អានតួអត្ថបទ
កម្ពុជា

សហរដ្ឋអាមេរិក​ជំរុញ​ឲ្យ​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅកម្ពុជា​ចរចា​គ្នា​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ បាន​ជំរុញ​ឲ្យ​​គណបក្ស​ប្រជាជន​កម្ពុជា ​និង​គណបក្ស​សង្គ្រោះជាតិ​ជួប​ចរចា​គ្នា​ ដើម្បី​ដោះស្រាយ​បញ្ហា​ភាព​មិនប្រក្រតី​នៃ​ការបោះឆ្នោត។​ ការជំរុញ​បែប​នេះ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​លោក​ សម រង្ស៊ី ​បាន​ត្រឡប់​មក​ដល់​ប្រទេស​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ។​

លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី
លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន និង​លោក​សម រង្ស៊ី REUTERS/Khem Sovannara
ផ្សាយពាណិជ្ជកម្ម

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោកស្រី ​Jennifer​ Psaki ​បាន​ថ្លែង​នៅ​ថ្ងៃ​ព្រហស្បតិ៍​​ម្សិល​មិញ​ថា​ សហរដ្ឋ​អាមេរិក​ជំរុញ​ឲ្យ​មេដឹកនាំ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ​របស់​កម្ពុជា​វិល​ទៅ​រក​តុចរចា​ឡើង​វិញ ​និង​បង្ហាញ​ពី​កិច្ច​សហការ​គ្នា​ដើម្បី​ឲ្យ​ចេញ​ជា​លទ្ធផល​មួយ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ប្រជាជន​កម្ពុជា​ឲ្យ​បាន​ល្អ​ជាង​នេះ។ ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​​​​អាមេរិក​បន្ត​ថា ​ការបោះឆ្នោត​កាល​ពី​ថ្ងៃទី ​២៨​ កក្កដា ​មាន​ភាព​មិន​ប្រក្រតី​ធ្ងន់ធ្ងរ​ជាច្រើន​ដែល​ទាមទារ​ឲ្យ​មាន​ការស៊ើប​អង្កេត​មួយ​ច្បាស់​លាស់ ​និង​ប្រកប​ដោយ​តម្លាភាព។​

ការជំរុញ​ឲ្យ​មាន​កិច្ចចរចា​រកដំណោះស្រាយ​រវាង​គណបក្ស​ទាំងពីរ​បាន​ធ្វើ​ឡើង​ ខណៈ​ដែល​លោក​ សម​ រង្ស៊ី ​បាន​វិល​ត្រឡប់​មក​ពី​សហរដ្ឋ​អាមេរិក​វិញ​នៅ​ថ្ងៃ​សុក្រ​នេះ ​និង​ខណៈ​ដែល​គណបក្ស​សង្គ្រោះជាតិ​បាន​ដាក់​ពាក្យ​បណ្តឹង​ជាច្រើន​ទៅ​ គ.ជ.ប។ ​ មេដឹកនាំ​បក្ស​ប្រឆាំង​បាន​​ប្រកាស​​តាម​ហ្វេសប៊ុក​មុន​ពេល​មក​ដល់​កម្ពុជា​ថា​ លោក​នឹង​ចូល​រួម​រកដំណោះស្រាយ​បញ្ហា​បោះឆ្នោត​​​នេះ​ដោយ​សន្តិវិធី។​ នៅ​ឯទីក្រុង​ភ្នំពេញ​ ក្រុម​ចរចា​គណបក្ស​សង្គ្រោះជាតិ​បាន​ស្នើ​សុំ​ជួប​ជាថ្មី​ទៀត​ជាមួយ​ក្រុម​ចរចា​គណបក្ស​ប្រជាជន​កម្ពុជា។​ ប៉ុន្តែ​ ភាគី​ទាំងពីរ​នៅ​តែ​ខ្វែងគំនិត​​គ្នា​ អំពី​តួនា​ទី​របស់​ គ.ជ.ប ​ដែល​ធ្វើ​ឲ្យ​ការចរចា​មិន​អាច​ទៅមុខ​រួច។​

យ៉ាងណា​ក៏ដោយ​ ទាំង​ប្រជាពលរដ្ឋ​ខ្មែរ​ទូ​ទៅ​ ក៏​ដូច​ជា​សហគមន៍​អន្តរជាតិ​ដែរ​​ កំពុង​ដាក់​សម្ពាធ​ទៅលើ​​គណបក្ស​ទាំងពីរ​នេះ​ឲ្យ​ជួប​ចរចា​គ្នា​រកដំណោះស្រាយ​ដោយ​សន្តិវិធី។ ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​​ លោក​ស្រី ​Catherine Ashton ​ប្រមុខ​ការទូត​សហភាព​អឺរ៉ុប ​ក៏​បាន​ជំរុញ​ឲ្យ​មាន​ដំណោះស្រាយ​​ស្តីពី​​ភាព​​មិន​ប្រក្រតី​ក្នុង​ការបោះឆ្នោតនេះ​ដែរ។ ​សម្ពាធ​ទាំង​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថានការណ៍​នយោបាយ​​ក្រោយ​ការបោះឆ្នោត​កាន់តែ​តឹងតែង ​និង​អាច​ឈាន​ទៅ​រក​មហាបាតុកម្ម​ប្រឆាំង​លទ្ធផល​បោះឆ្នោត៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ