អានតួអត្ថបទ
កម្ពុជា

អង្គការ​សង្គមស៊ីវិលសម្តែងការបារម្ភពី​វិធីសាស្ត្រ​​ដោះ​​ស្រាយ​បណ្តឹង​តវ៉ា​របស់​​គ​.ជ​.ប​. ថា​គ្មាន​​តម្លា​ភាព​​​

មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ និង​ខុម​ហ្វ្រែល ​សម្តែង​ការ​​ព្រួយ​បារម្ភ​ពីចំពោះ​វិធី​សាស្ត្រ​ដែល​​គ​ណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​បាន​ប្រើ​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ និង​ការ​​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​ទាក់​ទង​ភាព​មិន​ប្រក្រតី​នៃ​លទ្ធ​ផល​បណ្តោះ​អាសន្ន​។ ជា​វិធី​សាស្ត្រ​​​ដែល​ធ្វើ​ឲ្យ​អង្គ​ការ​សង្គម​ស៊ី​វិល​ទាំង​ពីរ​​នោះ​យល់ថា​ ខ្វះ​នូវ​តម្លាភាព​ និងមិន​អាច​បញ្ជាក់​​ពី​លទ្ធផល​បោះ​ឆ្នោត​បាន​នោះ​ទេ។

គណៈ​កម្មា​ធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ ខុម​ហ្វ្រែល។
គណៈ​កម្មា​ធិការ​ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​ ហៅ​កាត់​ ខុម​ហ្វ្រែល។ COMFREL
ផ្សាយពាណិជ្ជកម្ម

​សេចក្តី​ថ្លែង​ការ​ណ៍​ដាច់ដោយឡែក​ពីគ្នា​មួយ ដែល​ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​នេះ របស់​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ពីរ ​ដែល​បានធ្វើ​ការតាមដាន​ដំណើរការ​បោះឆ្នោត​នៅក្នុង​ប្រទេស​កម្ពុជា បាន​បង្ហាញ​​ការព្រួយបារម្ភ​ពី​វិធីសាស្ត្រ​ដោះស្រាយ​បណ្តឹងតវ៉ា និង​ការផ្ទៀងផ្ទាត់​ឡើង​វិញ នូវ​លទ្ធផល​បណ្តោះអាសន្ន នៃ​ការបោះឆ្នោត​ ដែល​បាន​ដែល​ធ្វើឡើង​ដោយ​គណៈ​កម្មា​ធិការ​ជាតិ​​រៀបចំ​ការបោះឆ្នោត កាលពី​ថ្ងៃទី១៥ និង១៦ ខែសីហា​កន្លងទៅនេះ។

សេចក្តី​ថ្លែង​របស់​គណៈកម្មាធិការ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​​កាត់ ខុមហ្វ្រែល និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ​បានលើកឡើង​ស្រដៀង​គ្នា​ថា ដំណើរការ​ដោះស្រាយ​បណ្តឹង​របស់​គ​.ជ​.ប​. ទៅលើ​បណ្តឹង​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ក្នុង​ខេត្ត​ចំនួន៤ គឺ​មិនបាន​ផ្ទៀងផ្ទាត់​លទ្ធផល​បោះឆ្នោត ជាមួយ​ទម្រង់​ដើម ដែលមាន​នៅក្នុង​កញ្ចប់​សុវត្ថិភាព(ក) នោះទេ។

បើតាម​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស ការដោះស្រាយ​បណ្តឹង​របស់ គ.ជ.ប នៅពេលនេះ ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​ភាពមិនប្រក្រតី​នៅតែ​កើតមាន ហើយ​ភាពមិន​ឯករាជ្យ នៃ​លទ្ធផល​បោះឆ្នោត និង​គ.ជ.ប  នៅតែ​បន្ត​ស្ថិតក្នុង​ភាព​មន្ទិល។ លោក​បញ្ជាក់ថា ប្រសិន​បើគ​.ជ​.ប​. ចង់​ឲ្យ​មាន​តម្លាភាព​ពិតមែន​នោះ ត្រូវ​បើក​ទម្រង់​ដើម​នៅក្នុង​កញ្ចប់​សុវត្ថិភាព ដើម្បី​ស៊ើបអង្កេត។

ជាការ​ផ្ទៀងផ្ទាត់​តាម​ទម្រង់ ១១០២ ១១០៤ និង១១០៩ របស់ គ​.ជ​.ប​.  គឺ​ទម្រង់​ទាំងអស់​នេះហើយ ដែល​ធ្វើ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងពីរ​​នោះ​យល់ថា ការផ្ទៀងផ្ទាត់​នេះ​ខ្វះ​នូវ​តម្លាភាព និង​មិនអាច​បញ្ជាក់​ពី​លទ្ធផល​បោះឆ្នោត​បាន​នោះទេ ដោយសារតែ​ទម្រង់​ទាំងនេះ គ​.ជ​.ប​.ទ​ទួលបាន​ពី​ឃុំ សង្កាត់​តែប៉ុណ្ណោះ។ ពិសេស​ទម្រង់ ១១០២ គឺជា​ឯកសារ​ដែល​គេ​អាច​កែ ឬ​ធ្វើ​ថ្មី​បាន ព្រោះ​មិនមែនជា​ឯកសារ​ដើម ដែល​រក្សាទុក​នៅក្នុង​ក​ញ្ច​ប់​សុ​វត្ថិ​ភាព "ក"នោះទេ។

វា​មាន​លក្ខណៈ​បច្ចេកទេស​បន្តិច​ទៅលើ​ទម្រង់​ខាងលើ​ទាំងអស់នេះ ប៉ុន្តែ​អង្គការ​ទាំងពីរ បាន​ជំរុញ​ឲ្យ គ.ជ.ប បើក​ទម្រង់​ដើម នៅក្នុង​កញ្ចប់​សុវត្ថិភាព ដើម្បី​ផ្ទៀងផ្ទាត់​លទ្ធផល និង​ស៊ើបអង្កេត​លើ​ភាពមិនប្រក្រតី ក្នុងការ​រាប់​សន្លឹកឆ្នោត នៅមុន​ការចេញផ្សាយ​លទ្ធផល​បោះ​ឆ្នោត​ជា​ផ្លូវការ​ នៅពេល​ខាងមុខ​នោះ។

វិទ្យុ​បារាំង​មិនអាច​ទាក់ទង​សុំ​ការពន្យល់​ពី​លោក ទេព នីថា អគ្គលេខាធិការ​នៃ​គណកម្មាធិ​ការ​​ជាតិ​រៀបចំ​ការបោះឆ្នោត​បានទេ រសៀល​ថ្ងៃ​សៅរ៍​​នេះ ដោយ​លោក​បាន​បិទ​ទូរស័ព្ទ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ