អានតួអត្ថបទ
កម្ពុជា

គណ​បក្ស​សង្គ្រោះ​ជាតិ​ប្តឹង​ទៅ​ក្រុម​ប្រឹក្សា​​ធម្មនុញ្ញ នៅ​ថ្ងៃ​ស្អែក

បន្ទាប់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​ច្រានចោល​បណ្តឹង​ស្នើឱ្យ​ដោះស្រាយ​ផ្ទៀងផ្ទាត់​នៅ​ភាពមិនប្រក្រតី​នៃ​កាបោះឆ្នោត ​កាលពី​ម្សិលមិញ។ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​បន្ត​ប្តឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​បន្ត​នៅ​ថ្ងៃស្អែក ដើម្បី​ស្វែងរក​ភាពយុត្តិធម៌។

ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ នៃ​កម្ពុជា
ក្រុម​ប្រឹ​ក្សា​ធម្ម​នុញ្ញ នៃ​កម្ពុជា Siv Channa/RFI
ផ្សាយពាណិជ្ជកម្ម

គណបក្ស​សង្គ្រោះ​ជាតិ​កំពុង​ពិនិត្យ និង​រៀបចំ​បណ្តឹង​ដើម្បី​ដាក់​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃស្អែក បន្ទាប់ពី​​ពាក្យបណ្តឹង​មួយចំនួន​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះឆ្នោត​របស់​គណបក្ស​នេះ ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​សម្រេច​មិន​ដោះស្រាយ។

លោក គួ​យ ប៊ុន​រឿន តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​​នេះ​ថា ក្រុមប្រឹក្សា​អ្នកច្បាប់​របស់​គណបក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ជំនាញ​ផ្នែក​បោះឆ្នោត​​កំពុងតែ​ពិនិត្យ​និតិ​វិធី​នៃ​អង្គហេតុ និង​អង្គច្បាប់ ដើម្បី​បង្ហាញថា​ បណ្តឹង​ពី​ភាពមិនប្រក្រតី​នៅពេល​បោះឆ្នោត គឺគ.ជ.ប. មិនបាន​ធ្វើការ​ដោះស្រាយ​ដោយ​គោរព​ទៅតាម​និតិ​វិធី​ច្បាប់​នោះទេ។ ដូច្នេះ គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ប្រកបដោយ​ភាពយុត្តិធម៌។

លោក​បញ្ជាក់ថា ក្រុមអ្នកច្បាប់​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ​កំពុងតែ​រក​មូលដ្ឋាន​នៃ​អង្គហេតុ និង​អង្គច្បាប់ ​ព្រមទាំង​ភស្តុតាង​បន្ថែមទៀត​ដើម្បី​ឲ្យ​បណ្តឹង​របស់​គណបក្ស​មាន​ទំង​ន់ និង​សុពលភាព ដើម្បី​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ​ផ្តល់​យុត្តិធម៌​ទៅលើ​ពាក្យបណ្តឹង។

គួរ​បញ្ជាក់ថា មាន​បណ្តឹង​ចំនួន១៧ ដែល​គណបក្ស​សង្គ្រោះ​ជាតិ​បានដាក់​ទៅកាន់​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត ​ឲ្យ​ធ្វើការ​ដោះស្រាយ​ពាក់ព័ន្ធ​នឹង​ភាពមិនប្រក្រតី​នៃ​ការបោះ ឆ្នោត។ ប៉ុន្តែ​ប​ណឹ្ត​ង​ចំនួន​ជា​ផ្លូវការ​ចំនួន១៤ត្រូវបាន​គ.ជ.ប. សម្រេច​បដិសេធ​មិន​ដោះស្រាយ ដោយបាន​បញ្ចប់​និតិ​វិធី​ដោះស្រាយ​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ។ នេះ​បើតាម​ការអះអាង​របស់​លោក គួ​យ ប៊ុន​រឿន ហើយ​​​ការបដិសេធ​នេះ​​ ខាង​គណបក្ស​សង្គ្រោះ​ជាតិ​មិនអាច​ទទួលយកបាន​នោះទេ។

មាន​បណ្តឹងធំៗពីរ គឺ​ទី១ បណ្តឹង​រួម​ទូទាំងប្រទេស​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ដែល​ប្តឹង​ពី​ការបាត់​ឈ្មោះ​អ្នកបោះឆ្នោត​រាប់លាន​នាក់ និង​បណ្តឹង​ទាក់ទង​នឹង​ការចេញ​ទំរង់​លិខិតបញ្ជាក់​អត្តសញ្ញាណ​ដល់​អ្នកបោះឆ្នោត​មិន​ត្រឹមត្រូវ រួមទាំង​បណ្តឹង​ទឹកខ្មៅ​លុប​លាង​មិន​ជ្រេះ។ ចំណែក​ទី២ គឺ​បណ្តឹង​ស្តីពី​ភាពមិនប្រក្រតី​នៃ​ការរាប់​សន្លឹកឆ្នោត នៅ​ខេត្ត​ចំនួន​១៥​ទូទាំង​ប្រទេស។

ដោយឡែក​អគ្គលេខាធិកា​រដ្ឋា​ន​ក្រុមប្រឹក្សាធម្មនុញ្ញ​បានប្រកាសថា ខ្លួន​បាន​ត្រៀម​ទទួល​ពាក្យបណ្តឹង​​របស់​គណបក្ស​នយោបាយ​ដែល​មិន​សុខ​ចិត្តនឹង​សេចក្តីសម្រេច​របស់​គ.ជ.ប. ចាប់ពី​ថ្ងៃទី​សុក្រ​ទី ១៦ ដល់​ថ្ងៃ​ច័ន្ទ​ទី១៩ខែសីហា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ