អានតួអត្ថបទ
អាស៊ាន

បញ្ហា​ភូមា និង​ជម្លោះ​ក្នុង​តំបន់​ជា​សំណុំរឿង​ក្តៅ​នៃ​ជំនួប​កំពូល​អាស៊ាន​លើកទី ១៧​

ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ រហូត​ដល់​ថ្ងៃ​សៅរ៍ ទី៣០ តុលា​ចុង​សប្តាហ៍​នេះ អាស៊ាន​បាន​ផ្តើម​ជំនួប​កំពូល​ប្រចំា​ឆ្នំា​លើក​ទី ១៧​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង​ហាណូយ ​ប្រទេស​វៀតណាម។ នា​ឱកាស​នោះ,​ ក៏​នឹង​មាន​ផង​ដែរ​ជំនួប​កំពូល​អាស៊ាន​បូក ៣ ប្រទេស គឺ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េខាងត្បូង។ បន្ទាប់​មក​ទៀត គឺ​ជំនួប​កំពូល​អាស៊ីបូព៌ា រួម​មាន​ប្រទេស​ចិន ជប៉ុន កូរ៉េ​ខាង​ត្បូង ឥណ្ឌា អូស្រ្តាលី និង​ណូវែលហ្សេឡង់។ ​

ជំនួប​កំពូល​អាស៊ាន​លើក​ទី​១៧​នៅទីក្រុង​ហាណូយ
ជំនួប​កំពូល​អាស៊ាន​លើក​ទី​១៧​នៅទីក្រុង​ហាណូយ © asean2010.org
ផ្សាយពាណិជ្ជកម្ម

06:51

បទវិភាគរបស់​ គួច គន្ធារ៉ា

គួច គន្ធារ៉ា

ជំនួប​កំពូល​អាស៊ាន​លើក​ទី​១៧​បាន​បើក​ជា​ផ្លូវការ​ហើយ ជា​មួយ​នឹង​សុន្ទរកថា​របស់​លោក​នាយករដ្ឋមន្រ្តី​វៀតណាម Nguyen Tan Dung។ តែ​មាន​វត្តមាន​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​តែ​៩​រូប​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ទំាង ១០​រូប​ដែល​ជា​សមាជិក​របស់​អាស៊ាន។ អ្នក​ដែល​អវត្តមាន គឺ​លោក​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី Susilo Bambang Yudhoyono, ដែល​បាន​ចាក​ចេញ​ទៅ​ប្រទេស​វិញ​កាល​ពី​​រសៀល​ថ្ងៃ​ពុធ ទី២៧ តុលា​ម្សិលមិញ។ ​ការ​ចាក​ចេញ ដោយសារ​តែ​ប្រទេស​លោក​បាន​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​ចំនួន​ពីរ គឺ​ការ​ផ្ទុះ​ភ្នំភ្លើង Merapi និង​គ្រោះរញ្ជួយ​ដី​ បង្ក​ជា​រលកយក្សស៊ូណាមី នៅ​កោះ​ស៊ូម៉ាត្រា។ តែ​វត្តមាន​របស់​ប្រទេស​ឥណ្ឌូនេស៊ី​ត្រូវ​បាន​ជំនួស​ដោយ​រដ្ឋមន្រ្តី​ការបរទេស។ ចំណែក​រូប​លោក Yudhoyono វិញ ប្រហែល​ជា​អាច​នឹង​ត្រលប់​មក​ចូល​រួម​ជំនួប​កំពូល​អាស៊ាន​នា​​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃសៅរ៍ ទី៣០ តុលា។ សូម​ជម្រាបជូន​ថា ឥណ្ឌូនេស៊ី​នឹង​ត្រូវ​ធ្វើ​ជា​ម្ចាស់​ផ្ទះ រៀប​ចំ​ជំនួប​​កំពូល​អាស៊ាន​លើកទី ១៨ និង​១៩ នៅ​ឆ្នំាក្រោយ ២០១១។

 
ការ​កត់​សម្គាល់​មួយ​ទៀត គឺ​ការ​ផ្តើម​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ផ្លូវ​កាន់​តែ​ខ្លំាង​ឡើងៗ ព្រោះ​ថា ជំនួប​កំពូល​លើក​នេះ មិន​មែន​មាន​តែ​នៅ​ក្នុង​ក្របខណ្ឌ​អាស៊ាន​គ្នា​ឯង​ទេ តែ​ក៏​មាន​ជំនួប​កំពូល​ជា​មួយ​ប្រទេស​ដៃគូ​របស់​អាស៊ាន​ផង​ដែរ។ មួយ​វិញ​ទៀត នៅ​ថ្ងៃ​ស្អែក ក៏​នឹង​មាន​ការ​ចូល​រួម​ពី​សំណាក់​លោកស្រី​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក Hillary Clinton ផង​ដែរ។ គឺ​ជា​មួយ​នឹង​វត្តមាន​ឥស្សរជន​គ្រាក់ៗ​​ទំាង​នោះ​ហើយ ដែល​បាន​ជម្រុញ​ឲ្យ​រដ្ឋអំណាច​ក្រុង​ហាណូយ​រឹតបន្តឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ដល់​កម្រិត​កំពូល ដោយ​មិន​ធ្វេសប្រហែស​ឡើយ។

សំណុំរឿង​សំខាន់ៗ​ដែល​មេដឹកនំា​អាស៊ាន​ត្រូវ​សម្រេច

ជា​រួម​ទៅ ជំនួប​រវាង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​ជា​ផ្លូវការ មិន​មែន​ដើម្បី​លើក​យក​សំណុំរឿង​អ្វី​មក​ចរចា​ដោយ​លំអិត​ទេ ព្រោះ​ថា អ្វីៗ​ត្រូវ​បាន​ជជែក និង​សម្រេច​រួច​ហើយ តាម​រយៈ​កិច្ចចរចា​ថ្នាក់​រដ្ឋមន្រ្តី​ដែល​ពាក់ព័ន្ធ។ វត្តមាន ឬ​ក៏​ថា​ជំនួប​រវាង​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​នា​ពេល​នេះ គឺ​ដើម្បី​ចុះ​ហត្ថលេខា និង​ប្រកាស​ឲ្យ​អនុវត្ត​ជា​ផ្លូវការ និង​ក៏​ជា​ឱកាស​មួយ​ដើម្បី​សម្តែង​ការ​គួរសម សួសុខទុក្ខ​គ្នា​ទៅ​វិញ ទៅ​មក​ផង។

ឯកសារ​ដែល​ត្រូវ​អនុម័ត​ដោយ​ថ្នាក់​ដឹក​នំា​អាស៊ាន​មាន ៣៖

ទីមួយ៖ គឺ​ផែនការ​មេ​សម្រាប់​ការ​ត​ភ្ជាប់​អាស៊ាន។

ទីពីរ៖ គឺ​សេចក្តី​ថ្លែងការណ៍​ស្តីពី​ការ​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​ជំនាញ​ដើម្បី​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច និង​កំណើន​ប្រកប​ដោយ​ចេរភាព។

ទីបី៖ សេចក្តីប្រកាស​ទីក្រុង​ហាណូយ​ស្តីពី​ការ​លើក​ស្ទួយ​សុខមាលភាព និង​ការ​អភិវឌ្ឍន៍​ស្ត្រី និង​កុមារ​អាស៊ាន។

​សន្និសីទ​កាសែត​របស់​អ្នក​នំា​ពាក្យ​ការបរទេស​វៀតណាម​ឲ្យ​ដឹង​ថា ប្រមុខ​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​បាន​អនុម័ត​ជា​ផ្លូវការ​ហើយ ដោយ​បញ្ចូល​ប្រទេស​រុស្ស៊ី និង​សហរដ្ឋអាមេរិក ទៅ​ក្នុង​ក្រុម​​ប្រទេស​ដៃគូ​ប្រពៃណី​របស់​អាស៊ាន​ចំនួន​៦​ទៀត គឺ​ឥណ្ឌា ចិន ជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលី និង​ណូវែលហ្សេឡង់។ ការ​សម្រេច​នេះ​បាន​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ច​ប្រជុំ​សម្ងាត់។

បញ្ហា​ភូមា​នៅ​តែ​ជា​រឿង​មួយ មិន​អាច​ខ្វះ​បាន

លោក​រដ្ឋមន្រ្តី​ការ​បរទេស​ភូមា​បាន​ប្រកាស​ប្រាប់​ប្រទេស​ដៃគូ​ថា ភូមា​ប្រហែល​នឹង​អាច​ដោះលែង​លោកស្រី Aung San Suu Kyi នៅ​រង្វង់​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ ពោល​នៅ​ក្រោយ​ការ​បោះឆ្នោត​សភា​ភូមា​ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃទី ៧ វិច្ឆិកា។

ព័ត៌មាន​នេះ​ត្រូវ​បាន​បញ្ជាក់​ដោយ​មន្រ្តី​ការទូត​អាស៊ាន​ម្នាក់។ មន្រ្តី​ការទូត​អាស៊ាន​រូប​នេះ​បាន​បញ្ជាក់​ថា ការ​ថ្លែង​របៀប​នេះ​របស់​លោក Nyan Win ដែល​ជា​រដ្ឋមន្រ្តី​ការបរទេស​ភូមា ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​យប់​មិញ, នៅ​ក្នុង​ពេល​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រវាង​ប្រមុខ​ការទូត​អាស៊ាន​ទំាង ១០​រូប។ បើ​យោង​តាម​មន្រ្តី​ការទូត​អាស៊ាន​ដដែល​ លោក Win ពិត​ជា​បាន​និយាយ​យ៉ាង​ដូច​នេះ​មែន តែ​មិន​បាន​បញ្ជាក់​អំពី​ថ្ងៃ​ពិត​ប្រាកដ​ដែល​ត្រូវ​ដោះ​លែង​ទេ។ មួយ​វិញ​ទៀត លោក Win បាន​ប្រើ​ពាក្យ « ​ប្រហែល »។ តែ​បើ​មាន​ការ​ដោះលែង​មែន​នោះ គឺ​នៅ​រង្វង់​ពាក់​កណ្តាល​ខែ​វិច្ឆិកា​ខាង​មុខ ពោល​នៅ​ក្រោយ​ថ្ងៃ​បោះឆ្នោត​សភា​ភូមា​ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ទី ៧ វិច្ឆិកា។

មួយ​វិញ​ទៀត ព័ត៌មាន​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​ជា​ផ្លូវការ​ដោយ​លោក​រដ្ឋមន្រ្តី​ការបរទេស​នៃ​ប្រទេស​ឥណ្ឌូនេស៊ី​ភ្លាម​ដែរ។ យោង​តាម​ប្រមុខ​ការទូត​ឥណ្ឌូនេស៊ី ករណី​លោកស្រី Aung San Suu Kyi ពិត​ជាត្រូវ​បាន​គេ​លើក​យក​មក​​និយាយ​នៅ​ក្នុង​ពេល​ស្រស់ស្រូប​អាហារ​រវាង​ប្រមុខ​ការទូត​អាស៊ាន​មែន។

សូម​រម្លឹក​ជូន​ថា សំណុំរឿង​ដោះលែង​លោកស្រី Aung San Suu Kyi, ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព មិន​មែន​ជា​រឿង​ថ្មី​ស្រឡាង​ពេក​ទេ ព្រោះ​ត្រូវ​ធ្លាប់​បាន​លើក​ឡើង​ម្តង​ហើយ ដោយ​អ្នក​ទទួល​ខុស​ត្រូវ​ភូមា​ចំនួន ២​រូប​ដែល​មិន​ព្រម​បញ្ចេញ​ឈ្មោះ​កាល​ពី​ដំណាច់​ខែ​កញ្ញា​កន្លង​ទៅ។ កាល​ណោះ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​ថែម​បាន​បញ្ជាក់​ពី​ថ្ងៃ​ដោះ​លែង​ទៀត​ផង គឺ​ថ្ងៃ​ទី ១៣ វិច្ឆិកា។ ការ​លើក​ឡើង​ថ្ងៃទី ១៣ វិច្ឆិកា​នេះ​ទៀត​ក៏​មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ព្រោះ​ថា ថ្ងៃទី ១៣ វិច្ឆិកា​ខាង​មុខ គឺ​ជា​ថ្ងៃ​បញ្ចប់​ការ​ឃុំឃំាង​លោកស្រី Aung San Suu Kyi ជា​ផ្លូវការ​ចំនួន ១៨​ខែ មាន​ន័យ​ថា​ចង់ ឬ​មិន​ចង់ ប្រសិន​បើ​របប​សឹក​ភូមា​មិន​សម្រេច​បន្ត​ឃុំឃំាង​លោកស្រី Aung San Suu Kyi នៅ​ថ្ងៃ​ទី ១៣ វិច្ឆិកា​ខាង​មុខ​ទេ លោកស្រី Aung San Suu Kyi នឹង​ត្រូវ​មាន​សេរីភាព​ដោយ​ស្វ័យប្រវត្តិ។

យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​ប្រទេស​ភូមា​បាន​ក្លាយ​ជា​ប្រធានរឿង​ច្រំដែល​មួយ​ទៅ​ហើយ​នៅ​ក្នុង​ជំនួប​កំពូល​អាស៊ាន​ម្តងៗ។ តែ​គេ​មិន​ក៏​ត្រូវ​មិន​ភ្លេច​ទេ​ថា អាស៊ាន​មាន​គោលការណ៍​មួយ​ច្បាស់លាស់ គឺ​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​សមាជិក​ខ្លួន។

ព័ត៌មាន​ថ្មី​ចំនួន​ពីរ​ទាក់ទង​នឹង​ភូមា ទីមួយ៖ ភូមា​បាន​យល់​ព្រម​ឲ្យ​មាន​ក្រុម​អ្នក​សង្កេតការណ៍​របស់​អាស៊ាន​ចូល​ទៅ​តាម​ដាន​ការ​រៀប​ចំ​បោះឆ្នោត​សភា​របស់​ខ្លួន ដែល​គ្រោង​រៀប​ចំ​នៅ​ថ្ងៃ​ទី ៧ វិច្ឆិកា​ខាង​មុខ។ ទីពីរ ភូមា​បាន​ទាមទារ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ឆ្នំា ២០១៤។ សូម​ជម្រាប​ជូន​ថា តាម​ធម្មតា ជំនួប​កំពូល​អាស៊ាន​ត្រូវ​រៀប​ចំ​ដោយ​សមាជិក​ម្តង​ម្នាក់ៗ។ តែ​កន្លង​មក មាន​តែ​ភូមា​មួយ​ទេ ដែល​បាន​បដិសេធ​មិន​រៀប​ចំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ