អានតួអត្ថបទ
កម្ពុជា

គណបក្ស​សង្គ្រោះ​ជាតិ៖ រយៈពេល​៤​ថ្ងៃ​ទទួល​បាន​បណ្តឹង​ជាង ២ពាន់​ករណី

បន្ទាប់ពី​ការបោះឆ្នោត​បាន​បញ្ចប់ ភាព​មិន​ប្រក្រតី​ស្តីពី​ការបោះឆ្នោត​តំណាងរាស្ត្រ​ ត្រូវបាន​បក្សប្រឆាំង​ប្រមូល​បានជា​បន្តបន្ទាប់។ ក្នុង​យុទ្ធ​នា​ការស្វែងរក​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត ​ដែល​បាន​ចាប់ផ្តើម​តាំងពី​ថ្ងៃទី៣១កក្កដា​មក គណ​បក្ស​សង្គ្រោះ​ជាតិ បាន​អះអាងថា ​បានទទួល​បណ្តឹង​ជាង២ពាន់​ករណី​ហើយ បណ្តឹង​ដែល​​ប្រជាពលរដ្ឋ​បាន​ដាក់​មក​​គណបក្ស​ដើម្បី​ស្វែងរក​យុត្តិធម៌។

ប្រជា​ពល​រដ្ឋ ដែល​​អះ​​អាង​​ថា​​ទទួល​ភាព​​អយុត្តិ​ធម៌ក្នុង​ការ​បោះ​ឆ្នោត បានមកប្តឹងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣១​ ខែកក្កដា ឆ្នា២០១៣។
ប្រជា​ពល​រដ្ឋ ដែល​​អះ​​អាង​​ថា​​ទទួល​ភាព​​អយុត្តិ​ធម៌ក្នុង​ការ​បោះ​ឆ្នោត បានមកប្តឹងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣១​ ខែកក្កដា ឆ្នា២០១៣។ rfi/siv channa
ផ្សាយពាណិជ្ជកម្ម

គិត​ត្រឹម​ថ្ងៃទី៣សីហា មាន​ពាក្យបណ្តឹង​ពី​ភាព​មិន​ប្រក្រតី​ស្តីពី​ការបោះ​ឆ្នោត​ចំនួន​ជាង២ពាន់​ករណី​ហើយ ដែល​ម្ចាស់ឆ្នោត​បាន​ប្តឹង​មក​គណបក្ស​សង្គ្រោះ​ជាតិ។ ពាក្យបណ្តឹង​ទាំងនេះ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាក់​ទៅ​គណបក្សប្រឆាំង ​រយៈពេលតែ​៤​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពី​គណបក្ស​នេះ​បើក​យុទ្ធនាការ​ស្វែង​រក​យុត្តិធម៌​ជូន​ម្ចាស់​ឆ្នោត​ តាំង​ពី​ថ្ងៃ​ទី​៣១ កក្កដា​មក។

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ បាន​អះអាងថា ពាក្យបណ្តឹង​ទាំងនោះ​​គឺ​ពាក់​ព​ន្ធ័​នឹង​ការបាត់​ឈ្មោះ​ពី​បញ្ជី​បោះឆ្នោត ការ​បោះឆ្នោត​ជំនួស និង​ករណី​អ្នក​ដែលមាន​ឯកសារ​​គ្រប់គ្រាន់​ ហើយ​មិនបាន​បោះ រួមទាំង​ករណី​លិខិត​បញ្ជាក់​ក្លែងក្លាយ​ជាដើម។ គណបក្ស​សង្គ្រោះ​ជាតិ​អះអាងថា ភាព​មិន​ប្រក្រតី​ទាំងនោះ​ប៉ះពាល់​ដល់​លទ្ធ​ផល​នៃ​ការ​បោះឆ្នោត និង​ជាការ​បញ្ជាក់​ពី​ចន្លោះ​ប្រហោង​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​ដែល​មិនអាច​ទទួល​យក​បាន។

ចំណែកឯ​អង្គការ​អង្កេត​ការណ៍​បោះឆ្នោត ហៅ​កាត់​ថា និក​ហ្វិ​ក​​​ របស់លោក ហង្ស ពុទ្ធា វិញ ក៏បាន​បញ្ជាក់ដែរថា អង្គការ​របស់លោក​ក៏​ទទួលបាន​ភាពមិនប្រក្រតី​ស្តីពី​ការបោះឆ្នោត​រាប់ពាន់​ករ​ណី​មែន។ លោក​បន្តថា អង្គការ​របស់លោក កំពុងធ្វើការ​អង្កេត​យ៉ាង​យកចិត្ត​ទុកដាក់​​លើ​​​រាជធានី​​ភ្នំពេញ និង​ខេត្តធំៗចំនួន៧ ដូចជា​​កណ្តាល កំពង់ចាម និង​ព្រៃវែង ជាដើម​ ដែល​ភាពមិនប្រក្រតី​បាន​កើនឡើង​ខ្លាំង​ជាង​គេ។

លោក ហង្ស​ពុទ្ធា ក៏បាន​សង្កត់​ធ្ងន់​ថា ដើម្បី​ស្រាយ​បញ្ជាក់​ពី​ម​ន្ទិ​ល​សង្ស័យ ​ស្តី​ភាពមិនប្រក្រតី អង្គការ​​សង្គម​ស៊ីវិល​ទាំងអស់ ​បាន​ស្នើ​ឱ្យ​គ.ជ.ប. បង្ហាញ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត​ដែល​បាន​បោះ​រួចហើយ និង​លិខិតបញ្ជាក់​អត្តសញ្ញាណ សម្រាប់​ការបោះឆ្នោត តែ គ.ជ.ប បដិសេធ​មិន​ព្រម​បង្ហាញ​នោះទេ។ នេះ​គឺជា​ដើមចម​នៃ​បញ្ហា។

ប៉ុន្តែ លោក ទេព​នីថា ​អគ្គលេខាគ.ជ.ប. បាន​ឆ្លើយតប​ថា ការស្រាវជ្រាវ និង​ការរកឃើញ​ភាព​អសកម្ម​នានា គឺ​គ្រាន់តែ​ជា​អំណះអំណាង​របស់​គណបក្សប្រឆាំង និង​អង្គកា​រ​សង្គម​ស៊ីវិល តែប៉ុណ្ណោះ តែ​អ្វីដែល​សំខាន់​គឺ គ.ជ.ប. បានទទួល​ពាក្យបណ្តឹង​តិចតួច​ណាស់។ ម្យ៉ាងទៀត យន្តការ​ដោះស្រាយ​ពី​អំណះអំណាង​ ពី​ភាពមិនប្រក្រតី​ទាំងនោះ​ កំពុងតែ​ប្រសូត​ឡើង។

យ៉ាងណាក៏ដោយ គេ​សង្ឃឹមថា ក្តី​ម​ន្ទិ​ល​សង្ស័យ​ទាំងនេះ​ ទំនងជា​នឹង​ត្រូវបាន​ដោះស្រាយ​នៅពេលដែល​គណកម្មការ​ចម្រុះ​លេចចេញ​ជា​រូបរាង និង​ចាប់ផ្តើម​ធ្វើការ​លើ​ករណី​ទាំងនោះ​ក្នុងពេលឆាប់ៗនេះ។ នេះ​ប្រសិនបើ​គណ​កម្មការ​ចម្រុះ​នោះ​ ពិត​​ជា​អាច​កើតចេញ​ជា​រូបរាង​មែន​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ