អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បាតុកម្ម​បិទ​ផ្លូវ​សាធារណៈ​ជា​ព្រឹត្តិការណ៍​ដែល​មិន​គួរ​មើល​ស្រាល

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយពី​ការតវ៉ា​តាមផ្លូវ​ច្បាប់​គ្មាន​ប្រសិទ្ធិភាព ក្រុម​អ្នកភូមិ​ដែលមាន​ទំនាស់​ដីធ្លី​ដោះស្រាយ​មិន​ចេញ​បាន​ប្រើប្រាស់​មធ្យោបាយ​មួយ​ដែលមាន​ឥទ្ធិពល​សម្រាប់​ដាក់​សម្ពាធ​លើ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ។ មធ្យោបាយ​ដែល​កំពុង​ពេញនិយម​នាពេល​បច្ចុប្បន្ន​គឺ ការបិទផ្លូវ​សាធារណៈ បើទោះបី​នេះ​ជា​មធ្យោបាយ​ខុសច្បាប់​ក៏ដោយ។ តើ​ហេតុអ្វី​បានជា​ប្រជាពលរដ្ឋ​អ្នកតវ៉ា​រឿង​ដីធ្លី​ងាក​មក​ប្រើប្រាស់​មធ្យោបាយ​បិទ​ផ្លូវ​សាធារណៈ?​ហើយ​តើ​ព្រឹត្តិការណ៍​នេះ​មាន​អត្ថន័យ​បែបណា​សម្រាប់​សង្គម​កម្ពុ​ជា?

ប្រជា​ពលរដ្ធ​តំបន់​បូរីកីឡា​ធ្វើការ​បិត​ផ្លូវ​នៅ​មុខ​សាលារៀន​បាក់​ទូក​នា​ពេល​កន្លង​មក។
ប្រជា​ពលរដ្ធ​តំបន់​បូរីកីឡា​ធ្វើការ​បិត​ផ្លូវ​នៅ​មុខ​សាលារៀន​បាក់​ទូក​នា​ពេល​កន្លង​មក។ ©channa/rfi
ផ្សាយពាណិជ្ជកម្ម

 ការបិទផ្លូវ​រយៈពេល​ជាង ៧ ម៉ោង​របស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ កាលពីដើម​សប្តាហ៍​នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី​មួយទៀត​ក្នុងចំណោម​បាតុកម្ម​បិទផ្លូវ​សាធារណៈ​ជាច្រើន​ករណី​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់​រយៈពេល​ចុងក្រោយ​នេះ។ ក្រុមបាតុករ​បាន​យល់ព្រម​បើកផ្លូវ​ជាតិ​ឡើងវិញ​បន្ទាប់ពី​តុលាការ​ខេត្តក្រចេះ ​បាន​សម្រេច​ដោះលែង​ប្រជាពលរដ្ឋ​ម្នាក់​ឲ្យ​នៅក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ទៅតាម​ការទាមទារ​រប​ស់​អ្នកភូមិ។ អ្នកភូមិ​ម្នាក់​នោះ​ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន​ពីបទ​ពាក់ព័ន្ធ​នឹង​ការដុត​បំផ្លាញ​សម្ភារៈ​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ក្រុម​អ្នកភូមិ​ចោទថា​បាន​ឈូសឆាយ​បំពាន​យក​ដី​របស់​ពួកគេ។

គួរ​កត់សម្គាល់​ថា ​បច្ចុប្បន្ន​នេះ ​ការបិទ​ផ្លូវ​សាធារណៈ​ជាពិសេស​គឺ​ផ្លូវជាតិ​សំខាន់ៗ​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ជាច្រើន​ម៉ោង ​គឺជា​មធ្យោបាយ​កំពុង​ពេញនិយម​មួយ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ឯកជន ហើយ​ដោះស្រាយ​មិន​ចេញ។ មិន​ត្រឹមតែ​រឿង​ដីធ្លី​ទេ សូម្បីតែ​រឿងផ្សេងៗទៀត​ដូចជា​ករណី​ប្រជាពលរដ្ឋ​ខេត្ត​ព្រៃវែង​ដែល​កើតទុក្ខ​មិន​សុខចិត្ត​ចំពោះ​ការឡើង​ថ្លៃ​អគ្គិសនី និង​ថ្លៃ​ទឹក​ក៏បាន​នាំគ្នា​បិទផ្លូវ​ជាតិ​ដែរ។ មធ្យោបាយ​នេះ​ហាក់​មាន​ប្រសិទ្ធិភាព​ក្នុង​ការដាក់​សម្ពាធ​ទៅលើ​អាជ្ញាធរ​រដ្ឋាភិបាល​ឲ្យ​ដោះស្រាយ​បញ្ហា​របស់​ពួកគេ។

តើ​ការបិទផ្លូវ​សាធារណៈ​ជា​សិទ្ធិ​ស្របច្បាប់​ដែរឬទេ? តាមពិត​នេះ​ជា​អំពើ​ខុសច្បាប់​មួយ​ពីព្រោះថា​ទង្វើ​នេះ​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​របស់​សណ្តាប់ធ្នាប់​សាធារណៈ​ដែល​ច្បាប់​ហាមឃាត់ ហើយ​ជន​អ្នកប្រព្រឹត្ត​ត្រូវ​ទទួលទោស។ ប៉ុន្តែ សួរថា តើ​ហេតុអ្វី​បានជា​ក្រុម​អ្នកភូមិ​ជ្រើស​រើសយក​មធ្យោបាយ​ខុសច្បាប់​នេះ​មក​អនុវត្ត​យ៉ាង​ពេញនិយម​បែបនេះ? ចម្លើយ​គឺ​ប្រហែលជា​មកពី​គ្មាន​ជម្រើស​ច្រើនជាង​ការមិនយល់​ច្បាប់។ គ្មាន​ជម្រើស​ពីព្រោះថា ពួកគេ​បាន​តវ៉ា​តាមរយៈ​អាជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់​អស់ចិត្ត​ទៅហើយ តែ​នៅតែ​គ្មាន​ដំណោះស្រាយ។ ទីបំផុត ពួកគេ​ត្រូវ​បង្កើន​សម្ពាធ​ទៅលើ​អាជ្ញាធរ​ឲ្យ​រូតរះ​ដោះស្រាយ។
ជាការ​ពិត ការបិទផ្លូវ​សាធារណៈ​មិនមែនជា​មធ្យោបាយ​ល្អ​នោះឡើយ ពីព្រោះ​វា​បានធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ។ បច្ចុប្បន្ននេះ ផ្លូវជាតិនីមួយៗមាន​ចរាចរណ៍​យ៉ាង​ចង្អៀត​ណែនណាន់​ដោយសារតែ​កំណើន​យានយន្ត​នៅក្នុង​ប្រទេស។ ដូច្នេះ នៅពេលដែល​ផ្លូវជាតិ​ត្រូវបាន​បិទ​ច្រើន​ម៉ោង មានពេលខ្លះ​រហូតដល់​ជិត១០ម៉ោង​ក៏មាន​នោះ ការកកស្ទះ​ពិតជា​មាន​សភាព​ធ្ងន់ធ្ងរ​ខ្លាំងណាស់។ ការកកស្ទះ​នេះ​ក៏បាន​ធ្វើ​ឲ្យ​ខាតបង់​ផ្នែក​សេដ្ឋកិច្ច​យ៉ាងច្រើន​ផងដែរ។
ជាក់ស្តែង អ្នក​ដែល​ត្រូវ​ទៅ​បំពេញការងារ​ត្រូវ​ខកខាន អ្នក​ដែល​ត្រូវ​ដឹកទំនិញ​សព្វសារពើ​ទៅ​លក់​នៅលើ​ទីផ្សារ​ត្រូវ​រាំងស្ទះ។ ប្រសិនបើ​ទំនិញ​នោះ​ជា​បន្លែ ត្រី​សាច់ ឬ​ជា​ទំនិញ​ដែល​គេ​បញ្ជា​ទិញ​វិញ ម្ចាស់​ទំនិញ​នឹង​ខាតបង់​យ៉ាងធ្ងន់ធ្ងរ។ នេះ​នៅ​មិនទាន់​រាប់​ថ្លៃ​សាំង និង​ការខាតបង់​ពេលវេលា​ផង​នោះទេ។ ក្នុង​បរិបទ​បែបនេះ មាន​អ្នកដំណើរ​មិនតិច​ទេ​ដែល​ខឹងសម្បារ​ចំពោះ​ការកកស្ទះ​ចរាចរណ៍​ដ៏​អាក្រក់​ដែល​បង្កឡើង​ដោយ​ក្រុមអ្នកតវ៉ា។ ក៏ប៉ុន្តែ អ្នក​ដែល​រងគ្រោះ​ដោយ​បញ្ហាដីធ្លី​ឬ​បញ្ហា​ផ្សេងទៀត បានជ្រើសរើស​យក​មធ្យោបាយ​នេះ​ក៏​ព្រោះតែ​ពួកគេ​អស់ជម្រើស​ក្នុងកា​តវ៉ា។
អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ អាជ្ញាធរ​ក៏​មិនបាន​ប្រើ​វិធានការ​ច្បាប់​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​ទេពី​ព្រោះថា វិធានការ​ច្បាប់​នឹងធ្វើ​ឲ្យ​បញ្ហា​រឹតតែ​ធ្ងន់ធ្ងរ​ឡើងទៅ​វិញ​ទេ។ផ្ទុយទៅវិញ នៅពេលដែល​ក្រុមអ្នកតវ៉ា​នាំគ្នា​បិទផ្លូវ អាជ្ញាធរ​ស្រាប់តែ​នាំគ្នា​ដុតដៃដុតជើង​ដើម្បី​ដោះស្រាយ​បញ្ហា។ ដូច្នេះ សរុបទៅ ដើម្បី​ចៀសវាង​បញ្ហា​ដែល​នាំ​ឲ្យ​ខាតបង់​ពេលវេលា ថវិកា និង​ការខូចខាត​សណ្តាប់ធ្នាប់​ដ៏​ធំធេង​នេះ អាជ្ញាធរ​គួរតែ​ប្រញាប់ប្រញាល់​ដោះស្រាយ​បញ្ហា​ឲ្យ​ប្រជាពលរដ្ឋ​ឲ្យ​បាន​មុននឹង​ពួកគេ​នាំគ្នា​បិទផ្លូវ​ទើប​ជាការ​ល្អ​ពោលគឺ​ត្រូវ«ការពារ​ប្រសើរ​ជាង​ព្យាបាល»។ ផ្ទុយទៅវិញ ការ​បណ្តែត​បណ្តោយ​ឲ្យ​បញ្ហា​ទុំ​ជោរ​ដោះស្រាយ​មិន​ចេញ វា​នឹង​បង្ក​ផលវិបាក​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ថែមទៀត ពីព្រោះ​បន្ទាប់ពី​បិទផ្លូវ​ជាតិ គេ​មិនដឹងថា មាន​អ្វី​ទៀត​ដែល​អាក្រក់​ជាង​នេះ​អាច​នឹង​កើតឡើង​នោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ