរ​ដោយ​សន្តិវិធី​គ្រប់​កាលៈទេស។ លោក​សម រង្ស៊ី​បាន​គូសបញ្ជាក់ថា ក្នុង​វប្បធម៌​ថ្មី​នេះ មិន​សំខាន់​ឡើយ​អ្នកណា​ជា​អ្នកឈ្នះ​ហើយ​អ្នកណា​ជា​អ្នកចាញ់​នោះ។ អ្វីដែល​សំខាន់​នោះ​គឺ ការស្វែងរក​គំនិត​ជា​វិជ្ជមាន​ដើម្បី​កសាង​ប្រទេសជាតិ​ជា​ចិ​រ​ភាព។

ជាការ​ឆ្លើយតប​ក្នុង​សម្តី​ផ្លែផ្កា​ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ស្វាគមន៍​ចំពោះ​ការលើកឡើង​របស់​ប្រធាន​គណបក្សប្រឆាំង ក្នុង​ការបិទ​បញ្ចប់​វប្បធម៌​ហិង្សា​ជាមួយគ្នា​នោះ។ ប្រមុខ​រដ្ឋាភិបាល និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​សង្កត់ធ្ងន់ថា​ការសម្រេចបាន​នៅ​ការស្រុះស្រួល​នយោបាយ​នេះ គឺ​មិន​បានមកពី​ការជេរប្រមាថ​គ្នា និង​ការ​ប្រឈម​ដាក់គ្នា​នោះទេ។

សូមបញ្ជាក់​ជូន​ថា ការប្រជុំ​សភាវិសាមញ្ញ​ដែល​បានសម្រេច​អនុម័ត​បង្កើត គណកម្មការ​ជំនាញ​សភា​ទី១០ថ្មី​មួយទៀត​ដើម្បី​ប្រគល់ឱ្យ​គណបក្ស​សង្គ្រោះ​ជាតិ គឺជា​របៀបវារៈ​មួយ​មុននឹង​គណបក្ស​ទាំងពីរ​ឈានដល់​ការជ្រើសរើស​ក្បាលម៉ាស៊ីន​រដ្ឋសភា ការបង្កើត​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ជាដើម។ ដំណើរការ​នេះ​គឺ​យោងទៅតាម​កិច្ចព្រមព្រៀង​នៃ​ការចរចា​រវាង​គណបក្ស​ទាំងពីរ​កាលពី​ថ្ងៃទី២២ កក្កដា។

ទន្ទឹមនឹង​ការចូល​ប្រជុំ​សភាវិសាមញ្ញ​ដែលមាន​សមាសភាព​ទាំងពីរ​គណបក្ស​នេះ ពី​ទីក្រុង​ញ៉ូ​យក សហរដ្ឋអាមេរិក លោក បាន​គី​ម៉ូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ ក៏បាន​ប្រកាស​ស្វាគមន៍​ចំពោះ​ទំព័រ​ថ្មី​របស់​រដ្ឋសភា​កម្ពុជា​ផងដែរ។ លោក​បាន​គី​ម៉ូ​ន បានស្នើ​ឱ្យ​បក្ស​ទាំងពីរ​សហការគ្នា​ដើម្បី​ដឹកនាំ​នាវា​កម្ពុជា​ឆ្ពោះទៅ​កំណែទម្រង់​និង​ពង្រឹង​ស្ថាប័ន​ប្រជាធិបតេយ្យ​ក្នុងន័យ​ជា​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ